កម្មករ​ជិត​៦០០​នាក់​ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការងារ​ជុំ​វិញ​ការ​ទាមទារ​ប្រាក់​អតីតភាព

ក្រុម​កម្មករ​អះ​អាង​ថា កម្មការិនី​ជិត ៦០០​នាក់​នៅ​រោងចក្រ​ហ្គាវ័ន អ៊ឹមភែរៀល ស្ថិត​ក្នុង​ក្រុង​តាខ្មៅ​នោះ ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការងារ ដោយ​ពុំ​បាន​ទូទាត់​បប្រាក់​អត្ថប្រយោជន៍ បន្ទាប់​ពី​ពួកគេ​តវ៉ា​អស់​រយៈ​ពេល​ជាច្រើន​ខែ។

កាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០១៧ សាលាដំបូងខេត្តកណ្តាល បានចេញ​ដីការក្សាការពារ ដោយបង្គាប់ឲ្យកម្មកររោងចក្រហ្គាវ័ន្តចូលធ្វើវិញ បន្ទាប់ពីកម្មករទាំងនោះផ្ទុះការតវ៉ាដេកយាមរោងចក្រជាង ១០ថ្ងៃ ហើយបានដាក់ឱសានវាទរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៧ ដល់២៩ធ្នូ ដោយថា បើមិនចូលតាមកាលកំណត់ទេ ចាត់ទុកថា មានកំហុសធ្ងន់ ប៉ុន្តែ កាលនោះ មានកម្មករ​មួយចំនួនព្រមចូល ខណៈ​ដែល​កម្មករ​មួយចំនួនទៀតមិនព្រមចូលទេ។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២ ខែមករានេះ ថៅកែ​រោងចក្រ​ហ្គាវ័ន្ត លោកស្រី ឆា ក្បុងហ៊ី បានសម្រេចបញ្ឈប់កម្មករ ៥៨៥នាក់ ដោយលោកស្រីថា ការសម្រេចនេះ គឺអនុវត្តតាមដីការរបស់តុលាការ​ខេត្ត​កណ្ដាល។

ជា​កម្មករផ្នែកត្រួតពិនិត្យម្នាក់ អ្នកស្រី ថូ ណៃយៀប ប្រាប់វីអូឌីពេលកំពុងតវ៉ាមុខរោងចក្រនៅថ្ងៃទីនេះថា ក្រោយពី​ឃើញសេចក្តី ជូនដំណឹងបញ្ឈប់កម្មករច្រើនសន្ធឹកសន្ធាប់បែបនេះ ក្រុមកម្មករ​បានផ្ទុះការតវ៉ា​ម្តងទៀត ដើម្បីទាមទារឲ្យថៅកែទូទាត់ប្រាក់អតីតភាពការងារជូនពួកគាត់។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំគិត​មួយ​រយ​ភាគរយថា គាត់អត់មានចេតនាចង់គិតប្រាក់បំណាច់ឆ្នាំជូនកម្មករទេ។ បើសិនគាត់ចង់ទូទាត់គាត់មិនមែនកូរ​ក្រឡុកតាំងដើមទីមកទេ។ តាំងពីដើមទីមក បើកប្រាក់ខែឲ្យមិនទៀងទាត់ តាំងពីព្យួរការងារកម្មករខុសច្បាប់​ប.ស.ស. ក៏មិនបង់។ បើសិនគាត់មានចេតនាល្អ គាត់អត់ធ្វើអញ្ចឹងទេ តែគាត់មានចេតនាអាក្រក់ មិនចង់ឲ្យកម្មករហ្នឹងបានប្រាក់សំណងអតីតភាពដែលគេខំធ្វើការរយៈពេលប៉ុន្មានឆ្នាំហ្នឹងទេ ថៅកែហ្នឹងអាក្រក់ខ្លាំងហ្មង»។

កម្មករផ្នែកដេរ អ្នកស្រី បី សុផល ជាកម្មករម្នាក់ក្នុងចំណោមកម្មកររាប់រយនាក់ដែលត្រូវថៅកែបញ្ឈប់ពីការងារដែរនោះ អះអាងថា អ្នកស្រីធ្វើនៅរោងចក្រហ្គាវ័ន្តនេះរយៈ​ពេល១០ឆ្នាំ​ហើយ បើគិតប្រាក់អតីតភាពការងារ អ្នកស្រី​អាចទទួលបានប្រហែលជាង៤ពាន់ដុល្លារ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំនឹងជួបផលលំបាកខ្លាំងហើយ ព្រោះខ្ញុំអត់មានលុយឲ្យផ្ទះ ថ្លៃភ្លើង ហើយចិញ្ចឹមកូនទៀត។ ក្នុងគ្រួសារខ្ញុំមានគ្មាន៥នាក់ អញ្ចឹង វាលំបាកខ្លាំង ហើយយើងអត់ដឹងរកស៊ីអីផង ព្រោះយើងធ្លាប់តែធ្វើការរោងចក្រ ដល់ទៅរកស៊ីអី ក៏ពិបាកដែរ។ អញ្ចឹង បើគាត់លុបឈ្មោះខ្ញុំចោល គាត់គុណលុយអតីតភាពការងារឲ្យខ្ញុំមក»។

វីអូឌី​បាន​ព្យាយាម​ស្វែង​រក​ការ​បកស្រាយ​ពី​មន្ត្រី​​រដ្ឋបាលរោងចក្រ លោក ម៉ៃ និម្មិត ប៉ុន្តែពុំ​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

ទោះជាយ៉ាងណា លោក ម៉ៃ និម្មិត ប្រាប់វីអូឌីកាល​ពី​ចុង​ខែ​ធ្នូ​កន្លង​មក​ថា ក្រុមហ៊ុនមិនមានគម្រោងបិទរោងចក្រគេចវេសពីការទូទាត់សំណងជូនកម្មករនោះទេ។

ចំណែក​ឯ​ប្រធានមន្ទីរការងារខេត្តកណ្តាល លោក ធុល នាង  អះ​អាង​កាលពី​ចុង​ខែ​ធ្នូ​កន្លង​មក​ថា ករណីវិវាទការនៅរោងចក្រហ្គាវ័ន្តនេះ បានឆ្លងផុតពីដៃមន្ទីការងារខេត្តកណ្តាលហើយ ដោយថា លោកបញ្ជូនសុំណុំរឿងនោះទៅឲ្យក្រុមព្រឹក្សាអាជ្ញាកណ្តាលជាអ្នកដោះស្រាយបន្ត ក្រោយ​ពីមន្ទីរការងារ និងអាជ្ញាធរខេត្តមិនអាចដោះស្រាយបាន។

វិអូឌីមិនអាចសុំការ​អត្ថាធិប្បាយ​ពី​មន្ត្រី​ក្រុមប្រឹក្សាអាជ្ញាកណ្តាលខេត្តកណ្តាល លោក អ៊ឹង សុទ្ធី ដែលកាន់សុំណុំរឿងនេះ​បាន​នោះ​ទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេលចុះជួបសំណេះសំណាលជាមួយក្រុមកម្មករ ហើយ​លោកតែងតែរំឭកទៅភាគីពាក់ព័ន្ធឲ្យដោះ​ស្រាយរាល់បញ្ហានានាជូនកម្មករ ដោយថា ដើម្បីធានា និងការពារផលប្រយោជន៍ជូនកម្មករ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ