វិភាគ៖ តើការយាយីអ្នកសារព័ត៌មាន ដែលហ៊ានរិះគន់រដ្ឋាភិបាល ប៉ះពាល់ដល់ការជំរុញអភិបាលកិច្ចទេ?

លោក ហ៊ុន សែន កាលពីពេលកន្លងទៅ (រូបភាព Reuters)

ក្នុងទិវាសេរីភាពសារព័ត៌មានសកលឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានចេ​ញលិ​ខិត​អ​ប​អរសារទរ បង្ហាញពីការខំប្រឹងប្រែងលើកកម្ពស់សិទ្ធិអ្នកសារព័ត៌មាន លាយឡំ​និងកា​រផ្តល់​ដំបូន្មាន​។

លិខិតនោះលើកឡើងថា ដោយមើលឃើញនូវភាពចាំបាច់ និងសារសំខាន់នៃកា​របញ្ចេញមតិនិងសេ​រី​ភា​ពសារព័ត៌មាន រាជរដ្ឋាភិបាលបានសម្រេច​លុបចោលទោសជាប់ពន្ធនា​គារនៃបទបរិហា​កេរ្តិ៍ពីក្រ​មព្រ​ហ្ម​ទ​ណ្ឌ​ និងបានធានាថា គ្មានពលរដ្ឋណាម្នាក់ត្រូវជាប់ទោសដោយសារការបញ្ចេញមតិឡើយ។

លិខិតដដែល បានលើកឡើងទៀតថា តាមរយៈនៃការបើកទូលាយនេះ ជំរុញឲ្យមានអង្គភាពសា​រព័​​ត៌​​​មា​​ន​ទាំ​ងជាតិ និងអន្តរជាតិ ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល និងគាំទ្របក្ស​ប្រឆាំង​ផង​ សរុ​​ប៥៣​០អ​ង្គ​ភាព កំពុងផ្សព្វផ្សាយនៅ​ម្ពុជា។

ប៉ុន្តែសារលិខិត របស់​លោក ហ៊ុន សែន ក៏បានក្រើនរំឭកឲ្យអ្នកសារព័ត៌មាន បន្តប្រកា​ន់ភ្ជា​ប់នូ​វក្រ​​​​មសីលធម៌ និងវិជ្ជាជីវៈ ដោយថាដើម្បីជៀសវាង ការផ្សាយព័ត៌មានមិនពិត បំប៉ោងសភាព​ការណ៍​រុ​ញ​ច្រានស្ថានការនយោបាយប្រទេសធ្លាក់ក្នុងស្ថានការវឹកវ អស្ថេរភាពនយោបាយ មានជម្លោះ​ប្រដា​ប់អាវុ​ធជា​ដើម។

ប៉ុ​ន្តែកន្លងទៅអ្នកសារព័ត៌មានដែលគាំទ្របក្សប្រឆាំងខ្លះ ត្រូវគេបាញ់សម្លាប់និងអ្នកសារព័ត៌មា​នដែលប្រ​កាន់វិ​ជ្ជា​ជីវៈខ្លះទៀត ត្រូវអាជ្ញាធរវា​យដំ ពេលចុះបំពេញ​ការងារ។

កាលពីឆ្នាំ២០០៨ អ្នកសារព័ត៌មានមនសិការ លោ​ក ឃឹម សំបូរ ដែលគេ​ស្គាល់​ថា មាននិន្នាការទៅរកបក្សប្រឆាំងនោះ ត្រូវ​បា​​នគេ​បាញ់​សម្លា​ប់​នៅ​​កណ្តាលទីក្រុង។ ​ជិត២០ឆ្នាំមក​នេះ ឃាត​កពិ​ត​ អាជ្ញាធ​រមិន​ទាន់​បានវែកមុខមកផ្តន្ទាទោសនៅឡើយទេ។

អតីតអ្នកយកព័ត៌មានVOD លោក​ ឡាយ សា​​មា​ន ក៏ត្រូវសន្តិសុខខ​ណ្ឌដូចពេ​ញព្រួតគ្នាវា​យនឹ​ង​ដំបង ឲ្យរង​របួស​ធ្ងន់ធ្ងរ បាក់​ថ្ពា​ល់​ខាងស្ដាំ ជាំ​ក្បាល ភ្នែក ពេ​ល​​​​ចុះ​យកព័ត៌​មាន​ជិ​ត​ទី​លានប្រជាធិបតេយ្យ អំឡុងខែមេសាឆ្នាំ២០១៤។ បណ្តឹងស្វែ​ងរ​កយុត្តិ​ធម៌របស់អ្នកសារព័ត៌មានរូបនោះ ត្រូ​វសា​​​លាដំ​បូងរា​​ជធា​នី​ភ្នំពេញ ប្រ​កាសមិនចា​ត់ការ។

ថ្មីៗនេះ​ទៀត តុលាការបានចេញដីកា បង្គាប់ឲ្យនាំខ្លួននាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ លោក ជុន ច័ន្ទ​​បុ​ត្រ ចូលមកតុលាការ ទាក់ទិននឹងសំណុំរឿង ដែលលោក ជុន ច័ន្ទបុត្រ ចូលពន្ធ​នាគា​រជា​មួយម​ន្ត្រី​​ប​​​ក្សប្រឆាំង កាលពីខែមុន ដើ​ម្បី​ជួ​​បអ្នកនយោ​បាយ និង​អ្ន​កវិ​​ភាគ ដែល​​កំពុ​​ងឃុំខ្លួ​ននៅ​ពន្ធ​នា​គា​រព្រៃ​ស។

វិទ្យុអាស៊ីវសេរី និងVOD រួមទាំងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត ត្រូវបានគេមើលឃើញថា ហ៊ានរិះគន់​និងចា​ក់ផ្សាយពីភាពខ្វះចន្លោះ របស់មន្ត្រីរដ្ឋាភិបាល។

តើការយាយីអ្នកសារព័ត៌មាន ដែលហ៊ានរិះគន់រដ្ឋាភិបាលនឹងប៉ះពាល់ដល់ការជំរុញអភិបាលកិច្ចទេ?

ករណីនេះ អ្នកធ្វើការផ្នែកសារព័ត៌មានយល់ឃើញផ្សេងៗគ្នា។ ប្រធានក្លឹមអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា​ លើកឡើងថា អ្នកសារព័ត៌មានវិជ្ជាជីវៈ និងក្រមសីលធម៌ ពិតជាបានជួយជំរុញ តម្លាភាព ដល់​ការអ​ភិ​វ​ឌ្ឍជាតិ។

ប៉ុន្តែលោក ប៉ែន បូណា យល់ថា អ្វីដែលបានកើតឡើងលើ លោក ឡាយ សា​​មា​ន និងលោក ជុន ច័ន្ទ​បុត្រ លោកថា ជាបទពិសោធន៍មួយ សម្រាប់អ្នកសារព័ត៌មាន និងស្ថិតក្នុងការឃ្លាំមើលនៅឡើយ តែ​លោកថា ករណីនេះ​នឹងមិ​នធ្វើឲ្យអ្នកសារព័ត៌មានភ័យខ្លាច រហូតលែងហ៊ានសរសេរ រិះគន់​ជំ​រុញ​​ឲ្យមា​នអភិ​បាលកិច្ចនោះទេ។

លោកថា៖ «ខ្ញុំថាយើងមិនគួនឹងភ័យខ្លាចអីទេ ផ្ទុយទៅវិញយើងគួតែបន្តលើកកម្ពស់អាជីពវិជ្ជាជីវៈរបស់យើង  ឲ្យបានកាន់តែខ្លាំងឡើងថែមទៀត ដើម្បីលើកតម្លៃពីវិជ្ជាជីវៈ របស់អ្នកសារព័ត៌មានឲ្យកាន់តែមានតម្លៃ​ក្នុង​សង្គម។ ដើម្បីឲ្យមានតម្លៃ យើងត្រូវចាប់ផ្តើមពីខ្លួនយើង អ្នកដែលមានវិជ្ជាជីវៈហ្នឹង យើងត្រូវធ្វើ​ម៉េចខិតខំ​គោរពក្រមសីលធម៌ ហើយអនុវត្តវិជ្ជាជីវៈនឹងឲ្យបានល្អឲ្យយើងមានតម្លៃ ហើយបន្ទាប់​មកទើបយើ​ង​អាច​ដាក់​សម្ពាធ ហើយបន្ទាប់មកទើបធ្វើឲ្យសង្គមទទួលស្កាល់តម្លៃរបស់យើងតាមហ្នឹងដែរ»។

របាយការណ៍របស់អ្នករាយការណ៍គ្មានពំ្រដែនស្ដីពី «សន្ទស្សន៍សេរីភាពសារព័ត៌មាន» ចេញផ្សាយកាលពីចុងខែមេសាឆ្នាំ២០១៧ បានចាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជាថា កាន់ តែអាក្រក់ ដោយ​អង្គកា​រ​នេះ​​​រ​កឃើញថា កម្ពុជាបានធ្លាក់ចុះ៤ចំណាត់ថ្នាក់ ពីលេខ១២៨នៅឆ្នាំ២០១៦ មកលេ​ខ១​៣២​នៅ​ឆ្នាំ២​០១៧។

នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធ លើ​កឡើងថា ការប្រើហិង្សាលើអ្នកយកព័ត៌មានVOD លោក ឡាយ សា​​មា​ន និងចំណាត់ការ​ទៅលើនា​យ​ក​វិទ្យុអា​ស៊ីសេរី លោក ជុន ច័ន្ទបុត្រ លោកថា ហាក់បា​នកើតឡើងជា​បន្តបន្ទាប់ទៅលើ​កអ្នកសារព័​ត៌​មា​ន​​​ដែល​ហ៊ាន សរសេររិះគន់ របស់រដ្ឋាភិបាល។

លោក មឿន ឈានណារិទ្ធ យល់ថា ករណីនេះ ជាការដាក់សម្ពាធមួយ ជំរុញឲ្យអ្នកសារព័ត៌មា​នឯករាជ្យ​​ផ្សេ​ងទៀត ពិចារណាកាត់បន្ថយ សរសេរបែបជំរុញអភិបាលកិច្ច ដោយបារម្ភពីសុវត្ថិភាពផ្តាល់ខ្លួន។

លោកថា៖ «បើសិនជាអ្នកសារព័ត៌មានយើង គាត់មិនអាចដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំង មិនអាច​ដើរតួនាទីជាអ្នកបាញ់ភ្លើងហ្វាទៅទីងងឹត ដើម្បីតាមដាននូវការងាររបស់រដ្ឋាភិបាលទេ អញ្ចឹងម​ន្ត្រីរដ្ឋាភិបាល និងបំពេ​ញការងារមិនពេញលេញ ឬក៏ពេលខ្លះអាចរំលោភច្បាប់តែម្តង ដោយប្រព្រឹត្តអ្វីដែលមិនគាប់បី ដូចជាប្រព្រឹ​ត្តអំពើពុករលួយជាដើម។ អាហ្នឹងជាផលអាក្រក់ កើតឡើងចំពោះរដ្ឋាភិបាលខ្លួនឯង»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព លោគ យង់ គិមអេង លើកឡើងដែថា សង្គមប្រជាធិបតេយ្យត្រូវការ អ្នកសារព័ត៌មានឯករាជ្យ ដើម្បីបានជួយបន្ទប​ញ្ហាពលរដ្ឋនៅ​ថ្នាក់​មូ​លដ្ឋា​នឲ្យរដ្ឋាភិបាលបានដឹង ស្វែងរកដំណោះស្រាយបន្ទាន់ផងដែរ។

លោក យង់ គិមអេង វិភាគថា បើអ្នកសារព័តមានត្រូវបានយាយីជាបន្តបន្ទាប់ លោកថា នឹងធ្វើឲ្យមន្ត្រីខិ​ល​ខូ​ចបន្ត​ជិះ​សេះលែងដៃ លែងខ្វល់ពីការពង្រឹងអភិបាលកិច្ច ។

លោកថា៖ «កាលណាអ្នកកាសែតជួបការលំបាកកាន់តែខ្លាំង រដ្ឋាភិបាលខ្វះព័ត៌មាន។ កាលណារដ្ឋាភិ​បាលខ្វះ​ព័ត៌មាន មន្ត្រីថ្នាក់ក្រោម កុហករដ្ឋាភិបាល ដល់រដ្ឋាភិបាល​អត់ព័ត៌មានដើម្បីផ្ទៀងផ្ទាត់ ធ្វើឲ្យប្រ​ទេស​​ជួបវិបត្តិ។អញ្ចឹងអ្នកសារព័ត៌មានដើរតួនាទីសំខាន់ណាស់បាទ»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងប្រហាក់ប្រហែលដែរថា ក្នុងប្រទេសប្រជាធិបតេយ្យ បើរដ្ឋាភិបាលមិនបានលើកទឹកចិត្តដល់អ្នកសារព័ត៌មានឯករាជ្យទេ លោកថា រដ្ឋាភិបាលនិងមន្ត្រីជាន់ខ្ពស់មួយចំនួន រស់នៅឡោមព័ទ្ធដោយព័ត៌មានភូតកុហក។

លោក មាស នី វិភាគថា បើរដ្ឋាភិ​បាល មិ​នទទួលបានព័ត៌មានពិត ពីមន្ត្រីថ្នាក់ក្រោម របស់ខ្លួន លោកថា រដ្ឋាភិបាលអាចនឹងធ្វើការសម្រេចចិត្តខុស។

លោកថា៖ «ព័ត៌មានពិត ឬក៏គ្មានព័ត៌មានឯករាជ្យហ្នឹង គឺមន្ត្រីខិលខូច ឬមន្ត្រិថ្នាក់ក្រោ​មជាតិហ្នឹងអា​ចធ្វើអីតាមចិត្ត តាមខ្លួនឯងចង់ ដល់អញ្ចឹងទៅធ្វើខុសច្បាប់អត់មាននរណាស្រែក អត់មាននរ​ណាដឹ​ងឮ។ អញ្ចឹងបើយើងនិយាយពីអភិបាលកកិច្ចល្អ រដ្ឋាភិបាលអត់​មានការទទួល​បានព័ត៌មា​នត្រឡប់ណា​មួយដែល​ជាការពិតទេ គឺទទួលបានតែការកុហកតគ្នា ដូចដែលយើងឃើញមកដល់ពេលនេះ។ ថ្ងៃក្រោយទៅ​បញ្ហា​វា​ធ្លា​​ក់​មកលើ រដ្ឋាភិបាលទៅវិញទេ បើកាលណារដ្ឋាភិបាលមិនព្រមទទួលយកព័ត៌មានពិត ថ្ងៃក្រោ​យទៅ​ដោះ​​ស្រាយបញ្ហាសង្គមអត់រួច បាត់បង់សន្លឹកឆ្នោតដដែលទេ»។

សរុបសេចក្តីទៅ ទាំងអ្នកធ្វើការផ្នែកសារព័ត៌មាន ទាំងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម អះអាងប្រហា​ក់ប្រហែ​លគ្នាថា ការបាត់បង់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈឬអ្នកសារព័ត៌មានឯករាជ្យ​ពួកគេថា រដ្ឋាភិ​បា​លនឹ​ង​មិនអាចជំរុញអភិបាលកិច្ចល្អបានទេ ក្នុងសង្គមប្រជាធិបតេយ្យនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ