អង្គការអន្តរជាតិមួយ​ជំរុញ​ឲ្យកែលម្អចំណុចខ្វះខាតការបោះឆ្នោតឃុំសង្កាត់

បណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយ​សេរី(ANFREL)ជាអង្គការអន្តរជាតិនៅក្នុងតំបន់​ បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធធ្វើការកែលម្អចំណុចខ្វះខាត ដែលកើតមានក្នុងពេលបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំនេះ​ ដើម្បីឆ្ពោះទៅរកការបោះឆ្នោត​ឲ្យកាន់តែប្រសើរនៅឆ្នាំក្រោយ។​

របាយការណ៍ចុងក្រោយរបស់បណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយ​សេរី ចេញផ្សាយកាលពីម្សិលមិញលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងរបបមួយដែលមានច្បាប់រឹតត្បិត ដូចជាច្បាប់អង្គការសង្គមស៊ីវិលនិងការធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានរឹតត្បិតលើសេរីភាពរបស់អង្គការសង្គមស៊ីវិលវិលនិងគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត។

អង្គការនេះក៏បានលើកឡើងពីការឃុំខ្លួនមន្ត្រីសង្គមស៊ីវិល មន្ត្រីបក្សប្រឆាំង និងការបញ្ចេញ​សារគំរាមកំហែងរបស់លោកនាយករដ្ឋមន្ត្រីពីហិង្សានិងសង្គ្រាមថា ករណីទាំងនេះពិតជាប៉ះពាល់ដល់ដំណើរការបោះឆ្នោត។​

មន្រ្តីផ្នែកច្បាប់ នៃអង្គការខុមហ្រ្វែល លោក យឿង សុធារ៉ា មានប្រសាសន៍ថា អង្គការបណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយ​សេរី មានការសិក្សាត្រឹមត្រូវ ហើយលោកថា គ.ជ.ប និង ស្ថានប័នពាក់ព័ន្ធផ្សេងទៀត​គួរយកទៅសិក្សាកែលម្អដើម្បីឲ្យការបោះឆ្នោតកាន់តែល្អឡើងនៅពេលក្រោយៗទៀត៖ «អ្វីដែល គ.ជ.ប អាចធ្វើបានគួរតែធ្វើទៅដើម្បីមុខមាត់និងកិត្យានុភាពរបស់ គ.ជ.ប។ យើងអបអរដែលកន្លងមកការបំពេញភារកិច្ចរបស់ គ.ជ.ប បានប្រព្រឹត្តទៅល្អប្រសើរ បើទោះជាមានបញ្ហាខ្លះ ប៉ុន្តែបញ្ហាទាំងនោះអាចដកស្រង់យកទៅធ្វើជាបទពិសោធន៍»។​

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា របាយការណ៍របស់អង្គការនេះ មិនឆ្លុះបញ្ចាំងការពិតទេដោយលោកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ មានការទទួលស្គាល់ច្រើនពីភាគីពាក់ព័ន្ធ និង អ្នកឃ្លាំមើលជាតិអន្តរជាតិ។ ទោះយ៉ាងណាលោកថា រាល់មតិយោបល់ទាំងនេះ គ.ជ.ប នឹងយកទៅពិចារណា៖ ​«រាល់មតិយោបល់ទាំងឡាយ គ ជ ប នឹងលើកយកទៅពិចារណាបន្ថែម​​ ហើយនឹងមានការកែតម្រូវ និងជ្រើសរើសយកនីតិវិធីបន្ថែមជាងនេះទៀត ដើម្បីឲ្យការបោះឆ្នោតមានការទុកចិត្តលើគ្រប់ភាគីទាំងអស់»។

ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧នោះ គណបក្សប្រជាជនកម្ពុជា ប្រកាសថា ត្រឹមត្រូវអាចទទួលយកបាន ចំណែកគណបក្សសង្គ្រោះជាតិទទួលស្គាល់លទ្ធផលប៉ុន្តែថា ដំណើរការបោះឆ្នោតមិនទាន់ល្អត្រឹមត្រូវទេ ខណៈគណបក្ស១០ផ្សេងទៀតដែលទទួលបានសំឡេងគាំទ្រតិចតួចមិនបានបង្ហាញប្រតិកម្មអ្វីលើដំណើរការបោះឆ្នោតនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ