លោក ស ខេង រំលឹកមន្ត្រីឲ្យផ្ទេរអំណាចទៅថ្នាក់មូលដ្ឋាន

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោក ស ខេង

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានរំលឹកមន្ត្រីក្រោមឱវាទឲ្យផ្ទេរអំណាចដល់មន្ត្រីថ្នាក់មូលដ្ឋាន ឲ្យបានពេញលេញ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តបែបលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ តាមរយៈ​វិមជ្ឈការ ​និង​វិសហ​មជ្ឈការ។

ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នៃគម្រោងលើកកម្ពស់ជីវិភាពប្រជាជនក្រីក្រ កាលពីថ្ងៃទី៣០វិច្ឆិកាម្សិលមិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា ការអនុវត្តកំណែទម្រង់វិមជ្ឈការ​ និង​វិសហ​មជ្ឈការនៅថ្នាក់ ឃុំសង្កាត់ បានបង្ហាញនៅលទ្ធផលវិជ្ជមាន ពីការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន តាមរយៈការពង្រឹងអភិបាលកិច្ចល្អ និងពង្រឹងគណនីភាពសង្គម រួមទាំងការកែលម្អនូវជីវភាព​ពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។

លោកបន្តថា ការអនុវត្ត​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហ​មជ្ឈការនៅ​ថ្នាក់​ឃុំ​សង្កាត់​ បាន​បង្ហាញ​លទ្ធផល​មួយ​ចំនួន​ ក្នុង​នោះ មាន​ការ​ពង្រឹង​ភាព​ជា​អ្នក​ដឹកនាំ​នៅ​មូលដ្ឋាន​ ទាំង​បុរស​ និង​ស្ត្រី និង​មាន​ការ​កែលម្អការ​ផ្តល់​សេវា​សាធារណៈ​នៅ​មូលដ្ឋាន​ផងដែរ។

លោកថា «ថ្នាក់ដឹកនាំស្ថាប័នមួយចំនួន មិនទាំងយល់អស់ពាក្យថាស្អី ទៅវិមជ្ឈការ ​និង​វិសហ​មជ្ឈការហ្នឹង! សុំទោស និយាយហ្នឹង មិនមែនមើលស្រាលទេ ឬក៏យល់ដែរ តែធ្វើមិនយល់ ឬក៏យល់តែ មិនអនុវត្ត ដោយសារ គាត់បានអំណាចច្រើន។ ចង់និយាយថា យើងអាចគិតតាមមួយជ្រុងទេ គិតមួយផ្នែកដែលតូចទេ​បើយើងគិតជារួមថា បើយើងរួមគ្នាដើម្បីពង្រីកភាពម្ចាស់ ក្នុងការផ្ទេរអំណាចទៅដល់ថ្នាក់ក្រោមជាតិ ឲ្យបានច្រើន ពលរដ្ឋចូលរួមច្រើនទៅ មុខមាត់កិត្តិយសប្រទេសជាតិយើង វាក៏ឡើងតាមនឹងដែរ»។

លោក ស ខេ មានប្រសាសន៍ បន្តថា ប្រសិនបើមន្ត្រីថ្នាក់លើនៅតែមិនព្រមផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិទេ អ្នកដែលសប្បាយ រីករាយនោះ គឺមន្ត្រីដែលមានតួនាទីធំៗ ហើយប្រជាពលរដ្ឋ នឹងជួបទុកលំបាក បញ្ហានេះ​ វាធ្វើឲ្យប្រទេសជាតិបាក់មុខ នៅលើកឆាតអន្តរជាតិផងដែរ។

បើតាមការកំណត់និយមន័យទូទៅ ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ មានន័យថា រដ្ឋាភិបាល ត្រូវប្រគល់មុខងារនិងសិទ្ធិអំណាច ទៅថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋាន។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ យល់ថា រដ្ឋាភិបាល មិនចាំបាច់ធ្វើ ការក្រើនរំលឹកដល់មន្ត្រីទាំងអស់នោះទេ ប៉ុន្តែ រដ្ឋាភិបាល ត្រូវជំរុញមន្ត្រីថ្នាក់ជាតិទាំងអស់ត្រូវអនុវត្ត និង បំពេញការងារទៅតាមគោលនយោបាយ និងផែនការប្រចាំឆ្នាំ ទើបមានប្រសិទ្ធភាព។

លោកថា «ប្រសិនបើពួកគេ មិនធ្វើតាមទេ! ព្រមានជាលាយលាក់អក្សរ ឬមួយ ការដកដំណែងជាដើម! គួរ​តែកើតមានដែរ។ ការអំពាវនាវដដែល ខ្ញុំយល់ថា គ្រាន់តែន័យធ្វើឲ្យល្អមើល ធ្វើក្នុងការលួងចិត្តដែលមិនសូវទទួលបាននូវផលប្រយោជន៍ ពីសេវាសាធារណៈ។ យើង ដឹងហើយការ ដែលច្បាមអំណាចហ្នឹងវាពាក់ព័ន្ធនឹងផលប្រយោជន៍! ទាល់តែការផ្ទេរមុខងារភារកិច្ចទៅ រលូនទៅ ធ្វើឲ្យខាតប្រយោជន៍ដល់មន្ត្រី ខិលខូចផងដែរ»។

បើតាមសង្គមស៊ីវិល ដើម្បីជំរុញយន្តការអភិវឌ្ឍន៍បែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ ឲ្យមានប្រសិទ្ធភាព រដ្ឋាភិបាល ត្រូវពង្រឹងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយនឹងច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ និងរៀបចំគោលនយោបាយច្បាស់លាស់ ដែលមានការចូលរួមពីមន្ត្រី ថ្នាក់មូលដ្ឋាន ហើយត្រូវដាក់ទោសទណ្ឌ ទៅលើមន្ត្រីទាំងឡាយណា ដែលយឺតយ៉ាវនៅក្នុងការផ្ទេរភារ កិច្ចរបស់ខ្លួនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ