គៀត សុវណ្ណាឡាង ​​​​បំភ្លេច​អាជីព​ចម្រៀង

កញ្ញា ​គៀត សុវណ្ណាឡាង (វង្ស សុម៉ាលីន)

​ខុស​ពី​​តារា​ចម្រៀង​ភាគច្រើនដែល​ក្រោយដាច់​កុង​ត្រា​ជាមួយ​ផលិតកម្មក៏​រមែង​​ស្វះ​ស្វែង​​​ផលិត​បទ​ថ្មី​​​ផ្ទាល់ខ្លួន​ពង្រឹង​ទីផ្សារជា​ពិសេស​នៅ​ក្នុងកាលៈទេសៈ​​​ដែល​​បទ​និពន្ធ​ថ្មី​​ត្រូវ​បាន​ទទួល​ស្គាល់ អតីត​តារា​ចម្រៀង​​​​​​​​ប្រចាំ​​​ផលិតកម្ម Phleng Record របស់​ហង្សមាស កញ្ញា ​គៀត សុវណ្ណាឡាង ហាក់​បំភ្លេច​អាជីព​នេះចោលតែម្ដង។ ​​​​​

កញ្ញាថា​​អាជីព​​​​ចម្រៀ​ងខ្លួនស្រឡាញ់ តែ​ដោយសារតែ​​​​​​​​ភាព​ស្ទាក់ស្ទើរនិង​ដោយសារតែ​​​​​ចង់​​​​​​​អោយស៊ប់​​​​សម្ដែងជាង ទើបកញ្ញាសកម្ម​​​​​​​​​​​តែការងារ​​​​​​​​​​​​សម្ដែង​រឿង​​​តាំង​ពី​​ចប់កុងត្រា​ជាមួយ​ហង្សមាស។

​គៀត សុវណ្ណាឡាង បានអះអាងថា ​​​កញ្ញា​គ្មានគម្រោង​​​​បង្កើត​ក្រុម​ចម្រៀងឬ​​បង្កើត​ក្រុម​​ផលិត​បទ​ថ្មី​​​​ដូច​គ្នា​នឹង​តារា​ចម្រៀង​មួយចំនួន​ដែល​បាន​​​​ចាកចេញ​ពី​​ផលិតកម្ម​​​ចម្រៀង​នោះ​ទេ។ ​ក្នុង​នោះ​​សូម្បីតែការ​ស្វែង​រក​ទ្រនំថ្មី​ ដើម្បី​​​​​​ពង្រីកឱកាស​​​​ចេញ​ច្រៀង​ម្ដង​ទៀត​ ក៏មិនមាន​នោះ​ដែរ។

កញ្ញា​ប្រកាស​ចូល​​ស៊ប​​ក្នុងអាជីពសម្ដែង​​​១០០ភាគរយ ​បន្ទាប់ពីការ​សម្ដែង​​​ក្នុង​រឿង​របស់កញ្ញាមិនថា​​​រឿង​ភាគនិង​រឿង​ដុំ​ទទួល​ផ្លែ​ផ្កាវិជ្ជមាន។

ប៉ុន្តែ​មិនមាន​ន័យថា​កញ្ញានឹង​បំភ្លេចចោលទាំងស្រុង​​ជា​រៀ​ង​រហូតនូវ​អាជីពចម្រៀងដែលធ្លាប់តស៊ូ​នោះទេ គ្រាន់តែកញ្ញា​មិន​ចង់នឹកនានៅ​ក្នុង​កាលៈទេសៈការងារ​សម្ដែង​កុន​ទទួល​​បាន​​​ជោគជ័យ​ប៉ុណ្ណោះ។

ថ្លែង​ក្នុង​ពិធីសម្ពោធ​រឿង​​ «​ខ្មោច​​ម៉ាំមី» ​របស់​ផលិតកម្ម​ LD Picture កញ្ញា​បាន​បញ្ជាក់ថា​​​​​​​ខ្លួន​ទទួលតែការងារ​សម្ដែង​រឿង​ប៉ុណ្ណោះ បើទោះជា​​ក្នុង​រយៈ​​​​ក្រោយការ​ប្រឡូកហាក់មិ​នទាន់មានរឿង​ណាមួយដែល​កញ្ញាទទួល​សម្ដែង ហើយ​​ត្រូវ​បាន​មហាជន​​​​​​​​​​​​​​​​​​​​​​​​​​ចាប់អារម្មណ៍ខ្លាំង​ក្លា​​ដូច​គ្នា​នឹង​រឿង​ ​«​ស្នេហា​​​​​​​នៅ​វិទ្យាល័យ» កាលពីអតីតកាលដែល​កញ្ញា​​​សម្ដែង​កាលពី​​​​មុន​ចូលប្រឡូកអាជីពចម្រៀងហើយ​​​​​​​​ត្រូវ​បានមហាជន​​​​​​​​​​​​​​​​​​​​​ចាប់អារម្មណ៍។

​កញ្ញាថា​​​​​​​ការងារ​សម្ដែង​​​​​​​​​​​​​​​​​​ខ្លួន​ទទួល​ថត​ច្រើន ដោយគ្រាន់តែ​​​​​នៅ​ផលិត​កម្ម​ LD មួយ គឺ​កញ្ញាមាន​ច្រើន​រឿង​ណាស់ទៅ​ហើយ ​​ទាំង​ប្រភេទ​រឿង​ភាគនិង​រឿង​ដុំ ​បើ​ទោះជា​ក្នុ​ងរឿង​ «​ខ្មោច​នាង​ម៉ាំមី» ដែល​​កំពុង​ដំណើរ​ការ​បញ្ចាំងហើយត្រូវ​បានមហាជន​​​សរសើរ​​ថា​ជា​រឿង​ផ្ទុះ​នៅ​គ្រប់បណ្ដា​រោង​កុន​​មិនខុស​គ្នា​នឹង​រឿង​​ «​​កំណត់​ហេតុ​នាងនាថ» ​​​​​​​មិន​មានវត្តមាន​របស់កញ្ញាសម្ដែង​តួ​ឯកក៏ដោយ។

កញ្ញាថា​​ការ​សម្ដែង​ដ្បិតថា​មានការ​ប្រកួត​ប្រជែង​ពីសំណាក់​តារា​សម្ដែង​រួម​អាជីព តែ​បើធៀប​នឹង​​​ស្ថានភាព​​ជា​អ្នកចម្រៀង​ក៏មាន​​ចំណុច​ធូរជាង​នោះ​ដែរ ​​ទើបកញ្ញា​សម្រេច​ចិត្ត​​​​​​ឈរក្នុងអាជីពមួយនេះ ហើយ​​បំភ្លេច​​​ស្ទើរទាំង​ស្រុង​សម្រាប់​អាជីព​​​​ចម្រៀង​​​​ ជា​ពិសេស​គឺ​អាជីពចម្រៀង​​ជា​តារា​​កុងត្រា​នោះតែម្ដង។

កញ្ញា​​​បាន​​សរសើរ​ចំពោះ​តារា​ភាគច្រើន​ដែល​​​​​បាន​​​​ដកខ្លួន​ពីការ​សម្ដែង​ ហើយ​នៅតែ​​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង ​​ដូចជា​​អ្នកនាង​ សុខ​ សោម៉ាវត្តី ជា​ដើម ដែល​អ្នកណាក៏​​​ឃើញថា​​​ក្រៅពី​​​ផ្ទុះជាមួយ​ខ្សែរឿង​​​​រាប់មិន​អស់​កាលពី​ឆ្នាំ​​២០១៦​ហើយក៏​​​​កន្ត្រាក់​បាន​ការចាប់អារម្មណ៍​ជាមួយ​រឿង ​«​​ខ្មោច​ម៉ាំមី» ​នៅដើម​ឆ្នាំ​​២០១៧​នេះ​ទៀត។

​​កញ្ញាថា​​​​​​ខ្លួន​​​ចង់​​ល្បីឈ្មោះ​​ក្នុងអាជីពសម្ដែង​កុនទើប​សម្រេច​ចិត្ត​មិនទទួល​​​​​​ថត​ចម្រៀង ហើយ​នៅ​ត្រាំ​ត្រែង​​​​​​​​ជាមួយ​នឹង​ក្រុមផលិតករ ដោយរំពឹងថា​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​​វិថី​សិល្បៈ​រះ​ត្រដែត​​​​ខ្លាំង​ក្លា។

​គៀត សុវណ្ណាឡាង ទទួលស្គាល់ថា​ការ​ងារសម្ដែង​រីកចំរើន ​​​​​ប៉ុន្តែ​បើ​​​ធៀប​នឹង​អំឡុង​អតីតកាល​គឺ​សន្ទុះ​លេច​ធ្លោ​មិនសូវ​ដូចមុន​ប៉ុន្មានទេ ដែល​នេះអាចថា​មកពី​​​​​តារា​​​​សម្ដែង​​មានច្រើនហើយរឿងដែល​​ខាង​ផលិតករ​​​​​​ផលិតឡើង​​ក៏​ល្អ​​​​​​ដូចគ្នា ដែលធ្វើអោយរឿង​នីមួយៗ​បែកខ្ញែក​អ្នកគាំទ្រ។

យ៉ាងណា​កញ្ញា​ក៏​​​​​​​​​​​​សរសើរ​ថា ​ខ្លួន​នៅ​មានទីផ្សារ​​​​​​ល្អប្រសើរ​​​​​មិនអន់ជាង​តារា​​​​ល្បី​ៗ​នោះ​ផងដែរ ដោយសារតែ​​រឿងដែល​កញ្ញា​បានសម្ដែង​មានច្រើន​បណ្ដាក់​គ្នា ហើយរឿង​មួយចំនួនក៏ត្រូវ​គេស្គាល់​ច្រើន​​​​​​​​ដូចគ្នា។

​​កញ្ញា​​ប្រកាស​ទទួល​ថត​​​​​​​​​​​​​​​​​​ពេញ​ទំហឹង ​​​​​​​​​​​​​​​​​​​​​​​​ដោយលែង​ប្រកែកទៀត​ហើយ បើទោះជា​ការងារ​ថត​​តម្រូវអោយ​កញ្ញាលេង​កាច លេងឆ្នាស់ ឬ​​​​សម្ដែង​​ឆ្ងាយ​ៗ​នៅ​ខេត្ត​។ យ៉ាងណាមិញកញ្ញា​នៅមិនទាន់​​​​​ក្លាហាន​ហ៊ាន​ថត​ស៊ិច​ស៊ីនិង​​​​​ថត​​​របៀបស្នេហា​​​រោលរាល​នៅឡើយទេ ​​បើទោះជា​តារា​ច្រើន​នាក់អោយ​​តែ​បាន​ឆ្លង​កាត់​​​​ការ​ថត​​បែប​នោះ រមែងទទួល​បាន​​ការ​ចាប់អារម្មណ៍ ហើយជួយ​អោយ​ទីផ្សារ​របស់ពួកគេ​ឈានឡើង។

កញ្ញា​ថា​​ខ្លួន​​​​​​​​​​​​​​ពលី​នឹង​ការសម្ដែង ប៉ុន្តែ​សម្រាប់​តែ​ឈុត​​​​​​ទាំង​ឡាយ​ដែល​​គ្មានការ​រិះគន់និង​ការ​​​​​ចំអកឡកឡឺយ​ប៉ុណ្ណោះ។ ​

​​រវាង​​អាជីពសម្ដែងនិងអាជីពចម្រៀង ​កញ្ញាថា​ស្រឡាញ់​ចូលចិត្ត​ដូចគ្នា ប៉ុន្តែ​​​​សម្រាប់ពេល​នេះ​​មើលទៅ​អាជីព​ចម្រៀង​ប្រហែលជាត្រូវធីប​ចោល ហើយអាជីពសម្ដែង​នឹ​ងក្លាយជា​ឆ្នាំ​បាយ​ហើយ ​​ខណៈដែល​កញ្ញា​ក៏បាន​ប្រកាសថា​នឹង​​ចេញ​មុខ​ជួយ​​​សង្គម​​​​​​​និង​​ជួយ​​​ក្នុងគម្រោ​​ង​សប្បុរសធម៌​អោយ​បានច្រើន ​​ដើម្បីអោយ​​​កេរ្តិ៍ឈ្មោះ​​​​​ជា​តារា​សម្ដែង​របស់កញ្ញា​​​​​​​មានការឈានឡើង​មួយកម្រិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ