វិភាគ៖ តើកម្ពុជានឹងជួបបញ្ហាអ្វីខ្លះបើអន្តរជាតិមិនទទួលស្គាល់ការបោះឆ្នោត?

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន កាលពីការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៤មិថុនា

ជាងបួន​ខែមកនេះ កម្តៅការទូតកម្ពុជា និងប្រទេសលោកសេរី នៅមិនទាន់វិ​លទៅរកស្ថា​នភា​ព​ដើ​មវិ​ញ​នៅ​​ឡើយទេ ក្រោយពីមានការចាប់​ខ្លួនអតីតមេដឹកនាំបក្សប្រឆាំង លោ​ក​ ​កឹម សុ​​ខា​​ និងការ​រំ​លា​​យគណបក្ស​ស​ង្គ្រោះ​​​​ជា​តិរួចមកនោះ។

របត់​នយោបាយ​បែប​នេះ ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ នាំ​មុខ​គេ​គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចលើ​កម្ពុជា បើ​មិន​ស្តារ​​ស្ថានភាព​ប្រជា​​​​​ធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។

ប៉ុន្តែ រដ្ឋាភិបាលអះ​អាង​ថា ចំណាត់ការ​ជា​បន្ត​បន្ទាប់​នោះ ជា​វិធានការ​ច្បាប់ ​ដើម្បី​ទប់​ស្កាត់ទៅ​នឹង​ការ​ប៉ុន​ប៉ង​ផ្តួល​រំ​លំរដ្ឋា​ភិបា​ល។

ប៉ុន្តែ សហគមន៍អន្តរជាតិ ដែលភាគច្រើ​នប្រទេ​សហត្ថលេ​ខីនៃកិច្ចព្រ​មព្រៀងសន្តិ​ភាពទីក្រុងប៉ារីស ​​​មិ​​នទទួ​លយកការបកស្រាយរបស់រដ្ឋា​ភិ​បា​ល​កម្ពុជានេះទេ។

ប៉ុន្មានសប្តាហ៍មុននេះ សហភាពអឺរ៉ុង និងសហរដ្ឋអាមេរិក ព្រមទាំងតំណាងអង្គការសហប្រជាជាតិ ជំរុញ​ជា​​ថ្មី​ទៀត​ដល់រដ្ឋាភិបាល ឲ្យបើកលំហរប្រជាធិបតេយ្យ​ឡើង​វិញ ត្រូវដោះលែងលោក កឹម សុខា ដោយ​គ្មាន​លក្ខ​ខណ្ឌ និងឲ្យគ​​​ណ​​​ប​ក្ស​សង្គ្រោះជាតិដែលបានរំលាយទៅហើយនោះ បានចូលរួមការបោះឆ្នោត​​ឡើងវិ​ញ​ទាំ​​ង​គ្មា​​នការគំ​រាមកំ​​ហែង តាមយន្តកា​រប្រជាធិ​បតេយ្យ​។

ប៉ុន្តែ នាយករដ្ឋ​មន្ត្រីក​ម្ពុជា ​លោ​ក​ ហ៊ុន សែន វិញ អះអាងពេលចុះជួបកម្មករ​អំឡុងដើមខែធ្នូថា បរទេសមិ​​ន​​គួយយកកម្ពុ​ជា​​ធ្វើ​ជាចំណាប់ខ្លាំង ដោយសារតែបញ្ហាប្រជាធិបតេយ្យនោះទេ ហើយថា ការបោះឆ្នោ​តនឹ​ង​ធ្វើ​ឡើ​ងតាមការគ្រោងទុក​នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨។

ប្រសិន​បើប្រទេសលោកសេរីមិនទទួលស្គាល់ការបោះឆ្នោត តើកម្ពុជានឹងជួបបញ្ហាអ្វីខ្លះ?

អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី ព្យាករ​ថា បើប្រទេសលោកសេរី​មិនទទួលស្គាល់​រដ្ឋាភិ​បា​ល​ថ្មី​ដែល​កើតក្រោយបោះឆ្នោត លោកថា ប្រទេសទាំងនោះនឹងឈប់ផ្តល់ជំនួយទាំងអស់ និងប្រាក់​កម្ចី​ដល់​កម្ពុជា​។

លោក មាស នី វិភាគទៀតថា ពេលនោះហើយ​ដែលកម្ពុជា​រអិលទៅរករបបដឹ​កនាំបែបកុ​ម្មុយនី​ស្ត​ផ្តា​ច់​ការ និងក្លាយជាអាណានិគម​បែបថ្មីរបស់មហាអំណាចកុម្មុយនីស្ត ដោយសារតែការធ្វើនយោបាយ​បិ​​ទផ្លូ​វខ្លួ​ន​​ឯង។

លោកថា៖«នៅពេលដែលមហាអំណាចគេមើលមកថា យើងគ្មានជម្រើសអីក្រៅពីពឹងពាក់ផ្តេកផ្តួលតែទៅលើគេ អញ្ចឹងគេចង់ធ្វើអី ក៏គេអត់សូវខ្លាចចិត្តយើងប៉ុន្មានទេ ហើយយើងដែលជាអ្នកពឹងគេហ្នឹង ក៏យើងអត់សូវហ៊ានតវ៉ាអីជាមួយគេដែរ។ នេះវាជាលក្ខខណធម្មជាតិរបស់ប្រទេសក្រីក្រជាមួយអ្នកមាន»

បើតាមអ្នក​វិភាគ​នយោបាយ​រូប​នេះ គោលបំណងរបស់ប្រទេសលោកសេរី គឺការជំរុញយន្តការប្រជាធិបតេយ្យ ចំណែ​ក​គោ​​​លបំណង​នៃ​​ប្រ​ទេសកុម្មុយនីស្តវិញ គឺច្បាមយកសម្បត្តិធម្មជាតិ មានរ៉ែក្នុងដី និងព្រៃ​ឈើជាដើម។

ជា​អ្នកវិភាគនយោបាយជើងចាស់មួយរូបទៀត លោកបណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់ថា របបផ្តាច់ការ​បាន​ដ​ក​ហូតសិទ្ធិអំណាច​ពីពលរដ្ឋ ហើយទៅពង្រឹងអំណាចបក្ខពួក និងក្រុមគ្រួសារនិយម។

លោកថា៖«របបផ្តាច់ការគេអត់គិត ប្រយោជន៍ជាតិជាធំទេបាទ គឺប្រយោជន៍ផ្ទាល់ខ្លួនគេ ប្រយោជន៍ក្រុមគេធំជាងប្រយោជន៍ជាតិ»

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា បើលទ្ធផលបោះឆ្នោតនៅពេលខាងមុខ គ្មាន​ការ​ទ​ទួ​​លស្គាល់ពីសហគមន៍អន្តរជាតិលោកសេរីនោះ កម្ពុជានឹងជួប​បញ្ហាសេដ្ឋកិច្ចផង និង​បា​​ក់​​មុខ​លើឆាកអន្តរជាតិផង ជា​អាច​ឈាន​ដល់ការ​ព្យួរអាសនៈ​របស់កម្ពុ​ជា​នៅអ​ង្គកា​រស​ហ​ប្រជា​ជាតិ​ផង​ដែរ។

លោកថា៖«នៅពេលដែលមិនទទួលស្គាល់ពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលមួយមិនអាចដំណើរការទៅបានទេ។ បើទោះ​បី​យើងគិតថា មានចិននៅពីក្រោយខ្នង មានប្រទេសផ្សេងៗនៅពីក្រោយខ្នង ក៏មិនអាចទៅរួច​ដែរ ក្នុ​​ករណីដែលអន្តរជាតិគេអត់ទទួលស្គាល់ ហើយអាចដែរ ប្រសិនបើយើងផ្គើនច្រើន អាចនឹងមានការដាក់ទោសទណ្ឌ ហើយនឹងការដាក់ទណ្ឌកម្មធ្វើឲ្យកម្ពុជាបាក់មុខនៅលើឆាកអន្តរជាតិ ហើយជាពិសេស អាចមានការជជែកវែកញែកទៅនឹងអាសនៈសភានៅក្នុងពិភពលោកទៀត ជាពិសេស គឺនៅក្នុងអង្គការសហប្រជាជាតិតែម្តង»

បើតាមលិខិតមួយច្បាប់ដែលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ផ្ញើទៅកាន់នាយករដ្ឋមន្ត្រី​កាលពីដើមខែធ្នូឆ្នាំ២០១៧ បង្ហាញថា នៅ​ឆ្នាំ​​២០១៦​កន្លង​មក កម្ពុជា​ចំណេញថវិកា​ជិត ៧០០លានដុល្លារ​ពីប្រព័ន្ធអ​នុគ្រោះ​​ពន្ធ​សម្រាប់ទំ​និញកម្ពុជានាំចូល​ទៅ​​​ទី​​ផ្សា​រអឺរ៉ុប។

របាយការណ៍​ក្រសួងពាណិជ្ជកម្ម ឲ្យដឹងដែរ​ថា ទំហំ​នៃ​​ការ​នាំ​ចេញ​​​​តាម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម បាន​កើន​ឡើង​ពី​តម្លៃ​​ជាង ៨​ពាន់ ១៧​លាន​ដុល្លារ ​នៅ​ឆ្នាំ​២០១៦ ទៅ​ដល់​ចំនួន​ជាង ៩​ពាន់ ៥៥៩​លាន​ដុល្លារ​នៅ​​​ឆ្នាំ​​២០១៧​ ដោយ​មាន​សន្ទុះ​កំណើន​ជាង ១៩ ​ភាគរយ។

មន្ត្រីច្បាប់នៅអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក យឿង សុធារ៉ា វិភាគប្រហា​ក់​ប្រហែ​ល​ដែរ​ថា បើរដ្ឋាភិបាលថ្មី គ្មានការទទួលស្គាល់ពី​សហគមន៍អន្តរជាតិ​នៃប្រទេសលោកសេរីទេ លោកថា​ រដ្ឋា​ភិបា​​លថ្មី​​នឹងទៅពឹងពាក់មហាអំណាចថ្មីបែបកុម្មយនីស្ត។

លោក យឿង សុធារ៉ា វិភាគទៀតថា ពេលនោះហើយ​ដែលអ្នកនយោបាយ នាំកម្ពុជា​ទៅរកភាពផុយ​ស្រួ​យ​នៃ​ការបែកបាក់ជាតិ ដូចពីអតីតកាល។

លោកថា៖«ខ្ញុំគិតថា ដោយសារតែយើងប្រកាន់របបប្រជាធិបតេយ្យហ្នឹងហើយ បានជាយើងមានសន្តិភាពជាង ២០ឆ្នាំមក គឺយើងដើរលើ​គន្លងត្រឹមត្រូវ ប្រជាពលរដ្ឋគាត់សប្បាយចិត្ត យើងឆ្លងកាត់ការបោះឆ្នោ​ជាតិ ៥​ដងមកហើយ យើងឆ្លងកាត់បាន អត់មានវិវាទផ្ទៃក្នុងអីរហូតដល់មានការបង្ហូរឈាមធ្ងន់ធ្ងនោះទេ​​ដូច្នេះ ខ្ញុំគិតថា បើងាកចេញពីមាគ៌ាទាំងហ្នឹង ខ្ញុំគិតថា ជាមាគ៌ាដែលគ្រោះថ្នាក់ក្នុងកម្រិតមួយដែខ្ពស់​»​

របបខ្មែរក្រហម ត្រូវប៉ាន់​ប្រមាណថា បានសម្លាប់ពលរដ្ឋអស់ចន្លោះពី ១លាន ៧សែន ទៅជាង ២លាននាក់។​ ប៉ុន្តែ មេដឹកនាំ​ខ្មែរក្រហមមួយចំនួន ដូចជា នួន ជា និង ខៀវ សំផន ជាដើម កំពុងឃុំខ្លួននៅ​សា​លា​​ក្តីខ្មែរ​​ក្រ​ហ​ម ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋ​កម្មស​ង្គ្រាម​ និងឧក្រិដ្ឋកម្មប្រ​ល័​យ​ពូ​​ជសាសន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ