បទយកការណ៍៖ មូលហេតុជុំវិញការដួលសន្លប់របស់កម្មកររោងចក្រ

កម្មកររោងចក្រ

នៅវេលាម៉ោងប្រមាណ​ ៧ព្រឹក គេឃើញ ក្រុមកម្មករ កម្មការិនី នាំគ្នាដើរតម្រង់ជាជួរៗ តាមដងវិថីសងខាងផ្លូវវេងស្រេង ដើម្បីឆ្ពោះទៅកន្លែងធ្វើការ ដូចសព្វមួយដង។

នៅលើផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺជាតំបន់ប្រមូលផ្ដុំ ទៅដោយបណ្ដារោងចក្រកាត់ដេរសំលៀកបំពាក់ និងរោងចក្រស្បែងជើង។ ហើយ ក៏ជាកន្លែង ដែលមានក្រុមកម្មករ ពីបណ្ដាខេត្តនានា មករស់នៅ និងធ្វើការនៅទីនេះ យ៉ាងច្រើនកុះកុរ។

ឈរខាងមុខរោងចក្រ​​ ដើម្បីត្រៀមចូលកន្លែងធ្វើការ កម្មាការិនីម្នាក់ គឺកញ្ញា វង្ស ស្រីទូច អាយុ២៤ឆ្នាំ ឲ្យដឹងថា សព្វថ្ងៃ កញ្ញាធ្វើការនៅរោងចក្រ ញូវ អររៀន ស្ថិតក្នុងឧទ្យានរោងចក្រកាណាឌីយ៉ា និងថា បានធ្វើការ អស់រយៈពេល ៥ឆ្នាំមកហើយ។

រស់នៅផ្ទះជួល ជាមួយបងប្អូន៤នាក់ផ្សេងទៀត ស្រីទូច និយាយថា កញ្ញាមិនដែលជួបបញ្ហាសុខភាព ឬជំងឺដង្កាត់ឡើយ ដោយថា អ្នកផ្ទះតែងបរិភោគអាហារទៀងទាត់ ដែលចំអិនដោយខ្លួនឯង។

ប៉ុន្ដែកញ្ញារំលឹកថា កាលពីខែសីហាកន្លងទៅ កញ្ញាបានដួលសន្លប់ នៅក្នុងរោងចក្រជាញយដង ដោយថា ពេលនោះ កញ្ញាមានអាការៈញ័រដើមទ្រូង និងសន្លប់លែងដឹងស្មារតី។

កញ្ញាថា៖ «ខ្ញុំដូចថា ញ័រទ្រូងភឹបៗ ហើយអស់កម្លាំង សើៗ ទៅអញ្ចឹងហ្មង។ សន្លប់ម្នាក់ឯង អត់មានក្លិនអីផង ព្រោះថា ខ្ញុំញ័រខ្លួនឯង អត់ដឹងថា មានបញ្ហាអី អត់ដឹង។ អត់ទេ ញាំដូចថ្ងៃធម្មតា អត់មានញាំអីខុសផង។ ជួយតើ ខាងក្រុមហ៊ុន គាត់ទៅមើល»។

ក្រោយពីត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ កញ្ញាថា ខាងមន្ទីរពេទ្យបានពន្យល់ថា មកពីកញ្ញាខ្វះជាតិស្ករ និងមិនបានទទួលអាហារគ្រប់គ្រាន់។ កញ្ញាថា៖«អត់ដឹងថា មូលហេតុអី ដឹងថា ខ្លួនឯងញ័រដើមទ្រូង គាត់ថា ខ្វះជាតិស្ករ ឲ្យហូបផ្អែមឲ្យបានច្រើន»។

កម្មាការិនីចំនួន ៣នាក់ផ្សេងទៀត ដែលធ្វើការនៅរោងចក្រមួយនេះ អះអាងថា ពួកគាត់ក៏បានដួលសន្លប់ដោយមានអាការៈញ័រដើមទ្រូង វិលមុខ និងក្អួតចង្អោរផងដែរ។ ប៉ុន្ដែពួកគាត់ថា សុទ្ធតែមិនដឹងមូលហេតុ ដែលនាំឲ្យពួកគាត់ទៅជាភិតភ័យដូច្នេះនោះទេ ៖ ទី១- «មានអារម្មណ៍ថា ញ័រទ្រូង ដឹងថី អត់ទេ ញាំរាល់ថ្ងៃនឹងបាយហ្នឹង ពិនិត្យថា​ ខ្វះជាតិស្ករ ខ្វះជាតិស្ករ ខ្វះជាតិកាល់ស្យូម។ អត់ទេ និយាយរួម កាល់ស្យូម ខ្ញុំញាំរាល់ថ្ងៃតើ ១ថ្ងៃមួយៗ មានសន្លប់ជាបន្ដបន្ទាប់» ទី២- «ព្រោះអីធ្វើការធម្មតា​ ក្នុងខ្លួនយើងធម្មតាចឹង ពេលណា ដែលយើងសន្លប់ចឹងទៅ វិលមុខតែម៉ាភ្លែត សន្លប់ចិត្តឯង ដល់ពេលអញ្ចឹង ខ្ញុំអត់ដឹងមូលហេតុអី ហើយខ្ញុំក៏អត់ដឹងថា ខ្លួនខ្ញុំនិយាយអី ខ្ញុំអត់ដឹងដែរ»។

អគ្គលេខាសហជីព និងជាតំណាងកម្មករ នៅរោចក្រនេះ គឺអ្នកស្រី រិទ្ធិ អ៊ាម ឲ្យដឹងថា ករណីកម្មការិនីដួលសន្លប់លក្ខណៈទ្រង់ទ្រាយតូចនេះ បានកើតឡើងជាបន្ដបន្ទាប់។ ប៉ុន្ដែអ្នកស្រីថា ម្ចាស់រោងចក្រ ហាក់រកមិនឃើញមូលហេតុពិតប្រាកដនោះទេ។ យ៉ាងណាមិញ លោកស្រីនិយាយថា ពេលកម្មករដួលសន្លប់នោះ គឺកម្ដៅនៅក្នុងរោងចក្រ ឡើងខ្ពស់ ហើយធ្វើឲ្យថប់ខ្យល់ និងពិបាកដកដង្ហើម។

អ្នកស្រីថា៖ «ដូចឃើញស្រែកមួយអញ្ចឹងទៅ ដូចស្លុតតាមគ្នា ដួលព្រួសៗ អត់ដឹងមូលហេតុអី គេរកមូលហេតុអត់ឃើញ ដូចថា វាក្ដៅអីអញ្ចឹង ហប់ សន្លប់មួយ តគ្នា»។

កាលពីចុងខែកញ្ញាឆ្នាំ២០១៧កន្លងទៅ កម្មការិនីប្រមាណ១៣០នាក់ ដែលធ្វើការនៅរោងចក្រមួយកន្លែងឈ្មោះ «ឥណ្ឌូចិនអិមភ័ររៀល» ស្ថិតក្នុងខេត្តកណ្ដាល បានដួលសន្លប់ជាបន្ដបន្ទាប់ ដោយមន្ដ្រីជំនាញសង្ស័យថា បណ្ដាលមកក្លិនគីមី ដែលភាយចេញពីសម្ភារៈចាស់ៗ នៅក្នុងរោងចក្រ។

កម្មការិនីរោងចក្រម្នាក់ ដែលបានដួលសន្លប់ក្នុងហេតុការណ៍នេះ គឺកញ្ញា វិន សុខម៉ា អាយុ២០ឆ្នាំ រៀបរាប់ថា នៅថ្ងៃនោះ មានក្លិនឆ្អាប ភាយចេញ ដែលធ្វើឲ្យកម្មការិនីជាច្រើននាក់ ទៅជាថប់ដង្ហើម ទន់ដៃទន់ជើង និងដួលសន្លប់។ ការដួលសន្លប់នេះ កញ្ញា សុខម៉ា អះអាងថា មិនមែនមកពីបញ្ហាកង្វះអាហារូបត្ថម្ភ ឬការបរិភោគមិនគ្រប់គ្រាន់នោះទេ។

កញ្ញាថា៖ «​ខ្ញុំឃើញគេរត់ ខ្ញុំក៏រត់ចេញក្រៅដែរទៅ ដល់ពេលថ្ងៃទី២ គេឲ្យខ្ញុំចូលមក ធំឈ្ងៀម ពេលហ្នឹង ខ្ញុំគ្រាន់តែធំ ខ្ញុំក៏ហៅគ្នាខ្ញុំថា ពាក់ម៉ាស់ទៅ ធំឈ្ងៀមទៀតហើយ ខ្ញុំក៏សន្លប់ភ្លាមតែហ្មង»។

ប្រធានសហជីពមូលដ្ឋាន លោក ជួប កល់ ឲ្យដឹងថា ករណីនេះ ថៅកែរោងចក្រ និងមន្ដ្រីក្រសួងការងារបានចុះទៅត្រួតពិនិត្យដោយផ្ទាល់។ ហើយ រកឃើញថា គឺបណ្ដាលមកពី ក្លិនគីមីម្យ៉ាង ដែលភាយចេញពីឡចំហាយ ផ្លិតទឹក និងម៉ាស៊ីនបឺតខ្យល់ នៅក្បែរកន្លែងធ្វើការ របស់កម្មករ។

លោកពន្យល់ថា ក្លិននោះមានរយៈពេលតែ ១០នាទីប៉ុណ្ណោះ។ ប៉ុន្ដែបាននាំមកនូវក្លិនឆ្អាប ដែលធ្វើឲ្យកម្មាការិនីទាំងនោះ ពិបាកដកដង្ហើម វិលមុខ ក្អួតចង្អោ និងដួលសន្លប់តែម្ដង។

លោកថា៖ «ចំណុច ដែលបណ្ដាលឲ្យកម្មករដួលសន្លប់ គឺទី១ បណ្ដាលមកពីឡចំហាយ អាឡចំហាយ គាត់ធ្វើជិតផ្លិតទឹក ពេលដែលឡ យើងដុតទៅ អាខ្យល់ឧស្ម័នហ្នឹង ផ្សែងហ្នឹង ពេលដែលខ្យល់បក់ចូលមក វាចូលអាក្នុងផ្លិតទឹក ពេលហ្នឹង វាមានក្លិន ជាទូទៅរោងចក្រយើងឧបករណ៍ វាមិនសូវល្អ បរិយាកាសជុំវិញហ្នឹង គឺអត់សូវល្អ អញ្ចឹង បរិយាកាសហ្នឹងហើយ ដែលនាំឲ្យខ្យល់ចូលរោងចក្រ បង្កើតជាក្លិន។​ ក្លិនហ្នឹងដូចខុសធម្មតា ក្លិនឆ្អាប ធ្វើឲ្យយើងឈឺក្បាល ពិបាកដកដង្ហើម នេះជាមូលហេតុ»។

ករណីកម្មករដួលសន្លប់នេះ បានកើតឡើងជាញឹកញាប់ ប៉ុន្ដែហាក់មិនទាន់រកឃើញមូលហេតុច្បាស់លាស់នោះទេ។ ហើយបញ្ហានេះ បានក្លាយជាកង្វល់របស់ប្រមុខរដ្ឋាភិបាលទៀតផង។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅសង្កាត់ចាក់អង្រែលើ កាលពីថ្ងៃទី២៧កញ្ញាកន្លងទៅ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រាប់ឲ្យភាគីពាក់ព័ន្ធ ធ្វើការពិនិត្យ និងកែលំអរោងចក្រ ឲ្យបានល្អប្រសើរឡើងវិញ ដោយថា ដើម្បីបញ្ចៀសការដួលសន្លប់របស់កម្មករ។

លោកថ្លែងថា៖ «តំបន់រោងចក្រ ដែលនៅតែបន្តមានការដួលសន្លប់របស់កម្មករក៏ត្រូវតែពិនិត្យមើលថា តើ ត្រូវកែលំអវាយ៉ាងណា ដើម្បីបញ្ជៀសការគ្រោះថ្នាក់ទាក់ទង់នឹងការដួលសន្លប់ របផផផផផឆឆថងស់កម្មករ កម្មការនី របស់យើង»។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា តាមការស្រាវជ្រាវកន្លងមក ករណីកម្មករដួលសន្លប់ គឺកើតដោយសារបញ្ហាបរិយាកាសក្នុងក្រុមហ៊ុនមិនល្អ បញ្ហាជាតិគីមី ការធ្វើការងារលើសម៉ោងនិងលើសកំលាំង គួបផ្សំនឹងកង្វះអាហាររូបត្ថម្ភជាដើម។ លោកស្នើថា រដ្ឋាភិបាលចាំបាច់ត្រូវរកវិធីសាស្ដ្រ ដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីកុំឲ្យកម្មករបន្ដដួលសន្លប់។

លោកថា៖ «ទី១គឺរដ្ឋាភិបាលត្រូវជំរុញឲ្យក្រុមហ៊ុនរៀបចំសង់រោងចក្រឲ្យតាមស្តងដាចំពោះពន្លឺកំដៅ ទំហំឲ្យទូលាយ ហើយត្រូវមានខ្យល់ចេញចូលឲ្យបានត្រឹមត្រូវ ទី២គឺត្រូវទុកដាក់សារធាតុគីមី ឬវត្ថុដែល ហុយហ្នឹងឲ្យបានល្អ បន្ទាប់មកត្រូវកាត់បន្ថយការធ្វើការថែមម៉ោងឬការងារដោយបង្ខំឲ្យខានតែបានចុង ក្រោយតម្លើងប្រាក់ឈ្នួលឲ្យបានច្រើន ហើយធ្វើកម្មវិធីណែនាំឲ្យគាត់ហ្នឹងហូបអាហារដែលមានជីវជាតិ និងត្រូវសម្រូលដល់ការថ្នាក់នៅ និងការធ្វើដំណើររបស់គាត់ឲ្យបានល្អនោះខ្ញុំគិតថា បាត់ហើយលេងការ ដួលសន្លប់ទៀតហើយ»។

បើតាមរបាយការណ៍របស់សហព័ន្ធសហជីពស៊ីខៅឌូ នៅកម្ពុជា មានកម្មករប្រមាណជាង ៧០ម៉ឺននាក់។ ហើយថា នៅឆ្នាំ២០១៦ ក្នុងចំណោមរោងចក្រចំនួន១៨ទូទាំងប្រទេស មានកម្មកររោងចក្រចំនួន ១ ១៦០នាក់ ​បានដួលសន្លប់។ ករណីកម្មករដួលសន្លប់នេះ ភាគច្រើនកើតឡើងដោយសារ បញ្ហាកង្វះអាហារូបត្ថម្ភ កង្វះឈាម ភិតភ័យ និងបញ្ហាផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ