ក្រសួងថាឆ្នាំនេះជំងឺគ្រុនឈាមអាចនឹងរាតត្បាតទ្រង់ទ្រាយធំ

រូបភាពពី healthorange

ក្រសួងសុខាភិបាលថាឆ្នាំ២០១៨​ គឺជាឆ្នាំដែលត្រូវដល់វដ្ត​នៃការរាតត្បាតខ្លាំង​នៃជំងឺគ្រុនឈាម ហើយក្រសួងជំរុញឲ្យ​ភាគីពាក់ព័ន្ធក្តាប់អោយបាននូវសភាពការជំងឺនេះ​ និងចាត់វិធានការបន្ទាន់។

កាលពីថ្ងៃទី ០១ ខែកុម្ភៈកន្លងទៅកម្មវិធីជាតិប្រយុទ្ធនិងជំងឺគ្រុនឈាម ប៉ារ៉ាស៊ីតសាស្ត្រ និងបាណក​សាស្ត្រ នៃក្រសួងសុខាភិបាលបានចេញនូវ សេចក្ដីជូនដំណឹង និងអនុសា​សន៍​​ ស្តីអំពីស្ថានភាព​ជំងឺគ្រុនឈាម​ឆ្នាំ​២០១៨។

ក្រសួងសុខាភិបាលបានលើកឡើងថាការទស្សន៍តាមបែបអេពីដេមីសាស្ត្រសំគាល់ឃើញថាស្ថានភាពជំងឺគ្រុនឈាមនិងមានការរាតត្បាតខ្លាំងនៅរៀងរាល់ ៥ ទៅ ៦ឆ្នាំម្តង មានន័យថា ឆ្នាំ២០១៨​គឺជាឆ្នាំដែលត្រូវដល់​វដ្ត​នៃការរាតត្បាតធំម្តងទៀត បន្ទាប់ពីការរាតត្បាតចុងក្រោយគឺឆ្នាំ ២០១២។

ក្រសួងបន្តថាជំងឺគ្រុនឈាមនេះបង្កឡើងដោយវីរុសដាំងដែលមានបួនប្រភេទ គឺវីរុស DENV1 DENV2 DENV3 និង DENV4 ដែលចំលងទៅមនុស្សតាមរយៈមូសខ្លាញីខាំ។

ក្រសួងសុខាភិបាលបន្ថែមថា ក្នុងអំឡុង ៣សប្តាហ៍ដំបូងនៃឆ្នាំ២០១៨ នេះករណីជំងឺគ្រុនឈាមសរុបមានចំនួន ៣១៦ ករណី(ស្លាប់១ករណី) ដែលចំនួននេះមានការកើនឡើងចំនួន១៣០% បើប្រៀបធៀបទៅនឹងរយៈពេល​ដូចគ្នា​​ក្នុងឆ្នាំ ​២០១៧ មានតែ១៣៨ករណី (គ្មានអ្នកស្លាប់)។

ក្រសួងក៏លើកឡើងដែរថា តាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមរបស់កម្មវិធីជាតិ​ប្រយុទ្ធនឹងជំងឺគ្រុនឈាម​ឃើញ​ថា ជំងឺគ្រុនឈាមឆ្នាំ ២០១៧ បានថយចុះចំនួន ១២០% បើប្រៀបធៀបឆ្នាំ ២០១៦ ប៉ុន្តែវាកើនឡើងលើ​មនុស្ស​ពេញវ័យ និង មនុស្សចាស់ច្រើនក្នុងអំឡុងពេល ៣ ឆ្នាំចុងក្រោយនេះ ។

ក្រសួងបន្តថាដើម្បីគ្រប់គ្រងហានិភ័យនៃការរាតត្បាតដោយជំងឺគ្រុនឈាមឆ្នាំ ២០១៨ នេះបានទាន់ពេលវេលា កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមអំពាវនាវដល់កម្មវិធីគ្រុនឈាមទូទាំងប្រទេស គ្រូពេទ្យព្យាបាល និង​ប្រជា​ពលរដ្ឋ សិស្ស និសិ្សត ក៏ដូចជាក្រសួងមន្ទីរពាក់ព័ន្ធឲ្យចូលរួមសហការ ដើម្បីកាត់បន្ថយ​អត្រា​ឈឺ និងស្លាប់ដោយ​សារជំងឺគ្រុនឈាម និង រាយការណ៍ពីករណីជំងឺ​តាម​រយៈលេខ ១១៥ ដោយឥតគិតថ្លៃគ្រប់​ប្រព័ន្ធ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ