រដ្ឋ​មន្ត្រី​ក្រសួងសាធារណៈការ​ថា​មិនចង់​ឮពាក្យ​ថា «ធ្វើផ្លូវ​ជាប់​រហូត»

សកម្មភាពធ្វើផ្លូវ​ (ដោយ គឹម ហុង)

រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនបាននិយាយថា លោកលែងចង់ឭពាក្យថាផ្លូវនៅកម្ពុជាធ្វើជាប់រហូត ទៀតហើយ ដោយលោកថាកាលពីកន្លងមកមានការរិះគន់មកលើការងារសាងសង់ផ្លូវនៅកម្ពុជាគឺធ្វើរហូតតាំងពីចាប់ផ្តើមធ្វើរហូតដល់ផ្លូវខូចទៅវិញ រួចចាប់ផ្តើមសាងសង់បន្តទៀត។

រដ្ឋមន្ត្រីក្រសួងសារធារណៈការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក្នុងឱកាសនៃការបើកការដ្ឋានជួសជុលផ្លូវជាតិលេខ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ តុលានេះថា លោកមិនចង់ឲ្យគេហៅការសាងសង់ផ្លូវថ្នល់នៅកម្ពុជាថា សាងសង់ផ្លូវជាប់រហូតទៀតទេ។ លោកហាក់បីដូចជាទទួលស្គាល់នូវពាក្យរិះគន់ទាំងនេះ និងបានផ្តាំទៅមន្ត្រីរបស់លោកថា ចាប់ពីពេលនេះទៅសុំឲ្យអនុវត្តន៍ការងារឲ្យបានត្រឹមត្រូវ អនុវត្តន៍តាមបច្ចេកទេសឲ្យបានល្អ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំយកឱកាសនេះ ក៏សុំសំណូមពរមន្ត្រីរបស់យើងក្នុងការកសាងផ្លូវ ធ្វើយ៉ាងណាផ្លូវឲ្យមានគុណភាព។ ខ្ញុំលែងចង់លឺ ហើយសម្តេចលោកលែងចង់លឺ ហើយនៅពាក្យតិចតៀន និយាយថាក្រសួងសាធារណៈការនិងដឹកជញ្ជូនធ្វើផ្លូវជាប់រហូត។ ជាប់មែន ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ មួយទៀតគេនិយាយថាក្រសួងសាធារណៈការដឹកជញ្ជូនចាក់ស្តើងស៊ីក្រាស់។ ល្មមឈប់ហើយ ដល់ពេលវេលាយើងធ្វើផ្លូវថ្នល់យើងតាមលក្ខណៈបច្ចេកទេស ជាប់ឲ្យបានយូរតាមលក្ខណៈបច្ចេកទេស។ អញ្ចឹងថ្ងៃនេះសុំលោកប្រធានមន្ទីរធ្វើផ្លូវហ្នឹងឲ្យតាមលក្ខណៈបច្ចេកទេស»។

លោក ស៊ុន ចាន់ថុល ថាបន្ទាប់ពីបានទទួលនូវការតិទៀនទាំងនេះ ក្រសួងរបស់លោកបានរៀបចំនីតិវិធីត្រួតពិនិត្យទៅការដ្ឋានសាងសង់ផ្លូវទាំងអស់និងពិនិត្យទៅលើផ្លូវ និងបានរកឃើញថាក្រុមហ៊ុនទទួលសាងសង់ផ្លូវជាតិលេខ៦ ពីភ្នំពេញទៅសៀមរាប ធ្វើផ្លូវមិនគ្រប់លក្ខណៈបច្ចេកទេស និងបានតម្រូវឲ្យក្រុមហ៊ុននោះធានាបំពេញបន្ថែមនូវចំណុចខ្វះខាតទៅលើផ្លូវទាំងនេះដែលលោកថាមានទំហំទឹកប្រាក់ប្រមាណ៣លានដុល្លារ។

នាយកប្រតិបតិ្តសម្ព័ន្ធគណនេយ្យភាពសង្គម លោក សន ជ័យ យល់ថាការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នៅពេលនេះគឺបានទទួលស្គាល់នូវអ្វីដែលរដ្ឋមន្ត្រីក្រសួងសាធារណៈការមុនគឺ លោក ត្រាំ អ៊ីវតឹក ដែលមានបញ្ហាច្រើនទាក់ទងនឹងផ្លូវថ្នល់នេះ បូកផ្សំជាមួយស្ថានភាពនៅពេលនោះមិនទាន់មានច្បាប់ពីផ្លូវថ្នល់ផងទៀតនោះ។ លោកបន្ថែមថា នៅពេលនេះក្រសួងគួរតែមានស្តង់ដាផ្លូវថ្នល់ជាក់លាក់មួយសម្រាបកំណត់ក្នុងការសាងសង់ ជាជាងការកំណត់តាមអ្នកដែលផ្តល់ជំនួយ រួមផ្សំនឹងយន្តការបើកឲ្យមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការវាយតម្លៃពីផ្លូវដែលត្រូវសាងសង់នោះ។

លោកមានប្រសាសន៍ថា៖ «តាមពិតទៅគឺជាការទទួលស្គាល់មួយទៅលើមរតកដែលបានបន្សល់ទុកពីរដ្ឋមន្ត្រីក្រសួងសាធារណៈការមុន ឯកឧត្តម ត្រាំ អ៊ីវតឹក។ ហើយកាលនោះយើងមើលឃើញថា សូម្បីតែច្បាប់ស្តីពីផ្លូវថ្នល់នោះ ក៏មិនទាន់មាន ហើយពេលនេះមានហើយ។ ហើយយើងចង់ឃើញមានស្តង់ដារផ្លូវថ្នល់មួយ ដែលជារបស់ជាតិ។ … មួយទៀត ខ្ញុំចង់ឲ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ មានសង្គមស៊ីវិល មានប្រជាពលរដ្ឋ ក្នុងការធ្វើការបើកចំហទាក់ទងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗហ្នឹង ដើម្បីឲ្យមហាជនគាត់បានដឹងថា តើផ្លូវនីមួយៗហ្នឹង តែក្រុមហ៊ុនដែលដេញថ្លៃបានហ្នឹងមានកិច្ចសន្យាអ្វីខ្លះជាមួយរដ្ឋាភិបាល»។

អស់រយៈពេលជាច្រើនឆ្នាំដែលការសាងសង់ផ្លូវនៅកម្ពុជាត្រូវបានគេរិះគន់ថាធ្វើមិនគ្រប់លក្ខណៈបច្ចេកទេស ដែលធ្វើឲ្យផ្លូវទាំងនោះឆាប់ខូចបន្ទាប់ពីបានធ្វើរួច។ អតីតរដ្ឋមន្ត្រីក្រសួងសាធារណៈការ លោក ត្រាំ អ៊ីវតឹក បានឆ្លើយក្នុងសភាជាតិកាលពីខែមេសា ឆ្នាំ២០១៤ ដោយទទួលស្គាល់ថាមានមន្ត្រីក្រសួងមួយចំនួនបានកឹបកេងលុយខ្លះ សម្រាប់សាងសង់ផ្លូវដែលបណ្តាលឲ្យផ្លូវធ្វើមិនសូវមានគុណភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ