ពលរដ្ឋជាង ១០០នាក់មកពីបណ្តាសហគមន៍មានជម្លោះដីធ្លីចំនួន ៣ ក្នុងរាជធានីភ្នំពេញ បានធ្វើសន្និសិទ្ធកាសែតបង្ហាញការបដិសេធមិនចេញពីលំនៅឋានរបស់ខ្លួន ប្រសិនបើអាជ្ញាធរមិនផ្តល់សំណងសមរម្យដល់ពួកគេ។
នៅរសៀលថ្ងៃទី៣១ ខែធ្នូនេះ ពលរដ្ឋជាង ១០០នាក់ មកពីសហគមន៍ផ្លូវរថភ្លើង សហគមន៍ប្រឡាយស្ទឹងមានជ័យ និង សហគមន៍បឹងទំពុនបានជួបជុំគ្នាធ្វើសន្និសីទកាសែតបង្ហាញក្តីបារម្ភចំពោះការអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ និងគម្រោងអភិវឌ្ឍន៍ក្រុងរណបរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅសហគមន៍របស់ខ្លួន ដែលមិនបានបង្ហាញពីសំណងដល់ពួកគេច្បាស់លាស់នោះទេ។
តំណាងសហគមន៍ផ្លូវដែក លោក នាង ផានិត បានប្រាប់វីអូឌីឱ្យដឹងថា ការជួបជុំគ្នារបស់សហគមន៍ទាំង ៣នៅរសៀលនេះ ដើម្បីបង្ហាញជំហរមិនចាកចេញពីតំបន់អភិវឌ្ឍន៍ឡើយ បើសាលារាជធានីភ្នំពេញ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង មិនផ្តល់សំណងសមរម្យដល់ពួកគេ។
លោកថា៖ «បើសិនជាគេអត់មានសំណងសមរម្យ ឬគេអត់រកយុត្តិធម៌ ឬក៏អត់រកដំណោះស្រាយឱ្យពួកខ្ញុំទេ ពួកខ្ញុំអត់ចាកចេញទេ»។
លោក នាង ផានិត ចង់ឱ្យសាលារាជធានីភ្នំពេញ ផ្តល់សំណងឱ្យបានសមរម្យដល់ពួកគាត់ចំពោះផលប៉ះពាល់ពីការសង់ផ្លូវបេតុងតាមបណ្តោយផ្លូវរថភ្លើងពីគីឡូម៉ែត្រលេខ ៦ មកតំបន់បឹងកក់ និងការការអភិវឌ្ឍន៍ទីក្រុងរណបនៅតំបន់បឹងទំពុន និងតំបន់ប្រឡាយស្ទឹងមានជ័យ។
លោកថា ពលរដ្ឋទាំង ៣សហគមន៍ខាងលើនេះ អាចជួបបញ្ហាប្រឈមដូចជាការបាត់បង់ផ្ទះសម្បែង ដីធ្លីដោយការបណ្តេញចេញដោយគ្មានសំណង។
លោកបញ្ជាក់ថា៖«ផលពិបាករបស់គាត់ គាត់ប្រឈមនឹងការបណ្តេញចេញដោយបង្ខំ ដោយគ្មានការសង មិនស្របច្បាប់។ ខាងផ្លូវរទេះភ្លើង គេធ្វើវេទិការសាធារណៈពីគីឡូម៉ែត្រលេខ ៦ ហ្នឹង គេប្រាប់ ប៉ុន្តែ គេអត់និយាយពីផលប៉ះពាល់ គេអត់និយាយថាយកប្រជាជនទៅទុកនៅណា ឬក៏សងរបៀបម៉េចអីម៉េច គេអត់និយាយជាមួយប្រជាជនយើងផង»។
តំណាងសហគមន៍ដដែលនេះ បានបញ្ជាក់ថា ការភិវឌ្ឍនៅក្នុងតំបន់របស់ហគមន៍ទាំង៣ ធ្វើឱ្យមានផលប៉ះពាល់ដល់ផ្ទះពលរដ្ឋទាំងស្រុក និងខ្លះទៀតនៅសល់ដីបន្តិចបន្តួច។
តំណាងសហគមន៍បឹងទំពុន លោក អំ ណារី បានលើកឡើងថា សហគមន៍របស់លោកបានជូនដំណឹងទៅក្រុមហ៊ុន ING Holding Co., Ltd និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណងជាច្រើនដងមកហើយ ប៉ុន្តែ លោកថា ក្រុមហ៊ុន និងក្រសួងទាំងនេះ មិនដែលមកដោះស្រាយបញ្ហាឱ្យពួកកាត់នោះទេ។
លោកបញ្ជាក់ថា៖ «រាល់ថ្ងៃហ្នឹង ខ្ញុំជូនដំណឹងទៅក្រុមហ៊ុន និងក្រសួងច្រើនដឹងហើយ ប៉ុន្តែ អត់ដែលឃើញមកដោះស្រាយ អត់ដែលមានដំណោះស្រាយសោះដល់សហគមន៍ខ្ញុំទេ។ ហើយអត់ដែលប្រាប់ព័ត៌មានអីដល់ពួកខ្ញុំដែលរងគ្រោះហ្នឹង ហើយប្រជាពលរដ្ឋខ្ញុំគាត់អត់ដឹងពីព័ត៌មានអីច្បាស់លាស់ទេ»។
លោកបន្ថែមថា ចាប់តាំងពីគេអភិវឌ្ឍន៍នៅតំបន់នោះមក ផ្ទះរបស់ពួកគាត់ត្រូវលិចទឹក ស្ទះលូបង្គន់ លិចផ្លូវពិបាកក្នុងធ្វើដំណើរព្រោះគ្មានប្រព័ន្ធលូបង្ហូទឹកនៅតំបន់នោះទេ។
លោកស្នើឱ្យរដ្ឋាភិបាលកាត់តំបន់នោះចេញពីគម្រោងអភិវឌ្ឍន៍នោះ និងផ្តល់ប្លង់កម្មសិទ្ធិដល់ពួកគាត់ និងអភិវឌ្ឍន៍នៅនឹងកន្លែងដោយគ្មានការបណ្តេញចេញ៕