វៀត ប៊ុនឌឿន រយះ​​៩ថ្នេរក្នុងជំនួប​​​​សងសឹក

វៀត ប៊ុនឌឿន រយះ​​៩ថ្នេរនៅត្រង់​​​ក្រោម​ចិញ្ចើម​​ភ្នែកខាង​ធ្វេង​ (ដោយ សុខ ឆាយ)

ការប្រកួតសងសឹកលើសង្វៀនអន្តរជាតិកាលពីថ្ងៃអាទិត្យទី៣០ ខែតុលា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករជើងខ្លាំង វៀត ប៊ុនឌឿន មិនត្រឹមតែមិនអាចការពារជ័យជម្នះរបស់ខ្លួនពីសំណាក់គូប្រកួតបានប៉ុណ្ណោះទេ គឺថែមទាំងត្រូវកីឡាករថៃវាយឲ្យរយះ៩ថ្នេរទៀតផង។ ក្រោយបញ្ចប់ការប្រកួត មានការអះអាងថាគូទាំងពីរហ្នឹង មិនតម្រូវឲ្យឡើងប៉ះគ្នាទៀតទេ បន្ទាប់ពីភាគីម្ខាងៗហាក់ដូចជាបានអស់ចិត្តរៀងខ្លួន បន្ទាប់ពីបានចាញ់ឈ្នះគ្នាម្នាក់ម្ដង។

កីឡាករ វៀត ប៊ុនឌឿន បានអះអាងថាហេតុផលដែលខ្លួនភ្លាត់ឲ្យរយះនៅត្រង់ក្រោមចិញ្ចើមភ្នែកខាងធ្វេង គឺបណ្ដាលមកពីពេលប្រតាយប្រតប់ជាមួយកីឡាករថៃ Reda ជាដៃគូសងសឹក ខ្លួនគេចមិនទាន់ ហើយបណ្ដាលឲ្យកីឡាករថៃវ័ធត្រូវមួយកែងពេញទំហឹង បីដូចជាយកកាំបិតមកវះ បណ្ដាលឲ្យមានរបួសធំ។ លោកថាខ្លួនចាប់ផ្ដើមបាត់បង់លំនឹង ក្រោយពេលសភាពឈាមចាប់ផ្ដើមហូរខ្លាំង ដោយខ្លួនចង់ងងឹតមុខលើរេញនោះផង ទើបជាហេតុធ្វើឲ្យកីឡាករថៃកាន់តែមានឱកាសវាយកន្លែងសំខាន់ ដែលបណ្ដាលឲ្យលោកទប់ទល់ជំហរតស៊ូលែងបាន។

យ៉ាងណាមិញ លោកថាលោកមិនបានបោះបង់ការប្រកួតត្រឹមទឹកទី៤ ដែលមានសភាពធ្ងន់នោះទេ បើទោះជាលោកអាជ្ញាកណ្ដាលបានរាប់២លើកក្នុងមួយទឹកនោះ ក៏លោកនៅតែងក់ក្បាលបន្តការប្រកួត។ លោកទើបតែត្រូវគ្រូពេទ្យនិងគណៈកម្មការទាមទារឲ្យបញ្ឈប់នៅក្នុងទឹកនោះប៉ុណ្ណោះ ទើបលោកសម្រេចចិត្តចុះចេញពីរេញជាមួយការលើកទង់ជ័យសនោះ។ លោកថាស្នាមរយះដែលបានកើតឡើង មិនមែនជាលើកទី១នោះទេ ដោយគ្រាន់តែសភាពបែកលើកនេះ មានឈាមហូរកាត់ភ្នែក ដែលបណ្ដាលឲ្យលោកពិបាកសំឡឹងមើលគូប្រកួត ហើយទប់លំនឹងគេចពីកណ្ដាប់ដៃឲ្យល្អលែងបានប៉ុណ្ណោះ។

គ្រូពេទ្យដែលធ្វើសម្មភាពដេរស្មាមរបួសកីឡាករ វៀត ប៊ុនឌឿន បានអះអាងថាកីឡាកររូបនេះរយះ៩ថ្នេរ ដោយមុខរបួសដែលបានកើតឡើងត្រូវចំក្រោមចិញ្ចើមនៅខាងលើភ្នែកធ្វេងតែម្ដង ទើបបណ្ដាលឲ្យមានឈាមហូរ ហើយប៉ះភ្នែករបស់កីឡាករ វៀត ប៊ុនឌឿន ក្នុងពេលប្រយុទ្ធគ្នា។ យ៉ាងណាមិញ លោកថាក្រោយដេរមុខរបួសកីឡាករកម្ពុជារូបនេះ អត់មានបញ្ហានោះទេ បើទោះជាកន្លែងដែលរយះ គឺចំសរសៃដែលមានឈាមបាញ់ចេញច្រើនបន្តិច ធ្វើឲ្យកីឡាកររូបនេះមានសភាពងងឹតមុខបន្តិច។

លោក ញាណ សុធី អ្នករៀបចំការប្រដាល់បានអះអាងថា គូនេះបើកុំមានបញ្ហាបែករយះ លោកថាកីឡាករថៃ Reda នឹងចាញ់កីឡាករ វៀត ប៊ុនឌឿន ជាលើកទី២ ដោយសារតែតាំងពីទឹកទី១រហូតដល់ទឹកទី៣ កីឡាករកម្ពុជាជាអ្នកវាយចេញបានល្អនិងមានប្រៀបជាង។ លោកថាគូនេះ ខាងជួបគ្នាប្រមាណជិត២ឆ្នាំហើយ ដោយជំនួបកាលពីលើកទី១ គឺកីឡាករ វៀត ប៊ុនឌឿន វាយឲ្យកីឡាករថៃ Reda សន្លប់ក្នុងទឹកទី៤។ អ៊ីចឹងហើយទើបការប្រកួតដាក់ឲ្យពួកគេបានសងសឹកគ្នាកាលពីថ្ងៃអាទិត្យនោះ លោកថាពួកគេលេងខ្លាំងដាក់គ្នាទៅវិញទៅមកតាំងពីដើមទឹកទី១ ដែលបណ្ដាលឲ្យភាគីម្ខាងភ្លាត់ស្នៀត នោះគឺកីឡាករកម្ពុជា។

លោកថា វៀត ប៊ុនឌឿន ត្រូវបានគណៈកម្មការសម្រេចឲ្យឈប់ប្រកួត បន្ទាប់ពីឃើញស្នាមរយះត្រូវកីឡាករថៃវាយឲ្យបែកខ្លាំងឡើង ហើយមានសភាពឈាមហូរច្រើន។ លោកមិនមានគម្រោងដាក់ឲ្យពួកគេប៉ះគ្នាទៀតទេ ដោយសារតែលោកយល់ថាកីឡាករ វៀត ប៊ុនឌឿន និងកីឡាករ Reda សុទ្ធតែមិនសូវចង់ប៉ះគ្នា តាំងពីពេលដែលលោកផ្គូផ្គងឲ្យប៉ះគ្នាក្នុងជំនួបសងសឹក។

នៅលើសង្វៀនអន្តរជាតិនោះដែរ កីឡាករកម្ពុជា ឡៅ ចិត្រា ក៏ត្រូវស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ដាក់អោយសងសឹកផងដែរជាមួយកីឡាករថៃឈ្មោះ Lam Loakka។ គូនេះកាលប៉ះគ្នាលើកមុន កីឡាករកម្ពុជាឈ្នះពិន្ទុ ហើយការប្រកួតជាលើកទី២របស់ពួកគេ គឺកីឡាករកម្ពុជានៅតែរក្សាលទ្ធផលឈ្នះពិន្ទុដដែល បើទោះជាទម្រាំបានឈ្នះគឺមានសភាពទ្រមខ្លួនជាងមុន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ