លិខិតមិត្តអ្នកអាន៖ យុទ្ធសាស្ត្រ​ធ្វើ​នយោបាយ​ជើង​មិនជាប់​​ដី​របស់​លោក​ សម​ រង្ស៊ី​ មាន​ប្រសិទ្ធភាព​ឬ​ទេ​? (ភាគ១)

លោក សម រង្ស៊ី កាលពីពេលកន្លង

«​ការ​ធ្វើ​នយោបាយ​ជើង​មិន​ជាប់​ដីវា​មិន​អាច​នឹង​សម្រេច​នូវ​គោល​ដៅ​ធំ​បានទេ​។​ ​[…] បើសិន​គាត់​មក​ពី​ព្រោះ​គាត់​ជា​អ្នក​តំណាង​រាស្ត្រ​ ហើយ​តំណាង​រាស្ត្រ​ហ្នឹង​ធំ​ ហើយ​មាន​អភ័យឯកសិទ្ធិ មិនមែន​​អ្នក​ណា​ថា​ហើយ​ដាច់​អភ័យឯកសិទ្ធិ​…ទេ​។ ចឹងខ្ញុំ​គិតថា​​ បើ​មក ​រដ្ឋាភិបាល​ចាប់​ គឺ​រដ្ឋាភិបាលកំពុងតែ​​ធ្លាក់​នៅ​ក្នុង​ទំនាស់​ទៅ​នឹង​ច្បាប់…ហើយ​បើ​សិន​ជា​ចឹងរដ្ឋាភិបាលគាត់​​​​ពិបាក ​មានភាព​​ស្មុគ​ស្មាញ​  ដោះ​ស្រាយ​ជាមួយ​សហគមន៍​អន្តរជាតិ​ផង​ ​ដោះ​ស្រាយ​ជា​មួយ​ជាតិ​ផង​ ​ ហើយ​ដោះ​ស្រាយ​ជា​មួយ​នឹង​អារម្មណ៍របស់​​មហាជន​ផង​។…ប្រសិន​ជា​គាត់​មក​ ប្រជាប្រិយភាព​របស់​គណ​បក្ស​កាន់​អំណាច​កាន់​តែ​​ដាប​​​…ទង្វើ​របស់​ខ្លួន​ស្អាត​ស្អំ​ យើង​ត្រូវ​​តែ​ហ៊ាន​ប្រឈម​ បើ​សិន​បើ​រដ្ឋាភិបាល​ចាត់​វិធានការ​មិន​ស្អាតស្អំ​ យើង​ត្រូវតែ​ព្យាយាម​ជម្នះ​នូវ​អ្វី​ដែលមិន​​ស្អាត​ស្អំហ្នឹង​​ដើម្បី​​ត្រួត​ត្រាយ​​ឱ្យ​វា​មាន​ភាព​ស្អាតស្អំ​ទៅ​មុខ​ទៀត​​។»

នេះ​ជា​ប្រសាសន៍​របស់​លោក​ កែម​ ឡី​ កាល​នៅ​រស់​ ​ប្រឆាំង​នឹង​ការ​អនុវត្ត​ទ្រឹស្តី​ធ្វើ​នយោបាយ​ត្រូវ​រត់​ចោលស្រុក​​របស់​លោក​ សម​ រង្ស៊ី។ ក្រោយមក ​សកម្មភាព​របស់​រដ្ឋាភិបាល​រារាំង​មិន​ឱ្យ​លោក​ចូល​មក​កម្ពុជា​​វិញ​បញ្ជាក់​ថា​ កែម​ ឡី​ និយាយ​ត្រូវ​ រដ្ឋាភិបាល​ពិត​ជា​ពិបាក​ ទោះ​ពួក​គេ​អាច​ចាប់​ខ្លួន​មុន​ ដក​អភ័យឯកសិទ្ធិ​ជា​ក្រោយ​ឬ​រាវ​រក​មាត្រាឱ្យ​ត្រូវ​នឹងបទ​ល្មើស​​ជា​ក្រោយ​ក៏​ដោយ​។ បើ​លោក​ហ៊ាន​ចូល​ស្រុកមែន​​​ បើ​មិន​ចាប់​ មាន​ន័យ​ថា​មិន​អនុវត្ត​ច្បាប់​ ត្បិត​រដ្ឋាភិបាល​តែង​ប្រកាស​ថា​ជា​ការ​អនុវត្ត​ច្បាប់​និងតែង​​គំរាម​​ចាប់​ខ្លួន​ជារឿយៗ​ បើ​ហ៊ាន​ចូល,​ ឯ​ការ​ដក​អភ័យ​ឯកសិទ្ធិ​ជា​មុន​ គឺ​ធ្វើ​ឡើង​ដើម្បី​បំភ័ន្ត​លោក សម​ រង្ស៊ី​ ឱ្យ​ជឿ​ថា​ពួក​គេ​ពិត​ជា​ចង់​ចាប់​មែនទែន​​ប៉ុណ្ណោះ​ហើយ​តាក់ទិច​នេះ​ពិត​ជា​មាន​ប្រសិទ្ធភាព​មែន។​ ខុស​ពី​ករណី​លោក​ សម​ រង្ស៊ី,​​ ​រដ្ឋាភិបាល​​បែរ​ជា​ហ៊ាន​ចាប់​លោក​ អ៊ំ សំអាន​ ទាំង​នៅ​មាន​អភ័យឯកសិទ្ធិ​ ទំនង​ជា​​មក​ពី​​​លោក​ត្រឹម​ជា​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ មិន​មែន​ប្រធាន​បក្ស ហើយ​ក៏​​ការ​​ព្រមាន​លោក​ សម​ រង្ស៊ី​ ថា​នឹង​ទទួល​លទ្ធផល​ដូច​គ្នា​ដែរ​ បើ​ហ៊ាន​ស្រុក​​​ដូច​លោក​ អ៊ំ​ សំអាន​។

នៅក្នុង​​លិខិត​ផ្ញើ​ទៅ​ Cambodia Daily ‘Deciding Not to Return Was the Only Responsible Choice’ (សម្រេច​ចិត្ត​មិន​ត្រលប់​ចូល​កម្ពុជា​វិញ​គឺ​ជា​ជម្រើស​ប្រកប​ដោយ​​ទំនួលខុស​ត្រូវ​តែ​មួយ​គត់​) លោក សម​ រង្ស៊ី​ ​បាន​ពន្យល់​ពី​ការ​សម្រេច​ចិត្ត​របស់​លោក​ថា​ លោក អេង ឆៃអ៊ាង បានដឹកនាំការប្រជុំ​តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​ដែល “បានបញ្ចប់ជាមួយ​នឹង​អនុសាសន៍ជាឯកច្ឆន្ទឲ្យខ្ញុំពន្យារពេលត្រឡប់មកវិញដោយសារអាចមានអំពើហិង្សាកើតឡើងដែលក្រុមខ្លះរបស់គណបក្សប្រជាជនកម្ពុជា នឹងបង្កឡើងនៅពេលយន្តហោះរបស់ខ្ញុំចុះចតភ្លាម” ពោល​គឺ​ លោកចង់​បញ្ជាក់​ថា ​លោក​​សម្រេច​ចិត្ត​ទៅ​តាមការ​ប្រជុំ​របស់​​គណបក្ស​ មិន​មែន​សម្រេចចិត្ត​តាម​តែ​ក្បាល​ចិត្ត​​នោះ​ទេ​។

ទោះ​បី​លោក​ សម​ រង្ស៊ី​ លែង​ជា​ប្រធាន​បក្ស​ទៀត​ក៏​ដោយ​ ព្រឹត្តិការណ៍​និង​សកម្មភាព​នា​នា​របស់​លោក​ សក្តិ​សម​ទទួល​បាន​ការ​​វិភាគ​ស៊ីជម្រៅ​និង​ពិស្តារ​ ជា​មេរៀន​សម្រាប់​អ្នក​នយោបាយ​ដទៃ​ទៀត​ ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​គ្នា​នេះ​។ ​បន្ត​​ទៀត​​យើង​នឹង​ពិភាក្សា​អំពី​អំណះ​អំណាង​នា​នា​របស់​លោក​ សម​ រង្ស៊ី​ ដោយ​ភ្ជាប់​ជា​មួយនឹង​​ព្រឹត្តិការណ៍​ដទៃ​ទៀត​ ដែល​​គេ​អាចលើក​មក​​ចោទ​សួរ​អំពី​ប្រសិទ្ធភាព​និង​ភាព​សម​ហេតុ​ផល​នៃ​ការ​ធ្វើ​នយោបាយ​ជើង​មិន​ជាប់​ដី​របស់​អតី​ត​ប្រធាន​បក្ស​ប្រឆាំង​មួយ​នេះ​។

១. រង្ស៊ី​ ជា​ស៊ូជី​នៅ​កម្ពុជា​?

មុន​ការ​វិល​ត្រលប់​ចូល​ស្រុក​វិញ​នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ លោក​ សម​ រង្ស៊ី​ បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ភូមា​ទៅ​ចួប​ប្រមុខ​បក្ស​ប្រឆាំង​នា​នា​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដូច​ជា​ កូឡាឡាំពួ​ ម៉ាឡេស៊ី និង​ភូមាជា​ដើម​​  ក្នុង​នោះ​មាន​ជំនួប​នឹង​​​លោក​ស្រី​ អ៊ុងសាន​ ស៊ូជី ផង​ដែរ​ ពិត​មែន​តែ​វា​​ពុំ​មែន​ជា​ជំនួប​​លើក​ទីមួយក៏​ដោយ​​​។ លោក​ធ្លាប់បាន​​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​នឹង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ​ ប៉ុន្តែ​អ្វី​ដែល​គេ​ហួស​ចិត្ត​ពេល​លោក​បាន​ជួប​ពិភាក្សា​នឹង​បុគ្គល​គំរូ​របស់​ខ្លួន​ លោក​បែរ​ជា​ផ្តល់​យោបល់​ឱ្យ​​មេ​ដឹក​នាំ​ជា​ស្រ្តី​រូប​នេះ​ ចាក​ចេញ​ពី​ប្រទេស​ដូច​លោក​ទៅ​វិញ​។ លោក​ សុន​ ឆ័យ​​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​រំឭក​ថា​ នៅ​ក្នុង​ជំនួបចុង​ក្រោយដែល​អ្នក​ទាំង​ពីរធ្លាប់​ចួប​គ្នា​​ លោក​ សម​ រង្ស៊ី​ ធ្លាប់​ផ្តល់អនុសាសន៍​ឱ្យ​លោក​ អ៊ុង​សានស៊ូ​ជី ​​ដែល​បាន​រួច​ចេញពី​​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​រយៈ​ពេល​ប្រមាណ​១៥ឆ្នាំ​ ឱ្យ​ចាក​ចេញ​ពី​ប្រទេសដូច​លោក​ដែរ​ ​ប៉ុន្តែ​លោក​ស្រី​មិន​បាន​ទទួល​យក​អនុសាសន៍​នេះ​ឡើយ​ រួច​ឆ្លើយតប​​ថា​ សមរភូមិ​នៅ​ភូមា​ មិនមែន​នៅ​​ក្រៅ​ប្រទេស​​នោះ​ទេ​។ ដូច្នេះ​ហើយ​លោក សុន​ ឆ័យ​​ កាល​ណោះ​ ក៏​​​បាន​​សង្ឃឹម​ថា​ ជំនួបលើក​នេះ ​​នឹង​កែ​ប្រែ​ការ​សម្រេច​ចិត្ត​របស់​លោក​អំពី​ការ​មិន​វិល​ត្រលប់​ចូល​ស្រុក​វិញ​។ ​គេ​​ពុំ​បាន​ដឹង​ថា​ ក្នុង​នាម​ជា​​មេ​ដឹក​នាំ​បុរស លោក​ សម​ រង្ស៊ី​ អៀន​ខ្លួន​ឬ​អាម៉ាស់​មុខ ​ឬ​អត់នោះ​ទេ​ នៅ​ពេល​លោក​ស្រី​ អ៊ុង​សានស៊ូ​ជី​​ ឆ្លើយ​តប​បែប​នេះ​ ​​ ត្បិត​ក្រោយ​ពេល​​លោក​​បាន​វិល​ត្រលប់​មក​កម្ពុជាវិញ​ដើម្បី​​ចូល​រួម​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ ក្រោយ​មាន​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​តាម​សំណើ​​នាយករដ្ឋមន្ត្រី​​​ លោក​បាន​ហៅ​​លោក​ ហ៊ុន​ សែន​ ថា​អត់​ជាង​ស្រី (បង្កប់​ន័យ​ មនុស្ស​ស្រី​អត់​)​ ស្រប​ពេល​លោក​ខ្លួន​ឯង​សម​ការ​នឹង​ការ​ហៅ​នេះ​ជាង​ ហើយ​ដល់​ពេល​ដែល​មាន​ប្រតិកម្ម​អវិជ្ជមាន​ពី​ក្រុម​ស្រ្តី​ លោក​ក៏​ក្រលាស់សម្តី​​ថា​ពុំ​បានមាន​ន័យ​​មើល​ងាយ​ស្រ្តី​ទេ​ ផ្ទុយ​ទៅ​វិញ​ តែង​តែ​កោត​សរសើរ​ស្រ្តី​ តួ​យ៉ាង​ លោក​ស្រី​ អ៊ុង​សានស៊ូ​ជី ទៅ​វិញ​។

ថ្លែង​ទៅកាន់អាណិកជនខ្មែរនៅក្នុងទីក្រុងឡូវែល រដ្ឋម៉ាសាជូសេត នៅ​ក្នុង​ដំណើរទៅរៃអង្គាសមូលនិធិនៅសហរដ្ឋអាមេរិក លោក សម រង្ស៊ី ត្រូវបានចោទ​សួរដេញដោលអំពីមូលហេតុដែលលោក​និរទេស​ខ្លួន​ មិន​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ នៅក្នុង​ខ្សែ​អាត់​វីដេអូដែលបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីខែ​មិថុនា​២០១៦។ លោក​បាន​ថ្លែង​ការ​ពារ​ខ្លួន​ថា “រឿងថា ខ្ញុំខ្លាចជាប់គុក ខ្ញុំអត់ខ្លាចទេបងប្អូន, បើខ្ញុំជាប់គុក បើខ្ញុំស្លាប់ ជាតិយើងបានរស់ ខ្ញុំយល់ព្រមភ្លាមមួយរំពេច។ តែសុំធានា បើ សម រង្ស៊ី ទៅស្រុកខ្មែរឥឡូវនេះ, បើ សម រង្ស៊ី ជាប់គុក, សម រង្ស៊ី ត្រូវគេសម្លាប់ អត់បញ្ហា។ តែក្រោយពីខ្ញុំជាប់គុក ក្រោយពីខ្ញុំស្លាប់ សុំឱ្យបញ្ជាក់ថា ប្រទេសកម្ពុជានឹងរួចពីក្រញាំរបស់យួន ខ្ញុំសុខចិត្តភ្លាម។ ខ្ញុំអត់ខ្លាចស្លាប់ទេបងប្អូន តែស្លាប់ឱ្យមានប្រយោជន៍។ កុំប្រៀបធៀប សម រង្ស៊ី ជាមួយ អ៊ុង សាន សូជី ជាពិសេសកុំប្រៀបធៀបប្រទេសកម្ពុជា ជាមួយប្រទេសភូមា, ភូមា ជនជាតិភូមា គេនិយាយគ្នាគេ គេស្រឡាញ់ជាតិទាំងអស់គ្នា គេរកដំណោះស្រាយដោយសន្តិវិធី។ ពួកទាហានយោធាមិនដែលមានបំណងសម្លាប់ អ៊ុង សាន សូជី ទេ គ្រាន់តែឃុំឃាំងឱ្យនៅក្នុងផ្ទះ មិនដែលប៉ុនប៉ង​សម្លាប់​ទេ” ។ នេះ​គ្រាន់​តែ​​ជា​សម្តី​ថ្លែង​ការ​ពារ​ខ្លួន​មួយ​ក្នុង​ចំណោម​ពាក្យ​ដោះ​សា​ជា​ច្រើន​ទៀត​របស់​លោក​ប៉ុណ្ណោះ​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​គឺ​ បន្ទាប់​ការ​ប្រកាន់​ជំហរ​មិន​ចាក​ចេញ​ពី​ប្រទេស​ សម្ងំ​នៅ​​ក្នុង​ទី​ស្នាក់​ការ​បក្ស​របស់​លោក​ កឹម​ សុខា​ (មិន​គួរ​ប្រើ​ពាក្យ​ លាក់​ខ្លួន ព្រោះ​មិន​បាន​លាក់​បាំង​​ទី​តាំង​សម្ងំ​ ដោយ​ប្រកាស​ជា​សាធារណៈ​​ ទោះ​មុន​នោះ​មាន​ការ​លាក់​ពួនរយៈ​ពេល​ខ្លី​​​មែន​ក៏​ដោយ​) ក្រោយ​​មាន​ការ​ប៉ុន​ប៉ង​ចាប់​ខ្លួនពី​សំណាក់នគរបាលប្រដាប់អាវុធ​​ នៅ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០១៦ បាន​បង្ក​ឱ្យ​មាន​ការ​ចោទ​សួរ​ពី​ជំហរ​ពីរ​ផ្ទុយ​គ្នា​នៃ​មេ​ដឹក​នាំ​ទាំង​ពីរ​ ដែល​តែង​តែ​អះ​អាង​ថា​ រង្ស៊ី​ សុខា​ គឺ​តែ​មួយ​នោះ​។ ទោះមុន​នោះ​មាន​ករណី​ចាប់​ខ្លួន​ លោក​ អ៊ំ សំអាន​ ​ក៏​ដោយ​ ដែល​​​បាន​​វិល​ចូល​ស្រុក​វិញ​ ប្រឈម​នឹង​​ការ​ចាប់​ខ្លួន​  ក៏​ករណី​នេះ​មិន​បាន​បំផុស​ការ​ដេញ​ដោល​ដូច​ករណី​លោក​​ កឹម​ សុខា​ ដែរ​ ក៏​ព្រោះ​តែ​លោក​ កឹម​ សុខា​ ជា​អនុប្រធាន​បក្ស ជា​ដៃ​គូ​នយោបាយ​ ​និង​ដើរ​តួ​ជា​ប្រធាន​ស្តី​ទី​ ពេល​អវត្តមានលោក​ សម​ រង្ស៊ី​។ ករណី​ទាំង​ពីរ​នេះ ​បាន​ដាក់​បន្ទុក​លើ​លោក​ សម​ រង្ស៊ី​ កាន់​តែ​ធ្ងន់​ ដោយ​សារក្នុង​នាម​ប្រធាន​បក្ស លោក​បែរ​ជា​ជំហរ​នយោបាយ​ ខុស​ពី​អនុប្រធាន​និង​សមាជិក​ ដែល​ហ៊ាន​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​និង​ជាប់​ពន្ធានាគារ​។ ដល់​ពេល​លោក​មិន​អាច​និយាយ​ការ​ពារ​ខ្លួន​បន្ត​ទៀតបានអំពី​ការ​ហៅ​ខ្លួន​ឯង​ថា ‘អ៊ុង​សាន​ស៊ូ​ជី​នៅ​ស្រុក​ខ្មែរ​​​​’​ លោក​ក៏​ប្រាប់​អ្នក​គាំទ្រ​ថា​ កុំ​​ឱ្យ​ប្រៀប​ធៀប​លោកនឹង​លោក​​ស្រី​​ ស៊ូជី​ ទៅ​វិញ ស្រប​ពេល​​ដែល​លោក​ខ្លួន​ឯង​ប្រសិទ្ធិនាម​ខ្លួន​ឯងសោះ​​​​។​

យ៉ាង​ណា​មិញ​ ហេតុ​ផល​ថា​ ​ជាប់​គុក​ឬ​ស្លាប់គឺ​ឥត​ប្រយោជន៍​ហាក់​ដូច​ជា​គិត​ងាយ​ពេក​ ដោយ​សំអាងថា​ ​គ្មាន​សេរីភាព​ធ្វើ​អ្វី​មិន​កើត​ ស្លាប់​ទៅ​មិន​អាច​​បន្ត​កិច្ច​ការ​ ដូច្នេះ​គឺឥត​​ប្រយោជន៍​ មិន​អាច​រំដោះ​ប្រទេសបាន​​ គឺគ្រាន់​តែ​ជា​ការ​បក​ស្រាយ​ប៉ុណ្ណោះ​​។ ជាក់​ស្តែង ​ការ​ចាប់​ខ្លួន​សមាជិក​បក្ស​ប្រឆាំង​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បាត់​បង់​ការ​គាំទ្រ​ពី​សាធារណជនយ៉ាង​ខ្លាំង​​ ត្រូវ​បាន​គេ​ចោទ​ថា​រំលោភច្បាប់​ រំលោភ​អភ័យឯកសិទ្ធិតំណាង​រាស្ត្រ​​​ ​​បំពាន​​អំណាច​តុលាការ​ រង​ការ​ថ្កោស​ទោស​ពី​អន្តរជាតិ​…ទាំង​អស់​នេះ​ ជា​ការ​ពិត​ណាស់​ មិន​មែន​ឥត​ប្រយោជន៍​ទេ​ ឯ​ការ​ចាប់​ខ្លួន​សមាជិក​បក្ស​ប្រឆាំង​មួយ​ចំនួនក៏​​មិន​អាច​បញ្ឈប់​កិច្ចការ​របស់​​គណបក្ស​ប្រឆាំង​ទាំងមូល​ដែរ​​​ ទោះ​វា​បាន​ធ្វើ​ឱ្យ​សមាជិក​មួយ​ចំនួន​បាក់​ស្បាត​ក៏ដោយ​។ បើចង់​អះ​អាង​ថា​ ​ត្រូវ​គេ​ចាប់​ខ្លួន​ឬ​ស្លាប់​មិន​អាច​រំដោះ​ប្រទេស​ចេញ​ពី​ឥទ្ធិពល​បរទេស​ ក៏​ពុំ​មែន​មាន​ន័យ​ថា​ នៅ​រស់​តែ​ក្រៅ​ប្រទេស​ និរទេសខ្លួន​ឯង​ម្តងហើយ​ម្តង​ទៀត​​​ អាច​សម្រេច​គោលដៅនេះ​​បាន​នោះ​​ដែរ​ ត្បិតចលនា​រំដោះ​ប្រទេស​ពី​​អាណានិគម​ជា​ច្រើន ទាំង​តាម​មធ្យោបាយ​អហិង្សា​ ដូច​ជា​ ចលនា​ប្រជាជន​, ឬ​ហិង្សា​ ដូ​ចជា​ ចលនា​ប្រដាប់​អាវុធ​​ (រាប់​ទាំង​អាណានិគម​សម័យ​ថ្មី​ Neocolonialism)​ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ជា​ជាង​ក្រៅ​ប្រទេស​។ ការ​រំដោះ​ប្រទេស​ពី​ក្រៅ​ សម្រាប់​ករណី​កម្ពុជា​បាន​បរាជ័យ​រួច​ទៅ​ហើយ​ ការ​រំដោះ​ពី​របប​ខ្មែរ​ក្រហម​ ទទួលបាន​​របប​កម្មុយនិស្ត​ក្រោម​អាណានិគម​វៀតណាម,​ ក្រោយ​ពី​ការ​បង្ខំ​ឱ្យ​វៀតណាម​ដក​ទ័ព​ចេញ​កម្ពុជា​ ដើម្បី​លុប​បំបាត់​ការ​ត្រួត​ត្រា​របស់​វៀតណាម​ទៅ​លើ​រដ្ឋាភិបាល​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​​​នេះ​ទៀត​ក្រោម​អន្តរាគមន៍​ពី​ខាង​ក្រៅ​ដោយសហគមន៍​អន្តរាជាតិ​ឬ​អង្គការ​សហប្រជាជាតិ​ កម្ពុជា​នៅ​តែ​​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​វៀតណាម,នៅ​តែ​ប្រកាន់​របបឯក​បក្ស​ដដែល​គ្រាន់​តែ​មាន​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ​ ឯ​ប្រព័ន្ធ​បែប​ប្រជាធិបតេយ្យ​​មាន​តែ​ក្នុង​គោលការណ៍​។

២. មេ​ដឹក​នាំ​ក្រុម​ប្រឆាំង​នឹង​រដ្ឋ​អំណាច​តែង​ប្រឈម​ហានិភ័យ​

ស្រដៀង​នឹង​លោក​ សម​ រង្ស៊ី​ ដែល​គូ​ប្រជែង​នយោបាយ​ចម្បង​របស់​លោក​ ហ៊ុន​ សែន​, នៅ​ប្រទេស​ហ្វីលីពីនវិញ​​ លោក​ Benigno Aquino មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ដែល​ជា​គូ​ប្រជែង​​ដែលមាន​​សក្តានុពល​អាច​យក​ឈ្នះឆ្នោតប្រធានាធិបតី​​ផ្តាច់​ការ​ Ferdinand Marcos។ លោក​ Aquino ត្រូវ​បាន​បាញ់​សម្លាប់​ចំ​ក្បាល​​ដោយ​កង​ការ​ពារ​យោធានៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​​ Manila ដែល​ត្រៀម​បញ្ជូនរូប​លោក​ពី​យន្ត​ហោះ​ទៅ​ពន្ធនាគារ​​ នៅ​ថ្ងៃ​ទី​២១ សីហា​ ១៩៨៣ បន្ទាប់​ពី​​វិល​ត្រលប់​ពី​ការ​និរទេសខ្លួន​បី​ឆ្នាំ​នៅ​​សហអាមេរិក​។ ឃាតកម្ម​នយោបាយ​នេះ ​បាន​បំផ្ទុះ​ជា​​ចលនា​អំណាច​ប្រជាជន ឬ​បដិវត្តន៍​អំណាច​ប្រជាជន​​ ដែល​ផ្តួល​រំលំ​លោក​​ Marcos នៅ​ឆ្នាំ​១៩៨៦, ហើយ​ពាក្យ​ «អំណាច​ប្រជាជន»​ បានបង្កើត​ឡើង​និង​ត្រូវ​បាន​ប្រើ​ប្រាស់​មក​ទល់​សព្វ​ថ្ងៃ​ សំដៅ​ដល់​ចលនា​ប្រជាជន​ប្រឆាំងនិង​​ផ្តួល​រំលំ​​របប​ដឹក​នាំតាម​មធ្យោបាយ​កម្លាំង​មហាជន​។ ហេតុ​នេះ​ លោក​ Aquino មិន​មែន​ស្លាប់ទៅ​ឥត​ប្រយោជន៍​​ទេ​ តែ​ស្លាប់​ទៅ​ជា​បុគ្គល​​ពលី​គំរូ​ (Martyr) ជំរុញ​ប្រជាជន​ឱ្យ​ក្រោក​ឈរ​ឡើងប្រឆាំង​នឹង​ការ​ជិះ​ជាន់​នៃ​របប​របស់​លោក​ ​Marcos ទោះ​ស្លាប់​ទៅ​មិន​អាច​សង្គ្រោះ​ប្រទេស​ហ្វ៊ីលីពីន​ពី​របប​ផ្តាច់​ការ​ក៏​ដោយ​ ក៏​ពុំ​មែន​មាន​ន័យ​ថា​មិនអាច​​ផ្តល់​គំរូ​ដល់​អ្នក​ដទៃ​តស៊ូ​រំដោះ​បន្ត​​នោះ​ដែរ​។ នៅ​កម្ពុជា​ក៏​ដូច​គ្នា​ កែម​ ឡី​, ឈុត​ វុទ្ធី​, ជា​ វិជ្ជា​ មិន​មែន​ស្លាប់​ទៅ​ឥត​ប្រយោជន៍ទេ​​ ពួក​គេ​បាន​ផ្តល់​គំរូ​តស៊ូ​បន្ត​ដល់​ជំនាន់​ក្រោយ​ ហើយ​បើ​គេ​ចង់​អះ​អាងថា​​ ការ​ពលី​ មិន​មែន​ជា​គំនិត​ល្អ​ គេ​គួរគប្បី​​ពិចារណា​ថា​ ហេតុ​អ្វី​ភេរវករ​អាច​ពលី​​ក្នុង​បុព្វហេតុ​​ភេរវកម្ម ដូចជា​​អត្តឃាតកម្ម​បំផ្ទុះ​គ្រាប់​បែក​,​ ពួក​ឧទ្ទាមអាច​ពលី​​ក្នុង​បុព្វហេតុ​ឧទ្ទាម​កម្មបះ​បោរ​ប្រឆាំងការ​ឈ្លាន​ពាន​​បរទេស​/រំដោះ​ប្រទេស​ពី​របប​ផ្តាច់​ការ​/​ប្រឆាំងអាណានិគមនិយម​,​ ចុះ​ហេតុ​អ្វី​សកម្មជនប្រជាធិបតេយ្យ​ឬ​សកម្មជន​​អហិង្សា​មិន​អាច​ពលី​ ដើម្បី​បុព្វហេតុប្រជាធិបតេយ្យ​ឬ​​ចលនា​អហិង្សារបស់​ពួក​គេ​?​​«សេរីភាព​មិន​មែន​ហ្វ្រ៊ី​នោះទេ​!» មហាត្មា គន្ធី​ មេ​ដឹក​នាំ​ចលនា​ទាម​ទារ​ឯករាជ្យ​ឥណ្ឌាតាម​មធ្យោបាយ​អហិង្សា​ បាន​រំដោះ​ឥណ្ឌា​ពី​អាណានិគម​អង្លេស​ ទោះ​បី​លោក​បាន​​ជាប់​ពន្ធាគារ​ចំនួន​ដល់​ទៅ​១៩ ដង​និង​ក្រោយ​មក​ត្រូវ​បាន​គេធ្វើ​​ឃាត​ក៏​ដោយ​ ក៏​មត៌ក​អហិង្សា​របស់​លោក​នៅ​តែ​បន្ត​រស់​រាន​ ជា​គំរូ​ដល់​មេ​ដឹក​នាំ​ឯទៀត​ៗ​។

ប្រទេស​ណា​ក៏​ដោយ មាន​ឥទ្ធិពល​បរទេស​ឬ​អត់​​ មិន​ថា​ ឥណ្ឌា​ អាហ្វ្រិក​ខាង​ត្បូង​ ភូមា​ ឬ​កម្ពុជា​នោះ​ទេ​​ ទោះ​ប្រទេស​ទាំង​អស់​នេះ​ពិត​ជា​ខុស​គ្នា​មែន​ក៏​ដោយ​ ក៏​មេ​ដឹក​នាំ​ទាម​ទារ​ឯករាជ្យពី​បរទេស​​ឬ​ក៏​មេ​ដឹក​នាំ​ទាម​ទារ​ផ្លាស់​ប្តូរ​របប​ផ្តាច់​ការ​តែង​តែ​ប្រឈម​នឹង​ហានិភ័យ​ជាប់​គុក​និង​ស្លាប់​បាត់​បង់ជីវិត​​ ប្រឈម​នឹង​ស្ថានភាព​នយោបាយ​គ្រោះ​ថ្នាក់​ប្រហាក់​ប្រហែល​​គ្នា​ទេ​​ ពី​ព្រោះ​គូ​ប្រជែង​ដែល​ត្រួត​ត្រា​​កម្លាំង​ប្រដាប់​អាវុធ​ ​រមែង​ដុះ​​គំនិត​ប៉ុន​ប៉ង​​កម្ចាត់​ឬ​បន្ថយ​ឥទ្ធិពល​​មេ​ដឹក​នាំ​នៃ​ចលនា​ប្រឆាំង​​តាម​រយៈការឃុំ​ខ្លួន​ឬ​ឃាតកម្ម​នយោបាយ​ ដោយ​រំពឹង​ថា​ ​ចលនា​របស់​ពួក​គេនឹង​ខ្សោយ​ឬ​​ដួល​ទៅ​តាមមេ​ដឹក​នាំ​ចលនា​នោះ​ដែរ​ (ឧ. សម្តេច​ធ្លាប់​លើក​ឡើង​​ថា​ចាប់​ពស់​ត្រូវ​វាយ​ក្បាល​មុន​​) ប៉ុន្តែ​មិន​មែន​គ្រប់​មេ​ដឹក​នាំ​ប្រឆាំង​សុទ្ធ​តែ​និរទេស​ខ្លួន​នោះ​ទេ​។ ធ្វើ​សកម្មភាព​នយោបាយ​នៅក្នុង​​ប្រទេសដែល​ពោរ​ពេញ​ដោយ​អំពើ​ហិង្សា​​នយោបាយ​គឺ​​គឺ​ចៀស​មិន​ផុត​ពី​ការ​​ប្រឈមនឹង​គ្រោះ​ថ្នាក់​​​ មិន​មែន​មក​ពី​វា​ជា​ជម្រើស​ឆោត​ល្ងង់​ឬ​ឥត​ប្រយោជន៍​នោះ​ទេ​ គឺ​ដោយ​សារ​តែ​គេ​មិន​អាច​ចៀស​វាង​បាន​​​​រហូតឡើយ​។​ បើ​ខ្លី​ពាក្យ​របស់​លោក​ កែម​ ឡី​ «នៅក្នុងប្រទេសមួយដែលមានខ្លាច្រើន ដែលមានពស់វែកច្រើនដែលមានឆ្លាមច្រើន  នៅពេលដែលយើងវិភាគម្តងៗ យើងមិនដែលគិតថាយើងមានជីវិតទេ» តែ​យ៉ាង​ហោច​ណាស់​ បើ​ចួន​​ជា​ត្រូវ​ពស់​លេប​ កង្កែប​អាច​ប្រឆាំង​ដោយ​លាត​ជើង​ទាំង​ពីរ​ខ្ទាស់​មិន​ឱ្យ​ពស់​លេប​បាន​សម្រេច​ដែរ ព្រោះ​តំបន់​​ដែល​​ពស់​ច្រើន​ កង្កែប​មិន​អាច​រត់​គេច​ពី​ពស់​មួយ​ជីវិត​នោះ​ទេ​។ បើ​គេ​ចង់​សួរ​ដេញ​ជើង​ថា​អ្នក​វិភាគ​បាន​តែ​វិភាគ មិន​មែន​ខ្លួន​ឯង​អ្នក​ប្រឈម​ បាន​តែ​បញ្ចេញ​មតិ​នោះ​ សឹង​មិន​បាច់​រំឭកឡើយ​​ថា​ លោក​ កែម​ ឡី​ បាន​ពលី​រួច​ហើយ ជា​ភស្តុតាង​​បញ្ជាក់​ទ្រឹស្តី ​អ្នក​វិភាគ​ត្រូវ​ត្រៀម​ទិដ្ឋាការបី​​ចូលពេទ្យ​​ វត្ត​ព្រះ​ពុទ្ធ ​ព្រៃ​សរបស់​លោក​​​, ​លោក​ អ៊ូ វីរៈ​ បាន​រង​បណ្តឹង​តុលាការ​ពី​បក្ស​កាន់​អំណាច​រី​ឯ​លោក​​ គឹម​ សុខ​ វិញ​ក៏​បាន​ជួយ​បញ្ជាក់​ទ្រឹស្តី​ធ្វើ​អ្នក​វិភាគ​ត្រូវ​ហ៊ាន​ជាប់​គុក​របស់​លោក​ កែម​ ឡី​ ដែរ​។​

លោក សម​ រង្ស៊ី​ បាន​ប្រើ​ហេតុ​ផល​ជាតិ​សាសន៍​ មក​ពន្យល់​ពី​ស្ថានភាព​ប្រឈម​ខុស​គ្នា​រវាង​លោក​និង​លោក​ស្រី​ ស៊ូជី​ ដោយ​សំអាង​ថា​ លោក​ធ្លាប់​ត្រូវ​បានគេ​ប៉ុន​ប៉ង​​ធ្វើ​ឃាត​មិន​បាន​សម្រេច​នៅ​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​នៅ​មុខ​រដ្ឋ​សភាចាស់​ក្បែរ​បរម​រាជ​វាំង​ថ្ងៃ​ទី​​​៣០មីនា​១៩៩៧ ដោយកង​អង្គរក្ស​​របស់​លោក​នាយករដ្ឋមន្ត្រី​ និង​មិន​បាន​កើត​ឡើង​ចំពោះ​លោក​ស្រី​ ស៊ូជី​។ សំអាង​នេះ​ មិន​គ្រប់​គ្រាន់​នោះទេ​​ ព្រោះ​ឃាតកម្ម​នយោបាយ​មិន​ប្រាកដ​ថា​មាន​បរទេសនៅ​​ពី​ក្រោយ​​គ្រប់​ករណី​ទេ​ ហើយ​ជាតិ​សាសន៍តែ​មួយក៏​​មិន​ធានា​ថា​មិន​សម្លាប់​គ្នាឯង​​ដែរ​ភស្តុតាង​សាកល​បង្ហាញ​ថា​ សង្គ្រាម​ស៊ីវិល​តែង​មាន​អត្រា​មរណៈខ្ពស់​ជាង​ ផល​ខូច​ខាតអន្តរាយ​​ជាង​ និង​រយៈ​ពេល​យូរ​ជាង​សង្គ្រាមអន្តរជាតិ​​រវាងជាតិ​សាសន៍​ដទៃ។ ហេតុ​ផល​របស់​លោក​ សម​ រង្ស៊ី​ ភូមា​ស្រឡាញ់​ភូមា​ ជម្លោះ​ខ្មែរគឺ​រវាង​វៀតណាម​ គឺ​ផ្ទុយ​ពី​ការ​ពិត​ ព្រោះ​រដ្ឋាភិបាល​ភូមា​បាន​បង្ក្រាប​ការ​តវ៉ារបស់​ប្រជាពលរដ្ឋ​​​ភូមាមិន​លស់​ពេល​ឡើយ​​ មាន​មនុស្ស​ស្លាប់​មិនតិច​​ជាង​ ៣០០០នាក់​ទេ​ នេះ​នៅ​មិន​រាប់​អ្នក​ជាប់​ពន្ធនាគារ​ក្នុង​បុព្វហេតុ​នយោបាយជា​ច្រើន​ទៀត​​ផង​ ដូច្នេះ​អះ​អាងថា​​ជន​ជាតិ​ដូច​គ្នា​មិនសម្លាប់​គ្នា​គឺ​ផ្អែក​លើ​​មនោសញ្ចេតនា​ជាតិ​សាសន៍​​ មិន​មែន​ផ្អែក​លើ​ភស្តុតាង​ទេ​, ​​​ពួក​គេ​មិន​សម្លាប់ ​ស៊ូជី​ ព្រោះទំនង​​ខ្លាច​ឥទ្ធិពល​អាក្រក់​កើតចេញ​​ពី​ឃាតកម្ម​​ដែល​អាច​បំផ្ទុះ​កំហឹង​​ប្រជាពលរដ្ឋភូមា​ប៉ុណ្ណោះ​ មិន​ប្រាកដ​ថា​មិន​ចង់​សម្លាប់​ទេ​​ ហើយ​គេប្រហែល​ជា​​អាច​​ស្មានបានថា​ របប​សឹក​​ភូមា​ទំនង​ជា​ទទួល​បាន​​​មេរៀននេះ​ពី​ប្រទេស​ហ្វ៊ីលីពីន​ ដែល​ឃាតកម្ម​លើ​មេ​ដឹក​នាំ​ក្រុម​ប្រឆាំង​បាន​បំផ្ទុះ​​ចលនា​ប្រជាធិបតេយ្យ ​ដែល​បាន​កើត​ឡើង​មុន​ប្រទេស​ភូមា​។

ទោះ​បី​រដ្ឋាភិបាល​ខ្មែរ​ពិត​ជា​រង​ឥទ្ធិពល​វៀតណាមតិច​ឬ​ច្រើន​​មែន​ក៏​ដោយ​ ក៏​ពុំ​មែន​មាន​ន័យ​ថា​ លោក​ ហ៊ុន​ សែន​ ធ្វើ​តាម​វៀតណាម​គ្រប់​រឿង​រ៉ាវ​នោះ​ដែរ​ តួ​យ៉ាង​ លោក​ទៅ​គាំទ្រ​ចិន​ក្នុងបញ្ហា​​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ មិន​បាន​ធ្វើ​តាម​វៀតណាម​នោះ​ដែរ​។ យ៉ាង​ណា​មិញ​ ​លោក​ សម​ រង្ស៊ី​ ក៏​បាន​ចោទ​ប្រកាន់​លោក​នាយករដ្ឋមន្ត្រី​ថានៅ​​ពី​ក្រោយ​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​លោកនៅ​ឆ្នាំ​៩៧ ​ដែរ​ មិន​មែនចោទ​វៀតណាមចំៗ​ដែរ​, ជាច្រើន​​ករណី​ណាស់​ដែល​លោក​ ហ៊ុន​ សែន បាន​បញ្ជា​​បង្ក្រាប​បាតុករ​ខ្មែរ​និងចាប់​សកម្មជន​ដាក់​​​​គុក​ ដែល​មិន​ទំនង​ជា​លោក​ធ្វើ​តាម​វៀតណាមទេ​​ ទោះ​វៀតណាម​មិន​បាន​ប្រើ​ក៏​លោក​ធ្វើ​ដែរ​, លោក​បាន​ធ្វើ​រដ្ឋ​ប្រហារឆ្នាំ​៩៧ ​បណ្តាល​ឱ្យ​មន្ត្រី​សំខាន់​ៗ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ស្លាប់​បាត់​បង់​ជីវិត​​ (លោក​ ហូ​ សុខ​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​បាន​ដឹង​ជា​មុន​ពី​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ ត្រូវ​បានគេ​ធ្វើ​ទារុណ​កម្ម​និង​សម្លាប់​នៅ​ក្នុង​ក្រសួង​មហាផ្ទៃនា​កាល​ណោះ​​) ជា​រដ្ឋប្រហារ​ដើម្បី​បញ្ចៀស​លទ្ធភាព​ចាញ់​ឆ្នោត​១៩៩៨ និងដើម្បី​​ក្តាប់​អំណាច​ទាំង​ស្រុង​ មិន​មែន​ដើម្បី​ផ្គាប់​ចិត្ត​វៀតណាម​នោះ​ទេ​​​។ លោក​ សម​ រង្ស៊ី​ បាន​ចោទលោក​នាយករដ្ឋមន្ត្រី​និង​​គណបក្ស​ប្រជាជនថា​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក​ កែម​ ឡី​ ទោះ​បី​លោក​ក៏​អះ​អាង​ដែរ​ថា​ វៀតណាម​ខ្ចី​ដៃ​ខ្មែរ​សម្លាប់​ខ្មែរ​ក៏​ដោយ​, ក៏​គេ​គួរ​យល់​ថា​ ឃាតកម្ម​នេះ​មិនអាច​​កើត​ឡើង​ឬ​ប្រព្រឹត្ត​ទៅ​ដោយ​ស្រួលឡើយ​​នៅ​កម្ពុជា​ បើ​គ្មានការ​​ជ្រោម​ជ្រែង​ពី​អ្នក​ឥទ្ធិពល​នៅ​កម្ពុជាដែរ​ ​ដូច្នេះគឺ​នៅ​តែ​ខ្មែរ​ជា​អ្នក​ចូល​ដៃ​សម្លាប់​ខ្មែរ​ ជាជាងខ្មែរ​​ឱ្យ​ដៃ​បរទេស​​ខ្ចី​​។

បន្តិច​ម្តង​​ៗ ​រដ្ឋអំណាច​ទំនង​ជា​បោះ​បង់​បំណង​ធ្វើ​ឃាត​លោក សម​ រង្ស៊ី ពិសេស​នៅ​ក្រោយ​ពេល​​​​លោកនាយករដ្ឋមន្ត្រី​បាន​រក​ឃើញ​ថា​ មេ​បក្ស​​រូប​នេះ​ងាយ​បណ្តេញ​ ងាយ​បញ្ឆោត​ ងាយ​លួង​លោម​​ចរចា​ឱ្យ​ចុះ​ញ៉ម​ ដោយគិត​ថា​ ហេតុ​អ្វី​ចាំ​បាច់​សម្លាប់​ បើ​មិន​ពិបាក​ទប់​ទល់​ផង​? លោកនាយករដ្ឋមន្ត្រី​​បាន​បញ្ឆោត​ឱ្យលោក​ សម​ រង្ស៊ី​ ​ជួយ​កែ​រដ្ឋធម្មនុញ្ញ​បាន​​ ដោយ​គ្រាន់​តែ​បណ្តេញ​ដោយ​ប្រើ​ប្រាស់​អំណាច​តុលាការ​ឱ្យ​ចាប់​ខ្លួន​ រួច​អនុញ្ញាត​ឱ្យ​ស្រុក​វិញ​ដោយ​មាន​លក្ខខណ្ឌ​ (​ក្រុម​ស្ត្រី​តំបន់​បឹងកក់ប្រសិទ្ធិនាម​តុលាការ​កម្ពុជាថា​​តុលាការ​តេឡេ​ដែល​លោកនាយករដ្ឋមន្ត្រី​​អាច​បញ្ជា​ពី​ចម្ងាយ​បាន), ​ឬ​ចាប់​សកម្មជន​ជា​ថ្នូរ (សូម្បី​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំក៏​អំពាវ​នាវ​មិន​ឱ្យ​មេ​បក្ស​ដោះ​ដូរ​ជា​មួយ​បក្ស​កាន់​អំណាចជា​ថ្នូរ​នឹង​ការ​ដោះ​លែងដែរ​​​ ដោយ​បារម្ភ​ខ្លាចមេ​បក្ស​ចាញ់​ល្បិច​ដដែលៗ​នេះ​ទៀត​​​)​, ដែល​ទាំង​អស់​នេះ​ជា​តាក់ទិច​ដដែល​ៗប្រើ​លើ​លោក​ សម​ រង្ស៊ី​ ដដែលៗ​ ជោគ​ជ័យម្តង​ហើយម្តង​ទៀត, នាំ​ឱ្យ​គេ​អាច​សន្និដ្ឋាន​បាន​ថា​​ ​សម្រាប់​លោក​ ហ៊ុន​ សែន,លោក សម​ រង្ស៊ី​ ​គ្រាន់​តែ​ជា​គូប្រជែង​ដែល​ងាយ​ស្រួល​យក​ឈ្នះប៉ុណ្ណោះ​។

បើ​ចេតនា​ធ្វើ​ឃាត​នៅ​តែ​បន្ត​ ម្ល៉េះ​លោក​ សម​ រង្ស៊ី​ មិន​ទំនង​ជា​នៅ​រស់​រាន​ដល់​សព្វ​ថ្ងៃ​ទេ​ ត្បិត​ចន្លោះ​ពីឆ្នាំ​១៩៩៨ មក​ទល់​បច្ចុប្បន្ន​​ (ក្រោយព្រឹត្តិការណ៍​គប់​គ្រាប់​បែក​នៅ​ក្នុង​ឆ្នាំ​៩៧ លោក​ក៏​បាន​ចៀស​ផុត​ពី​វាយ​ប្រហារ​​ដោយ​គ្រាប់​បែក​ដៃ​ម្តង​ទៀត​នៅ​មុខ​ក្រសួង​មហាផ្ទៃ​នៅ​ឆ្នាំ​៩៨) ​ មាន​កំលុង​ពេល​ច្រើន​ណាស់​ដែល​ផ្តល់​ជា​ឱកាស​ធ្វើ​ឃាត​ឱ្យ​តែ​លោក​ស្នាក់​នៅ​កម្ពុជា​ ហើយ​ក៏​គ្មាន​​សកម្មភាព​ប៉ុន​ប៉ង​ធ្វើ​ឃាតលោក​ទៀត​​ដែរ​។ ហានិភ័យ​ត្រូវ​គេ​ចាត់​ទុក​ជា​មុខ​សញ្ញា​​ធ្វើ​ឃាត​បាន​ធ្លាក់​ទៅ​លើ​លោក​ កឹម​ សុខា​ នៅ​ពេល​លោក​ចង​សម្ព័ន្ធ​នឹង​លោក​ សម​ រង្ស៊ី​ បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១២ ពិសេស​នៅ​ពេល​ដែល​លោក​ចាប់​ផ្តើម​លេច​ធ្លោកើន​ប្រជាប្រិយ​ភាព​​ តាម​រយៈ​សម្តី​រិះ​គន់​រដ្ឋាភិបាល​និង​ការ​ចុះ​មូលដ្ឋានតាម​ទី​ជន​បទ​​ច្រើន​របស់​លោក,​ សារ​គំរាម​សម្លាប់​ក៏​ត្រូវ​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​​នូវអម​ដោយ​​រូប​ភាព​កាំ​ភ្លើងដោយ​​​លោក​ ផែង វណ្ណៈ ​​មន្ត្រី​នៅ​ក្រសួង​មហាផ្ទៃ​នៅ​ឆ្នាំ​២០១៣ និង​ក្រោយ​មក​ទៀត​គំរាម​សម្លាប់​​ដោយ​កញ្ញា​ ធី​ សុវណ្ណថា​ អតីតអ្នក​គាំទ្រ​បក្ស​ប្រឆាំង​ដែល​បែរ​ទៅ​គាំទ្រ​បក្ស​កាន់​អំណាច​។ ប្រាប់​​ Cambodia Daily លោក​ ​ ឡៅ​ ម៉ុងហៃ​ បាន​និទស្សន៍​មុន​ការ​បោះ​អាណត្តិ​ទី​៥ ​ថា​ លោក​ កឹម​ សុខា​ នឹង​ដើរ​តួ​សំខាន់​ក្នុង​ការ​ទាក់​ទាញ​ការ​គាំទ្រ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ដោយ​សារ​លោក​ជា​អ្នក​ដឹក​នាំ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ នៅ​ពេល​លោក​ សម​ រង្ស៊ី​ នៅ​និរទេស​ខ្លួននៅ​​ឡើយ​​ ហើយ​គណបក្ស​ប្រឆាំង​ពិត​កើន​ប្រជាប្រិយ​យ៉ាង​ខ្លាំង​ដូច​ការ​ប៉ាន់​ស្មាន​មែន​ ទោះ​មិន​មែន​ជា​គុណ​សម្បត្តិ​របស់​លោក​ កឹម​ សុខា​ តែ​ម្នាក់​ក៏​ដោយ​។ ដូច្នេះ​ វា​មិន​មាន​អ្វី​ចម្លែក​ទេ​ដែល​លោក​ កឹម​ សុខា​ ជា​មុខ​សញ្ញា​រង​គ្រោះ​ ​រង​ការ​ធ្វើ​បុក​ម្នេញ​ច្រើន​ជាង​លោក​ សម​ រង្ស៊ី​ ហើយ​ក៏​មិន​ហួស​ហេតុ​ពេកដែរ​ចំពោះ​អ្នក​​ដែល​ហ៊ាន​អះ​អាង​ថា​ លោក​ កឹម​ សុខា​ មាន​ប្រជាប្រិយ​ភាព​ខ្ពស់​ជាង​លោក​ សម​ រង្ស៊ី​ បើ​មិនមែន​​ខ្ពស់​ជាង​នៅ​ក្រៅ​ប្រទេស​ឬ​ក្នុង​ប្រទេស​ ក៏មានប្រជាប្រិយ​ភាព​​ក្នុងបក្ស​​​ខ្ពស់​ជាង​ដែរ​។ (សូមអានបន្ត ភាគ២)

ដោយ​ ទេព​ រ៉ានិត               

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ