សុខ សោម៉ាវត្តី សម្រេចឈប់ ក្រោយការរិះគន់

សុខ សោម៉ាវត្តី ក្នុងការបើកសម្ពោធរឿង «៣០ថ្ងៃ» កាលពីថ្ងៃ៣០ សីហា (ដោយ វង្ស សុម៉ាលីន)

វត្តមានក្រុងពាលីក្នុងរឿង «Super Mom» កាលពីថ្ងៃទី២៨ សីហា កន្លងទៅនិងឱកាសលេចមុខបើកសម្ពោធរឿង «៣០ថ្ងៃ» កាលពីថ្ងៃ៣០ សីហា បានធ្វើឲ្យមនុស្សមួយចំនួនមានការងឿងឆ្ងល់យ៉ាងខ្លាំង ជាពិសេសអ្នកដែលធ្លាប់បានអះអាងថាឈប់ទទួលសម្ដែងភាពយន្តទៀតហើយ កាលពីពាក់កណ្ដាលឆ្នាំ ដើម្បីកុំឲ្យឆាប់ស៊ាំ និងដើម្បីទុកឱកាសឲ្យអ្នកជំនាន់ក្រោយ។

ពាក់ព័ន្ធនឹងរឿងស្ដោះហើយបែរជាលេបវិញ នាងថាមិនកែប្រែទេ ដោយអ្នកនាងបញ្ជាក់ថានៅបន្តទទួលថតតែរឿងចាស់កុងត្រាចំនួន៣នៅសល់ប៉ុណ្ណោះ ចំណែកកុងត្រាថ្មីគឺបានផ្អាកហើយ ដើម្បីកុំអោយមានការរិះគន់។

សុខ សោម៉ាវត្តី បានទទួលស្គាល់ថានាងពិតជាបានអះអាងដល់អ្នកសារព័ត៌មានកាលពីពាក់កណ្ដាលឆ្នាំកន្លងទៅថានឹងឈប់សម្ដែងភាពយន្តប្រាកដមែន ដោយសារតែនាងក៏កត់សម្គាល់ថា ខ្លួនសម្ដែងរឿងច្រើនហួសតាំងពីពាក់កណ្ដាលឆ្នាំ២០១៥។

អ្នកនាងថាគិតពីដើមឆ្នាំ២០១៦រហូតមកដល់ពេលនេះ អ្នកនាងបានទទួលសម្ដែងរឿងទាំងដុំនិងភាគរហូតដល់៨រឿងហើយ ខណៈដែលរឿងចំនួន៣ នៅមិនទាន់បានបញ្ចប់ការថតនៅឡើយ។ អ្នកនាងថាខ្សែរឿងដែលបានក្រុងពាលីចេញថតនិងរឿងដែលបានដាក់បញ្ចាំងមុននេះសុទ្ធតែជារឿងទទួលថតតាំងពីមុនពេលប្រកាសថាឈប់។ ក្នុងនោះសូម្បីតែរឿង៣ទៀតដែលនាងប្រាប់ថាមិនទាន់ចេញថត ក៏ជារឿងដែលអ្នកនាងបានទទួលតាំងពីអ្នកនាងមិនទាន់ថាឈប់នោះដែរ។

អ្នកនាងនិយាយថា៖ «ចុះរាល់ថ្ងៃខ្ញុំមានទទួលរឿងទៀតណា ការពិតរឿងទាំងអស់ដែលបងប្អូនឃើញហ្នឹង គឺសុទ្ធតែជារឿងទទួលមុនពេលប្រកាសឈប់តើ ជាក់ស្ដែងមានផលិតករជាច្រើនបានទទូចអោយខ្ញុំជួយលេងតួឯកអោយគាត់ ប៉ុន្តែខ្ញុំថាអត់ទេសុំផ្អាកសិន ចេញចឹងពេកគេស៊ាំងាប់ហើយ!»

នាងថាខ្សែរឿងចំនួន២របស់ផលិតកម្មមហាហង្សអាចជារឿងដែលនាងទទួលថតចុងក្រោយសម្រាប់ផលិតកម្មមួយមួយនេះ ខណៈដែលរឿងចំនួន២ទៀតដែលនាងនៅមិនទាន់បានថតនោះក៏រឹតតែជារឿងចុងប៉ូចមុនពេលសម្រេចផ្អាកសម្ដែងដូចគ្នា។

អ្នកនាងបន្តថា៖ «លូវហ្នឹងបងប្អូន គាត់ឃើញខ្ញុំក្រុងពាលីផង ចេញសម្ពោធរឿងថ្មីផង ពិតជាថា សុខ សោម៉ាវត្តី និយាយថាឈប់ៗតែចេញរឿងថ្មីរហូត តែការពិតសុទ្ធតែជារឿងចាស់ទេ ហើយខ្ញុំគិតហើយថាទម្រាំថតចប់៣រឿងដែលជ្រុលទទួលហ្នឹងទៀតគឺចុងឆ្នាំម្មង ចឹងខ្ញុំអត់មាននិយាយខុសគេគឺដើមឆ្នាំក្រោយនឹងផ្អាកថតរឿងកុំអោយគេស៊ាំគ្រប់រឿងពេក!»

ការលើកឡើងរបស់អ្នកនាងគឺមានន័យថា សុខ សោម៉ាវត្តី នៅតែមានជំហរចង់ផ្អាកពីការសម្ដែង និងបានបង្ហាញយ៉ាងច្បាស់ថាអ្វីដែលនាងប្រកាសឈប់គឺមិនគ្រាន់តែល្អមើលនោះឡើយ។ តារារូបនេះនិយាយថា ហេតុផលដែលនាងចង់ផ្អាកគឺ ដោយសារតែនាងចង់រកពេលទៅរៀនជំនាញនិងចង់ទុកពេលមើលកូនដែលកាន់តែធំនោះផង បន្ទាប់ពីនាងទទួលសម្ដែងរឿងទាំងយប់ថ្ងៃទាំងថ្ងៃ ហើយមិនមានពេលទាល់តែសោះ បំពេញការងារជាមួយកូននិងដើម្បីខ្លួនឯងក្នុងពេលសម្ដែងលែងកើត។ អ្នកនាងពោលថា៖ «ឥឡូវហ្នឹងខាងផលិតករណាមកក៏អត់ទទួលដែរ គឺសុំថតតែ៣រឿងទៀតអោយចប់ យកពេលទៅរៀនខ្លួនឯងអីម្ដង ព្រោះសម្ដែងតែចាស់តិចទៀត គេលែងយកហើយ ចឹងត្រូវឆ្លៀតរៀនជំនាញអីនឹងគេខ្លះ បានដើរទៅមុខរួច ក្រោយពេលធ្លាក់ចុះទីផ្សារ!»

ងាកទៅកាន់ពិធីសម្ពោធរឿង «៣០ថ្ងៃ» នាល្ងាចនោះវិញ គេកត់សម្គាល់ថា សុខ សោម៉ាវត្តី ក្រៅពីនិយាយលេងដាក់ក្បាលមេក្រូធ្វើអោយអ្នកគាំទ្រទប់សំណើចមិនបាន នាងក៏លេចធ្លោជាងតារាល្បីៗដែលមានវត្តមាននៅក្នុងពិធីនោះជាងគេជាងឯងផងដែរ ដោយសារតែមានអ្នកគាំទ្រសុំថតរូបជាមួយតាំងពីក្រៅពីធីរហូតដល់ក្នុងពិធី។ សូម្បីតែរូបសម្រស់និងការតុបតែងកាយក៏សឹងមិនដឹងថានាងជានារីកូនមួយនោះផង ដោយសារតែនាងកាន់តែស្អាតនិងមានទីផ្សារខ្លាំងក្លាក្រោយពេលត្រលប់ចូលសិល្បៈវិញ។

សុខ សោម៉ាវត្តី និយាយថាក្នុងរឿង «៣០ថ្ងៃ» នាងរំពឹងពីភាពជោគជ័យខ្លាំងជាងរឿង «អ្នកនាងម្ចាស់ឡឺកឺ» ទៅទៀត ដោយសារតែក្នុងរឿងនេះនាងលេងប៉ះសុទ្ធតែជាមួយនាយគ្រឿន លោក ជា សុវណ្ណនរាហ៍ និងតួអង្គកំប្លែងៗជាច្រើនទៀតដែលនាងបញ្ជាក់ថាលេងស៊ីជាមួយចរឹតខាងក្រៅរឿងរបស់ខ្លួន។ យ៉ាងណាមិញ បើទោះជារឿងមួយនេះជោគជ័យ ក៏នឹងសម្រេចចិត្តសុំផ្អាកទទួលភាពយន្តសិនដែរ ដើម្បីមានពេលផ្ទាល់ខ្លួនដូចបានរៀបរាប់ខាងលើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ