សាលារៀនមួយជាប់ព្រំដែន​ថៃ​ខ្វះតុសម្រាប់សិស្សក្រោយពេលទទួលបានអាគារថ្មី

គ្រូបង្រៀននិងឪពុកម្តាយសិស្សានុសិស្សនៃសាលាបឋមសិក្សាប្រាសាទត្បែង នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ អំពាវនាវដល់សប្បុរសជននិងរាជរដ្ឋាភិបាល ជួយឧបត្ថម្ភតុសម្រាប់ឲ្យកូនៗរបស់ពួកគាត់បានអង្គុយសមរម្យដើម្បីរៀនសូត្រ។

សាលាបឋមសិក្សាប្រាសាទត្បែង ជាសាលានៅតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ មានចម្ងាយប្រមាណជិត១០០គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យនិងចម្ងាយប្រមាណ២គីឡូម៉ែត្រពីព្រំដែនថៃ។1

អ្នកស្រី ច្រុច យ៉ាត មានកូនបីនាក់កំពុងរៀនសាលាបឋមសិក្សានេះរៀបរាប់ថា ពលរដ្ឋភាគច្រើននៅទីនោះជាអ្នកក្រីក្រ ហើយចង់ឲ្យកូនបានរៀនសូត្រចេះដឹង។ អ្នកស្រីថា អ្វីដែលជាបញ្ហាពេលនេះ គឺសាលារៀនទើបធ្វើហើយ តែមិនមានតុសម្រាប់ឲ្យសិស្សរៀនសូត្រ៖ «ស្នើថ្នាក់លើឲ្យជួយតុឲ្យក្មេងរៀនផង មើលមានតែសាលាអត់មានតុ។ មានតែក្មេងល្អិតល្អោច ក្រល្ហេមល្ហាមទាំងអស់រកអីមិនបាន រកតែតុក៏មិនបាន។ ភូមិប្រសាសាទត្បែង ខ្ញុំមិនសុំអីច្រើនទេ សុំតែតុរៀនប៉ុណ្ណឹង»។

អ្នកស្រី រឿយ ឌុប ថ្លែងថា អ្វីដែលគាត់ចង់បានពេលនេះ គឺចង់បានតុឲ្យកូនចៅពួកគាត់បានអង្គុយរៀន។ស្នើសុំតុឲ្យកូនរៀន ដើម្បីមានចំណេះដឹង អត់មានតុទេ។ មើលពីថ្នាក់អត់មានតុផង ចឹងសុំតែប៉ុណ្ណឹងឯង ដើម្បីឲ្យបានតុរៀន។

អ្នកស្រី ធុច សុណា ជាគ្រូបង្រៀនសិស្សថ្នាក់ទី២ មានប្រសាសន៍ថា ពួកគាត់មានការលំបាកដោយសារតែមិនមានតុគ្រប់គ្រាន់ នាំឲ្យសិស្សអង្គុយចង្អៀត ពិបាករៀន និងពេលខ្លះទៀត សិស្សទាស់គ្នាដោយសារមិនមានកន្លែងអង្គុយ៖ «ខ្ញុំមានការពិបាកនឹងកូនក្មេងវាខ្វះតុ។ ឈ្លោះគ្នាតុចាស់ហើយ ព្រោះសាលាប្រាសាទត្បែងយើងនេះ មានតែតុចាស់ព្រោះសាលាថ្មីដែលគេធ្វើឲ្យនេះ មិនទាន់បានតុថ្មីមក»។

នាយកសាលាប្រាសាទត្បែង លោក ជឺ ជ្រៀង មានប្រសាសន៍ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សិស្សមានចំនួនកើនឡើង ខណៈតុនៅអាគារចាស់ កាន់តែឌ្រុតទ្រោមមិនគ្រប់តាមតម្រូវការ៖ «យើងរើតុពីសាលាចាស់មកសាលាថ្មី ចឹងដល់រើទៅអាគារចាស់ វាមានតែ៤បន្ទប់ ចឹងតុ៤បន្ទប់ហ្នឹង ក៏មានការបែកបាក់ ចឹងក៏វាមិនអាចគ្រប់ចំនួនសិស្ស ព្រោះសិស្សវាមានទៅជាង២០០នាក់»។3

លោក ជឺ ជ្រៀង បានឲ្យដឹងថាកាលពីខែមុន លោកក៏បានស្នើទៅការិយាល័យអប់រំពីបញ្ហាខ្វះតុនេះដែរ តែមិនទាន់មានដំណោះស្រាយនៅឡើយ។

ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យលោក ស្តើង តុងហឹង មានប្រសាសន៍ថា លោកបានទទួលព័ត៌មានពីការខ្វះខាតតុនៅក្នុងសាលានោះហើយ។ លោកថានឹងរៀបចំបែងចែកកញ្ចប់លុយជួយតាមជាក់ស្តែង ព្រោះលោកថាសាលាផ្សេងៗទៀតនៅក្នុងខេត្តនេះ ក៏កំពុងជួបការលំបាកខ្វះខាតដូចគ្នានេះដែរ។

ឆ្នាំសិក្សា២០១៦-២០១៧នេះ សិស្សសាលាបឋមសិក្សាប្រាសាទត្បែង មានចំនួន២៣៣នាក់ រៀននៅបន្ទប់ចំនួន៤នៅក្នុងអាគារថ្មី ដែលចំណាយពេលសាងសង់ពីឆ្នាំ២០០៨រហូតដល់ឆ្នាំ២០១៥ ប្រើពេល៧ឆ្នាំ។ គ្រូបង្រៀនថា សាលាថ្មីនេះមិនមានតុទេ គឺគ្រូនិងសិស្សនាំគ្នារើយកតុពីអាគារឈើដែលធ្លាប់រៀនតែបាក់បែកមកបង្គុយរៀន ប៉ុន្តែអង្គុយមិនគ្រប់គ្រាន់ដោយសារចំនួនសិស្សចេះតែកើនឡើង៕

ដោយលោក ពៅ មេត្តា និង ហួរ តុងហាន់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ