យ៉េន ឌីណា ពីវាយ​ធ្លាក់ដៃធ្វើ​ឲ្យកីឡាករថៃ​​បាក់មុខ

ការ​ប្រកួត​ប៉ុន្មានលើកចុង​ក្រោយរបស់កីឡាករ​​យ៉េន ឌីណា ត្រូវគេ​កត់សម្គាល់ថា​​​ធ្លាក់ដៃ​​យ៉ាង​​​​​​​ខ្លាំង ដោយសារតែ​លោកធ្លាប់តែ​ធ្វើ​កីឡាករ​ថៃ​ជា​គូ​ប្រកួត​សន្លប់​​ភីងៗ​​​នៅលើ​រេញ ​​បែរជា​​​​​​​​​​​ចាញ់​គូប្រកួត​ទៅវិញ ធ្វើ​អោយអ្នកទស្សនា​​​​​ខកចិត្ត។ យ៉ាង​ណាមិញ ការ​ប្រកួត​​​​​​មួយថ្មីរបស់លោកកាលពីថ្ងៃ​ទី​​​៣០ មេសា គឺ​លោក​​​​​​បាន​ស្ដារ​ភាពអាម៉ាស់មួយ​នេះ ដោយ​​​​​​ប្ដូរ​ពី​​​​​ប្រកួត​មិនសូវ​ល្អ ទៅជា​ប្រកួត​ល្អ​ខ្លាំង​មិនគួរអោយជឿ​។

ការ​ប្រកួត​អន្តរជាតិ​​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នោះ ​កីឡាករ ​​​យ៉េន ឌីណា ​ដែលធ្លាប់​ល្បីឈ្មោះ​នៅ​​ក្លិប​អប្សរាគុនខ្មែរ ​បានធ្វើអោយ​មានការ​ចាប់អារម្មណ៍​​​​​​យ៉ាង​ខ្លាំង ដោយ​សារតែ​ក្នុងជំនួប​​​​​ជាមួយ​ជើង​ខ្លាំងថៃ Phat Chhayakphum ​​លោកអាចធ្វើអោយ​​ជើង​​​​ខ្លាំង​​មកពី​​ទីក្រុង​បាង​កក​​​មួយ​នេះ ​​​​​បាក់ទឹក។ តាំងពីទឹកទី​​​១ រហូត​ដល់​ទឹកចុង​ក្រោយ ​​កីឡាករថៃ​ដែលធ្លាប់​វាយ​ស៊ី​កីឡាករ​​ល្អ​ៗ​របស់​​​កម្ពុជា​​រាប់មិនអស់ បាន​ត្រឹម​តែ​វាយ​ទប់​ប៉ុណ្ណោះ ​ខណៈ​ដែល​ក្នុងទឹកទី​​៣​ក៏ត្រូវ​រាប់​ម្ដង ប៉ុន្តែកីឡាករ​ថៃ​នៅតែ​​​​​​ល្អ​សម្រាប់ការ​វាយ​លុក។ ​​​​​​​​​​​​​​​​​​​​​បើទោះ​កីឡាករ​កម្ពុជា យ៉េន ឌីណា មិន​អាច​សម្រេច​គោលដៅ​វាយ​អោយថៃ​សន្លប់មុន​ចប់ទឹកទី៣ ​ដើម្បី​យករង្វាន់​​​១លាន​រៀល ប៉ុន្តែ​​​គេកត់សម្គាល់​ថា​សមត្ថភាព​ដែល​លោក​បានបង្ហាញ​សម្រាប់ការ​ប្រកួត​ចុង​ក្រោយ​នេះ គឺ​​ល្អ​ និង​ធ្វើអោយមហាជន​ពេញចិត្ត​​​ភាគច្រើន​។ ​វិលទៅកាន់​​កា​រប្រកួត​កាលពី​ប៉ុន្មាន​​សប្ដាហ៍​មុន ​​​​​​​​អ្នកគាំទ្រ​មិន​តិច​នោះទេ បាន​​​សម្ដែងការ​​​​​ភ្ញាក់​ផ្អើល​ដោយសារតែ​​​​គេ​បែរជា​ត្រូវ​កីឡាករថៃ​​វាយ​​​​អោយទ្រម​ខ្លួន និង​អោយចាញ់​​​​​ជា​ច្រើន​លើក ខណៈដែល​ពេល​បានឈ្នះក៏​ឈ្នះ​ទាំង​​ពិបាក​ភ្នែក។

​លោក​ ​ថៃ អ៊ូ អ្នក​ដឹក​នាំ​កីឡាករថៃ​អោយ​មកប្រកួត​នៅសង្វៀនទូរទស្សន៍អាស៊ី​អាគ្នេយ៍​​បានអះអាងថា​​​រវាង ​​យ៉េន ឌីណា និង​​​ Phat  Chhayakphum មិនធ្លាប់​ជួប​គ្នា​នោះទេ ប៉ុន្តែ​បើ​អោយលោក​​ទស្សន៍ទាយ​មិន​ពេល​​អ្នកទាំង​ពីរ​ប៉ះ​គ្នា លោកថា​កីឡាករ​របស់លោកនឹង​ឈ្នះ ដោយ​​​យោង​លើ​​កីឡាកររបស់លោក​ជា​​​​​​​​ម្ចាស់ខ្សែក្រវាត់​ម្នាក់​ឯង និង​សម្អាង​​​​​បច្ចេកទេស​​​​ម៉ាត់ និង​​ទាត់របស់​គេ​​​​ល្អ​ និង​រឹង​មាំជាង​​​​​កីឡាករ​កម្ពុជា។ គាប់ជួប​ជា​កីឡាករ​​​​យ៉េន ឌីណា ​ត្រូវ​បានលោក​កត់សម្គាល់​ថា​​​ចុះខ្សោយ​​មិនដូច​មុន​នោះ​ផង ទើប​​ប្រាកដ​ចិត្ត​ភាគច្រើនថា​​​​​​​កីឡាកររបស់ខ្លួន​​​នឹង​ឈ្នះ​​​​​​​​​។ យ៉ាងណា​ក៏ដោយ​លោកថា​អ្វីៗ​​បានក្លាយជា​រឿង​​អសារបង់ ដោយសារតែភាពជាក់ស្ដែងគឺ​កីឡាករ​​លោក​​​​ចាញ់ប្រៀប​​​​​​កីឡាករ​កម្ពុជា​តាំង​ពីដើមទី។

លោកនិយាយថា​​៖ «​​​​អាឌីណា (យ៉េន ឌីណា) វ៉ៃ ប៉ុន្មានលើកមុនដូច​អត់សូវ​​ល្អ តែ​ដល់ពេល​ប៉ះជាមួយ​​​​​​​​​​​​អា Chhayakphum កែង​វា​ល្អ​ម៉្លេះ ទើបធ្វើអោយ​អារបស់​ខ្ញុំ​ចាញ់!»

​លោកថា​កីឡាករ​​ខ្លួន​ល្អ​ជង្គង់ ​​​​ម៉ាត់ និង​​​ទាត់ ប៉ុន្តែ​ចុង​ក្រោយ​​បែរជាទៅ​​មិនរួច​នឹង​កែង​របស់​​គូប្រកួត ទើបធ្វើអោយអ្នកគាំទ្ររបស់​យ៉េន ឌីណា ស្រែកហ៊ោ​​ចង់​​​​​​រញ្ជូយ​សង្វៀន ​​​​ព្រោះ​តែការ​ពេញចិត្ត។ អ៊ីចឹង​ហើយ​ទើប​លោកយល់ថា ​កីឡាករ​យ៉េន ឌីណា ​​ល្អ​​ខុស​ពីការ​ប៉ាន់ស្មាន ហើយ​​ប្រកួត​ល្អចំពេល​ប៉ះគ្នាជាមួយ​​កីឡាករ Phat Chhayakphum ដែល​លោក​​បញ្ជាក់ថាគឺជា​ជើង​ខ្លាំង​ទៅទៀត។

លោក ​​ញាណ សុធី អ្នករៀបចំ​ការ​ប្រកួត​បានអះអាងថា ហេតុ​ផល​ដែល​​យ៉េន ឌីណា​ ប្រកួត​ល្អ​កាលពី​​​​​​ថ្ងៃ​ទី​​៣០ មេសា ​លោកថា គឺអាច​បណ្ដាល​មកក្រុម​​​អ្នកផ្គូរ​ផ្គង​​​​​គូ​អន្តរជាតិ​​នៅ​សង្វៀនទូរទស្សន៍​​អាស៊ីអាគ្នេយ៍ ដាក់​កំហិតអោយ​​​​​កីឡាករដែល​​​​មានឈ្មោះឡើង​ប្រកួត ហ្វឹកហាត់​​អោយ​ជាក់​លាក់ និង​ប្រកួត​អោយ​បាន​ល្អ។ ​

លោកថា​​ខ្លួន​ធ្លាប់​ព្រមាន​មិ​នអោយ​កីឡាករ​ដែលល្អ​ៗ​ហើយស្រាប់តែ​ធ្លាក់​ដៃ​​​​វិញមិនអោយឡើង​រេញ​​ច្រើន​នាក់មក​ហើយ ទើប​បណ្ដា​​​ម្ចាស់ក្លិប​ដែល​ស្នើ​កីឡាករ​​អោយឡើង​ប្រកួត​បាន​​​​​ដាក់​កំហិត​ខ្លាំង​ឡើង ដែល​លោក​យល់​​ថា​ជា​មូលហេតុធ្វើ​អោយ​យ៉េន ឌីណា ប្រកួត​ល្អ។ លោកថា​កីឡាករ​អោយ​​​តែ​ហ្វឹកហាត់​ជាប់លាប់ ​គឺពិតជា​ប្រកួត​ល្អ ​​​​​ហើយលោកក៏​​​​​​ប្រកាស​ពីការ​ផ្គូរ​អោយ​កីឡាករ​ថៃ​ដែល​បាន​ចាញ់​ពិន្ទុ​​​​​​​សង​សឹក​ផង​ដែរ​នៅ​ពេលខាង​មុខ។ លោកថា​យ៉េន ឌីណា បានត្រឹម​ឈ្នះ​​​ពិន្ទុ​កីឡាករថៃ​ Phat Chhayakphum ប៉ុណ្ណោះ ​​ប៉ុន្តែ​​បើ​ក្រឡេកមើលពី​លទ្ធផល គឺ​កីឡាករ​​កម្ពុជា​ឈ្នះ​ទាំង​​​​៥​ទឹក​តែម្ដង ទើបធ្វើអោយ​អ្នកគាំទ្រ​​កីឡាកររូប​នេះ​​សប្បាយចិត្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ