ទាហានជើងទឹកអាមេរិកនិងទាហានជើងទឹកកម្ពុជាបានចាប់ផ្តើមសមយុទ្ធប្រចាំឆ្នាំលើកទី៧ ដែលមានឈ្មោះថា ការហ្វឹកហ្វឺននិងភាពត្រៀមជាស្រេចសំរាប់សហប្រតិបត្តិការលើផ្ទៃទឹក (Cooperation Afloat Readiness and Training ឬ CARAT) នៅមូលដ្ឋានជើងទឹករាម ខេត្តព្រះសីហនុ នៅថ្ងៃទី៣១ តុលានេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា ទាហានអាមេរិកចំនួន១៥០នាក់និងទាហានកម្ពុជាចំនួន២០០នាក់ ចូលរួមនៅក្នុងសមយុទ្ធ CARAT នៅកម្ពុជា សំរាប់ឆ្នាំ២០១៦នេះ។
តាំងពីឆ្នាំ២០១០មក សមយុទ្ធ CARAT នៅកម្ពុជាគឺជាសមយុទ្ធហ្វឹកហ្វឺនទ្វេភាគីមួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនិងលើកកំពស់សន្តិសុខលំហសមុទ្រ រវាងកងទ័ពជើងទឹកនៃសហរដ្ឋអាមេរិកនិងកងទ័ពជើងទឹកនៃប្រទេសកម្ពុជា។
លោកវរសេនីយឯក Jeffrey Kilian មេបញ្ជាការនៃកងវរសេនាធំទី៣០ ផ្នែកសំណង់ជើងទឹកបានមានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ “យើងចាត់ទុកសមយុទ្ធនេះជាព្រឹត្តិការណ៍សំខាន់មួយ ដែលធ្វើអោយប្រទេសយើងទាំងពីរកាន់តែមានភាពជិតស្និទ្ធនឹងគ្នា ហើយជាគំរូមួយសំរាប់អោយកងទ័ពជើងទឹកនិងកងម៉ារីនអាមេរិក និងកងយោធពលខេមរភូមិន្ទ ធ្វើការជាមួយគ្នាទាក់ទងនឹងអាទិភាពនៃសន្តិសុខលំហសមុទ្រ ពង្រឹងទំនាក់ទំនង និងលើកកំពស់អន្តរប្រតិបត្តិការ”។
CARAT គឺជាសមយុទ្ធទ្វេភាគីដែលមានធ្វើជាបន្តបន្ទាប់ដោយកងទ័ពជើងទឹក រវាងផ្នែកជើងទឹកសហអាមេរិក កងម៉ារីនអាមេរិកនិងកងទ័ពនៃប្រទេសបង់ក្លាដេស ប្រ៊ុយណេ កម្ពុជា ឥណ្តូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ និងទីម័រខាងកើត៕