សភាអាស៊ានស្នើសហគមន៍អន្ដរជាតិចាប់បង្ខំកម្ពុជា ឲ្យគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស

សមាជិកសភាអាស៊ាន អំពាវនាវឲ្យសហគមន៍អន្ដរជាតិ ចាប់បង្ខំរដ្ឋាភិបាលកម្ពុជា ឲ្យគោរពលទ្ធិប្រជាធិបតេយ្យ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើងវិញ។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានបិទប្រព័ន្ធ​ផ្សពផ្សាយឯករាជ្យមួយចំនួន និង​បិទ​អង្គការ NDI ដែលធ្វើការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងសេចក្ដីថ្លែងការណ៍​ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) បានបង្ហាញក្ដីបារម្ភ អំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដោយថា រដ្ឋាភិបាលបានបើកការបង្ក្រាបលើបណ្ដាញសារព័ត៌មានឯករាជ្យ និងក្រុមអង្គការសង្គមស៊ីវិល ព្រមទាំងបណ្ដេញបុគ្គលិកវិទ្យាសា្ថនជាតិប្រជាធិបតេយ្យ “NDI” របស់អាមេរិក កាលពីពេលថ្មីៗនេះ។

សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស អំពាវនាវទៅរដ្ឋសមាជិក និងសហគមន៍អន្ដរជាតិ ត្រូវបង្ខំឲ្យរដ្ឋាភិបាលកម្ពុជា ឲ្យប្ដេជ្ញាគោរពតាមលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ ពិសេសគោលការណ៍ ដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។

ប៉ុន្ដែអ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន​ លើកឡើងថា ចំណាត់ការថ្មីៗនេះ គឺរដ្ឋាភិបាលកំពុងពង្រឹងការអនុវត្តច្បាប់ ទៅលើអង្គការ សមាគម និងបណ្ដាញសារព័ត៌មានបរទេស ដែលលោកថាមិនគោរពច្បាប់កម្ពុជាប៉ុណ្ណោះ។

ជុំវិញការបិទអង្គការមនុស្សធម៌ NDI កាលពីថ្ងៃទី២៣សីហាកន្លងទៅ ទូតអាមេរិកប្រចាំកម្ពុជា ក្រសួងការបរទេសអាមេរិក អង្គការសហប្រជាជាតិ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ (Human Rights Watch) បានរិះគន់រដ្ឋាភិបាលកម្ពុជា ដោយថា លោក ហ៊ុន សែន គួរបញ្ឈប់សកម្មភាពគំរាមកំហែងទាំងនេះចោល បើពុំនោះទេ លទ្ធផលបោះឆ្នោតនាឆ្នាំ២០១៨ នឹងមិនអាចជឿទុកចិត្តបានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ