មន្ត្រីជាន់ខ្ពស់ នៃក្រសួងយុត្តិធម៌ លើកឡើងថា កម្សោយចំណេះដឹងពលរដ្ឋ លើប្រព័ន្ធយុត្តិធម៌ បានធ្វើឲ្យការអនុវត្តទោសសហគមន៍ ដែលជាការអនុវត្តទោស នៅក្រៅពន្ធនាគារមិនអាចត្រូវបានអនុវត្តន៍។
ទោសសហគមន៍ គឺជាកាតាព្វកិច្ច ដែលទណ្ឌិត ត្រូវបំពេញក្នុងថិរវេលាចន្លោះពី ៣០ ទៅ ២០០ម៉ោង នូវការងារគ្មានកម្រៃ ជាប្រយោជន៍សាធារណៈ។ ជនជាប់ចោទទទួលទោសដាក់ពន្ធនាគារ ដែលអតិបរមា តិចជាង ឬស្មើ៣ឆ្នាំ តុលាការ អាចប្រកាសទោសការងារសហគមន៍បាន។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី១ធ្នូនេះថា បញ្ហាលំបាក នៃការអនុវត្តទោសនេះ បណ្តាលមកពីចំណេះដឹងផ្លូវច្បាប់ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមិនទាន់អាចទទួលយកការអនុវត្តន៍ទោសបែបទំនើបនេះ នៅឡើយ ដែលបណ្តាលឲ្យពន្ធនាគារកម្ពុជា កាន់តែមានភាពចង្អៀត។
លោកថា៖ «ឧទាហរណ៍ថា ពេលមួយដែលតុលាការកាត់ទោសហើយឃើញមានថាចុះក្នុងសារព័ត៌មានថាអ្នកហ្នឹងមានទោសមានអីហើយ ស្រាប់តែពេលក្រោយមកឃើញគាត់ថាលេចមុខចេញក្នុងសហគមន៍របស់គាត់ ហ្នឹងគាត់មានការខឹងក្តៅក្រហាយមែនទែន! គាត់ថាអាហ្នឹងទើបតែចាប់ថ្ងៃមុនសោះហ្នឹងឥឡូវដោះលែងទៀតហើយ ហើយទីពីរទៀត ប្រជាពលរដ្ឋយើងមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ មានការបំផុសបំផុលគ្រាន់តែសង្ស័យភ្លាមនាំគ្នាទៅសម្លាប់អ្នកហ្នឹងថាជាចោរ អញ្ចឹងទំរាំអ្នកហ្នឹងត្រូវបានតុលាការកាត់ទោសហើយទៀត ហើយស្រាប់តែឃើញអ្នកហ្នឹងនាំគ្នាព្រួតវាយអ្នកហ្នឹងងាប់ទៀតហើយថាតុលាការដោះលែងខុសប្រក្រតី»។
ទោះជាយ៉ាងណាលោកថា នាពេលខាងមុខក្រសួង រួមជាមួយនឹងឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នឹងជ្រើសយកស្រុកមួយ នៃខេត្តបាត់ដំបង ដើម្បីផ្សព្វផ្សាយព័ត៌មាន និងដាក់អនុវត្តការអនុវត្តទោសក្រៅពន្ធនាគារនេះ។
ប្រធានផ្នែកស៊ើបអង្គេតនៃសមាគមអាដហុកលោក សឹង សែនករុណា យល់ស្របចំពោះការលើកឡើងរបស់ក្រសួងយុត្តិធម៌នេះ តែលោកថា ចំណុចសំខាន់មួយទៀត ដែលធ្វើឲ្យពន្ធនាគារមានភាពចង្អៀត គឺបណ្តាលមកពីការឃុំខ្លួនបណ្តោះអាសន្នរបស់តុលាការ។
លោកថា៖ «វាមិនពាក់ព័ន្ធទៅលើការអនុវត្តទោសលើការអនុវត្តទោសសហគមន៍តែមួយទេ គឺវាមានការដែលមានទោស ឬក៏ដាក់ឲ្យឃុំខ្លួនបណ្តោះអាសន្នហ្នឹងអត់ត្រូវបានពិចារណាឲ្យបាននៅក្រៅឃុំបណ្តោះអាសន្នហ្នឹងមួយចំណែកផងដែរព្រោះថា ការឃុំខ្លួនបណ្តោះអាសន្នមិនទាក់ទងទៅនឹងហេតុរបស់មេធាវីឬក៏សាម៉ីខ្លួនដែលបានដាក់ស្នើសុំទៅចៅក្រមស៊ើបសួរឬក៏ព្រះរាជអាជ្ញាហ្នឹងមិនត្រូវបានយកទៅពិចារណាទេ»។
ទាក់ទងនឹងករណីនេះ លោក ជិន ម៉ាលីន ក៏បានលើកឡើងផងដែរថា ការសម្រេចឲ្យនៅក្រៅឃុំ ឬឃុំខ្លួន គឺជាសិទ្ធិសម្រេចរបស់តុលាការ តែលោកថា ដោយសារ តែគ្មានស្តង់ដាររួម ទើបធ្វើឲ្យមានបញ្ហានេះ កើតឡើង។ លោកថា ក្រសួង នឹងបើកកិច្ចប្រជុំមួយនាពេលខាងមុខ ជាមួយមន្ត្រីតុលាការ និងភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាពីបញ្ហានេះ។
របាយការណ៍ឆ្នាំ២០១៦ ឲ្យដឹងថា អ្នកទោសទូទាំងប្រទេស មានជិត២ម៉ឺននាក់ ខណៈពន្ធនាគារទូទាំងប្រទេស អាចផ្ទុក បានត្រឹមតែជាង ១២ ០០០នាក់៕