គណៈ​រដ្ឋមន្ត្រី​អនុម័ត​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​កំណត់​ថ្នាក់​ដឹកនាំ​ជាតិ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ

ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេច​អនុ​ម័តលើសេចក្ដីព្រាងច្បា​ប់​ធម្មនុញ្ញស្តីពី «វិសោធ​នកម្ម ដើម្បីកំណត់ថ្នាក់ដឹកនាំជាតិមានសញ្ជាតិខ្មែរតែមួយ» រួចហើយ នៅព្រឹកថ្ងៃសុក្រ ទី​៨ ខែតុលានេះ។

អ្នកនាំពាក្យរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅប៉ុន្មាននាទីមុននេះថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចអនុម័តនិងកែសម្រួលពាក្យពេចន៍មួយចំនួនលើ «សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី៦ ខែ​តុលា បាន​បញ្ជាឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌ លោក កើត រិទ្ធ សិក្សា​រៀបចំ​ធ្វើសេចក្ដីព្រាង​​ច្បាប់​ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ឬ​​សេចក្ដីព្រាងច្បាប់​អង្គការ​​ដែល​​ចេញ​​​ពី​​​រដ្ឋាភិបាល ឬ​ជា​សេចក្តីស្នើច្បាប់​​ដែល​​ចេញ​​ពី​​ព្រឹទ្ធ​សភានិង​រដ្ឋសភា ដោយកំណត់​ថា ថ្នាក់ដឹកនាំ​ជាតិ​ដែល​កាន់​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា ​ប្រធាន​រដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។ ភ្លាមៗ​ ក្រោយ​ពី​ការ​ប្រកាស​នេះ ស្ថាប័នរដ្ឋនិង​ឯកជន បាន​ចេញ​សេចក្ដីប្រកាសព័ត៌មាន​ និង​ញត្តិគាំទ្រ​យ៉ាង​ព្រោងព្រាត។

នៅក្នុង​សេចក្ដីប្រកាស​គាំទ្រ​មួយ​របស់​ក្រសួង​យុត្តិធម៌បាន​លើក​ឡើង​ថា ការកំណត់​បែបនេះគឺ​ជា​ការ​ធានា​ទាំង​ខាង​ផ្លូវ​ច្បាប់ ទាំង​ខាង​នយោបាយ ដែល​ឱ្យឥស្សរជន​ជាន់ខ្ពស់​ដែលកាន់​មុខ​តំណែង​ជា​មេដឹកនាំ​នៃ​ស្ថាប័ន​កំពូល​ទាំង​៤របស់​ជាតិដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ភាព​ស្មោះត្រង់​ចំពោះ​ជាតិនិង​មាតុភូមិ​កម្ពុជា ធ្វើការ​ដឹកនាំ​ប្រទេស​ដោយ​តម្កល់​ឧត្ដម​ប្រយោជន៍ជាតិ​ជា​ធំ ក៏​ដូចជា​ការ​ប្រឆាំង​នឹង​ការជ្រៀតជ្រែក​ពី​ខាង​ក្រៅចូល​មក​កិច្ចការផ្ទៃក្នុង​នៃការ​ដឹកនាំ​ជាតិ​របស់​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ