សួន សេរីរដ្ឋា ប្រាប់សកម្មជនខ្លួនឲ្យត្រៀមប្តឹងមន្ត្រីដែលចុះឈ្មោះបោះឆ្នោតឲ្យជនបរទេស

ប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា

ប្រធានគណបក្សអំណាចខ្មែរ បានប្រកាសឲ្យសកម្មជនខ្លួនត្រៀមខ្លួនទប់ស្កាត់និងដាក់ពាក្យបណ្តឹងទៅលើមន្ត្រីណាដែលចុះឈ្មោះឲ្យជនបរទេសខុសច្បាប់ បោះឆ្នោតរើសមេដឹកនាំកម្ពុជា។

ក្នុងសន្និសិទសារព័ត៌មាននៅព្រឹកថ្ងៃពុធនេះ លោក សួន សេរីរដ្ឋា ថ្លែងថាគណបក្សលោកបានប្រកាសឲ្យសកម្មជនខ្លួន ត្រៀមខ្លួនទប់ស្កាត់ជនបរទេសខុសច្បាប់ដែលទៅចុះឈ្មោះបោះឆ្នោត។ លោកថាគណបក្សនេះក៏ត្រៀមដាក់ពាក្យបណ្តឹងប្តឹងមន្ត្រីណាដែលចុះឈ្មោះឲ្យជនបរទេសទាំងនោះ។ លោកបន្តថា៖ យើងសម្រេចផ្ទេរសិទ្ធិឲ្យតំណាងរាជធានីខេត្តទាំងអស់នៅទូទាំងប្រទេសគឺថាមានសិទ្ធិ ដើម្បីនឹងចាត់ចែងតែងតាំងសកម្មជននៅតាមឃុំសង្កាត់ទាំងអស់ ដើម្បីឃ្លាំងមើលការចុះឈ្មោះបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតនៅទូទាំងប្រទេសទប់ស្កាត់(ជនបរទេស)ផង ហើយអាចដាក់ពាក្យបណ្តឹងប្តឹងផង មិនមែនប្តឹងត្រឹតែជនជាតិយួនទេ គឺប្តឹងចំពោះមន្ត្រីណាដែលឃុបឃិត ឲ្យពូកហ្នឹងបន្តចុះឈ្មោះបោះឆ្នោត”។

លោក សួន សេរីរដ្ឋា អះអាងថា លោកមើលឃើញមានភាពមិនប្រក្រតីនៃការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យជនជាតិវៀតណាមដោយមិនបានចូលសញ្ញាតិត្រឹមត្រូវ។ លោកថាជនបរទេសមិនអាចសម្រេចវាសនាប្រទេសកម្ពុជាជំនួសប្រជាជនកម្ពុជាបានទេ។

មន្រ្តីអន្តោប្រវេសន៍កម្ពុជាឲ្យដឹងថា មានជនជាតិវៀតណាមជាង៧ម៉ឺននាក់ប្រើប្រាស់ឯកសាររដ្ឋបាលរបស់កម្ពុជាដោយខុសច្បាប់។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប ស្វាគមន៍ចំពោះការចូលរួមសង្កេតការណ៍លើការចុះឈ្មោះបោះឆ្នោតនេះ។ ចំពោះការប្តឹងទៅលើមន្ត្រី គ.ជ.ប លោកថាគណៈកម្មាធិការនេះនឹងទទួលយកមកពិនិត្យ តែលោកថាប្រសិនជាការប្តឹងនោះគឺគ្រាន់តែមានបំណងរំខាន លោកថាអាចប្រឈមទៅនឹងផ្លូវច្បាប់ផងដែរ។

លោកបន្ថែមថា៖ “ជាការពិត មន្ត្រីចុះឈ្មោះគាត់មានតួនាទីក្នុងការទទួលប្រជាពលរដ្ឋក្នុងការចុះឈ្មោះបោះឆ្នោត។ អញ្ចឹងការបង្កឲ្យមានភាពរញ៉េរញ៉ៃ ប៉ះពាល់ដល់ដំណើរការនៃការចុះឈ្មោះបោះឆ្នោតនោះ អាចនឹងក្លាយទៅជាបទល្មើសផ្សេងៗទៀត។ អជ្ញាធរឃុំសង្កាត់ដែលមានតួនាទី វិមជ្ឈការចុះឈ្មោះបោះឆ្នោតនេះ លោកនឹចាត់វិធានការទៅតាមផ្លូវច្បាប់ហើយ”។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថាខុមហ្រ្វែលលោក គល់ បញ្ញា យល់ថាអ្នកសង្កេតការណ៍គួរមានការពិភាក្សាជាមួយ គ.ជ.ប ដើម្បីមាននីតិវិធីណាមួយច្បាស់លាស់សម្រាប់ករណីនេះ។ លោកឲ្យដឹងថាជាក្រមសីលធម៌បក្សនយោបាយ គឺមិនអនុញ្ញាតឲ្យទៅរារាំងជនណាម្នាក់មិនឲ្យចុះឈ្មោះបោះឆ្នោតទេ ហើយការប្តឹងជនណាម្នាក់មិនឲ្យចុះឈ្មោះបោះឆ្នោតគឺត្រូវមានភស្ភុតាងច្បាស់លាស់។ សម្រាប់ការប្តឹងតវ៉ាទៅលើមន្ត្រីចុះឈ្មោះបោះឆ្នោតណាមួយ លោកថាគឺអាចធ្វើបាន តែមិនត្រូវបង្កឲ្យមានការរំខានដល់ដំណើរការនៃការចុះឈ្មោះបោះឆ្នោតទេ។

លោកបន្តថា៖ “ជាក្រមសីលធម៌របស់ភ្នាក់ងារគណបក្ស គេមិនឲ្យយើងមករារាំងអ្នកមកចុះឈ្មោះបោះឆ្នោតទេ គឺត្រូវអនុវត្តន៍តាមនីតិវិធីដំណើការនៃការចុះឈ្មោះបោះឆ្នោតហ្នឹង បើយើងចង់ប្តឹង យើងត្រូវរកភស្ភុតាងរកអីដើម្បីដាក់បណ្តឹងហ្នឹង។ ការរារាំងវាអាចនាំទៅជាបញ្ហា“។   

បើតាម គ.ជ.ប អ្នកមានសិទ្ធិបោះឆ្នោតមានដល់ជាង១០លាននាក់ ដោយដំណើរការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ចាប់ផ្តើមពីថ្ងៃទី១ខែកញ្ញាដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ