ប្រជាពលរដ្ឋ រួមមាន កម្មករ និងយុវជន អំពាវនាវទៅប្រជាពលរដ្ឋ ដែលមកពីបណ្តាខេត្តនិងរាជធានី ដែលដើរកំសាន្តនៅថ្ងៃបុណ្យអុំទូកចំនួនបីថ្ងៃ ជួយបោះសំរាម នៅក្នុងធុងសំរាម ដោយថាដើម្បីរួមចំណែកថែរក្សាបរិស្ថាននិងសុខភាព។
កម្មករម្នាក់នៃក្រុមស៊ីនទ្រី អ្នកស្រី ស្រេង ណៃ ដែលអះអាងជាអ្នកគ្រប់គ្រងសំរាមនៅក្នុងខ័ណ្ឌចំការមន បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃដំបូង នៃពិធីបុណ្យអុំទូក ព្រឹកនេះថា មានអ្នកដើរកំសាន្តមួយចំនួនតូច មិនបានបោះសំរាមចូលក្នុងធុងសំរាម ក្រោយពីបរិភោគរួចហើយនោះទេ។ ករណីនេះ គាត់បានប្រាប់ទៅអ្នកទំាងនោះ ឲ្យបោះសំរាមចូលក្នុងធុង ដោយថា ដើម្បីងាយស្រួលពួកគាត់សំអាតនិងទុកដាក់។
កម្មកររូបនោះនិយាយថា «គាត់ជួយដាក់ក្នុងធុងសំរាមទៅ វាងាយស្រួល ដូចពួកខ្ញុំ ពេលឡានមកជួយអូសធុងចាក់ដាក់ឡាន ឲ្យគេយកចេញពីក្នុងធុងឲ្យស្អាត បើបោះខាងក្រៅ បើគាត់អត់ដាក់ ពួកខ្ញុំជាអ្នករើសយកដាក់វិញ…ពិបាកក៏ថា បាន មិនពិបាកក៏ថាបាន ជាការងាររបស់យើងដែលត្រូវសំអាត»។
អ្នកស្រី ស្រេង ណៃ បានឲ្យដឹងទៀតថា នៅតាមសួនច្បារមួយចំនួនចាប់ពីមុខវំាង មុខវត្តបុទុមវត្តី ក្បែរវិមានឯករាជ្យ មុខណាហ្កាវើល និងកោះពេជ្រ ជាដើម មានធុងសំរាម ដែលមានពាក្យស្លោកថា «ខ្ញុំចង់បាន សំរាមអ្នក» ដាក់ត្រៀបត្រានៅតំបន់ទំាងនោះ។
កំពុងអង្គុយញំាមីឆា នៅក្បែរសួនច្បារ ជិតវិមានឯករាជ្យ យុវជន មឿន គីមឈាន បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះ ដែរថា ពិធីបុណ្យអុំទូកចំនួនបីថ្ងៃនេះ គាត់សង្កេតឃើញថា មានធុងសំរាមជាច្រើន បានដាក់រៀបត្រៀមត្រានៅម្តុំទីតំាងមួយចំនួន ដោយឡែកនៅកោះពេជ្រ មិនសូវមានធុងសំរាមច្រើនទេ ពោលសំបូរតូបលក់ដូរទៅវិញ។
ករណីនេះ លោក គីមឈាន អំពាវនាវទៅប្រជាពលរដ្ឋ ដែលដើរកំសាន្តក្នុងពិធីបុណ្យអុំទូក បោះសំរាមក្នុងធុងសំរាម ដោយថា ដើម្បីជួយថែរក្សាបរិស្ថានទីក្រុង និងសុខភាព។
លោកអំពាវនាវថា «ខ្ញុំសូំអំពាវនាវដល់បងប្អូនទំាងអស់ ទំាងនៅទីក្រុងភ្នំពេញ និងមកពីតាមខេត្ត ពេលដែលមកលែងបុណ្យអុំទូក សុំឲ្យគាត់ពេលដែលពិសារអាហារ ដកទឹកសុទ្ធ សូមឲ្យគាត់បោះចោល ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ…យើងគួរតែនាំគ្នាជួយដល់ពួកគាត់ផង ហើយនឹងជួយដល់បរិស្ថាន នៅទីក្រុងភ្នំពេញយើងផង ហើយនិងសុខភាពល្អ អត់មានជំងឺរាតត្បាតឆ្លង»។
អ្នកនំាពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា សាលារាជធានីភ្នំពេញ បានសហការជាមួយក្រុមហ៊ុនស៊ីនទ្រី ដោយថា បានដាក់ធុងសំរាមនៅតាមសួរច្បារសំខាន់ៗ នៅម្តុំមាត់ទន្លេរ និងតំបន់ដែរមានទីប្រជុំជន សម្រាប់ទុកឲ្យអ្នកដើរកំសាន្តក្នុងពិធី ចោលសំរាមក្នុងធុង និងជួយសំអាតទីក្រុងភ្នំពេញ។
នៅពេលសួរថា ហេតុអ្វីនៅកោះពេជ្រ មិនសូវមានធុងសំរាមច្រើន ដូចនៅតាមសួរច្បារផ្សេងៗ? លោកថា ទីតំាងនោះជារបស់ក្រុមហ៊ុនឯកជន។ ទោះជាយ៉ាងណាលោកថា លោកនឹងចាត់ក្រុមការងារឲ្យចុះជួយដាក់ធុងសំរាមបន្ថែម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលដើរកំសាន្តនៅទីនោះ បោះសំរាមចូល។
លោកនិយាយថា «បើសិនជានៅមានចំណុចខ្វះខាតត្រង់ចំណុចណា សូមរាយការណ៍ឲ្យខាងយើងខ្ញុំដឹងមក ខ្ញុំនិងចាត់ចែងចុះទៅពិនិត្យមើល និងដាក់បន្ថែមទៀត ជួនកាលទៅតំបន់ ឬកន្លែងខ្លះដែលជួនកាល មានចន្លោះប្រហោង ដែលបងប្អូនប្រជាពលរដ្ឋរបស់យើង ឬបងៗសារព័ត៌មានយើងទទួលបានជួយឲ្យដំណឹងគ្នា ដើម្បីយើងទៅបំពេញចន្លោះប្រហោងទំាងអស់គ្នា សំខាន់ដូចខ្ញុំជម្រាបជូនចឹង យើងមានក្រុមការងារ ទទួលនៅការងារ តែខ្ញុំឲ្យខាងអ្នកជំនាញធ្វើការងារហ្នឹងបន្ថែមទៀត»។
លោក មាសភក្តី បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក ក្នុងរយៈពេល៣ថ្ងៃនេះ សាលារាជធានីភ្នំពេញ បានដាក់បុគ្គលិកត្រៀម និងបុគ្គលិកស៊ីនទ្រី ជាង៨០០នាក់ និងដាក់ពង្រាយធុងសំរាម១ពាន់ធុង និងបន្ថែមកញ្ឆេសំរាម១ពាន់កញ្ឆេទៀត នៅលើទីតំាងដែលមានស្រាប់ ដើម្បីទុកឲ្យអ្នកដំណើរបោះចោលក្នុងធុងសំរាម។
គួរបញ្ជាក់ថា នៅព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃនេះ សាលារាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងទៅ ម្ចាស់ទីតាំងប្រគំតន្ត្រី ដល់ម្ចាស់តូបលក់ទំនិញ អ្នកលក់ដូរ និងប្រជាពលរដ្ឋជាកីឡាករប្រណាំងទូក រួមទំាងអ្នកមកកម្សាន្ត ចូលរួមថែរក្សាអនាម័យបរិស្ថានទំាងអស់គ្នា ដើម្បីឲ្យទីក្រុងភ្នំពេញមានសោភ័ណ្ឌភាពល្អស្អាត៕