ក្រសួង​​អំពាវនាវឲ្យ​​ប្រជាពល​រដ្ឋ​​ប្រុង​ប្រយ័ត្ន​ពីការ​​ពុល​ចំណី​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង (ណាត សុភាព)

ក្រសួងសុខាភិបាល​អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ​មាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ពុល​ចំណី​អាហារ និង​ការ​ចម្លង​មេរោគ​ក្នុង​ឱកាស​បុណ្យ​​ចូល​ឆ្នាំ​ថ្មី ដោយ​ស្នើ​ឲ្យ​មាន​ការ​រៀប​ចំ​ម្ហូប​អាហារ​ លាង​សំ​អាត​ និងទុក​ដាក់​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ។

ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​៤ មេសា នេះ​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំ​ងឺ​ឆ្លង​នៃ​ក្រសួងសុខាភិបាលលើកឡើងថា ​ ការ​ធ្វេស​ប្រហែល​ក្នុង​ការ​ទទួល​ទានចំណី​អាហា​រភាគ​ច្រើនមាន​រោគ​សញ្ញា​ដូច​ជា​ ក្អួតចង្អោរ រាក​ រាកមួល​ជាដើម​ ដែល​អាច​បណ្តាល​ឲ្យ​ឈឺ និង​អាច​មាន​គ្រោះ​ថ្នាក់​ដល់​អាយុជិវិត​ផង​ដែរ។

ដើម្បី​ជៀស​វាងគ្រោះ​ថ្នាក់​ទាំង​នេះ​ក្រសួង​បាន​ណែ​នាំ​ដល់​សាធារណជន​ឲ្យ​អនុវត្តន៍​វិធាន​ការ​អនាម័យ​ដែល​មាន​ដូចជា​ការ​ប្រើ​ប្រាស់​ទឹក​ និង​ម្ហូបអាហារ​ស្អាត​ ចំ​អិន​អាហារឲ្យ​បាន​ឆ្អិន​ល្អ ទុក​ដាក់​ឲ្យ​ដាច់​ដោយ​ឡែក​ពីគ្នា មិន​ត្រូវ​រក្សា​ទុក​អាហារ​ច្រើន​ថ្ងៃ​នោះ​ទេ ជា​ពិ​សេស​ហាម​ដាច់​ខាត​អាហារ​ហួស​ការ​កំណត់​ ត្រូវ​លាង​ដៃ​នឹងសាប៊ូទាំង​មុន​ និង​ក្រោយ​ពេល​រៀប​ចំ​ម្ហូប​អាហារ និង​ចូល​បង្គន់។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា ការ​ចេញសេចក្តីណែ​នាំ​នេះ ​គឺ​ដើម្បី​ក្រើន​រំ​លឹក​ដល់​ប្រជាពល​រដ្ឋ​ពី​ការ​រក្សា​អនាម័យក្នុង​ឱកាស​នៃពីធី​បុណ្យ​នេះ​។ លោក​ថា​ជា​ទូ​ទៅ​នៅពេលមាន​ពិធី​បុណ្យ​ធំ​ៗម្តងៗ​មិន​ថា​ចូល​ឆ្នាំ​ខ្មែរ រៀប​អាពាហ៍​ពិពាហ៍​ ឬ​បុណ្យ​ទាន​ទេ ករណី​ពុល​អាហារ​នេះ​កើត​ឡើង​ជា​ញឹក​ញាប់ដែល​ពល​រដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន។

លោក​ថា៖ « ពីព្រោះយើងពិនិត្យឃើញហើយនៅពេលមានពិធីបុណ្យផ្សេងប្រជាជនយើងយកបាយសម្លរនានាហ្នឹងយកទៅប្រគេព្រះសង្ឃ ហើយនៅពេលដែលព្រះអង្គឆាន់ បរិភោគមិនអស់ហ្នឹងគាត់តែងយកទៅទុក។ ហើយនៅពេលទុកហ្នឹងគាត់តែរក្សាសីតុណ្ហភាពមិនបានសមស្របអញ្ចឹងហើយបានជានាយកដ្ឋានសង្កត់ធ្ងន់ពីការរក្សាចំណីអាហារឲ្យបានសមស្របហ្នឹងបាទ។ ក្រៅពីនោះគឺអនាម័យអ្នកដែលរៀបចំអាហារដែលកាន់ហ្នឹងត្រូវតែលាងដៃឲ្យស្អាតមុននឹងលើកយកអាហារមកបរិភោគ »

ប្រធាន​សហ​ព័ន្ធ​សហជីព​កម្ម​ករចំណី​អាហារ និងសេវា​កម្ម​លោក​ ស ម៉ូរ៉ា គាំទ្រ​ចំពោះ​សេចក្តីណែនាំ​ក្រើន​រំ​លឹក​របស់​រដ្ឋា​ភិ​បាល​​នេះ​ តែ​លោក​ថា​រដ្ឋា​ភិបាល​គួរ​តែ​មាន​វិធាន​ការពិនិត្យ​ទៅ​លើ​ផលិតផល​​ដែល​បាន​នាំចូល​ឲ្យ​បាន​ខ្ពស់ព្រោះ​ខណៈ​បុណ្យ​ចូល​ឆ្នាំនឹង​ចូល​មក​ដល់នេះ តម្រូវ​ការ​ទៅ​លើ​បន្លែ​ផ្លែ​ឈើ​​ និង​សាច់​ក៏​តម្រូវ​ឲ្យ​មាន​ការ​កើន​ឡើង​ផង​ដែរ។​

លោក​ថា៖ « អាហារទំនិញអីហ្នឹងគឺយើងនាំចូលមកទេ! គឺនាំចូលមកពីវៀតណាមនិងថៃ។ បើនៅក្នុងរាជធានីភ្នំពេញរបស់យើងហ្នឹងគឺមួយថ្ងៃដឹកចូលមករាប់តោន ដឹកពីវៀតណាមមក។ ទាល់តែមានការគ្រប់គ្រងហើយ ហើយការនាំចូលក្នុងអំឡុងពេលនេះហ្នឹងប្រាកដជាមានការកើនឡើងច្រើ ចឹងវាទាមទារឲ្យមានការគ្រប់គ្រងរឹតបន្តឹងពីរដ្ឋាភិបាលហ្នឹងឲ្យខ្លាំងក្លាថែមទៀត មិនចឹងទេវាអាចហូរចូលនូវទំនិញ​​បន្លែផ្លែឈើអីដែលខូចគុណភាពដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយើង »

របាយការណ៍ក្រសួងសុខាភិបាល ឲ្យដឹងថា ករណី​ពុលចំណីអាហារក្នុងឆ្នាំ២០១៧ កើតមានលើមនុស្ស៩៤៧នាក់ ក្នុងនោះ​មាន​មនុស្ស៤នាក់ បានស្លាប់ដោយសារពុលស្រា ដែលចំនួននេះ បានធ្លាក់ចុះជិត២០ភាគរយ បើធៀបទៅនិងឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ