គ.ជ.ប ថាបក្សកាន់អំណាចអាច​ទទួលបានអាសនៈឃុំសង្កាត់ប្រមាណជា៩០ភាគរយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃស្វាគមន៍អ្នកគាំទ្រ នៅក្នុងយុទ្ធនាការបោះឆ្នោតក្នុងឆ្នាំ២០១៧

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ​ឲ្យដឹងថា ស្ថាប័ននេះ បាន​បែង​ចែអាសនៈ​ក្រុមប្រឹក្សា​ឃុំសង្កាត់ របស់អតីតគណបក្សសង្គ្រោះជាតិ ជាង៥ពាន់អាសនៈ ឲ្យទៅបក្សចំនួន៧ ដោយថា​ គណបក្ស ​ដែល​​​ទទួល​​​បានច្រើនជាងគេ គឺ​បក្សកាន់អំណាច ខណៈបក្ស៤ទៀត ប្រកាសមិនទទួលយក​​។

គណបក្ស​ ដែល​ទទួលបាន​អាសនៈទំាងនោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្ស ហ្វ៊ុន ស៊ិនប៉ិច គណ​បក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្ស​សាធារណ​រដ្ឋប្រជា​ធិប​​តេយ្យ​ និងគណបក្សជនជាតិ​ដើម​ប្រជាធិបតេយ្យកម្ពុជា​។ ដោយឡែក គណបក្ស ដែលប្រកាសមិន​ទទួល​យក អាសនៈរួមមាន​ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្ស​អំណាច​ខ្មែរ គណបក្សសំបុក​ឃ្មុំ​សង្គមប្រជា​ធិ​បតេយ្យ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា បានប្រាប់ VOD នៅថ្ងៃទី១ខែធ្នូនេះថា បើតាម​លទ្ធ​ផល​ក្រៅផ្លូវការ គឺ គ.ជ.ប បានសម្រេច​​បែងចែកអាសនៈ​របស់អតីត​បក្សប្រឆំាង​ជាង៥ពាន់​អាសនៈ ឲ្យទៅ​គណ​បក្ស​ចំនួន៧នោះ ដោយថា ក្នុងនោះ​បក្សប្រជាជនកម្ពុជា ទទួល​បានអាសនៈច្រើនជាងគេ​ ពោល​ប្រមាណជា​៩០ភាគរយ​ នៃ​អាសនៈ​បក្ស​​ប្រឆំាង ជាង​៥ពាន់អាសនៈ។

លោក សោម សូរីដា បានពន្យល់ពីរបៀបនៃការចែកអាសនៈដូចនេះថា «ប្រសិនបើឃុំសង្កាត់ ជាប់តែ​គណបក្សមួយ​ គឺបញ្ជីបេក្ខជនគណបក្សនយោបាយ​ឈរឈ្មោះបោះឆ្នោតរបស់​គណបក្សនោះ​ នឹងទទួល​បាន​តំណែងជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់​ ជាមេឃុំ ចៅសង្កាត់ និងជំទប់ទី១ ទី២ នៅក្នុងឃុំសង្កាត់ហ្នឹង!​ ប៉ុន្តែ ក្នុងករណីឃុំសង្កាត់ហ្នឹង មានតែគណបក្សពីរជាប់ឆ្នោត​ នោះប្រធានក្រុមប្រឹក្សាឃុំ សង្កាត់​ ឬមេឃុំ ចៅសង្កាត់​គឺបានទៅគណបក្សដែលមានអាសនៈច្រើនជាងគេ​ ហើយជំទប់ទី១ ក៏ត្រូវ​បានទៅគណបក្ស​ដែលមានអាសនៈច្រើនជាងគេ​ ចំណែកឯជំទប់ទី២ គឺបានទៅគណបក្សដែលជាប់​លំដាប់ទី២​»។

ទោះជាយ៉ាងណាលោក សូរីដា អះអាង​ថា លទ្ធផលផ្លូវ​ការ គ.ជ.ប អាចនឹងប្រកាសនៅថ្ងៃនេះ ឬយ៉ាង​យូរ​ នៅ​ថ្ងៃស្អែក។

VOD មិនអាចសុំការបំភ្លឺពី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងលោក សួស យ៉ារ៉ា បានទេ នៅថ្ងៃនេះ។

អ្នកនាំពាក្យគណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ លោក ញេប ប៊ុនជិន​ មានប្រសាសន៍ថា គណបក្ស​របស់លោក នៅមិនទាន់ទទួលបានចំនួនតួរលេខ ជាលាយលក្ខណ៍អក្ស​ ពីគ.ជ.ប ជុំវិញការបែងចែកអាសនៈក្រុមប្រឹក្សា​ឃុំ សង្កាត់​​នៅឡើយទេ។

លោក ប៊ុនជិន អះអាងទៀតថា គណបក្សរបស់លោក ប្រហែលជាទទួលបានសមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ឬ ជំទប់ទី១ និងទី២ ពីអតីត​គណ​បក្សប្រឆំាង ដោយថា ​នឹងយក​សិទ្ធិ​អំណាច​នោះ ​ជួយ​ផ្តល់​សេវាជូនប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរ ស្រប​​តាម​គោលនយោបាយរបស់​គណបក្ស ហ្វ៊ុន ស៊ិន ប៉ិច និង​ច្បាប់​​។

លោកនិយាយថា «យើងអនុវត្តតាមគោលការណ៍ច្បាប់ ប៉ុន្តែក្រៅពីនេះ ដែលយើងថា ជាគោលនយោបាយរបស់គណបក្សយើងត្រូវយកចិត្តទុកដាក់ជំរុញ[មេឃុំ ចៅសង្កាត់]ធ្វើការ នៅការិយាល័យនៅក្នុងក្រុមប្រឹក្សាឃុំគេធ្វើអត្តសញ្ញាណប័ណ្ណ ឬក៏ធ្វើប័ណ្ណស្នាក់នៅ ឬធ្វើសៀវភៅគ្រួសាររយៈពេលមួយអាទិត្យយើងខំរុញ ធ្វើយ៉ាងម៉េចកុំឲ្យវាដល់មួយអាទិត្យក្រុមប្រឹក្សាឃុំយើងត្រូវតែរួតរះ បើបានហើយ យើងអាចធ្វើបាន យើងធ្វើយកទៅជូនដល់គាត់ដល់ផ្ទះកុំឲ្យគាត់ ធ្វើដំណើរខាតពេលវេលារបស់គាត់ ជាគោល​​នយោបាយមួយបន្ថែម លើគោលនយោបាយរបស់រដ្ឋ»

មន្ដ្រីជាន់ខ្ពស់ ​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​ លោក កន សាវាង្ស មាន​ប្រសាសន៍ថា លោក​ហាក់​​មិនមានជំនឿថា ក្រោយចែកអសនៈនេះ អាចជួយប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើ ដូចកាលពីមន្ត្រី​អតីតបក្ស​ប្រឆំាង ដោយសារបក្សតូចៗ ដែលនឹងទទួលបានអាសនៈឃុំសង្កាត់ មិន​មែនកើតចេញពីឆន្ទៈប្រជាពលរដ្ឋបោះឆ្នោតឲ្យ។

លោក​យល់ថា «បើសិនជា មិនមានអ្វីកែប្រែទេ ដូចជារឿងរដ្ឋបាលឃុំសង្កាត់ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ការដោះស្រាយផ្សេងៗ បើសិនជាអត់មានការប្រែប្រួល [ដូចពីអាណត្តក្រុមប្រឹក្សាឃុំសង្កាត់ទី១ ទី២ និងទី៣]នៅតែដូចដើមទេមានន័យថា ប្រជាពលរដ្ឋលោក នៅតែអស់ជំនឿដដែលទេ​​»

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះ គណ​បក្ស​​ប្រ​​ជាជនកម្ពុជា ដែល​​ធ្លាប់គ្រប់គ្រងតំណែងមេឃុំនិងចៅសង្កាត់ ចំនួន ១ ៥៩២ កាលពីឆ្នាំ២០១២នោះ បា​ន​ថយ​​​ចុះនៅត្រឹម ១១៥៦ វិញ នៅ​ឆ្នាំ២០១៧នេះ។ ចំណែ​ក គណ​បក្សប្រឆាំង ដែលធ្លាប់គ្រប់គ្រង តំណែងមេឃុំនិងចៅសង្កាត់ចំនួន៤០នៅឆ្នាំ២០១២ បានកើនឡើងដល់ ៤៨៩​ នៅឆ្នាំ២០១៧នេះ។

ការបែងចែកអាសនៈរដ្ឋសភាទាំង៥៥ និង អសនៈឃុំសង្កាត់ជាង៤០០ របស់អតី​ត​បក្ស​សង្គ្រោះជាតិ ឲ្យ​ទៅបក្ស​ផ្សេងៗ ធ្វើឡើងបន្ទាប់ពី​តុលាការកំពូល បានសម្រេចរំលាយ​គណបក្ស​សង្គ្រោះ​​​​​ជា​​​តិ​កាលពីថ្ងៃទី១៦ខែវិច្ឆកា តាមបណ្តឹងក្រសួងមហាផ្ទៃ។

ទាក់ទងបញ្ហានេះ សហ​រដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ព្រមាន​ដាក់​ទណ្ឌកម្មនានា​​​លើ​​ប្រទេស​កម្ពុជា ដោយ​ថា​ ប្រទេស​នេះ ​បាន​ឃ្លាត​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ ក្រោយ​ពី​រំលាយ និង​បង្ក្រាប​​ទៅ​លើ​បក្ស​ប្រឆាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ