បក្សប្រឆាំងថាប្រកាសរបស់ក្រសួងបង្កការលំបាកដល់អ្នកចុះឈ្មោះបោះឆ្នោតឆ្នាំនេះ

ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតនិងនីតិកម្មរបស់គណបក្សសង្គ្រោះជាតិ លោកស្រី ម៉េង សុភារី

បក្សប្រឆាំងជំរុញ គ.ជ.ប ឲ្យពិនិត្យឡើងវិញពីប្រកាសរបស់ក្រសួងមហាផ្ទៃ ដោយថាប្រ​កាសថ្មីនេះ បាន​បង្ក​​​​កា​​​​រលំបា​កដល់អ្នកប្តូរទីលំនៅ និងអ្នកចំណាកស្រុក ដែលចង់បំពេញកាតព្វកិច្ចបោះឆ្នោតជ្រើស​រើ​ស​មេ​​ដឹ​កនាំនៅ​ឆ្នាំ​​​ក្រោយនេះ​​។

ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតនិងនីតិកម្មរបស់គណបក្សសង្គ្រោះជាតិ លោកស្រី ម៉េង សុភារី បា​នលើ​​កឡើង​ក្នុង​កិច្ច​​​​ប្រជុំ​នៅការិយាល័យ គ.ជ.ប ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១ខែកញ្ញានេះថា ប្រ​កា​ស​រ​ប​​​​ស់​​​ក្រ​សួង​មហាផ្ទៃថ្មីនេះ បានបង្កការលំបាកដល់អ្នកចំណាកស្រុក និងអ្នកផ្លាស់ប្តូរទីលំនៅ។

លោកស្រី ម៉េង សុភារី លើកឡើងទៀតថា នីតិវិធីចាស់ អាជ្ញាធរអាចចេញលិខិតបញ្ជាក់លំនៅឋានបាន ដើម្បី​​បា​នទៅចុះឈ្មោះបោះឆ្នោត ដោយគ្រាន់តែមាន អត្តសញ្ញាណប័ណ្ណ និងសា​ក្សី​ម្នាក់ប៉ុណ្ណោះ និងមិន​បានកំ​ណត់ពេលវេលាទេ។ ប៉ុន្តែលោកស្រីថា ប្រកាស​ថ្មីរ​ប​​​ស់​ក្រ​សួងមហាផ្ទៃនៅឆ្នាំ២០១៧ បានបង្កកា​រលំ​បា​​ក​​ដល់​អ្នកចុះឈ្មោះបោះឆ្នោត  ដោយថាក្រសួងបាន​កំ​ណត់ពេលរហូតដល់៣០ថ្ងៃ ទើបអាចឲ្យនគរ​បា​លប៉ុ​ស្តិ៍ ចេ​ញ​លិ​ខិ​​តបញ្ជាក់លំនៅឋានបាន។

លោកស្រីថា៖ «ប្រកាសលេខ៤០ បានកែប្រែកំ​នត់រយៈពេលរ​ហូត៣០ថ្ងៃ ទើ​បប្រជាពលរដ្ឋត្រូវ​បានអនុ​ញ្ញាត​​ឲ្យ​​​ស្នា​​ក់នៅបណ្តោះអាសន្ន ពីប៉ុស្តិ៍នគរបាលក្នុងឃុំសង្កាត់។ [ក្រោយមក] ​​បានយកលិខិតហ្នឹង​ទៅឲ្យក្រុ​មប្រឹ​​ក្សា​​ឃុំ សង្កាត់ ចេ​ញលិខិតបញ្ជាក់លំនៅឲ្យ។​ អញ្ចឹងវាប៉ះពាល់​ប្រជាពលរដ្ឋដែ​លធ្វើចំណាកស្រុ​ក ដើម្បី​ការងារ ដើម្បីការសិក្សា ព្រះសង្ឃ និងប៉ះពាល់​ដល់សន្តិ​សុខនៅថ្ងៃបោះឆ្នោតទៀត ព្រោះ​អីសន្តិសុខស​ណ្តាប់ធ្នាប់ការបោះឆ្នោត ត្រូវបញ្ជូនទៅ​យាមមណ្ឌ​ល​បោះ​ឆ្នោត។ អញ្ចឹងប៉ះពាល់ដល់ពួកគាត់ ប៉ះពាល់ដ​ល់ពល​ករ ដែលគាត់ទៅធ្វើការនៅប្រទេសជិតខាង នៅក្នុ​ងស្រុ​កយើងក៏ប៉ះពាល់ដែរ និយាយរួមប៉ះពាល់ច្រើន»។

លោ​ក​ស្រី ម៉េង សុភារី បញ្ចាក់ដូចនេះទៀតថា៖ «ការងារចេ​ញលិខិតប​ញ្ជាក់លំនៅ​​ហ្នឹង ជា​ការងា​ររបស់​ក្រុមប្រឹ​​ក្សាឃុំ-សង្កាត់ ប៉ុន្តែដោយឡែកប្រកាសហ្នឹង ការងារហ្នឹងត្រូវប៉ុស្តិ៍នគរបាលទៀត ទាល់តែប៉ុស្តិ៍នគរបា​លចេ​​​ញលិខិ​ត​បញ្ជាក់ក៩​ហើយ បានក្រុម​ប្រឹក្សា​ហ្នឹងចេញលិខិត​បញ្ហាលំនៅ​ជូន។ អ​ញ្ចឹ​ងមា​នន័យថា ការ​ចេញលិខិតបញ្ជាក់​លំនៅបម្រើឲ្យការចុះឈ្មោះ​បោះឆ្នោតហ្នឹង ត្រូវតែមា​នការអនុញ្ញា​ត​ពីប៉ុស្តិ៍​​​ន​គរបាល បើគ្មានទេ មេឃុំ ចៅសង្កាត់ហ្នឹ​ង អត់អាចមា​នសិទ្ធិអំណា​ចអី​ ប្រើសិ​ទ្ធិអំណា​ចហ្នឹ​ង​បាន​ទៀ​តទេ មានចែងក្នុង​ច្បាប់មែន ប៉ុន្តែច្បាប់ហ្នឹងមានបានយកទៅប្រើអីកើតឯណា។ ណា​​មួយថាឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ហ្នឹង ចេញឲ្យទាន់ពេលវេលា ហើយចេញឲ្យទាល់ពេ​លយ៉ាងម៉េច បើទុ​កដ​​ល់៣​០ថ្ងៃឯណោះហ្នឹង»។

ម​ន្ត្រី​គ​​ណបក្សប្រឆាំងរូបនេះ ជំរុញ​ គ.ជ.ប ពិភាក្សាជាមួយក្រសួងមហាផ្ទៃ ​ដើម្បី​កុំ​ឲ្យសេចក្តី​​ប្រ​កាសនោះ ក្លាយ​ជា​​​ឧ​បសគ្គរារាំងដល់សិទ្ធិពលរដ្ឋ ដែលមានចែងក្នុងគោលការសកល និងរដ្ឋធម្មនុញ្ញ។

អនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿង អះអាងថា ក្រុមការងាររបស់លោកកំពុងពិនិត្យករណីនេះ។ លោ​ក​ថា ​​​​បើ​ការអនុវត្តប្រកាសនេះ ជួបការលំបាកដូចការលើកឡើងមែន គ.ជ.ប នឹងស្វែ​ងដំណោះ​ស្រា​យជាក្រ​សួង​ពាក់ព័ន្ធ។

លោកថា៖ «គ.ជ.ប កំពុងតែតាមដាន ហើយបើក្នុងករណីការអនុវត្តទៅមានផលប៉ះពាល់ខ្លាំង យើ​ងនឹងស្នើសុំ​ទៅ​ក្រ​សួងមហាផ្ទៃ ដើម្បីដោះស្រាយធ្វើម៉េចបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដើម្បី​បា​ន​ចុះ​ឈ្មោះ​​ផង ហើយក៏បង្កលក្ខណៈដល់ប្រជាពលរដ្ឋដែលមានឈ្មោះហើយនោះ ហើយគាត់ផ្លាស់ប្តូរទីលំនៅ​នោះក៏​បានផ្ទេរទិន្នន័យរបស់គាត់ទៅក្នុងឃុំ-សង្កាត់ថ្មីនោះបានបោះឆ្នោតផងដែរ»។

ចាប់ពីថ្ងៃទី១ខែកញ្ញានេះទៅរហូតដល់ថ្ងៃទី៩ខែវិច្ឆិកា គ.ជ.ប ចាប់ផ្តើមធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតចាស់ ដោយ​ចាប់​ផ្តើមចុះឈ្មោះបោះឆ្នោត សម្រាប់អ្នកដែលមិនទាន់បានចុះឈ្មោះ និងអ្នកដែលមា​នអាយុ​បោះ​ឆ្នោត ដោយប្រើរយៈពេល៧០ថ្ងៃ។

មន្ត្រីផ្នែកច្បាប់និងអង្កេតអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក យឿង សុធារ៉ា លើកឡើងថា បើប្រកាសរបស់ក្រសួងមហាផ្ទៃ មិនត្រូវបានបានកែប្រែទេ លោកថា អ្នកប្រឈមនឹងការបាត់សិទ្ធិបោះឆ្នោត គឺអ្នកធ្វើចំណាកស្រុក។

លោកថា៖ «ដោយសារតែគាត់មានបញ្ហាហិរញ្ញវត្ថុរបស់គាត់ គាត់មិនអាចមានលទ្ធភាពទៅចុះឈ្មោះនៅឃុំ សង្កាត់ ទីលំនៅអចិន្ត្រៃយរបស់គាត់ទេ ឬក៏ថាពេលវេលារបស់គាត់ មិនអំណោយ​ផល ដូច​នេះគា​ត់ម​កត្រឹ​ម​ខេត្ត​ ដោយសារមានមិត្តភ័ក្រអីនៅតាមខេត្ត ដូច្នេះបើតាមនីតិវិ​ធីចាស់ គា​ត់អាច​ចុះឈ្មោះ​និងបោះឆ្នោ​តនៅតា​មខេ​​ត្ត​អស់ហ្នឹងបាន ដូចនេះមិ​នគួរមា​នជម្រើសថ្មីដូចនេះទេ»។

លោក យឿង សុធារ៉ា ជំរុញឲ្យក្រសួងពាក់ព័ន្ធ គួរប្រើនីតិវិធីចាស់ សម្រាប់ការចុះ​ឈ្មោះបោះឆ្នោ​តឆ្នាំ២​០១​៧ ​​​ដោយថា ​កន្លងទៅនីតិវិធីចាស់នេះ បានបង្កការងាយស្រួលដល់ពលរដ្ឋ ដែលថាលទ្ធផល​បញ្ជី​ឈ្មោះ​​​​​​​​​​ឆ្នាំ​២០​១៦មានពលរដ្ឋជាង៨០ភាគរយបានទៅចុះឈ្មោះរួចហើយ។

បើតាម គ.ជ.ប អ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោត និងអ្នកមានអាយុគ្រ​ប់បោះឆ្នោ​តនៅប្រ​ហែលជិ​ត១​លា​នកន្លះទៀត។

បើតាម លោក គុយរឿន ដំណើរការចុះឈ្មោះនៅថ្ងៃដំបូងនេះ លោកថាបានដំណើរការទៅដោយរលូន នៅទូទាំង១ ៦៤៦ឃុំ​-សង្កាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ