កម្មកររាប់សិបនាក់នៅរោងចក្រមួយបន្តដួលសន្លប់សង្ស័យពុលក្លិនក្រណាត់

កម្មករកម្មការិនីដួលសន្លប់សង្ស័យពុលក្លិនក្រណាត់

កម្មករកម្មការិនីប្រមាណជិត១០០នាក់ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន ប៊ឺរី អីភែលរីល ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ នៅថ្ងៃទី៣១ សីហា ឆ្នាំ២០១៧នេះ បន្តដួលសន្លប់ ខណៈម្ស៉ិលម៉ិញកម្មកររោងចក្រនេះប្រមាណជាង៧០នាក់បានដួលសន្លប់ដែរ។

កម្មករម្នាក់ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមួយ អ្នកស្រី អន ស្រីអាំ ប្រាប់អ្នកសារព័ត៌មានថា តាមពិតកម្មករបានដួលសន្លប់រយៈពេល៣ថ្ងៃហើយ ដោយនៅថ្ងៃទីមួយមានកម្មករសន្លប់តិចតួចប៉ុណ្ណោះ និងបានសន្លប់ជាបន្តបន្ទាប់រហូតមកដល់ថ្ងៃទី៣នេះមានចំនួនច្រើនជាងគេ។

អ្នកស្រីរៀបរាប់ថា ការដួលសន្លប់ថ្ងៃដំបូង គឺផ្តើមចេញពីក្រុមកម្មករដែលទទួលកាត់ដេរក្រណាត់ទើបនាំចូលថ្មី។

អ្នកស្រីបន្ថែមថា «ម្សិលម៉ិញ ខ្ញុំនៅហ្នឹង ឃើញគេសន្លប់ភាគច្រើនពីអាវគេប្តូរភីអូ[ក្រណាត់អាវទើបនាំចូល ថ្មី]ថ្មីហ្នឹងម៉ងមកពីក្រុមហ្នឹងមុនគេ ក្រណាត់ហ្នឹងគេដឹកមកឲ្យយើងដេរ​ ហើយយើងដេរមួយអាទិត្យ ក្រោយមកនៅថ្ងៃម្សិលម្ងៃហ្នឹង សន្លប់បានបីបួននាក់អញ្ចឹងទៅ ហើយម៉ិញហ្នឹងគេទៅដូរកន្លែងហ្នឹងហើយ សន្លប់ពីក្រុមហ្នឹងមកទៀតម្សិលម៉ិញហ្នឹងបានច្រើនម៉ង»។

កម្មករម្នាក់ទៀត កញ្ញា នៅ សំអាត និយាយថា កាលពីថ្ងៃដំបូង នាងមានអាការៈធម្មតា ប៉ុន្តែនៅថ្ងៃនេះ ពេលកំពុងបំពេញការងារ នាងចាប់ផ្តើមមានអាការៈវិលមុខ ថប់ដង្ហើម ដោយមិនដឹងមកមូលហេតុអ្វីនោះទេ។ កញ្ញាបន្ថែមថា «ខ្ញុំវិលមុខ ធ្វើការអត់កើតអង្គុយដេរៗសន្លប់»។

គ្រូពេទ្យប្រចាំគ្លីនិច ឡាំ ប៊ុនថន លោក នី សំណាង ឲ្យដឹងថា ពីរថ្ងៃនេះ គ្លីនិចលោកទទួលព្យាបាលកម្មករសន្លប់ចំនួនជាង៥០នាក់ ហើយថាកម្មករដែលចូលមកព្យាបាលនោះ មានអាការៈដូចគ្នា ខ្លះសន្លប់ ខ្លះពិបាកដកដង្ហើម ត្រជាក់ដៃជើង ឈឺក្បាលវិលមុខ និងខ្លះទៀតក្អួតជាដើម។ ប៉ុន្តែគ្រូពេទ្យរូបនេះ មិនអាចបញ្ជាក់ថា អាការៈជំងឺនេះបណ្តាលមកពីអ្វីពិតប្រាកដនោះទេ។

លោកបន្ថែមថា «ជាជំហ៊ានដំបូង យើងមិនអាចសន្និដ្ឋានបានទេ ពីព្រោះការសិក្សារទៅលើបញ្ហាផ្លូវដង្ហើម ទៅលើជាតិពុលអីហ្នឹងត្រូវការសិក្សារស៊ីជំរៅច្រើន ប៉ុន្តែគ្រាន់ថា ជំងឺដែលមកហ្នឹង គឺរោគសញ្ញារបស់ពួកគាត់មានសន្លប់ ពិបាកដកដង្ហើម ណែនទ្រូង ហើយត្រជាក់ដៃជើង ហើយខាងខ្ញុំ បានជួយសង្គ្រោះគាត់ ឲ្យល្អប្រក្រតីឡើងវិញ ហើយសិក្សាររកមូលហេតុបែបណាទៀតនោះ គឺមិនទាន់ធ្វើទេ ទុកខាងជំនាញគេធ្វើ»។

វីអូឌីមិនអាចសុំការបំភ្លឺពីតំណាងរោងចក្របានទេចំពោះបញ្ហានេះ។

តំណាងសហជីពកម្មករខ្មែរប្រចាំរោងចក្រនេះ អ្នកស្រី ភើន ចាន់ណា ឲ្យដឹងថា កាលពីម្សិលមិញមានកម្មករ ដួលសន្លប់ប្រមាណ៧៥នាក់ និងនៅថ្ងៃនេះមាន៩៥នាក់។

តំណាងកម្មករូបនេះឲ្យដឹងថា​ រោងចក្រ ប៊ឺរី មានកម្មករសរុបជាង២ពាន់នាក់ ហើយថាបើទោះបីមានកម្មករខ្លះដួលសន្លប់ជាបន្តបន្ទាប់បែបនេះក៏ដោយ ខាងរោងចក្រមិនឲ្យកម្មករទាំងនោះឈប់សម្រាកទេ ប៉ុន្តែសម្រាប់កម្មករដែលមានអាការៈមិនស្រួល និងធ្លាប់សន្លប់បានឈប់មួយថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ