មន្ត្រីពេទ្យសត្វនៅខេត្តបន្ទាយមានជ័យ បានឃាត់រថយន្តដឹកជ្រូកមួយគ្រឿងដែលដឹកពីប្រទេសវៀតណាមមកលក់នៅក្រុងប៉ោយប៉ែត បន្ទាប់ពីរកឃើញថាជ្រូកទាំងនោះមានជំងឺប៉េស្តនិងជំងឺត្រចៀកខៀវ ។
បើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិចេញផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ឲ្យដឹងថា ជ្រូកចំនួន ៤០ ក្បាល ដែលដឹកពីប្រទេសវៀតណាម យកទៅលក់នៅប្រទេសកម្ពុជានោះ មិនមានលិខិតដឹកជញ្ជូនសត្វ និងគ្មានវិញ្ញបណ្ឌប័ត្របញ្ជាក់ពីសុខភាពសត្វឡើយ។
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ក្រសួងកសិកម្មបានចេញសេចក្ដីប្រកាសព័ត៌មានឲ្យក្រុមហ៊ុននាំចូលសត្វពាហនៈ និងសាច់ទាំងអស់ដែលនាំចូល ឬបន្តការនាំចូលសាច់ និងសត្វពាហនៈមកកម្ពុជាត្រូវគោរពតាមនីតិវិធីនិងលក្ខខណ្ឌ។
តាមរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្នកម្ពុជាអាចផ្គត់ផ្គងសាច់ជ្រូកបានពី ៦០ ដល់ ៧០ ភាគរយ ខណៈប្រមាណ ៣០ ភាគរយទៀតត្រូវបាននាំចូលពីប្រទេសថៃ និងវៀតណាម។