គណៈកម្មការកំណែប្រលងបាក់ឌុបស្នើឲ្យរដ្ឋាភិបាលបន្ថែមប្រាក់បេសកកម្ម

សមាជិក​គណៈកម្មការ​ត្រួតពិនិត្យ​បច្ចេកទេសកំណែ​ប្រលង​សញ្ញា​ប​ត្រ​មធ្យម​​សិក្សា​ទុតិ​យ​ភូមិ (រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ)

សមាជិកមួយចំនួននៃគណៈកម្មការត្រួតពិនិត្យបច្ចេកទេសកំណែប្រលងបាក់ឌុបឆ្នាំ២០១៦ ទទូចឲ្យរដ្ឋាភិបាលផ្ដល់ប្រាក់បេសកម្មបន្ថែមទៀតដោយអះអាងថា ថវិកាដែលក្រសួងអប់រំផ្ដល់ឲ្យលើបេសកកម្មនោះមិនសមាត្រជាមួយពេលវេលានិងសមត្ថភាពមុខងាររបស់ពួកគាត់។

ក្រសួងអប់រំ យុវជន និងកីឡាបានចាត់តាំងឲ្យគ្រូបង្រៀនថ្នាក់ឧទ្ទេសឧត្ដមសិក្សា ធ្វើជាគណៈកម្មការត្រួតពិនិត្យបច្ចេកទេសប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦ ដោយផ្ដល់ថវិកាសម្រាប់បេសកកម្មចំនួន៧៥០០០រៀលក្នុងមួយថ្ងៃ ដោយចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែសីហានេះ។

លិខិតស្នើសុំដែលមានស្នាមមេដៃចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ដែលVOD ទទួលបាននៅថ្ងៃនេះ គ្រូកំណែមួយចំនួនបានសំណូមពររដ្ឋមន្ដ្រីក្រសួងអប់រំនិងកីឡា បន្ថែមប្រាក់បេសកកម្មឲ្យបានសមរម្យ ដើម្បីឲ្យសមាមាត្រនឹងពេលវេលាធ្វើការនិងតម្លៃមុខងារដែលពួកគេទទួលខុសត្រូវ។

សមាជិកគណៈកម្មការត្រួតពិនិត្យបច្ចេកទេសកំណែប្រលងបាក់ឌុបចំនួន២រូបនៅមណ្ឌលវិទ្យាល័យសន្ធរមុខ រាជធានីភ្នំពេញប្រាប់VODបន្ថែមស្រដៀងគ្នាថា ថវិកាចំនួន៣សែន៨ម៉ឺនរៀលសម្រាប់បេសកកម្មចំនួន៥ថ្ងៃគឺ តិចតួចបំផុត ដែលពួកគាត់ថាមិនសមាមាត្រនឹងពេលវេលាធ្វើការនិងទំហំការងារដែលពួកគេទទួលខុសត្រូវ។ពួកគេប្រៀបធៀបថា កម្រៃ៥៧០០០រៀលក្នុងមួយថ្ងៃ គឺស្មើមួយម៉ោង១ម៉ឺនរៀល ខណៈដែលពួកគាត់មានកំរិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ ពួកគាត់ទទួចឲ្យរដ្ឋាភិបាលផ្ដល់ប្រាក់បេសកកម្មនេះយ៉ាងតិច៥សែនរៀលក្នុងមួយថ្ងៃ។ ពួកគាត់បន្ដថា៖ “យើងខ្ញុំនឹងស្នើសុំឲ្យក្រសួងហ្នឹងគិតគូពីប្រាក់កម្រៃហ្នឹងបានន័យត្រូវបានច្រើនជាងហ្នឹងយើងគិតថា៥ថ្ងៃនេះយ៉ាងហោចបំផុតក៏បាន៥០ម៉ឺនរៀលដែរ ហ្នឹងវាសមរម្យហើយ។ ព្រោះអីខ្ញុំគិតថា វាសមាមាត្រម៉ោងនឹងយើងធ្វើការចង់បានចឹងណា ថវិកាវាតិចតួចពេក វាពិបាកទទួលយក យើងគិតមើលការងារ៤ទៅ៥ថ្ងៃចឹងណា ហើយដល់ពេលបានលុយតិចតួចពេកមិនអាចចាយគ្រប់“។

ដោយឡែកសមាជិកគណៈកម្មការកំណែមួយរូបទៀតនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន វត្ដភ្នំ លោក ឡុច ចាន់ថន ឲ្យដឹងថាថវិកាដែលពួកគាត់ទទួលបានពីបេសកកម្មនេះ ស្ទើមិនគ្រប់និងការចាយវាយរយៈពេល៥ថ្ងៃនេះ ខណៈដែលទំនិញទីផ្សារមានតម្លៃខ្ពស់។ លោកថាកម្រៃ៣៨ម៉ឺនរៀលរយៈពេល៥ថ្ងៃនេះ មិនសមស្របនឹងសមត្ថភាពរបស់ពួកគាត់ ដែលថារដ្ឋាភិបាលគួរពិចារណាលើបេសកកម្មនេះ។ លោកបន្ដ៖ “យើងចំណាយអស់ម៉ង ណាថ្លៃសាំង ថ្លៃហូបចុក គិតទៅបើយើងនៅទីក្រុងតែម្ដង យើងអាចនៅសល់មួយម៉ឺនពីរម៉ឺន បើសិនជាយើងគេងផ្ទះសំណាក់ តែសម្រាប់យើងមកហូបបាយផ្ទះ ដេកផ្ទះខ្លួនឯង ហ្នឹងអាចសល់តិចតួច បើយើងសន្សំសំចៃណា តែបើគាត់មិនសន្សំសំចៃ ប្រហែលជាមិនគ្រប់គ្រាន់ទេ ខ្ញុំគិតថាចឹង“។

VOD មិនអាចទាក់ទងរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន និងអ្នកនាំពាក្យលោក រស់ សាលីន ដើម្បីសុំការឆ្លើយតបលើបញ្ហានេះបាននៅឡើយទេ។

ក្រសួងអប់រំ យុវជន និងកីឡា បានចាត់តាំងគ្រូបង្រៀនជិត២០០នាក់(១៨៨នាក់)នៅតាមសាកលវិទ្យាល័យរបស់រដ្ឋជាសមាជិកគណៈកម្មការត្រួតពិនិត្យបច្ចេកទេសកំណែប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦នេះ សម្រាប់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣១ខែសីហានេះទៅលើមណ្ឌលចំនួន១០នៅរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានថវិកា៧៥០០០រៀលក្នុងមួយថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ