នៅប៉ុន្មានសប្តាហ៍នេះ អ្នកប្រើប្រាស់បណ្តាញសង្គមបានចែករំលែកព័ត៌មានតៗគ្នា ពីសកម្មភាពសមត្ថកិច្ច ចាប់ជនសង្ស័យមួយចំនួន ដែលគេអះអាងថា ជាអ្នកចាប់ក្មេងវះយកក្រលៀន និងមានរូបភាពខ្លះទៀតបង្ហាញពីសកម្មពលរដ្ឋព្រួតគ្នាវាយជនង្ស័យស្ទើរស្លាប់ស្ទើររស់ទៀតផង។
ព័ត៌មានចចាមអារ៉ាមនេះ កើតតែមួយរយៈពេលខ្លីប៉ុណ្ណោះ បានជំរុញឲ្យពលរដ្ឋមួយចំនួននៅជនបទ ភ័យខ្លាច បង្ខំចិត្តឈប់ឲ្យកូនទៅសាលាជាបណ្តោះអាសន្ន ដោយបារម្ភពីសុវត្ថិភាពកូនចៅរបស់ពួកគេ។
ជាលទ្ធផលបុរសម្នាក់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវសមត្ថកិច្ចចាប់ខ្លួនមកប្រឈមនឹងមុខច្បាប់ ក្រោយពីបុរសរូបនោះ សរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា ជនសង្ស័យពីរនាក់ដែលពលរដ្ឋព្រួតគ្នាវាយ នៅក្នុងស្រុកបារាយណ៍នោះថា ជាជនជាតិវៀតណាម ចាប់ក្មេងវះយកក្រលៀន ដោយសមត្ថកិច្ចចោទថា របស់បុរសនោះ បានបំភ្លៃព័ត៌មាន។ តើហេតុអ្វីបានមានព្រឹត្តិការណ៍នេះកើតឡើង?
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា វិភាគថា ព្រឹត្តិការណ៍ដ៏រសើបមួយនេះ មិនកើតឡើងនៅកម្ពុជាពេលនេះទេ ប៉ុន្តែលោកថា ព័ត៌មាននេះ អាចកើតចេញពីការរៀបចំរបស់អ្នកនយោបាយណាមួយ។
លោក សូ ចន្ថា វិភាគថា ហេតុការណ៍នេះអាចជាសេណារីយូមួយ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ខណៈមានការប្រប្រួលអាសនៈឃុំសង្កាត់ ជិត៥០០ គ្រប់គ្រងដោយបក្សប្រឆាំង និងថាជាសេណារីយូមួយទៀត សម្រាប់ដល់ការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ។
លោកថា៖ «ខ្ញុំគិតថានេះជាសេណារីយូមួយដែរ ដែលគំរាមដល់ផ្លូវចិត្តប្រជាពលរដ្ឋឲ្យមានការភ័យខ្លាច ជាពិសេសដល់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនោះផង។ ហើយចំនុចមួយទៀតអាចថាជាសេនារ៉ូមួយទៀតអាចថាមានបរទេសនៅពីក្រោយក្នុងការបង្កើតព្រឹត្តិការណ៍នេះ ដើម្បីឲ្យស្ថាមភាពនយោបាយកម្ពុជាវឹកវរ ហើយបរទេសជាអ្នកចេំណេញពីព្រឹត្តិការណ៍ហ្នឹងផងដែរ»។
លោក សូ ចន្ថា វិភាគទៀតថា ករណីនេះ ក៏ជាអន្ទាក់មួយទៀត សម្រាប់ក្របួច ចាប់អ្នកដែលមាននិន្នាការមិនគាំទ្ររដ្ឋាភិបាលដែលផ្សព្វផ្សាយព័ត៌មានេះបន្តដោយមិនបានពិចារណានោះរកប្រភពដើមចេញពីណាពិតប្រាកដនោះ។
លោកថា៖ «វាអាចជាសេណារីយូមួយទៀតដែរ ដែលអាចបង្កើតព្រឹត្តិការណ៍ដើម្បីចំណេញព្រឹត្តិការណ៍។ មានន័យថាបង្កើតព្រឹត្តិការណ៍នេះទៅ ហើយពិនិត្យមើលអ្នកណាដែលពាក់ព័ន្ធនឹងបញ្ហានេះ។ ខ្ញុំឃើញកន្លងមកអាជ្ញាធរធ្លាប់ប្រកាសជាសាធារណៈ ហើយថាឲ្យប្រុងប្រយ័ត្នពីការស៊ែរព័ត៌មានតាមបណ្តាញសង្គមអីជាដើមនោះ អញ្ចឹងខ្ញុំគិតថានេះជាចំណែកមួយដែរ ដែលពិនិត្យមើលក្នុងសង្គមប្រជាធិបតេយ្យ ដែលអាចប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិ និងសិទ្ធិពលរដ្ឋផងដែរ»។
អ្នកវិភាគនយោបាយ លោក ឆាំ ប៊ុនថេត វិភាគដែរថា ករណីលេចឮថា មានការណីចាប់ក្មេងវះយកក្រលៀន ដែលបានបង្ហោះលើបណ្តាញសង្គមនាពេលនេះ លោកថាមិនមែនជារឿងពិតនៅកម្ពុជាទេ ដោយថាព័ត៌មានដែលបានផ្សព្វផ្សាយតគ្នានោះ មិនបានបង្ហាញអត្តសញ្ញាណ ឬឈ្មោះ ជនរងគ្រោះ ឬបញ្ជាក់ពីទីលំនៅឋានជាក់លាក់ឡើយ។ លោកថា ហេតុការណ៍នេះ ទំនងជាកើតឡើងនៅប្រទេសណាមួយ ត្រូវគេយកមកកាត់ត។
បើតាមលោក លោក ឆាំ ប៊ុនថេត ព្រឹត្តិការណ៍នេះ អាចក្រុមណាមួយបង្កើតឡើង ដើម្បីកេងចំណេញនយោបាយ បង្កឲ្យខ្មែរបែកបាក់គ្នា និងបង្កឲ្យពលរដ្ឋភ័យខ្លាច។
លោកថា៖ «វាអត់មានផលចំណេញអីដល់ខ្មែរទេ។ ប៉ុន្តែអ្វីដែលបានកើតឡើងហ្នឹងគឺភាពស្អប់ខ្ពើមគ្នា រវាងខ្មែរនិងខ្មែរគ្នាឯង។ ខែ្មរដែលចង់បានសេរីភាពនិងខ្មែរដែលចង់រក្សាសង្គមឲ្យនៅក្នុងទម្រង់ដដែល។ វាអត់មានប្រយោជន៍ទាំងសងខាង គឺធ្វើឲ្យតែខ្មែរហ្នឹងឈ្លោះគ្នាហើយវិបត្តិជាតិក៏រកចំនុចដោះស្រាយអត់ចេញដែរ»។
លោក ឆាំ ប៊ុនថេត វិភាគទៀតថា ដើម្បីកុំឲ្យពលរដ្ឋនៅតែបន្តភាពភ័យខ្លាច លោកថា រដ្ឋាភិបាលត្រូវស៊ើបអង្កេតដោយឯករាជ្យ រកអ្នកនៅពីការបង្កើតពាក្យចចាមអារ៉ាមនេះ និងត្រូវបញ្ចៀសវប្បធម៌លាភពណ៌គ្នា ដោយតម្កល់ប្រយោជន៍ជាតិជាធំ។
យ៉ាងនេះក្តី អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣១ខែកក្កដា អះអាងថា គ្មានករណីចាប់ក្មេង វះយកក្រលៀននេះ កើតឡើងនៅកម្ពុជា ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ និងបានព្រមានថា សមត្ថកិច្ចនឹងបន្តវែកមុខរកអ្នកផ្សព្វផ្សាយព័ត៌មាននេះ មកទទួលខុសត្រូវចំពោះមុខច្បាប់។
ការកើតមានព័ត៌មានថាមានករណីចាប់ក្មេងវះយកក្រលៀននេះ កើតឡើងស្របពេលដែលអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៧ បានដាក់ទិសដៅការងារសន្តិសម្រាប់ឆមាសទី២ ដោយជំរុញមន្ត្រីជំនាញ គ្រប់នាយកដ្ឋាន រួមទាំងស្នងការនរគបាលរាជធានី ខេត្ត ឲ្យ«បន្តពង្រឹងវិធានការជំនាញ បន្សាបឥទ្ធិពលអ្នកមាននិន្នាការប្រឆាំងរដ្ឋាភិបាល ពិសេសអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើប »ដោយថា ដើម្បីរក្សាស្ថេរភាពសង្គម។
បើតាមអ្នកវិភាគ ពាក្យចចាមអារ៉ាមនានា រួមទាំងព័ត៌មាន ដែលបានផ្សព្វផ្សាយតគ្នាលើបណ្តាញសង្គម ថាមានអ្នកចាប់ក្មេងវះពោះយកក្រលៀន ឬការដែលពលរដ្ឋព្រួតគ្នាប្រើហិង្សាវាយជនសង្ស័យណាម្នាក់ស្ទើរស្លាប់ នៅទីសាធរណៈ នោះពួកគេថា ដោយសារតែប្រជាពលរដ្ឋបាត់បង់ជំនឿលើប្រព័ន្ធដឹកនាំរដ្ឋ ពិសេសប្រព័ន្ធយុត្តិធម៌៕