លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងប្រារព្ធពិធីបួងសួងសុំសេចក្តីសុខដល់ប្រទេសកម្ពុជា បានសម្រេចថា មិនបិទមជ្ឈមណ្ឌលសិទ្ធិ មនុស្សកម្ពុជានោះទេ មួយសប្ដាហ៍បន្ទាប់លោកបានបញ្ជាឲ្យពិនិត្យមើលផ្លូវច្បាប់ដើម្បីបិទអង្គការសិទ្ធិមនុស្សមួយនេះ។ នេះដោយយោងតាមសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល។
កាលពីសប្ដាហ៍មុន លោក ហ៊ុន សែន បានបញ្ជារទៅក្រសួងមហាផ្ទៃ ឲ្យពិនិត្យមើលផ្លូវច្បាប់ដើម្បីបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សមួយនេះ ដោយចោទថា អង្គការនេះត្រូវបានបង្កើតឡើងក្រោមការបង្គាប់បញ្ជាពីជនបរទេស និងមានជាប់ពាក់ព័ន្ធនឹងមេដឹកនាំអតីតគណបក្សសង្ក្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំ។
លោក ហ៊ុន សែន បានថ្លែងថា៖ «ការពិតមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅទីក្រុងភ្នំពេញ អាហ្នឹងត្រូវតែបិទចោល ព្រោះអាហ្នឹងធ្វើតាមបរទេសណា! អាហ្នឹងគួរមើល! ក្រសួងមហាផ្ទៃគួរមើល! ព្រោះអាហ្នឹងគឺថា បរទេសជាអ្នកឲ្យបង្កើតណា មិនមែនខ្មែរអ្នកបង្កើតទេ! បរទេសជាអ្នកឲ្យបង្កើតណា! មើលអាមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅភ្នំពេញហ្នឹងមួយទៀត។ […] អញ្ចឹងទេ អានេះបរទេសឲ្យបង្កើត អាហ្នឹងវាខុសរឿង»។
សារព័ត៌មាន Fresh News ដែលតែងតែអះអាងអំពីការសម្ភាសផ្ដាច់មុខជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ បានចុះផ្សាយថា ក្នុងពិធីបួងសួងសុំសេចក្ដីសុខនៅឯប្រសាទអង្គរវត្តកាលពីម្សិលមិញ លោក ហ៊ុន សែន បានថ្លែងថា ដោយតាមការស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃ ឃើញថា មជ្ឈមណ្ឌលសិទ្ធិមនុស្សនេះ មិនមានសកម្មភាពល្មើសច្បាប់ ហើយជួយលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ លោកនាយករដ្ឋមន្ត្រីត្រូវបានដកស្រង់សម្ដីចុះផ្សាយថា លោកសម្រេចមិនបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានោះទេ។
ទោះបីជាយ៉ាងណា វីអូឌី មិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននៅឡើយទេ ដោយទូរសព្ទហៅចូលតែគ្មានអ្នកទទួល។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បង្ហាញសេចក្ដីរីករាយ បន្ទាប់ពីលោក ហ៊ុន សែន បានសម្រេចបែបនេះ។
អ្នកស្រី ចក់ សុភាព បានលើកឡើងនៅលើហ្វេសប៊ុករបស់អ្នកស្រីថា៖ «សេចក្ដីសម្រេចនេះ ជាកត្តាមួយ ដែលអនុញ្ញាតឲ្យក្រុមការងាររបស់មជ្ឈមណ្ឌល មានលទ្ធភាពបន្តផ្ដោតការយកចិត្តទុករបស់ខ្លួនលើបេសកកម្មលើកកម្ពស់ការគោរព និងការការពារសិទ្ធិមនុស្សនៅកម្ពុជា»។
សកម្មជនការពារសិទ្ធិមនុស្សរូបនេះ បានអះអាងអំពីជំហរឯករាជ្យ តម្លាភាព សមភាព និងការមិនរើសអើងរបស់ក្រុមសិទ្ធិមនុស្សមួយនេះ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០២ ដោយលោក កឹម សុខា ដែលក្រោយមកបានលាឈប់ និងទៅបង្កើតគណបក្សសិទ្ធិមនុស្សនៅក្នុងឆ្នាំ២០០៧។
ទោះជាយ៉ាងណា ការបញ្ជាពីសំណាក់លោក ហ៊ុន សែន ឲ្យពិនិត្យមើលផ្លូវច្បាប់សម្រាប់បិទមជ្ឈមណ្ឌលសិទ្ធិមនុស្សបែបនេះ បានកើតឡើងតែពីរបីខែប៉ុណ្ណោះក្រោយពីរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទអង្គការសង្គមស៊ីវិលបរទេសមួយចំនួនដែលដំណើរការនៅក្នុងប្រទេសកម្ពុជា។
លោក ហ៊ុន សែន បានបញ្ជាឲ្យបិទអង្គការសិទ្ធិមនុស្សបែបនេះ បន្ទាប់ពីការចាប់ខ្លួនមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា ដែលត្រូវបានរដ្ឋាភិបាលចោទថា «ក្បត់ជាតិ» និង «ឃុបឃិតជាមួយជនបរទេស» មានគោលបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។
ការបង្ក្រាបទៅលើអង្គការសង្គមស៊ីវិល គណបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដទៃទៀត បានជំរុញឲ្យមានការរិះគន់ពីសហគមន៍អន្តរជាតិ ដោយចាត់ទុកថា កម្ពុជាកំពុងធ្វើដំណើរចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ៕