ពល​រដ្ឋមាន​ជម្លោះ​ដី​ធ្លីជាង​១០​ឆ្នាំ​នៅ​កោះ​កុង​​ឡើង​មក​រក​អន្តរាគមន៍ពី​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រជា​ជន

ពល​រដ្ឋមាន​ជម្លោះ​ដី​ធ្លីជាង​១០​ឆ្នាំ​នៅ​កោះ​កុង

ពល​រដ្ឋ​ជាង១០០នាក់​មក​ពី​ខេត្ត​កោះ​កុ​ង​ដែល​ថា​ខ្លួន​មាន​ជម្លោះ​ជាមួ​យក្រុម​ហ៊ុនចំនួនពីរ​​នៅ​ក្នុង​ឃុំ​​បួននៅ​ខេត្ត​កោះ​កុងបាននាំ​គ្នា​មក​ដាក់​ញ្ញាត្តិនៅ​ក្រសួង​មហាផ្ទៃនិង​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី ដោយ​​សុំ​ឲ្យ​ស្ថាប័ន​ទាំង​នោះ​ជួយ​ដោះ​ស្រាយ​​ជម្លោះ​ដ៏​រាំរ៉ៃដែល​​អូស​បន្លាយ​ជាង​១០​ឆ្នាំ​មក​នេះ។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ពល​រដ្ឋ​ជាង​១៥០នាក់​តំណាង​ឲ្យ​១៤៧​គ្រួសា​រ ដែលអះ​អាង​ថា​​មាន​ជម្លោះ​ជា​មួយ​ក្រុម​ហ៊ុនកោះ​កុងស៊ូហ្គ័រនិង​កោះ​កុង​ផ្លេន​ថេសិន​ អ៊ិន​ដាស្រ្ទី នៅ​ក្នុង​ស្រុកបុទុម​សាគរនិង​ស្រុក​ស្រែ​អំបិល​ ​បាន​នាំ​គ្នា​មក​ដាក់​ញ្ញាត្តិនៅ​ក្រសួង​មហាផ្ទៃនិង​​ខុទ្ទកា​ល័យ​នាយក​រដ្ឋ​មន្ត្រី​ ដើម្បី​ឲ្យ​ស្ថាប័នទាំង​នេះ​ជួយ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​ដែលបាន​បាន​កើត​ឡើ​ងតាំង​ពី​ឆ្នាំ​២០០៦។ ពល​រដ្ឋ​ទាំង​នោះ​ស្នើ​ដល់​ស្ថាប័ន​ទាំង​នេះ​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​ក្រុម​ហ៊ុន​ទាំងនោះ​ផ្តល់​សំណង​ដល់​ចម្ការ​ដំណាំនិង​ដី​ធ្លី​ដែល​ត្រូវ​បាន​ឈូស​ឆាយ​យក​និងសុំ​ដី​ដែល​ពួក​គេ​បាត់​បង់​នោះ​មក​វិញឬ​សំណង​ណា​មួយ​សម​រម្យ​។

តំណាង​ឲ្យ​ពល​រដ្ឋ​១៧៣​គ្រួសារ​ អ្នក​ស្រី ផាវ  ញើង បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ការ​ឡើង​មកដាក់​ញ្ញាត្តិ​នេះ​ ក៏ព្រោះ​តែ​ពួកគេ​បា​ន​ព្យា​យាម​ដាក់​ញ្ញាត្តិ​នៅ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​រួច​ហើយ ​តែ​គ្មាន​ការ​ឆ្លើយ​តប​ណា​មួយ​នោះ​ឡើយ។ អ្នក​ស្រី​បន្ថែម​ថា ចាប់​តាំង​ពី​ក្រុម​ហ៊ុន​ចូល​មក​ក្នុងឆ្នាំ​២០០៦​មក​ ពួកអ្នក​ស្រី​១៤៧គ្រួ​សារ​បាន​ជួប​ការ​លំ​បាក​ជា​ខ្លាំង ដោយ​បាត់​បង់​ដី​ស្រែ​ចម្ការនិង​កូន​លែង​បាន​ទៅ​រៀន ហើយ​អ្នក​ខ្លះ​បន្ទាប់​ពី​បាត់​ដី​ទៅ​លើ​ក្រុម​ហ៊ុន​មក​ក្លាយ​ជា​កម្មករ​ស៊ី​ឈ្នួល​កាប់​អំពៅ​ឲ្យ​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​កម្រៃ​ទាប ហើយ​ទទួល​ការ​គំរាមពី​ក្រុម​ហ៊ុន​ជា​បន្ត​បន្ទាប់​​ថែម​ទៀត​។ អ្នក​ស្រី​ថា​ការ​ឡើង​មក​ដាក់​ញ្ញាត្តិ​​ទា​ម​ទារ​នេះ គឺ​អ្នក​ខ្លះ​ត្រូវ​ខ្ចី​លុយ​គេមក​ភ្នំពេញ។​

អ្នក​ស្រី​ថា៖ «ពួកយើង​គ្មាន​លុយ​ទេ ពួក​យើង​ប្តី​ចងការ​គេ​យកលុយ​ផ្ញើរ​មក​ឲ្យ​រហូត​។ សួរ​ថា​តើ​ពួក​យើង​ចង់​នៅអត់? ពួក​យើង​មិន​ចង់​នៅ​ទេ​ ប៉ុន្តែ​ពួក​យើង​អត់​មាន​ជម្រើស​អី បើ​សិន​ជា​ពួក​យើង​ទៅ​ផ្ទះ​ ពួកយើងអត់​មាន​ដី​ស្រែ​ចម្ការ ​យើង​ទៅ​ចងការ​ប្រាក់​គេ យើង​បាត់​បង់​មុខ​របរ​ កូនយើង​អត់​បាន​ទៅ​រៀន កូន​យើង​ចំណាកស្រុក មាន​ហិង្សា​នៅក្នុង​គ្រួសារ​ដូច​ជា​ជំពាក់​លុយ​ជំពាក់​កាក់​គេ សួរ​ថា​យើង​ទៅ​ធ្វើ​អី​បើ​ទៅ​អត់​មាន​អី​ធ្វើផង​ហ្នឹង!»។

ពល​រដ្ឋ​ដែល​ឡើង​មក​ដាក់​ញ្ញាតិ្ត​ផង​ដែរ​នោះអ្នក​ស្រី ផន ឃុន បាន​ឲ្យ​ដឹង​ថា ​ពួក​អ្នក​ស្រី​ដែល​ជា​ប្រជា​ពល​រដ្ឋ​ធ្លាប់​រក​បាន​ដោយ​សារ​តែ​ការ​ដាំ​បន្លែ​ ផ្លែ​ឈើ​ និង​ធ្វើ​ស្រែ​ចម្ការ​ ដែល​អាចផ្តល់​ចំណូល​ដល់​គ្រួសារ​​រស់​​នៅ​ធម្មតា​ តែ​ចាប់​តាំង​ពី​ក្រុមហ៊ុន​ទាំង​ពី​រ​នោះ​ចូល​មក​ក្នុង​ឆ្នាំ​២០០៦ ពួកគេ​ត្រូវ​បាត់​បង់​ទាំង​ដី​និង​ផ្ទះ​រួម​ទាំង​ផល​ដំណាំ​របស់​ពួកគេ​ទៀត​ផង ហើយ​បច្ចុប្បន្ននេះ​ពួកគេ​ប្រែ​ក្លាយពី​ម្ចាស់​ដី​ទៅ​ជា​អ្នក​ស៊ី​ឈ្នួល​កាប់​អំពៅ​ឲ្យ​ក្រុម​ហ៊ុន​ទាំង​នោះវិញ។

អ្នក​ស្រីថា៖ «ប៉ះពាល់​ដី​ចម្ការ​ដាំ​ខ្នុរ​ដាំ​អី​ហ្នឹង​ កន​ពួក​ខ្ញុំ​ដាំ​គ្រប់​មុខ​កូន! មាន​ដំណាំ​គ្រប់​មុខ​ហ្មង​មានខ្នុរ​ មាន​ចន្ទីអី​ទាំង​អស់​វា​ឈូស​ឆាយ​ហ្នឹង ដី​ចម្ការ​ឪឡឹក​កន​ពួក​ខ្ញុំ​ដាំ​បាន​ក្នុង​មួយ​ឆ្នាំ​ហ្នឹង​៣​ទៅ​៤​លាន ដល់​ពេល​វា​ឈូស​យក​អស់​ហ្នឹង​​ពួក​ខ្ញុំ​អត់​មាន​អី​ទេ ពួក​ខ្ញុំ​អត់​មា​ន​អី​ហូប​ទេ នៅ​តាម​ភ្នំពួក​ខ្ញុំ​អត់​មា​ន​អី​ហូប​ទាំង​អស់ … ឥឡូវ​អត់​មាន​ធ្វើ​អី​ទេ​ឥឡូវ​នៅ​តែ​កាប់​អំពៅ​ឲ្យ​គេ​ កាប់ផ្តៅ ដូច​អ៊ុំ​អញ្ចឹង​មាន​អី​ហូប កាប់​អំពៅ​ឲ្យ​គេ​មួយ​រយ​បាច់បាន​តែ​មួយ​ម៉ឺន​រៀល​ទេ កូន​ខ្ញុំ​ដល់​ទៅ​៩​នាក់!»។​

ក្នុង​គេហទំព័រ​ពហិកាស្ករ​ឈាម Boyscottbloodsugar.net បាន​ឲ្យ​ដឹងថានៅ​ខែ​សី​ហា​ឆ្នាំ​២០០៦ ក្រសួង​​កសិកម្ម​បាន​សម្រេច​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ឲ្យ​​ក្រុម​ហ៊ុនកោះ​កុង​ផ្លេន​ថេសិន និង​កោះ​កុង​ស៊ូហ្គ័រ​ ធ្វើ​ឧស្សាហកម្ម​ស្ករ​អំពៅ​នៅ​លើ​ដី​ជិត​២ម៉ឺន​ហិកតា ក្នុង​ស្រុក​បុទុម​សាគរនិង​ស្រុក​ស្រែ​អំបិល​ក្នុង​ខេត្ត​កោះ​កុង។ ក្រុម​ហ៊ុន​ទាំង​នោះ​មាន​​ភាគ​ហ៊ុន​ពី​​ KSL គ្រុបរបស់ប្រទេស​ថៃ វេ​ វ៉ូងរបស់​តៃ​វ៉ាន់ និង​សមាជិក​ព្រឺទ្ធិសភាគណបក្ស​ប្រជា​ជន​លោក​ លី យ៉ុង់​ផាត់។ បច្ចុប្បន្ន​នេះ​ភាគហ៊ុន​របស់​ KSL មាន​ចំនួន​៧០​% និង​វេ វ៉ូង​ ខូអប​ប្រេសិនកាន់​កាប់​៣០% ហើយ​លោក​លី យ៉ុង​ផាត់ត្រូវ​បាន​គេ​គេ​រាយ​ការ​ណ៍ថាបាន​លក់​ភាគហ៊ុន​របស់​លោក​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ KSL នៅ​ឆ្នាំ​២០១០។

ទោះ​ជា​យ៉ាង​ណា​បើតាម​​​ញ្ញត្តិរបស់​អ្នក​តវ៉ា​ទាំង​នោះ​បាន​បញ្ជាក់​ថា ​​ពួកគេ​ធ្លាប់​បានឡើង​មក​ដាក់ញ្ញាត្តិ​នៅ​ក្រសួង​កសិកម្ម​ផង​ដែរ ​តែ​ត្រូវ​បាន​មន្ត្រីក្រសួង​នោះ​ចោទ​ប្រជាពល​រដ្ឋ​វិញ​ថាអ្នកទាំងនោះជា​អ្នក​យក​ដី​ក្រុម​ហ៊ុន​ទៅ​វិញ។

តំណាង​អ្នក​តវ៉ាអ្នក​ស្រី ផាវ ញើង​ ​ដែល​បាន​ចូល​ទៅ​ដាក់​ញ្ញាត្តិ​នៅ​​ក្រសួង​មហា​ផ្ទៃ​បានឲ្យ​ដឹង​ក្រោយពី​ចូល​ទៅ​ដាក់​ញ្ញាត្តិ​ថា មន្ត្រី​ទទួល​ពាក្យ​បណ្តឹង​នៃ​ក្រសួង​មហា​ផ្ទៃបាន​បញ្ជាក់​ថា​ក្រុម​ការងារ​របស់​ក្រសួង​នឹង​ប្រជុំ​ពិនិត្យ​ទៅ​​ឯកសារ​របស់ពលរដ្ឋ និង​ថា​រៀប​ចំចេញ​លិខិត​អន្ត​រាគមន៍​ណាមួយ​ទៅ​ដល់​អ្នក​ពាក់​ព័ន្ធ​ឲ្យ​ជួយ​ដោះ​ស្រាយ​រឿង​នេះ។

អ្នក​ស្រី​ថា៖ «គាត់​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រសួង​កសិកម្ម​អ្នក​ទទួល​ខុសត្រូវ​រឿង​ហ្នឹង​ហេតុ​អីពេល​ផ្តល់​ដី​ ពេល​វាស់​ដី​ឲ្យ​ក្រុម​ហ៊ុន ខ្លួន​​ឯង​អ្នក​វាស់​ហេតុ​អី​បាន​ជារុញ​ដេញ​ឲ្យ​ទៅ​នេះ​ទៅ​នោះ​! ហើយ​គាត់​មិន​គាំ​ទ្រ​ទេ ​គា​ត់​មិន​គាំ​ទ្រ​ទេ​រាល់​ទង្វើ​អញ្ចឹង!»។

មន្ត្រី​សម្របសម្រួល​នៃអង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះ​កុងលោក អ៊ិន គង់​ចិត្រ បាន​ឲ្យ​វី​អូ​ឌី​ដឹង​ថា ការ​ដែល​ពន្យារ​ពេល​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​បានធ្វើឲ្យ​ពល​រដ្ឋ​កាន់​តែ​លំបាក​កាន់​តែ​ខ្លាំង។ លោក​ឲ្យ​ជា​ដំណោះ​ស្រាយ​ថា បើគោ​រព​តាម​សារាចរណ៍​០០១​ ​កាលពី​ឆ្នាំ​២០១២​ ដោយ​​សម្រេច​ឲ្យ​កាត់​ឆ្វៀល​ដី​ដែល​ក្រុម​ហ៊ន​ធ្វើ​ប៉ះ​ដីប្រជា​ពល​រដ្ឋ​នោះលោកថា បញ្ហា​នោះ​នឹង​អាច​​ដោះ​ស្រា​យបាន។

បើ​តាម​ពល​រដ្ឋ​ដែល​មក​ដាក់​ញ្ញាត្តិ​នោះ​ថា​ដី​ស្រែ​ និង​ចម្ការ​របស់​ពួកគេ​ដែលត្រូវ​បា​នក្រុម​ហ៊ុន​នោះ​​យក​មាន​ចំនួន ៧៨២,១៦ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ