បទយកការណ៍៖ ស្ត្រីនិងការងារជាអ្នករត់រ៉ឺម៉កទេសចរណ៍

ឌី ថុនា និងរ៉ឺម៉កទេសចរណ៍

រាងល្អិតស្តើង កម្ពស់ប្រហែលមួយម៉ែត្រហាសិប លាបសក់ពណ៌ទង់ដែង នៅលើកំភួនដៃស្តាំមានសាក់រូបយ័ន្តខ្មែរដូចតួកុន អេនជេលលីណា ជូលី ប៉ុន្តែពាក់អាវដៃវែងគ្របជិតនៅពេលផ្តល់សំភាសន៍ ឌី ថុនា ថាសាក់ដើម្បីឲ្យមានភ្ញៀវចូលចិត្ត ដោយញ្ជាក់ឲ្យដឹងថា គ្រូប្រសិទ្ធីឲ្យរួចហើយ។

នៅ​ឯក្រុងតាខ្មៅ ជិតរង្វង់មូលតាខ្មៅ រ៉ឺម៉កទេសចរណ៍ (អ្នកខ្លះហៅថា ធុកធុក ឬកង់បី) ជាច្រើនគ្រឿងចតតម្រៀបជាជួរលើថ្នល់កៅស៊ូជាប់របងពេទ្យជ័យជំនះ ក្នុងនោះ ក៏មានរ៉ឺម៉ករបស់ ថុនា ដែរកំពុងរង់ចាំដឹកភ្ញៀវចេញពីពេទ្យ និងព្រះសង្ឃដែលគង់នៅវត្តក្រពើហារដែលនិមន្តទៅរៀននៅភ្នំពេញ ឯពេលល្ងាចច្រើនតែសំបូរអ្នកជិះទៅខាងតាកែវវិញ ដូចជាទៅទន្លបាទី សំរោងយោង កន្តួតជាដើម។

ស្ត្រីមេម៉ាយវ័យ៣៦ឆ្នាំ និងមានកូនម្នាក់អាយុ១២ឆ្នាំរូបនេះ កាលពីឆ្នាំ២០០០ គឺជាកម្មការិនីរោងចក្រកាត់ដេរ តែធ្វើការបានមួយឆ្នាំក៏ឈប់ មកលក់ភេសជ្ជៈតាមដងផ្លូវ ហើយលក់បានប្រាំឆ្នាំទើបសន្សំលុយទិញកង់បីរត់បន្ថែមទៀតរហូតដល់សព្វថ្ងៃ។

ស្ត្រីសំឡេងលះ និងកាយវិការស្វាហាប់រូបនេះ ថាមិនចូលចិត្តធ្វើជាអ្នកលក់នៅផ្សារដូចស្ត្រីផ្សេងទៀតទេ ទើបជ្រើសរើសរបររត់រ៉ឺម៉កទេសចរណ៍នេះទៀត៖ «អ្នកលក់រញ៉េរញ៉ៃឈ្លោះតែគ្នា។ រត់កង់បីស្រួលចាប់បានម៉ូយដឹក ដល់កន្លែងណាគេកន្លែងហ្នឹង!…»។

ថុនា រត់ធុកធុកតែនៅជិតៗក្រុងតាខ្មៅនេះទេ ដោយថា បើទៅភ្នំពេញពិបាករកកន្លែងចត ណាមួយត្រូវមើលកន្លែងលក់ភេសជ្ជៈជាប់របងពេទ្យជ័យជំនះនេះផង។ ថុនា នៅរង់ចាំម៉ូយទាល់តែមានគេមករកទើបបានដឹក។

ការងាររត់កង់បីរបស់ ថុនា បានជួយជីវភាពគ្រួសារមួយកំរិតទៀត ដល់សមាជិកក្នុងបន្ទុក ដែលមានយាយ ប្អូនៗ ក្មួយៗ និងកូនបង្កើត។

រ៉ឺម៉កទេសចរណ៍នេះ ដូរជាលើកទីប្រាំហើយ ដើម្បីឲ្យមើលឃើញថ្មីទាក់ទាញភ្ញៀវ ហើយ ថុនា ក៏ប្រយ័ត្នប្រយែង ចំពោះភ្ញៀវដែលមើលទៅមិនទំនងដែរ ជាពិសេសអ្នកស្រវឹង គឺ ថុនា មិនដឹកដាច់ខាត។

នៅពេលសួរពីបញ្ហាប្រឈមនៃរបររត់រ៉ឺម៉កទេសចរណ៍ ថុនា ទម្លាក់ទឹកមុខ និងថ្លែងពីផលលំបាកថា ដោយត្រូវប្រជែងជាមួយ បុរសៗ និងពេលខ្លះទទួលការរើងអើង៖ «រត់កង់បីរាល់ថ្ងៃពិបាកណាស់ មានគេរត់ច្រើន ជាពិសេស បុរសៗ។ អស់ជម្រើស! មានម៉ូយហៅមិនទាន់ គេថាស្រីៗនៅផ្ទះដាំបាស៊ីទៅ ដឹងមកធ្វើស្អី?…»។

ថុនា ក៏សង្កេតពីភ្ញៀវដែរថា គេមិនសូវមានទំនុកចិត្តព្រោះឃើញមនុស្សស្រី ប៉ុន្តែនាងខិតខំនិយាយជាមួយដើម្បីឲ្យអ្នកជិះទុកចិត្ត៖ «ជួនណាគេមិនចង់ជិះទេ ឃើញខ្ញុំជាស្ត្រី។ គេចូលចិត្តជិះបុរសជាងព្រោះកម្លាំងជាង….»។

ក្រឡេកទៅកន្លែងលក់ភេសជ្ជៈនៅក្រោមឆ័ត្រស្ត្រីវ័យចំណាស់ម្នាក់ទៀតដែលតែងតែមកជួយលក់ ថុនា នៅពេលជាប់ដឹកភ្ញៀវ គឺជាបងប្អូនសាច់ឆ្ងាយ។ អ្នកស្រី អ៊ុក ស្រីទូច ធ្លាប់បង្អាប់ថុនាដែលមកធ្វើជាអ្នករត់កង់បី ប៉ុន្តែជាអ្នកស្រីគាំទ្ររហូតមកទេ ទើបមកជួយពេល ថុនា រវល់បែបនេះ ដោយមិនគិតថ្លៃ៖ «រិះគន់ហ្នឹងបង្អាប់លេង។ បើកកង់បីពិបាកណាស់ តែវាអាចធ្វើបានខ្ញុំសរសើរ។ ណាយួរកាហ្វេឲ្យម៉ូយ ដល់មានអ្នកជិះកង់បីមកដឹកទៅ…»។

ទោះជាមានការប្រឈម ជួបឧសគ្គ ទទួលការរើសអើងយ៉ាងណាក៏ដោយ ក៏ ថុនា ថាមិនបោះបង់មុខរបររត់កង់បីនេះដែរ នាងថាមិនចង់ត្រឡប់ទៅធ្វើការរោងចក្រវិញទេ តែនឹងរត់រហូតទៅលែងរួច។ ថុនា សំណូមពរឲ្យមានការគាំទ្រ និងសុំឲ្យអាជ្ញាធរយោគយល់ អធ្យាស្រ័យដល់នាងផង៖ «ចង់ឲ្យអាជ្ញាធរតាមតំបន់លក់ដូរជួយអ្នកក្រីក្រដូចខ្ញុំ។ កុំមានការបណ្តេញ សុំឲ្យអធ្យាស្រ័យ សុំតែមួយរស់…»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ