ព្រះរាជពិធីបុណ្យអ៉ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ផ្តើមនៅថ្ងៃទី២ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈអាជ្ញាធររាជធានីភ្នំពេញ រំពឹងថា នឹងមានអ្នកចូលរួមជិត២លាននាក់។
ការចុះផ្សាយរបស់ទីភ្ងាក់ងារសារព័ត៌មានកម្ពុជា AKP កាលពីម្សិលមិញ ដែលបានស្រង់សម្តីគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ ចំនួនទូក «ង» ចូលរួមប្រណាំង កើនឡើងដល់២៧០ ខណៈនៅក្នុងឆ្នាំ២០១៦ មានតែ ២៥៧ទូក។
បើតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ នៅក្នុងចំណោមទូក «ង» ចំនួន២៧០ ទូកអុំផ្នែកបុរសមានចំនួន១៦១ ទូកចែវបុរស២៦ ទូកខ្នាតអន្តរជាតិបុរសមានចំនួន៧៧ ទូកអុំនារី១ ទូកចែវនារី២ ទូកខ្នាតអន្តរជាតិនារី៣ និងអ្នកអុំទូកសរុប មានចំនួនជិត១៨ ០០០នាក់។ ហើយ ប្រទីបចំនួន១៣ និងត្រូវបង្ហាញនៅពេលយប់ អមជាមួយការបាញ់កាំជ្រួច។
រដ្ឋាភិបាល បានរៀបចំឲ្យមានពិធីបុណ្យអុំទូកនេះ ឡើងវិញនៅឆ្នាំ២០១៤ បន្ទាប់ពីខកខាន៣ឆ្នាំជាប់ៗគ្នា ក្រោយមានព្រឹត្តិការណ៍ស្លាប់ជាន់គ្នាកាលពីឆ្នាំ២០១០។ ដោយឡែក ក្នុងឆ្នាំ២០១៥ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសផ្អាកបុណ្យនេះម្ដងទៀត ដោយលើកហេតុផលថា ទឹកទន្លេមានកម្ពស់ទាបពេក ខណៈអ្នកតាមដានសង្គមយល់ថា អាជ្ញាធរមានការភ័យខ្លាច ក្រែងមានក្បួនបាតុកម្មប្រឆាំងរដ្ឋាភិបាលណាមួយ។
យ៉ាងណាមិញ រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានពិធីបុណ្យជាតិនេះឡើងវិញ នៅក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧នេះ។
ពលរដ្ឋខ្មែរ តែងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមតំបន់ ឬភូមិឋាន ដែលខ្លួនរស់នៅ ខណៈពិធីបុណ្យនេះ គឺជាបុណ្យប្រពៃណីជាតិ ដែលមានតាំងពីបរមបុរាណ ហើយក៏មានចែងផងដែរ នៅក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលា ចារឹកនៃប្រាសាទអង្គរ៕