អ្នកប្រើបណ្តាញសង្គមបង្ហាញ​រូបភាពខុសគ្នាចំពោះ​​ឃាតករបាញ់សម្លាប់លោក កែម ឡី

បុរស អឿត​ អាង​ ហៅ ​ជួប​ សំលាប់​ (រូបដែលតុលាការបង្ហាញថា ជាសកម្មភាពក្នុងពេលធ្វើសកម្មភាពបាញ់ និងរូបភាពបន្ទាប់ពីត្រូវបានចាប់ខ្លួន)

អ្នក​ប្រើប្រាស់បណ្តាញសង្គម​មួយចំនួន​បានចែករំលែករូបភាព​ខុសគ្នា ពាក់ព័ន្ធនឹងករណីឃាតកបាញ់សម្លាប់​លោក កែម​ ឡី កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦។

ការប្រៀបធៀបរូបភាពខុសគ្នានេះធ្វើបន្ទាប់ពីតុលាការបានបើកសវនាការកាត់ទោស បុរស អឿត អាង ហៅ ជួប សំលាប់ កាលពីម្សិលមិញ។

ក្នុង​វីដេអូនិងរូបភាពដែលត្រូវបានអ្នកប្រើហ្វេសប៊ុក​ ​គូស​ជារង្វង់នៅត្រង់ស្បែកជើងរបស់ ជួប សំលាប់ ព្រមទំាងសសេរលើបណ្តាញសង្គមថា ​មាន​ភាព​ខុសគ្នា នៅ​ពេល​ធ្វើ​សកម្ម​ភាព​ចូល​បាញ់​សម្លាប់​លោក​ កែម ឡី ក្នុង​ស្តាម៉ាត និងរូបភាពសមត្ថកិច្ចចាប់បាន​។ សារនោះ​មានខ្លឹមសារថា «ស្បែក​​ជើង​អា​ឃាត​​កពិតស្បែកជើងបាតពណ៌ស អាក្លែងក្លាយបាតពណ៌ខ្មៅ សម្ដែងភ្លាត់​ស្នៀត​ខុស​ស្បែ​ក​ជើង ទៅ​ថត​ម្ដង​ទៀតទៅថតខុសហើយ រៀបចំអោយត្រូវហើយសមជាងនឹងតិចទៅ អ្នកកាត់​តនៅខ្សោយ​បន្តិច​ អ្នក​ដឹក​នាំ​ឆាកល្ខោនមិនបានល្អ​ជាដើម»។

​​VOD មិនអាចសុំការបំភ្លឺពី​អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា បានទេនៅថ្ងៃនេះ​។​

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត ថាមិនចាប់អារម្មណ៍និងស្បែកជើងលោក ជួប សំលាប់ ដែលអ្នកប្រើបណ្តាញសង្គមបង្ហោះនោះទេ ប៉ុន្តែលោកចាប់អារម្មណ៍ត្រង់វីដេអូក្នុងរូបភាពដូចជា ដើរស្កុបៗ និងមើលមុខ​ឃាតកមិនច្បាស់។ ករណីនេះលោកស្នើទៅតុលាការគួរតែបង្ហាញវីដេអូបន្ថែមទៀត ព្រោះក្នុង​នោះមានកំាមេរ៉ាច្រើនក្នុង​ស្តាម៉ាតនោះ។ លោកនិយាយថា «​ម៉េមម៉ារីនៅក្នុងស្តាម៉ាត វាហាក់បីដូចជា វាមានលក្ខណៈស្តុបៗ ហើយ​វាមានភាពមិនច្បាស់ ហើយនៅក្នុងស្តាម៉ាតកំាមេរ៉ាមិនមាន មានតែមួយជ្រុង​ទេ វាមានច្រើនជ្រុង​ គួរ​តែ​បញ្ចំាងជ្រុងណាមួយដែលបង្ហាញអំពីរូបភាពឲ្យច្បាស់ និងសកម្មភាពនៃការបាញ់​ទៅលើ​លោក​បណ្ឌិត កែម​ ឡី»។

ក្នុងសវនាការ​កាលពីថ្ងៃពុធ​ម្សិលមិញ​ តុលាការបានបង្ហាញ​​វីដេអូចំនួន៤ភាគ ពាក់ព័ន្ធនឹងករណី​ឃាត​កម្ម​លើ​លោក កែម ឡី ដើម្បីដាក់បន្ទុក​​លើបុរស អឿត​ អាង​ ហៅ ​ជួប​ សំលាប់​ ដែលសមត្ថកិច្ចចោទថា ជា​អ្នក​បាញ់​សម្លាប់អ្នកវិភាគរូបនោះ​ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦។

ប្រធានក្រុមប្រឹក្សាជម្រះ​ លោក​ លាង​ សំណាត់ បានបញ្ជា​ឲ្យ​ក្រុម​បច្ចេក​ទេសចាក់វីដេអូ ដែលថា ជួប សំលាប់ ធ្វើសកម្ម​ភាពដើរចូលក្នុងស្តាម៉ាត ស្តុបបូកគោ និងកម្មភាព​ដើរ​តម្រង់ទៅខាង​ជើងស្តាម៉ាត ​ដែលវី​ដេអូនេះ​ថតពីបង្គោលភ្លើងស្តុបបូកគោ។ រីឯវីដេអូមួយទៀត​បង្ហាញពី​សកម្មភាព ដើរ​តាមផ្លូវម៉ៅ សេទុង ឆ្ពោះទៅស្តុបចំការមន និងវីដេអូដែលគេថតបានពីសកម្មភាព ជួប សំលាប់ ឡើង​ជិះ​ម៉ូតូ​ប៉ូលីស ខណៈពលរដ្ឋដេញតាមវាយឲ្យរងរបួសនៅម្តុំវត្តស្វាយពពែ។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្ស​ចង់ឲ្យតុលាការ​បង្ហាញសកម្មភាពឃាតកបាញ់សម្លាប់លោក កែម ឡី។

​ភ្លាមៗនោះ​ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា បានឆ្លើយប្រាប់អ្នក​សារព័ត៌​មានតាម​រយៈ​​​តេ​ឡេ​ក្រាម​ថា ភស្តុតាងដែលតុលាការបង្ហាញក្នុងអង្គសវនាការនោះ ធ្វើតាមបែប​បច្ចេក​ទេស​​វិទ្យា​សា​ស្ត្រ​​ពិត​ ក្នុងន័យនេះទំនងជាលោកថាមិនចំាបាច់បង្ហាញពីសកម្មភាពឃាតកបាញ់លោក កែម ឡី ផ្ទាល់​នោះ​ទេ​។​ លោកនិយាយថា «សវនការបានបង្ហាញឲ្យ​ឃើញរួចហើយនូវសកម្មភាព​របស់​ជនជាប់ចោទ​ដែល​ត្រូវ​​បាន​​ថត​ដោយ​​កា​ម៉េរ៉ា​សុវត្ថិភាពរបស់ស្ថានីយប្រេងកាល់តិច។ ភស្តុតាងនេះបា​នចាប់​យកពី​កន្លែង​កើត​ហេតុ​​ផ្ទាល់​​ និង​មាន​លក្ខណៈវិទ្យាសាស្រ្តពិត​»។

គួរបញ្ជាក់ថា បុរស​ អឿត​ អាង​ ហៅ​ ជួប​ សំលាប់​ ត្រូវបាន​តុលាការចោទប្រកាន់ ​ពីបទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ និង​បទ​កាន់កាប់​ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដែលប្រឈមជាប់​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ខណៈ​សាលាក្រមនឹងប្រកាសនៅថ្ងៃទី២៣ មីនា ឆ្នាំ២០១៧ ខាងមុខ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ