គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារនេះកិនបំផ្លាញផលិតផលជាង ៦០តោនដែលរកឃើញថា អាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។
ពិធីកិនបំផ្លាញផលិតផលក្លែងក្លាយ នៅព្រឹកនេះ ធ្វើឡើងនៅទីលានចាក់សំរាមបឹងជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពិធីនេះដែល មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង តំណាងទូត ក្រសួងពាក់ព័ន្ធ ស្ថាប័នតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវ ឲ្យស្ថាប័ន្ធពាក់ព័ន្ធពង្រឹងការទប់ស្កាត់ និងឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលសម្អាង ក៏ដូចជាផលិតផលផ្សេងៗ ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាពនិងអាយុជីវិត។
លោកបន្តែមថា៖«ប្រសិនបើយើងមិនបានទប់ស្កាត់ឲ្យបានទាន់ពេលវេលា គ្រឿងសម្អាងក្លែងក្លាយទាំងនោះ វានឹងត្រូវចែកចាយនៅលើកទីផ្សារនៅក្នុងព្រះរាជណាចក្រកម្ពុជាទាំងមូល ហើយអ្នកដែលទទួលរងគ្រោះ គឺប្រជាពលរដ្ឋ គឺអ្នកដែលប្រើប្រាស់ឬ ក៏អាចនិយាយថាយើងទាំងអស់គ្នាតែម្ដង ហើយយើងខាតបង់ ថវិកាផង និងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរផង ហើយក៏អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ក៏អាចថាបានដែរ»។
ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ លោក មៀច សុផាន់ណា លើកឡើងថា ផលិតផលក្លែងក្លាយដែលបង្ក្រាបបានហើយយកមកបំផ្លាញនេះរួមមានថ្នាំលាបសក់ ថ្នាំអប់សក់ សាប៊ូលាងមុខ សាប៊ូកក់សក់ ម្សៅលាបមុខ ឡេលាបស្បែក ក្រេមលាបមាត់ ស្បៃយ៍បាញ់សក់ ទឹកអប់ ជាដើម។ លោកបន្តថា ផលិតផលគ្រឿងសម្អាងទាំងនេះ ភាគច្រើនផលិតនៅក្នុងប្រទេសកម្ពុជា ហើយនាំចេញទៅក្រៅរួចទើបនាំចូលមកលក់នៅកម្ពុជាវិញ ដើម្បីឲ្យប្រជាពលរដ្ឋជឿជាក់ថាផលិតមកពីក្រៅប្រទេស។
លោកថា៖«ដើម្បីបោកបន្លំប្រជាពលរដ្ឋ ក៏ដូចជាអ្នកចែកចាយគ្នាសុចរិតទៀងត្រង់ហ្នឹង ឲ្យគិតថា របស់ហ្នឹង នាំចូលពីបរទេស វេចខ្ចប់ ច្រកអី ចូលដប ចូលស្បោង ចូលកញ្ចប់អីស្រួលបួលឡើងកុងទីន័រ ឆ្លងកាត់ច្រក បកមកវិញអាហ្នឹង ដូចថាមកពីជប៉ុន ធ្លាក់នាយសមុទ្រណាមកដល់កម្ពុជាវិញ»។
លោកបន្តថា ម្ចាស់ចែកចាយ ឬ លក់ផលិតផលក្លែងក្លាយទាំងនោះមួយចំនួនកំពុងជាប់ពន្ធនាគារ ហើយខ្លះទៀតតុលាការកំពុងបន្តនីតិវិធី។
នេះជាលើកទី២ ហើយដែលគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃបានកិនបំផ្លាញគ្រឿងសម្អាងនៅដើមឆ្នាំនេះ បន្ទាប់ពីរកឃើញថា អាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។
កាលពីថ្ងៃទី៧ ខែមីនា កន្លងមក មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង មន្ត្រីកាំកុងត្រូល បានដុតបំផ្លាញផលិតផលក្លែងក្លាយ និងខូចគុណភាពទម្ងន់ជាង១០តោន បន្ទាប់ពីរឹបអូសបានពីឈ្មួញដែលចែកចាយនៅលើទីផ្សារ។
បើតាមរដ្ឋធម្មនុញ្ញមាត្រា៧២ចែងថា រដ្ឋាភិបាលត្រូវហាមឃាត់ត្រូវផ្តន្ទាទោសជាទម្ងន់ដល់ជនណាដែលនាំចូល ផលិត ទំនិញក្លែងក្លាយ ហួសរយៈពេលប្រើដែលប៉ះពាល់ដល់សុខភាព និងជីវិតអ្នកប្រើប្រាស់។