លោក ហ៊ុន សែន៖ នាំគ្នាឈប់ទិញបន្លែគីមីទៅវាចប់រឿងហើយ ចាំបាច់មកបន្ទោសរដ្ឋាភិបាលធ្វើស្អី

អ្នកលក់បន្លែនៅផ្សារដើមគ កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)

ប្រមុខរដ្ឋាភិបាល បានរំឭកជាថ្មីទៀតថា ដើម្បីលុ​បបំ​បាត់ចំណីអាហារមានសារធាតុគីមីនៅលើទីផ្សារ លោ​ក​ថា ​អ្ន​ក​ប្រើ​ប្រាស់គួ​រ​ស្វែង​យល់ដោយ​ខ្លួនឯង ជាជាងជេររដ្ឋាភិបាលថា ជាអ្នកបណ្តែ​តបណ្តោ​យឲ្យនាំចូ​ល​បន្លែ​គីមី​ទាំង​នោះ។

អំឡុងខែតុលាឆ្នាំមុន លោកនាយករដ្ឋមន្ត្រីបានប្រតិកម្មម្តងហើយ តបទៅនឹងអ្នករិះគន់ ដោយថា ដើ​ម្បី​​ថែ​​ទាំសុខភាព លោកថា ពួក​គេ​​ត្រូវ​ចេះពិនិត្យដោយខ្លួនឯង​ កុំប​ន្ទោ​ស​រដ្ឋាភិបាល។

លោក ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មីនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃនេះ បានថ្លែង​ថា ដើម្បី​លុបបំបាត់អាហា​រដែលមាន​ជាតិគីមី លោកថា អ្នកប្រើប្រាស់ត្រូវធ្វើពហិកា ឈប់ទិញ​អាហារទាំងនោះ ហើ់យ​កុំ​ស្តីប​ន្ទោ​សរ​ដ្ឋា​ភិបាល។

លោកថា៖ «នាំគ្នាធ្វើពហិការ កុំទិញបន្ថែល សាច់ដែលមានសារជាតិគីមីទៅវាចប់រឿងហើយ ចាំបាច់មកជេរ រដ្ឋាភិបាលធ្វើស្អី? តែខ្លួនឯងទៅទិញអាហ្នឹងយកមកស៊ី។ ស៊ីហើ​យមានជម្ងឺជេរ​រដ្ឋាភិបាល។ស៊ីខ្លួនេងសោះ មកជេរគ្នាដែរ ។ជេរ ហ៊ុន សែន ម៉ង តែឆ្នាំ​ង​លោកខ្លួនឯង ស៊ីខ្លួនឯង ទៅទិ​ញខ្លួនឯង ម៉េចមិនរើស?»។

លោកបន្ថែមទៀតថា៖ «អញ្ចឹងកុំស្អឺឡើងឈឺវ៉ាប់ ជេរពេទ្យ ឈឺវ៉ាប់បណ្តាលមកពីរដ្ឋាភិបាលអនុញ្ញាតិឲ្យគេប្រើគីមី អនុញ្ញា​​តិឲ្យគេ​​​នាំមក​លក់នៅលើទីផ្សារ នូវសាត់នូវបន្លែ ឬផ្លែឈើដែលមានសារធាតុគីមី។ ឥឡូវកុំស៊ីវាទៅ ដល់កុំស៊ីលក់អត់ដាច់ លក់អាត់ដាច់គាត់ងា​កទៅរកការប្រមូលទិញ បន្លែស្អីៗដែលមិនប្រើ​ជាតិគីមី។ ខ្វះ​អីត្រ​ស​ក់ខែនេះ សំ​បូរសឹងអីនឹង ចាំបាច់ទៅទិញអាត្រសក់មានជាតិគីមីយកមកធ្វើអី?។ ខ្លួនឯងប្រព្រឹត្តិខ្លួនឯងមកបន្ទោសដាក់គេ!។ ​បន្តិ​ចទៀ​​តប្រ​ពន្ធមានសហាយមកបន្ទោសនាយករដ្ឋមន្ត្រីទៀត?»។

នាយកប្រតិបត្តិអង្គការសេដាក់ដែលធ្វើការផ្តោតលើកសិកម្ម លោក​ សម វិទូ និយាយថា មានតែមន្ត្រីជំនាញទេ​ អាចដឹ​ង​ពី​ចំណី​អាហារមានសារធា​តុគីមី តាមរយៈឧបករណ៍វាស់ស្ទង់នានា។ លោកថាចំណែក ពលរដ្ឋសាមញ្ញ ពិបា​កក្នុងការ​សម្គា​ល់​ដោយថា សា​​ធាតុគីមីខ្លះ ដែលគេយកទៅប្រើ គ្មានក្លិន គ្មានពណ៌។

លោកថា៖ «ជាទូទៅនៅក្នុងលក្ខណៈបច្ចេកទេសយើងមើលនឹងភ្នែកធម្មតាពិបាកក្នុងការកំណត់ចំណាំណស់ថាបន្លែ ឬត្រីសាច់ណា មានជាតិគីមី និងគ្មានជាតិគីមី។ ព្រោះ​​សាធាតុគីមីខ្លះយើងមើលអត់ឃើញទេ មានន័យថា វាអត់មានក្លិន វាអត់មានពណ៌ វាអត់មានអ្វីដែ​លអា​ចឲ្យយើងស​ម្គាល់បា​នទេ។​ ព្រោះឧទារណ៍ថា ដូចថ្នាំដែលគេប្រើដើម្បីសម្លាប់សត្វល្អិតខ្លះ ទៅលើបន្ថែទៅអីហ្នឹង ពេលដែល​បាញ់ទៅ​លើប​ន្ថែ​ទៅជា​ជ្រាបចូលទៅក្នុងសេរីរាង្គរបស់បន្ថែ ឬក៏ផ្លែឈើហ្នឹង ពេលនឹងវាមើ​លអត់ឃើញថាមានជាតិអីទេ ប៉ុន្តែ​នៅពេ​លដែល​សត្វល្អិ​តវា​ស៊ីទៅទើបវាងាប់»។

បើតាមលោក សម វិទូ ដើម្បីការពារសុខភាព គេចពីសារធាតុគីមី លោកថា រដ្ឋាភិបា​ល​ត្រូវជំ​រុញឲ្យ​មន្ត្រី​ជំ​នាញ កាំកុងត្រូ​​ល​ចុះ​ពិ​និ​ត្យអាហារទាំងនោះនៅលើទីផ្សារ តាមច្រកនាំចូល និងបង្ហា​ត់​បង្រៀ​​ន​ក​សិករ ឲ្យចេះប្រើសារធាតុគីមី តាមបច្ចេ​ក​ទេស និងមា​នក្រមសីលធម៌។

អំឡុងខែកញ្ញាឆ្នាំ២០១៧ អង្គការ USAID របស់អាមេរិក បានបង្ហាញរបាយការណ៍ថា ពលរដ្ឋកម្ពុជាជាង ៧០ភាគរយកំពុង​ប្រ​ក​បរបរ​ក​សិក​ម្ម ប៉ុន្តែកសិករអាចដាំបន្លែបានតែ១ភាគ៣ នៃតម្រូវការទីផ្សារ ដោយសារបញ្ហាផ្សេងៗ។

ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិញបានបង្ហាញរបាយការណ៍ដែរថា កម្ពុជាបានចំណាយថ​វិកា២០០​លានដុ​ល្លា​រ​អាមេរិក​ក្នុង១ឆ្នាំៗ សម្រាប់នាំចូលបន្លែពីបរទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ក្រសួងថាបន្លែនាំចូលទាំងនោះ ភាគ​ច្រើ​​ននាំចូលពីប្រទេសវៀតណាម និងប្រទេសចិន​។​

​​សូមរំឭកថា កាលពីឆ្នាំមុន សិស្ស៣០០នាក់ នៅសាលាបឋមសិក្សាបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ត្រូវ​បញ្ជូ​នទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រោយពួកគេ មានអាការ ក្អួតចង្អោ ពេលបរិភោគបាយ ដែ​លក្រុមការងារ សន្និបាទ​របស់​ឃុំសំ​រោង យកទៅចែកជូន។

មនុ​ស្សចំនួន​៣៤នាក់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យ ដោយសារតែពុលចំណីអាហារ ក្នុងពិធីបុណ្យប​ច្ច័យបួនមួ​យ​​ក​ន្លែង ​នៅសង្កា​ត់​អូ​រចា​ ក្រុងបាត់ដំបង។

​ដូច​​គ្នា​នេះដែរព្រះសង្ឃ និងដូនជីចំនួន២៥អង្គ នាក់ នៅវត្តបវេល ស្រុកបវេល ខេត្ត​បាត់ដំបង ពុលចំណីអាហារ។ កុមារ​ចំនួន​៣០​នាក់ នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ត្រូវសមត្ថកិច្ចអះអាងថា បាន​ពុល​អាហារ​ នឹងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅ​ថ្ងៃ​​​ទី​​៣១ខែមិនា រួមទាំងខេត្តមួយចំនួនទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ