ក្រសួងអំពាវនាវឲ្យភាគីពាក់ព័ន្ធជួយសម្រួលដល់បេក្ខជនប្រលងបាក់ឌុប

សិស្សកំពុងប្រលងបាក់ឌុប (រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ)

ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវឲ្យភាគីពាក់ព័ន្ធមានការយោគយល់ និងជួយសម្រួលដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ដើម្បីឲ្យពួកគេចូលប្រឡងបានទាន់ពេលវេលា។

បើតាមសេចក្តីប្រកាសកាលពីថ្ងៃទី៣ខែសីហា ក្រសួងអប់រំបានស្នើឲ្យអ្នកពាក់ព័ន្ធទាំងអស់ កុំឲ្យមានការតំឡើងថ្លៃកន្លែងស្នាក់នៅ តម្លៃផ្ញើរម៉ូតូ ព្រមទាំងស្នើសុំឲ្យមានការជួយសម្រួលដល់ចរាចរណ៍ ដើម្បីឲ្យបេក្ខជនចូលប្រឡងបានទាន់ពេលកំណត់ និងកុំឲ្យមានការដាច់ភ្លើងនាពេលប្រឡង។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន បាននៅឡើយទេ ដោយទូរសព្ទចូល គ្មានអ្នកទទួល។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថាការអំពាវនាវនេះ ទំនងជាមិនមានប្រសិទ្ធភាពឡើយ ដោយសារតែសេចក្តីជូនដំណឹងនេះ មានតាំងពីឆ្នាំ២០១៤ តែលោកពុំឃើញមានភាគីពាក់ព័ន្ធណាសហការនោះទេ។

លោកថា៖ «យើងដឹងហើយថា ក្នុងរដូវកាលប្រឡង ជាទម្លាប់អាក្រក់របស់អាជីវករ [អ្នក] ផ្តល់សេវាស្នាក់នៅតែងតែតម្លើងថ្លៃ តាមពិតយើង ក៏បានរំលឹកតាំងពីឆ្នាំ២០១៤មកម្ល៉េះ ហើយឃើញ មានវិធានការជាហូរហែដែរ ពីក្រសួង តែលទ្ធផលនៅតែដដែល មានន័យថា ក្រសួងអប់រំគាត់យកចិត្តទុកដាក់ទៅលើរឿងហ្នឹងដែរ ​តែសមត្ថកិច្ចអនុវត្តការងារមិនទាន់ឈានទៅដល់មានប្រសិទ្ធភាពទេ ដោយសារទំនងថា គ្នាគេគ្នាឯងអីចឹងទៅ ម្យ៉ាងទៀតពួកអ្នក ដែលផ្តល់សេវាស្នាក់នៅ ហាក់បីដូចជា មិនកោតក្រែងញញើត ជាមួយនឹងការអំពាវនាវរបស់ក្រសួងទេ»។

លោកក៏បានស្នើសុំឲ្យក្រសួងមានវិធានការថ្មីមួយ ដើម្បីឲ្យមានប្រសិទ្ធភាពជាងនេះ ហើយនឹងអំពាវនាវដល់ភាគីពាក់ព័ន្ធ ដូចជាអ្នកផ្ញើរម៉ូតូ និងម្ចាស់ផ្ទះសំណាក់ សូមកុំឲ្យមានការតំឡើងថ្លៃហួសហេតុ និងឲ្យមានការអធ្យាស្រ័យជាងនេះ ដើម្បីជួយដល់បេក្ខជនប្រឡង ជាពិសេសសិស្សក្រីក្រដែលមកពីទីជនបទ។

បើតាមក្រសួងអប់រំ​ ការប្រលងសញ្ញាប័ត្រទុតិយភូមិ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ខែសីហាឆ្នាំ២០១៧ ដោយមានរយៈពេលពីរថ្ងៃ និងបេក្ខជនចូលរួមប្រឡងសរុបចំនួនជាង១០ម៉ឺននាក់ ពោលកើនឡើងប្រមាណជិត១ម៉ឺននាក់ បើធៀប នឹងឆ្នាំកន្លងទៅ។ ក្រសួងបញ្ជាក់ទៀតថា ការប្រឡងឆ្នាំនេះ មាន​មណ្ឌល​សរុប ១៧៨​មណ្ឌល នៅ​ទូទាំង​ប្រទេស។ ចំណែក​ ​លទ្ធផល​នៃ​ការ​ប្រឡង នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១២ខែ​កញ្ញា ​នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ​ថ្ងៃ​ទី​១៣ខែ​កញ្ញា នៅ​តាម​បណ្ដា​ខេត្ត​នានា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ