នគរបាល​​ថា មន្ត្រី​ប្រដាប់​អាវុធ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ឃាតកម្ម​លើ​មន្ត្រី​៣​រូប​នៅ​មណ្ឌលគិរី

នគរបាល​ខេត្ត​មណ្ឌល​គីរី​ បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា និង​នគរបាល​នៅ​ក្នុង​ខេត្ត​នេះ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​លើ​មន្ត្រី​បរិស្ថាន ៣​រូប កាល​ពី​បី​ថ្ងៃ​មុន​នេះ ដោយ​ថា សមត្ថកិច្ច​កំពុង​កំណត់​មុខ​សញ្ញា។

មន្ត្រី​អាវុធ​ហត្ថ លោក សេក វឌ្ឍនា មន្ត្រី​ឧទ្យានុរក្ស​​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក តើន សុខណៃ និង​បុគ្គលិក​នៃ​សមាគម​អភិរក្ស​ធនធាន​ធម្មជាតិ WCS លោក ថុល ខ្នា ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា​កន្លង​មក​ថ្មីៗ​នេះ នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ស្ថិត​ក្នុង​ស្រុក​អូររាំង។

ស្នងការ​នគរ​បាល​ខេត្តមណ្ឌល​គីរី លោក អ៊ុក សំណាង បាន​ឲ្យ​វី​អូ​ឌី​នៅ​ថ្ងៃ​នេះ​ថា រហូត​មក​ដល់​ពេល​នេះ ​សមត្ថកិច្ច​បាន​កំណត់​មុខ​សញ្ញា​មន្ត្រី​យោ​ធា និង​នគរបាល​ក្នុង​ខេត្ត​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​ក្នុងករណី​បទ​ល្មើស​ព្រៃ​ឈើ និង​សម្លាប់មន្ត្រី​ទាំង ៣​រូប​នោះ​ហើយ។ ទោះ​ជា​យ៉ាង​ណាលោក​មិន​ទាន់​អាច​បញ្ជាក់​ឈ្មោះ​មន្ត្រី​ដែល​ពាក់​ព័ន្ធ​នោះ​នៅ​ឡើយ​ទេ ដោយ​ថា កំពុង​រៀប​ចំ​របាយការណ៍​។

លោក​ថា៖ «ចាំ​ខ្ញុំ​សំ​យោគ​រឿង​បន្តិច​ណា ចាំ​ខ្ញុំ​ជម្រាប​ទៅ​វិញ! តែ​រឿង​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មន្ត្រី​យោ​ធា​ និង​នគរបាល»។

សារព័ត៌មាន​​ស្និទនឹង​រដ្ឋាភិបាល ​Fresh News បាន​រាយការណ៍​ថា មន្ត្រី​នគរបាល​ប៉ុស្តិ៍​អូរលែ លោក ផល ពេញ និង​​លោក កើត វេហា និង​មន្ត្រី​យោធា​ការពារ​ព្រំដែន​នៅ​តំបន់​អូរលែ​ឈ្មោះ ងួរ ដែល​កំពុង​រត់​គេច​ខ្លួន​នោះ ត្រូវ​បាន​សង្ស័យ​ថា ជា​អ្នក​បាញ់​ប្រហារ​ទៅ​លើ​មន្ត្រី​ទាំង ៣​រូប​នោះ។

មន្ត្រីសម្របសម្រួលនៅសមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរី​ លោក សុខ រដ្ឋា អះអាងថា បើយោងតាមរបាយការណ៍​របស់​អាជ្ញាធរ មុនបាញ់​ប្រហារកើតឡើង ក្រុមអភិរក្សបានជួបជនជាតិវៀតណាមមួយក្រុមកាប់ឈើ ហើយ​បានឃាត់​ខ្លួន​ជន​ជាតិ​វៀតណាម​ទាំង​នោះ ព្រម​ទាំង​រឹប​អូស​យក​វត្ថុតាង។​

​លោកថា៖ «បើតាមរបាយការណ៍បរិស្ថាន គឺដោយសារតែមន្ត្រី ៣នាក់ដែលបានស្លាប់ហ្នឹង ដោយសារគាត់ធ្វើការឃា​ត់​វត្ថុ​តាង​នៃ​​បទល្មើ​​សព្រៃឈើ ឃាត់ឈើឃាត់ត្រង់សឺន័រអីហ្នឹង ជាពិសេសគឺឃាត់បានជនជាតិវៀ​តណាម។ ប៉ុន្តែ មន្ត្រីទាំងហ្នឹងមិ​ន​បា​ន​​យកវៀ​ត​ណាម​មកទេ គាត់ប្រគល់ទៅឲ្យមន្ត្រីប៉ុស្តិ៍ការពារព្រំដែនទៅវិញ ដើម្បីចាត់ចែង គាត់ជាអាជ្ញាធរជំនាញ​នៅតំ​ប​ន់ហ្នឹ​ង ប៉ុន្តែ​មួយ​សន្ទុះ​ក្រោយមកក៏មានផ្ទុះអាវុធ»។

បន្ទាប់​ពី​ឃាតកម្ម​ទៅ​លើ​មន្ត្រី​ទាំង ៣​រូប​នោះ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង និង​រដ្ឋ​មន្ត្រី​​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ថ្កោល​ទោស​ទៅ​លើ​ការ​បាញ់​ប្រហារ​នេះ ហើយ​បញ្ជា​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​ស៊ើប​អង្កេត និង​ចាប់​ខ្លួន​អ្នក​ពាក់​ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​នេះ​ឲ្យ​ទាល់​តែ​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ