បទយកការណ៍៖ ការសម្រេចចិត្តរបស់ស្ត្រីនិងការប្រកបរបរអាជីវកម្ម

អ្នក​ស្រី​ ប្រាក់ លឹម​ហ៊ាង ​អាជីវករ​លក់​អង្ករធម្មជាតិ​ (FB របស់អ្នក​ស្រី​ ប្រាក់ លឹម​ហ៊ាង)

ទីនេះគឺជា​ផ្ទះ​របស់​អ្នក​ស្រី ប្រាក់ លឹមហ៊ាង។ ដែល​ស្ថិតនៅក្នុង​បុរី​មួយ​ដែល​មាន​ភាព​មមាញឹក​គួរសម។ ផ្ទះរបស់​អ្នក​ស្រី ​លឹម ហ៊ាង​ មិន​ស្ថិតនៅលើ​ផ្លូវ​ធំ​ដែល​មាន​ចរាចរណ៍មមាញឹក​ ដែល​ជា​ឱកាស​នៃការ​ប្រកប​របរ​ជួញ​ដូរ​បាន​ទេ ប៉ុន្តែ​សម្រាប់ ​លឹម​ហ៊ាង ​ទីតាំង ​គឺ​មិនមែនជា​អាទិភាព​ឡើយ។ ដើម្បី​ផ្គត់​ផ្គង់ជីវភាព​ក្នុងគ្រួសារ ស្រ្តី​ដែលមាន​កូន​ពីរ​នាក់​រូប​នេះ បាន​ប្រែក្លាយ​ផ្ទះ​របស់​គាត់​ទៅជា​កន្លែង​លក់អង្ករធម្មជាតិ ​ដែលអាច​រក​បាន​ដោយ​កម្រ​នៅក្នុងរាជធានីភ្នំពេញ។​

ដោយ​មានអាយុ៣២ឆ្នាំ អ្នក​ស្រី​ ប្រាក់ លឹម​ហ៊ាង ​គឺជា​អាជីវករ​លក់​អង្ករធម្មជាតិ​ផង និង​ជា​អ្នក​ប្រឹក្សាយោបល់​ឯក​រាជ្យ​មួយរូប​ផង។​

លឹម​ហ៊ាង​ បាន​ចាប់​ផ្តើម​មុខរបរ​លក់​អង្ករ​របស់គាត់​តាំងពី​ឆ្នាំ២០១៤ បន្ទាប់ពីគាត់​បាន​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យកសិកម្ម។

គាត់​និយាយ​ថា ​គាត់​បាន​ចាប់​យក​មុខ​របរ​លក់​អង្ករធម្មជាតិនេះ​ ដោយ​សារតែ​ទាក់ទងនឹង​ជំនាញ​គាត់រៀន​នៅ​មហាវិទ្យាល័យផង និង​ជាការ​ពេញចិត្ត​របស់គាត់​ផង៖ ​«តាមពិតអាជីវកម្មនេះ ខ្ញុំធ្វើតាំងពីឆ្នាំ២០១៤ ពីរបីឆ្នាំដែរហើយ ដើមចមគឺមកពីខ្ញុំជាអ្នកស្រុកស្រែចំការផង ហើយបានរៀនផ្នែកកសិកម្មចប់មហាវិទ្យាល័យនៅភូមិន្ទកសិកម្ម ឃើញថាអាហ្នឹងយើងចេះផង​ មានអ្នករោងមាស៊ីនកិនស្រូវយើងស្គាល់ នៅក្នុងភូមិយើងទៀត អ៊ីចឹងខ្ញុំក៏ចាប់ផ្តើមលក់អង្ករហ្នឹង ផ្គួបជាមួយការងាររបស់យើងក្រៅម៉ោង»។​

ទោះបីជា​គ្រួសារ​របស់​ លឹមហ៊ាង ​ជួល​ស្រ្តីវ័យជំទង់ម្នាក់​ឲ្យ​នៅធ្វើការ​ជាមួយគាត់​ក៏ដោយ​ ក៏ប៉ុន្តែ​ស្រ្តីនោះទទួល​តែ​ការងារក្នុង​ផ្ទះ ដូចជាការ​ថែទាំកូននិង​ធ្វើ​ម្ហូប​អាហារប៉ុណ្ណោះ។ លឹមហ៊ាង ​ត្រូវទទួល​ការងារ​លក់​ដូរផង និង​ដឹក​អង្ករ​តាម​ម៉ូតូ ទៅ​ឲ្យ​អតិថិជន​ដែល​បាន​បញ្ជាទិញផង។​​

បើ​ទោះ​បីប្តី​របស់គាត់​មិន​ឯក​ភាព​ក៏ដោយ ក៏ប៉ុន្តែ​សម្រាប់ លឹមហ៊ាង​ និយាយថា មុខ​របរ​លក់​អង្ករ គឺអាច​ឲ្យ​គាត់​ជួយ​ដល់​សុខ​ភាព​អតិថិជនរបស់គាត់​​៖ «ដំបូងឡើយគាត់អត់អោយលក់ទេ គាត់ថាចង្អៀតផ្ទះ រកស៊ីអាណាធ្ងន់ៗដូចកម្មករអ៊ីចឹង តែអ្វីដែលខ្ញុំជម្នះហ្នឹង ខ្ញុំគិតថាមិនមែនចង់បានតែលុយទេ ខ្ញុំ​ចង់អោយអ្នកញុំា គាត់ញុំារបស់ល្អផង ព្រោះមិនដឹងថាសុវត្ថិភាពចំណីអាហាស្រុកយើងយ៉ាងម៉េចទេ អ៊ីចឹងអ្នកដែលទិញអង្ករខ្ញុំ ដឹងតែជឿជាក់ថាសុទ្ធមកពីបាត់ដំបង»។

លោក កាន់ វីរៈ គឺជា​ស្វាមី​របស់​អ្នក​ស្រី ​លឹមហ៊ាង។ គាត់ធ្វើការ​នៅ​ស្ថាប័នអង្គការ​ក្រៅ​រដ្ឋាភិបាលមួយ។ លោក វីរៈ និយាយថា​ គាត់​ចង់​ឃើញ​ភរិយាគាត់​ចំណាយ​ពេល​ដើម្បីថែរក្សា​កូនរបស់គាត់ និងគិត​ពីសុខភាព ហើយបាន​បដិសេធ​ការ​បើក​មុខ​របរលក់អង្ករកាលពី​ជាង​៣ឆ្នាំមុន៖ «ខ្ញុំគិតថា ស្រ្តីសម័យហ្នឹង គាត់មិនមែនត្រឹមតែខ្លាំង រឺល្អជាងមុនទេ គឺគាត់ខ្លាំងជាងបុរសទៀត មានន័យថាគាត់មានការសម្រេចចិត្ត មិនមានការរារែកដូចមុន គាត់អាចសម្រេចចិត្តលុះជាងបុរសទៀត មានន័យថា ខ្ញុំមិនសូវហ៊ានសម្រេចចិត្ត តែគាត់ហ៊ានសម្រេចចិត្តជាងខ្ញុំទៀត»។

លោកស្រី ធីតា ឃឹះ ​ជាប្រធានគណៈកម្មាធិកាលើកស្ទួយស្រ្តីក្នុងវិស័យនយោបាយ។ គាត់​កត់​សំគាល់​ថា​ស្រ្តី​ពី​សម័យមុន​គឺ​ពឹង​ពាក់​ទៅលើ​បុរស​ជា​ប្តី។ គាត់​និយាយ​ថា ​ស្រ្តី​អាចធ្វើ​ការ​សម្រេចចិត្ត​បាន​កាន់តែ​ច្រើន​នៅ​សម័យនេះ៖ «ខ្ញុំថាស្រ្តីក្នុងពេលបច្ចុប្បន្ននេះ កាន់តែមានការយល់ដឹងច្រើន ចំពោះខ្លួនឯងនិងសិទ្ធិសេរីរបស់ខ្លួន ហើយជាពិសេស គឺគាត់អាចរកស៊ីចិញ្ចឹមខ្លួនឯងបាន ចេញក្រៅផ្ទះ ដូច្នេះធ្វើអោយគាត់មានសេរីភាព ជាងអ្វីដែលយើងធ្លាប់ឃើញ​កាលពីជំនាន់មុន ដែលស្រ្តីពឹងពាក់លើស្វាមីច្រើន​។ បច្ចុប្បន្នយើងសង្កេតឃើញថា ស្រ្តីជាអ្នករកស៊ីចិញ្ចឹមគ្រួសារ​ច្រើន ដូច្នេះនៅពេលណាគាត់ទទួលបានព័ត៌មានច្រើន ហើយនៅពេលណាគាត់ស្គាល់ពីខ្លួនឯងច្រើន និងស្គាល់ពីសង្គមកាន់តែច្រើន គាត់អាចនឹងធ្វើការសម្រេចចិត្តដើម្បីខ្លួនគាត់កាន់តែច្រើន​»។

យោងតាមរបាយការណ៍ជំរឿនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១១ សហគ្រាសជាង៦៥ភាគរយ បង្កើតនិងគ្រប់គ្រងដោយស្រ្តី តែភាគច្រើនជាសហគ្រាសនិងអាជីវកម្មខ្នាតតូច។ យោងតាមរបាយការណ៍ជំរឿនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៦ មាន៧៦ភាគរយនៃម្ចាស់អាជីវកម្មលក់ដូរតាមដងផ្លូវជាស្រ្តី។​

ករណី​របស់​កញ្ញា នាង​ សុវត្ថាណា គឺជា​រឿង​ដាច់​ដោយឡែក​មួយទៀត។ ណាណា​មាន​អាយុ៣០ឆ្នាំ​។ គាត់​គឺជា អ្នកបកប្រែ និងជាពិធីការិនីមួយរូប។​

ណាណា ជាយុវវ័យសម័យថ្មី រាល់ការសម្រេចចិត្តនិងការទទួលខុសត្រូវ គឺគាត់ជាអ្នកសម្រេចចិត្ត ព្រោះគាត់យល់ឃើញថា យុវវ័យសម័យនេះ ត្រូវរៀនធ្វើនិងរស់នៅដោយខ្លួនឯង មិនចាំបាច់ពឹងផ្អែកលើឪពុកម្តាយទៀតទេ ហើយរាល់ការសម្រេចចិត្តត្រូវរឺខុសមិនមានឩបករណ៍វាស់វែងឡើយ គឺអាស្រ័យទៅលើការវិភាគ និងស្វែងយល់ដោយខ្លួនឯង៖ «យុវវ័យគ្រប់រូប ត្រូវរៀនចេះសម្រេចចិត្តទៅលើជីវិតខ្លួនឯង​ ពីដំណាក់តូចៗមករហូតដល់ដំណាក់ធំៗ ​ហើយការជ្រើសរើសដៃគូជីវិត និងការបង្កើតអាជីវកម្ម ជាការសម្រេចចិត្ត​ បើយើងប្រៀបធៀបទៅនឹងថ្នាក់រៀន ដូចថ្នាក់​បរិញ្ញាប័ត្រអ៊ីចឹង​ អាហ្នឹងទាល់តែមនុស្សធំបានយើងអាចធ្វើបាន អាហ្នឹងទាល់តែយើងរៀនពីថ្នាក់បឋម អនុវិទ្យាល័យ វិទ្យាល័យមក ទន្ទឹមគ្នាហ្នឹងដែរ អត់មានការសម្រេចចិត្តណាដែលអត់ខុសទេ ខ្ញុំក៏ធ្លាប់មានការសម្រេចចិត្តដែលខ្ញុំស្តាយក្រោយដែរ ក៏ប៉ុន្តែ​​អ្វីដែលសំខាន់ គឺអ្នកណាជាអ្នកសម្រេចចិត្ត អ្នកនោះជាអ្នកទទួលខុសត្រូវ ​បានន័យថាយើងជាអ្នកសម្រេចចិត្ត យើងជាអ្នកទទួលខុសត្រូវខ្លួនឯង»។

ការទទួលបានព័ត៌មានមិនថា តាមវិទ្យុ ទូរទស្សន៍ ហ្វេសបុក ពិតជាមានសារៈសំខាន់ណាស់ សម្រាប់នារីក៏ដូចជាយុវជន។ ណាណា បានលើកឡើងថា នារីសម័យមុនការទទួលចំណេះដឹងនៅមានកម្រិត ហើយទន់ភ្លន់ និងស្តាប់ឪពុកម្តាយ ប៉ុន្តែចំពោះនារីសម័យបច្ចុប្បន្ន គាត់រាងរឹងរូសមិនសូវទន់ភ្លន់បន្តិច តែគាត់មានសិទ្ធិសេរីភាពច្រើនជាងមុននិងអាចសម្រេចចិត្តបានខ្លួនឯង ​និងមិនធ្វើជាបន្ទុកឪពុកម្តាយទៀតទេ៖ «នារីសម័យមុនដោយសារតែគាត់អត់សូវមានព័ត៌មាន អ៊ីចឹងគាត់អត់សូវមានការអប់រំទេ អ៊ីចឹងគាត់នៅផ្ទះច្រើន នារីសម័យនេះ បើទោះបីគាត់នៅផ្ទះ ក៏គាត់មានការអប់រំដែរ ដោយសារគាត់ប្រើហ្វេសបុក​​ ដោយសារយើងមើលទូរទស្សន៍ដោយសារយើងស្តាប់វិទ្យុ អ៊ីចឹងចំណេះដឹងការយល់ឃើញក៏មានលក្ខណៈខុសគ្នាដែរ​»​។

លោកស្រី​ ​ធីតា ឃឹះ ​ជាប្រធានគណៈកម្មាធិកាលើកស្ទួយស្រ្តីក្នុងវិស័យនយោបាយ។ គាត់ក៏បាន មានប្រសាសន៍ថាក្មេងៗសម័យបច្ចុប្បន្ន គាត់អាចសម្រេចចិត្តនិងចិញ្ចឹមខ្លួនឯងបាន៖ «ហើយក្មេងជំនាន់ក្រោយដែលគាត់អាចធ្វើការសម្រេចចិត្ត និងចិញ្ចឹមខ្លួនគាត់រស់ អ៊ីចឹងបើគាត់មិនអាចទទួលយកបាន គឺគាត់ដើរចេញ ចាស!»៕​

ដោយ អ្នកស្រី ហាណា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ