គណបក្សប្រឆាំងត្រៀមប្ដឹងឈ្មោះជនជាតិវៀតណាមខុសលក្ខខណ្ឌសញ្ជាតិជាង៣ពាន់ករណីនៅភ្នំពេញ

គណបក្សប្រឆាំងអះអាងថា ខ្លួនបានរកឃើញឈ្មោះជនជាតិវៀតណាមខុសលក្ខខណ្ឌនៃការចូលសញ្ជាតិខ្មែរប្រមាណ៣ពាន់ករណីនៅទីក្រុងភ្នំពេញ ដោយថានឹងប្ដឹងឲ្យលុបឈ្មោះជនទាំងនោះចេញពីបញ្ជីឈ្មោះ​បោះឆ្នោត។

លោក ម៉ន ផល្លា ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញបានឲ្យ VOD ដឹងថ្ងៃពុធនេះថា គណបក្សសង្គ្រោះជាតិបានរកឃើញឈ្មោះជនជាតិវៀតណាមប្រើអត្តសញ្ញណប័ណ្ណខ្មែរខុសប្រក្រតីប្រមាណ៣ ២០០ករណី ដោយថាភាគច្រើនរស់នៅសង្កាត់ច្បារអំពៅនិងសង្កាត់ផ្សេងទៀត ក្នុងទីក្រុងភ្នំពេញ។

លោកថា៖ «ក្នុងហ្នឹង ខ្ញុំគិតថាជនជាតិតិចជាងគេ មានជនជាតិថៃ២នាក់ ជនជាតិចិន១នាក់ សល់ប៉ុន្មានសុទ្ធតែជាជនវៀតណាមទាំងអស់។ មានប៉ុន្ដែវាតិច មានខ្លះ៣០ ខ្លះ៥០ តែនៅច្បារអំពៅគឺវាជិត១ ៧០០នាក់ហើយ»។

លោកអះអាងថា ជនជាតិវៀតណាមទាំងនោះបានចូលមករស់នៅប្រទេសកម្ពុជាដោយគ្មានការទទួលស្គាល់ត្រឹមត្រូវនិងខ្លះទៀតទទួលបានអត្តសញ្ជាតប័ណ្ណសញ្ជាតិខ្មែរ ដោយសារការឃុបឃិតគ្នារបស់មន្ដ្រីថ្នាក់មូលដ្ឋាន។

លោកថា៖​ «នៅក្នុងច្បាប់សញ្ជាតិ គឺចែងច្បាស់ហើយថា ជនបរទេសដែលមិនទាន់សិទ្ធិទទួលស្គាល់ដោយព្រះរាជក្រឹត្យ មិនអនុញ្ញាតអាចប្រើប្រាស់ឯកសារ ដូចជាអត្តសញ្ញាតិប័ណ្ណសញ្ជាតិខ្មែរឬអាចចុះឈ្មោះបោះឆ្នោតបានទេ ព្រោះច្បាប់សញ្ជាតិគេបានបញ្ជាក់ច្បាស់ហើយថា ដើម្បីអ្នកឯងក្លាយខ្លួនជាខ្មែរ ទាល់តែដោយព្រះរាជក្រឹត្យ»។

លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា គ.ជ.ប មិនអាចគ្រប់គ្រងទិន្នន័យចំនួនជនបរទេសដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរបានឡើយ។ លោកបន្ថែមថា ឲ្យតែជនបរទេសទាំងនោះកាន់អត្តសញ្ញាតិប័ណ្ណសញ្ញាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ គឺសុទ្ធតែអាចបោះឆ្នោតទាំងអស់។

លោកថា៖ «ឲ្យតែមានកាន់កាត អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរប្រភេទចាស់ទី១ ទី២ និងប្រភេទថ្មី ហើយក្នុងករណីគាត់អត់មាន គាត់មានសំបុត្រកំណើត គាត់រកសាក្សី គាត់ទៅសុំបញ្ជាក់លិខិតអត្តសញ្ញាណ ដើម្បីចុះឈ្មោះបោះឆ្នោត គឺគាត់ខ្មែរ។ អ៊ីចឹង នៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អត់ដាក់ថាអ្នកនេះ ត្រូវធ្វើសញ្ជាតូបនីយកម្មអ្នកស្អី អត់មានបញ្ជាក់ទាំងអស់ ហើយមន្ដ្រីបោះឆ្នោតនៅមូលដ្ឋានគាត់អត់ជំនាញរឿងហ្នឹងទេ»។

ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ លោក ម៉ន ផល្លា ឲ្យដឹងថា លោកនឹងដាក់ពាក្យបណ្ដឹងឲ្យលុបឈ្មោះជនជាតិវៀតណាមទាំងនោះ​ ក្នុងកំឡុងពេលបិទផ្សាយបញ្ជីឈ្មោះដំបូង ដោយលោកថា ដើម្បីកុំឲ្យជនបរទេសទាំងនោះអាចសម្រេចជោគវាសនាជាតិនាថ្ងៃបោះឆ្នោតខាងមុខ។

ពាក់ព័ន្ធករណីនេះ គ.ជ.ប បញ្ជាក់ថា អ្នកពាក់ព័ន្ធអាចប្ដឹងទៅក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងរយៈពេល១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។

ក្នុងករណី ក្រុមប្រឹក្សាឃុំសង្កាត់បដិសេធបណ្ដឹងតវ៉ា ឬបណ្ដឹងជំទាស់ ពួកគេអាចប្ដឹងបន្ដទៅ គ.ជ.ប ក្នុងរយៈពេល៥ថ្ងៃយ៉ាងយូរ និងអាចប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញទៀត បន្ទាប់ពីទទួលបានសេចក្ដីសម្រេចរបស់ គ.ជ.ប។ ចុងក្រោយ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា។

គួរបញ្ជាក់ថា ការបិទផ្សាយបញ្ជីឈ្មោះដំបូង មានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃ១៤ ខែមករា ឆ្នាំ២០១៧។

បើតាម គ.ជ.ប មានអ្នកចុះឈ្មោះបោះឆ្នោតសរុបបានចំនួន ៧,៨៦៨,៤២៩ នាក់  ប៉ុន្តែក្នុងនោះត្រូវលុបចេញពីបញ្ជីបោះឆ្នោតដំបូងមានចំនួន ៨,៣៦៥ នាក់ និងឈ្មោះដែលត្រូវបានលុបចេញពីទិន្នន័យរួចរាល់នេះមានចំនួន ២,៧៣៧ នាក់ ដោយសារទិន្នន័យនៅសល់ពីការចុះឈ្មោះសាកល្បងនិងការផ្ទេរការិយាល័យឃុំ-សង្កាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ