«កន្លងមក និយាយពីដំបូង អាហ្នឹងដូចថា អត់មាន តែមកល្បីចុងក្រោយ។ ឥឡូវ គឺលឺកាន់តែខ្លាំងទៅ លឺកាន់តែខ្លាំងតែម្ដង គឺជក់ថ្នាំអញ្ចឹង។ ម៉ែឪនិយាយលែងស្ដាប់ ម៉ែឪថា កាត់កាលចោល មានខ្លះអញ្ចឹងពិបាកណាស់។ មីងព្រួយបារម្ភណាស់ មិនថាកូនមីង ឬកូនអ្នកដទៃទេ មីងបារម្ភណាស់»។
នេះគឺជាការរៀបរាប់របស់ស្ត្រីជាម្ដាយម្នាក់ បង្ហាញក្ដីបារម្ភរបស់គាត់ចំពោះការរីករាលដាលនៃគ្រឿងញៀន ដែលកើតឡើងទាំងនៅតាមតំបន់ទីក្រុង និងនៅតាមបណ្ដាខេត្តនានាក្នុងពេលសព្វថ្ងៃនេះ។
ជាអ្នកភូមិម្នាក់រស់នៅក្នុងឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជាខេត្តភាគខាងកើតនៃប្រទេសកម្ពុជា អ្នកស្រី ឆាយ សុភី អាយុ ៥១ឆ្នាំ បានឲ្យដឹងថា យុវជន ៤នាក់នៅក្នុងភូមិរបស់គាត់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងនាំយកទៅពិនិត្យទឹកនោម ក្រោយពីសមត្ថកិច្ចសង្ស័យថា ពួកគេបានប្រើប្រាស់គ្រឿងញៀន។ ស្ត្រីរូបនេះអះអាងថា ក្នុងចំណោមយុវជនទាំង ៤នាក់នោះ មានយុវជន ៣នាក់ហើយ ត្រូវបានសមត្ថកិច្ចរកឃើញថា មានផ្ទុកសារធាតុញៀននៅក្នុងទឹកនោម។
ជាមួយនឹងករណីបែបនេះបានកើតឡើងរួចមកហើយនៅក្នុងភូមិស្រុករបស់គាត់នោះ ស្ត្រីសម្បុរសមាឌស្ដើងរូបនេះ បង្ហាញក្ដីបារម្ភអំពីអនាគតយុវជន និងក្មេងៗទៅថ្ងៃខាងមុខ នៅចំពោះមុខនៃការរីករាលដាលនៃគ្រឿងញៀន ដែលបានហូរហៀរទៅដល់តំបន់ជនបទរួចទៅហើយនោះ។
អ្នកស្រីថា៖ «ឆក់ប្លន់ ឬធ្វើបាបអ្នកផ្សេងៗគ្នាមិនដឹងអី ព្រោះទៅបុណ្យទៅរាំធុងបាសអីអញ្ចឹងទៅ វាច្រើនវាយគ្នា។ ខ្លះមានកាំបិតអីអញ្ចឹងទៅ កាំបិតសាំម៉ារ៉ៃ ខ្លះគេដាក់ទៅតាម មានកាប់គ្នាបែកក្បាលបែកអីអញ្ចឹងទៅ។ ខ្លះទៅមកស្ទាក់វាយគ្នាកណ្ដាលផ្លូវអីអញ្ចឹងឥឡូវហ្នឹង។ អញ្ចឹងបានថា មីងចង់ឲ្យរដ្ឋាភិបាល ខាងអង្គការជួយទប់ស្កាត់អាគ្រឿងញៀនហ្នឹង ឲ្យបានល្អ មីងសប្បាយចិត្តណាស់លែងបារម្ភ»។
និយាយបណ្ដើរដៃឲ្យចំណីមាន់បណ្ដើរ អ្នកស្រី ស៊ិន នាង អាយុ ៤៥ឆ្នាំ រស់នៅក្នុងខាងលើដែរ និយាយថា អ្នកប្រើប្រាស់ថ្នាំញៀនភាគច្រើនមានអាយុចាប់ពី ១៤ឆ្នាំឡើងទៅ ហើយឪពុកម្ដាយរបស់ពួកគេពិបាកនឹងប្រដៅណែនាំ បន្ទាប់ពីពួគេប្រើប្រាស់គ្រឿងញៀន។
អ្នកភូមិរូបនេះ អះអាងថា មិនមែនតែអ្នកស្រីតែម្នាក់ទេ ពលរដ្ឋដទៃទៀតនៅក្នុងភូមិក៏ព្រួយបារម្ភខ្លាំងផងដែរ ចំពោះកំណើនចំនួនយុវជនប្រើប្រាស់គ្រឿងញៀននៅតាមតំបន់ជនបទ។
ស្រ្តីសម្បុរខ្មៅស្រអែមរូបនេះ ប្រាប់ថា គាត់បានលើកឡើងនូវបញ្ហានេះនៅពេលអ្នកស្រីចូលរួមប្រជុំនៅក្រុមប្រឹក្សាឃុំ ហើយបានស្នើទៅអាជ្ញាធរមូលដ្ឋានឲ្យទប់ស្កាត់បញ្ហានេះ ជាពិសេសចាប់អ្នកលក់ថ្នាំ ឬគ្រឿងញៀនតែម្ដង។
អ្នកស្រីថា៖ «គេឲ្យឪពុកម្ដាយជួយការពារអាអញ្ចឹងៗ[គ្រឿងញៀន]ហើយនាំគ្នាថា ម៉ែឪការពារដូចថា ប្រដៅនៅពេលដែលវានៅផ្ទះទេ តែវាចេញទៅសាលាទៅអីតាមផ្លូវធ្វើម៉េច យើងមិនមែននៅការពារគ្រប់ជំហានណា។ ចូលសាលាគ្រូក៏ថាដែរ ប៉ុន្តែ ពេល វាចេញពីសាលាធ្វើម៉េច វាមានមិត្តភក្ដិវា។ អាហ្នឹងទាល់តែរដ្ឋអំណាចជួយដែរ ធ្វើម៉េចបំបាត់ឲ្យបានទៅ ធ្វើម៉េចកុំឲ្យមានអ្នក លក់ទៅ ក៏វាបានហើយ យើងបំបាត់មិនបានអ្នកលក់ចេះតែលក់ អ្នករកស៊ីមិនមែន អ្នកតូចណារកទេអាញ្ចឹងៗ មានតែអ្នកធំទេរក ដូចឯងរាស្ត្រទៅនឹកឃើញអាញ្ចឹងៗអី»។
បញ្ហាគ្រឿងញៀនរីករាលដាលដល់តំបន់ជនបទ ក៏ជាក្ដីកង្វល់សម្រាប់ឪពុកម្ដាយ ឬអាណាព្យាបាលដែលបានសម្រេចចិត្តចាកចេញពីភូមិស្រុក ទៅធ្វើការនៅតាមទីក្រុង ឬទីកន្លែងឆ្ងាយៗផងដែរ ខណៈដែលពួកគេឃ្លាតឆ្ងាយពីកូនៗរបស់ពួកគេ។
កំពុងអង្គុយងរង់ចាំភ្ញៀវនៅលើកង់បីម្ដុំផ្សារដើមគរ លោក ឌុច ចំរើន អាយុ ៣៧ឆ្នាំ បានឲ្យដឹងថា លោក និងភរិយា បានសម្រេចយកកូនទាំង ៣របស់លោក មកស្នាក់នៅ និងរៀនសូត្រនៅទីក្រុងភ្នំពេញ បន្ទាប់ពីលោកដឹងថា គ្រឿងញៀនបានរីករាលដល់ចូលដល់ភូមិស្រុកជនបទនោះ។
លោកថា៖ «ខ្លាចតែក្មួយអី ខ្លាចតែប្អូនអីវាប្រើប្រាស់គ្រឿងញៀន ព្រោះពួកហ្នឹង វាប្រើប្រាស់គ្រឿងញៀន វាពិបាកដល់យើងដែរ ខ្លាចមានបញ្ហានៅក្នុងគ្រួសារអញ្ចឹង។ ជួនកាល បើគាត់ប្រើប្រាស់គ្រឿងញៀន វាធ្វើឲ្យគាត់អត់មានលុយ អត់មានអី គាត់ អាចលួចលុយទៅប្រើប្រាស់គ្រឿងញៀន។ យើងដឹងស្រាប់ហើយ គ្រឿងញៀន វាមិនល្អទេ ដល់ពេលប្រើប្រាស់ទៅ ដល់ពេលដល់កំណត់វា គឺវាអត់ស្គាល់ម៉ែឪបងប្អូនទេ យើងមើលឃើញក្នុងរឿងគេបង្ហាញឲ្យយើងមើលហើយ»។
ក្រៅពីព្រួយបារម្ភហើយនោះ បុរសរូបនេះ ក៏បង្ហាញការសោកស្ដាយផងដែរ បន្ទាប់ពីរដ្ឋាភិបាល និងអាជ្ញាធរ ពុំអាចទប់ស្កាត់បញ្ហាគ្រឿងញៀនបាន ហើយផ្ទុយទៅវិញ វាបានរីករាលដាលទៅដល់តំបន់ជនបទនោះ។
លោកថា៖ «ពិបាកណាស់ តាមពិត បើគេមានឆន្ទៈចង់បង្រ្កាបរឿងហ្នឹង វាស្រួលទេ ប៉ុន្តែ បើអត់មានឆន្ទៈរឿងបង្រ្កាបហ្នឹង វាពិបាកដែរ ព្រោះយើងដឹងស្រាប់ហើយ រាល់ថ្ងៃ ឲ្យតែបានលុយដាក់ខោប៉ៅទៅ គាត់ធ្វើមិនដឹងធ្វើមិនលឺទៅ។ រាល់ថ្ងៃ បើគេចង់ធ្វើរឿងហ្នឹង វាជាការងាយទេ បង្ក្រាបមើលៗបឹងឈូកវារាយប៉ាយ អាហ្នឹងគាត់ចុះបង្រ្កាបតែម៉ាឆាវ លូវឃើញស្ងាត់ទៀតហើយ។ ខ្ញុំមិនជឿទេ អត់មានជំនឿសោះតែម្ដង មិនអាចទប់ស្កាត់បានទេ ដូចខ្ញុំនិយាយពីខាងដើម វាពុករលួយច្រើនពេក វាពិបាក ធ្វើណាស់ បើគាត់មិនពុករលួយ ហើយគាត់ធ្វើដូចប្រធានាធិបតីហ្វីលីពីនតែម្ដងស្រួល»។
របាយការណ៍របស់ក្រសួងសង្គមកិច្ច បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ ចំនួនអ្នកប្រើប្រាស់គ្រឿងញៀន ៨៧០០នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលស្តារនីតិសម្បទាចំនួន ៧ ដែលគ្រប់គ្រងដោយរដ្ឋ បើធៀបទៅនឹងឆ្នាំ ២០១៦ គឺបានកើនឡើងពីចំនួន ៣៤០០ នាក់។
ទោះជាយ៉ាងណា ក្នុងពិធីជួបសំណះសំណាងជាមួយកម្មករជាង ១ម៉ឺននាក់ នៅរោងចក្រស្ថិតក្នុងទួលសង្កែកាលពីខែតុលាឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំឭកទៅសមត្ថកិច្ច ឲ្យបន្តប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀនឲ្យមានប្រសិទ្ធភាព និងត្រូវចាប់ខ្លួនអ្នកជួញដូរគ្រឿងញៀន យកទៅផ្ដន្ទាទោសតាមច្បាប់។
លោកថា៖ «គ្រឿងញៀន គឺយើងត្រូវបន្តការប្រយុទ្ធជាបន្តទៀត មិនត្រូវឲ្យគ្រឿងញៀនរីករាលដាលនៅក្នុងប្រទេសរបស់យើងទេ។ ពិតហើយ អ្នកសេបគ្រឿងញៀនមិនមែនជាឧក្រិដ្ឋជនទេ តែគឺគេជាជនរងគ្រោះគួរឲ្យអាណិត»។
លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យធ្វើយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀនផងដែរ ចាប់តាំងពីខែមករាឆ្នាំមុន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ នៅចុងឆ្នាំ២០១៦។
គេហទំព័រនគបាលជាតិ រាយការណ៍ថា បទល្មើសគ្រឿងញៀនដល់ ៨ ០៩៤ករណី ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅទូទាំងប្រទេស ដោយឃាត់ខ្លួនមនុស្សដល់ទៅ ១៧ ៧៤៧នាក់ ក្នុងនោះមានស្ត្រី ១ ៥៦៨នាក់។ ចំនួននេះ បានកើនឡើងជិតពីរដង បើធៀបនឹងតួលេខនៅឆ្នាំ២០១៦កន្លងមក។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋស្នើទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ឲ្យចាត់វិធានការធ្វើយ៉ាងទប់ស្កាត់គ្រឿងញៀនឲ្យមាន ប្រសិទ្ធភាព ដូចការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក៕