សង្គ្រោះ​ជាតិថា បើ​សម្តេច​ក្រុម​ព្រះមិន​ជួយ ​កុំ​មក​បំផ្លាញប្រជា​ធិបតេយ្យ​កម្ពុជា

អនុប្រធានគណបក្ស​សង្គ្រោះ​ជាតិ ​លោក​ស្រី ​មូ​រ សុខ​ហួរ​ និងប្រធាន​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច សម្តេច​ក្រុម​ព្រះ ​នរោត្តម​រណឬទ្ធិ

អនុប្រធានគណបក្សសង្គ្រោះ​ជាតិ បានប្រតិកម្ម​ទៅ​នឹង​សម្តេច​ក្រុម​ព្រះ ​ដោយ​ស្នើសុំ​ទៅ​​ព្រះ​អង្គថា​​ បើ​មិន​ធ្វើ​អ្វី​ឲ្យ​រីក​ចំរើន​ដល់​លិទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជាទេ សូមកុំ​មក​​បំផ្លាញ។ ប្រតិ​កម្មនេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​ក្រុម​​ព្រះ ​កំពុង​ពិចារណា​ ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង ទៅ​តុលា​ការ​ជាន់ខ្ពស់​ ដើម្បីសុំ​រំ​លាយ​គណបក្សសង្គ្រោះ​ជាតិ​។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញ សម្តេចក្រុមព្រះ​ នរោត្តម រណឬទ្ធិ បានសម្រេច​ឲ្យអនុ​ប្រធាន​របស់​ព្រះអង្គ គ្រោង​​ដាក់ពាក្យ​ប្តឹង​ទៅតុលា​ការ ដើម្បីស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ និងដោយថា សំអាងលើច្បាប់ស្តីពីបក្សនយោបាយ បន្ទាប់ពីតុលាការចាប់ខ្លួននិងឃុំខ្លួន លោក កឹម សុខា។ ការស្នើនេះ ក៏ត្រូវបានធ្វើឡើង បន្ទាប់ពីព្រះអង្គ គាំទ្រ​រាល់ចំណាត់ការ​ទាំង​អស់​​របស់រដ្ឋាភិបាលលោក ហ៊ុន សែន។

អនុប្រធានគណបក្ស​សង្គ្រោះ​ជាតិ ​លោក​ស្រី ​មូ​រ សុខ​ហួរ​ ថ្លែង​បែប​នេះ ​ក្នុង​ពិធីជួប​សំណេះ​សំណាល​ជាមួយ​សកម្ម​ជន​បក្សសង្គ្រោះ​ជាតិ​ នៅ​ខេត្ត​សៀម​រាប ​កាល​ពី​ថ្ងៃ​ទី​១ខែតុលា ម្សិល​មិញ ដោយ​ លោកស្រីបាន​បង្ហាញ​ការ​សោក​ស្តាយ ​ចំពោះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច សម្តេច​ក្រុម​ព្រះ ​នរោត្តម​រណឬទ្ធិ ដែល​មាន​បំណង​​ចង់​ចូល​រួម​ដាក់​ពាក្យ​បណ្តឹង ​សុំ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ ទៅ​តុលាការ ដោយ លោកស្រី​ថា បើ​ព្រះ​អង្គ​មិន​បាន​ជួយធ្វើ​លិទ្ធិ​ប្រជា​ធិបតេយ្យ​​នៅ​កម្ពុជា ឲ្យរីក​ចំរើន​នោះ​ទេ សុំ​កុំ​បំផ្លាញ។

លោក​ស្រី​ថា៖ «[]ព្រះអង្គយាងទៅណា យើងខ្ញុំចាំគោរព ចាំថ្វាយបង្គំ តែបើសិនជាព្រះអង្គចូលរួមនូវក្នុងការឲ្យមានការបំបែកជាតិយើង ចូលរួមក្នុងការសម្លាប់អ្នកប្រជាធិបតេយ្យ យកអ្នកប្រជាធិបតេយ្យ ចូលទៅក្នុងពន្ធនាគារ ព្រះអង្គអត់មានបន្ទូលអីមួយម៉ាត់ ថាឲ្យដោះលែងលោក​​ប្រធាន កឹម សុខា ព្រះអង្គអត់មានបន្ទូល អីមួយម៉ាត់ថា អាណិតជាតិយើង យ៉ាងហោចណាស់កុំមកបំផ្លាញលិទ្ធិប្រជាធិបតេយ្យនៃប្រទេសកម្ពុជាយើង[]»

អ្នក​នាំពាក្យ ​គណបក្ស​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ លោក ញ៉េប ប៊ុនជិន ប្រាប់វីអូឌីថា គណបក្ស​លោក​គ្មាន​មូល​ហេតុ​អ្វី ​ក្នុង​ការ​បំផ្លាញ​​​លិទ្ធិប្រជា​ធិបតេយ្យ​នៅ​កម្ពុជានោះ​ទេ។ លោក បានវាយ​បក​ទៅ​បក្ស​ប្រឆាំង​វិញ​ថា លិទ្ធិ​ប្រជា​ធិបតេយ្យ ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ បានធ្វើ​ចាប់​តាំង​ឆ្នាំ​២០១៣ទៅ​វិញ​ទេ ដែល​លោក​កត់សំគាល់​ថា មិ​ន​បាន​អ្វី​​ទាល់​តែ​សោះ។

លោក​ថា៖ « សួរថាគាត់៥៥កៅអី គាត់មកប្រាប់យើងថា ឲ្យនៅស្ងៀមទៅបើមិនបានធ្វើអី ពាក្យអញ្ចឹងគាត់មិនត្រូវនិយាយទេ! យើងជួយជាតិច្រើនណាស់ពី៩៣ មដល់បច្ចុប្បន្នហ្នឹង។ ប៉ុន្តែសួរថា គាត់បានធ្វើអីខ្លះក្រៅតែពីគេយកតំណាងរាស្ត្រ ក្រៅពីគេយកតំណាងរាស្ត្រម្នាក់ដែលមានមនុស្សគាំទ្រជាង៥ម៉ឺននាក់ទាល់ដូចបាល់។ សម្តេចក្រុមព្រះ នៅជាប្រធានរដ្ឋសភាថ្លៃថ្នូរណាស់​! សុំទោសណា យើងមិនមែនថាខាងណា ខាងណីទេ យើងបន្ទោសថា យើងមិនធ្វើទេ នៅឲ្យស្ងៀម។ ខុសហើយ សុំជម្រាបជូនថាគណបក្សហ្វ៊ុនស៊ិនប៉ិច បម្រើជាតិមកដល់ធំប៉ុនហ្នឹងមកទល់សព្វថ្ងៃមានប្រឆាំង មានវីអូឌី មានបារាំង អីហ្នឹងដោយសារ៩៣ ហ្នឹង​! »

ទោះ​ជាយ៉ាង​ណា លោក ញ៉េប ប៊ុនជិន ថាជំហរ​ក្នុង​ការ​ប្តឹង​សុំ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​នៅពេល​នេះ គណបក្ស​កំពុង​ប្រជុំ​ពិភាក្សា​គ្នា​ជា​មុន​សិន ដោយ​ថា សេចក្តី​សម្រេច​យ៉ាង​ណា​នោះ ​គណបក្ស​​នឹង​ជូន​ដំណឹង​នៅពេល​ក្រោយ។ លោក​ បញ្ជាក់បន្ថែម​ថា ​ការ​សម្រេច​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចពេលនេះ ពុំបាន​ទទួលរង​ការ​បញ្ជារពី​ខាង​ណា ឬ​ដើម្បី​សងសឹក​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ដោយ​ថា គណបក្ស​លោក​ចង់​ឃើញ​យុត្តិ​ធម៌​មួយ​សម្រាប់​កម្ពុជា។

ក្រៅតែពីគំរោងប្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចពេលនេះ កាលពី​ថ្ងៃទី​១ ខែតុលា ម្សិល​មិញ ​គណបក្ស​យុវជន​កម្ពុជារបស់​លោក ពេជ្រ ស្រស់ ក៏ថាគ្រោង​ដាក់ពាក្យ​ប្តឹង​សុំ​​រំលាយបក្ស​សង្គ្រោះ​ជាតិ​ដូចគ្នា។

ករណីនេះ មន្ត្រី​ផ្នែក​ច្បាប់​ និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា លោក យឿង សុធារ៉ា មាន​ប្រសាសន៍​ថា​ គ្មាន​មូល​ដ្ឋាន​ច្បាប់​ណា​មួយ ដែល​អនុញ្ញាត្តិ​​ឲ្យ​​គណបក្ស​ណា​មួយ​ អា​ច​ប្តឹង​សុំ​រំលាយ​​គណបក្ស​ណា​មួយផ្សេង​ទៀត ​បាន​នោះ​ទេ ក្រៅពីក្រសួង​មហា​ផ្ទៃ។

​​លោក​ថា៖ « ខ្ញុំមិនយល់ដែរថា ហេតុអីបានជាពួកគាត់មកធ្វើបែបនេះ​? ប្រហែលពួកគាត់ដឹងហើយថា លទ្ធភាព ដែលប្តឹងគណបក្សមួយទៀតនោះ គឺវាមិនកើតទេដោយសារ​​តែគាត់អត់មាន នីតិសម្បទារជាដើមបណ្តឹង ដើម្បីទៅប្តឹងគណបក្សមួយទៀត។ ខ្ញុំមិនយល់ថា ហេតុអីបានជាគណបក្សទាំងមួយ ទាំងពីរហ្នឹងគាត់ធ្វើអញ្ចឹង​! ខ្ញុំមិនដឹងថា គាត់ធ្វើទៅហ្នឹងគាត់ចំណេញអីខ្លះទេ។យ៉ាងណា វាជាសិទ្ធិរបស់គណបក្សនយោបាយ ប៉ុន្តែលទ្ធភាព ដែលគាត់ធ្វើហ្នឹង គឺធ្វើទៅមិនរួចទេ »

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ចចាប់​ខ្លួននៅ​ផ្ទះរបស់​លោក ​ដោយ​គ្មាន​ដីកា កាលពី​រំលង​អធ្រាត្រ​ចូលថ្ងៃ០៣ ខែកញ្ញា ហើយ​បញ្ជូន​ទៅឃុំខ្លួនភ្លាមៗ នៅពន្ធនាគារ​ត្រពាំង​ផ្លុង ​ក្នុង​ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនប្រទេសវៀតណាម។

ភ្លាមៗនោះ គណបក្សប្រឆាំង បាន​ចេញសេចក្ដីថ្លែងការណ៍ជំរុញ​ឲ្យដោះ​លែង លោក កឹម សុខា ដោយ​គ្មាន​លក្ខ​ខណ្ឌ និង​បានហៅការចាប់មេបក្សខ្លួន ថា ជាការរំលោភបំពាន​អភ័យ​ឯកសិទ្ធិសភា និង​គាបសង្កត់ផ្នែកនយោបាយ។

ជាមួយគ្នានោះ តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតធំៗរួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក និង​សហភាព​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​ទៀត បាន​សម្តែងការព្រួយបារម្ភជា​ខ្លាំង ជុំវិញ​ការចាប់​ខ្លួនមេបក្សរូបនោះ​ និង​បាន​ជំរុញឲ្យ​រដ្ឋាភិបាលកម្ពុជា បញ្ឈប់​ការគំរា​មកំហែង​លើ​គណ​បក្សប្រឆាំង។ ប៉ុន្តែ ប្រទេសកុំមុយនីស្តចិន បានគាំ​ទ្រ​ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ