វិភាគ៖ តើការចាប់ខ្លួនលោក កឹម សុខា ឆ្លុះបញ្ចាំងពីអនាគតនយោបាយដូចម្តេច?

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

អ្នកឃ្លាំមើលពីស្ថានការណ៍នយោបាយ បង្ហាញការព្រួយបារម្ភថា ភាពត្រឹមត្រូ​វនៃការបោះ​​ឆ្នោតជាតិ​ដែល​គ្រោ​​​​​​​​ង​​ធ្វើ​​នៅឆ្នាំក្រោយនោះ នឹងធានាភាពត្រឹមត្រូវ បានឬទេ បើមេ​ដឹកនាំ​បក្សប្រ​ឆាំង​​​ ត្រូវបា​នសមត្ថ​កិច្ច​​ចា​ប់ខ្លួន និងស្ថាប័​នឯករាជមួយចំនួនត្រូវបានបិទដូចគ្នា មុនការបោះឆ្នោតមកដល់នោះ។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវកង​​កម្លាំងពិសេស របស់រដ្ឋាភិបាល ឆ្មក់ចូលចាប់ខ្លួន នៅគេហដ្ឋាន របស់លោក កាលពីយប់រំលងអាធ្រាត ថ្ងៃទី៣ខែកញ្ញានេះ ទាំងគ្មានដីកាបង្គាប់ពីតុលាការ ដោ​​​យ​​​​សំ​អា​​ងលើវីដេអូឃ្លីប ដែ​​ល​​​​គេ​​បង្ហោះ​តាមប​ណ្តា​ញសង្គម ទាក់​ទិ​ននឹងការថ្លែងរបស់លោក កឹម​ សុខា ប្រា​ប់​អ្ន​​កគាំ​​ទ្រ​​​កា​​​​​ល​ពីជិត៥ឆ្នាំមុន ពីយុទ្ធសាស្ត្រប្តូរ​មេ​​ដឹ​​ក​​​នាំ​​​តា​​មរយៈយន្ត​ការ​​ប្រជាធិ​ប​តេ​យ្យ។

ក្រៅពីវិធានការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងនេះ ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត ក៏ត្រូវបានគំរាម វិទ្យា​ស្ថា​​ន​​ជា​តិប្រជាធិបតេយ្យ N​D​I ​រ​បស់អាមេរិក ក៏ត្រូវបក្សកាន់អំណាចបញ្ជាឲ្យបិទ កាសែត និងប្រព័ន្ធផ្ស​ព្វផ្សា​​យ​​​​ឯ​​ករាជ្យ ត្រូ​វបញ្ជា​​ឲ្យ​បិទដូ​​ចគ្នា។

មួ​យវិ​ញទៀត ច្បាប់គណបក្សនយោបាយ ច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល ច្បាប់សហជីព និងច្បា​ប់មួ​​យចំ​នួនទៀត ដែលអ្នកតាមដានអះអាងថា ជាឧបករណ៍បម្រើនយោបាយ របស់បក្សកាន់អំណាចនោះ ក៏​ពុង​​មា​​​នសុពលភាពដែរ។

ជាការកត់សម្គាល់ បើទោះបីជាអ្នកតាមដានអះអាងថា ច្បាប់មួយចំនួនជាឧបករណ៍នយោបាយ របស់បក្ស​កាន់​អំណាចក៏ដោយ ប៉ុន្តែការបោះឆ្នោតឆ្នាំ២០១៣ និង២០១៧នេះ បក្សកាន់អំ​ណាចបានធ្លាក់ចុះ​ប្រជា​ប្រិយ​​ភា​​​ព​ជាបន្ត​បន្ទាប់ ពោលគឺសំឡេងឆ្នោត គណបក្សកាន់អំណាចលើសបក្សប្រឆាំង​៥០ម៉ឺនសំឡេង​​ប៉ុ​​ណ្ណោះ​​(៤៨៣​២៣២)ក្នុងចំណោមពលរដ្ឋជិត៧លាននាក់ ដែល​បានទៅបោះឆ្នោត(៦៧៤៣៣២៩)។

សំនួរសួរថា តើការចាប់ខ្លួនលោក កឹម សុខា ឆ្លុះបញ្ចាំ​​​​​​យ៉ាងដូចម្តេចពីអនាគតនយោបា​​​យនៅកម្ពុជា?

អ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី លើកឡើងថា សំឡេងឆ្នោត គាំទ្រប​ក្សកា​ន់អំ​ណា​​ច និ​ងប​ក្ស​​ប្រឆាំង អំឡុងបោះឆ្នោតឆ្នាំ២០១៧នេះ លោកថា គណបក្សប្រឆាំង បានដេញជិតទាន់ បក្សកាន់​​អំ​ណា​ច ។

លោក មាស នី វិភាគថា ការបិទសំឡេងអ្នករិះគន់ ឬប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងចាប់ឃុំខ្លួនលោក កឹម សុ​ខា ពេលនេះ លោកថា ជាយុទ្ធសាស្ត្រនយោយ ប្រឹងរត់ទៅមុខ ហើយប៉ែងជើងដៃគូប្រកួតឬ​ហៅម្យ៉ា​ង​ទៀ​តថា ដំណើរការទៅកាន់ការបោះឆ្នោតឆ្នាំ២០១៨ តាមរូបម​ន្តបិទទ្វា​វាយឆ្កែ ដូច​ដែ​ល​​​លោកហ៊ុន សែន​ ធ្លាប់​និយាយ។

លោកថា៖«ការចាប់ខ្លួនលោក កឹម សុខា បានកើតឡើងបន្ទាប់ពី[រដ្ឋាភិបា]បានបិទប្រព័ន្ធផ្សព្វផ្សាយឯករា​​ជ្យទាំងអស់ជាមុនសិន អាហ្នឹងបានន័យថាបិទទ្វារ ហើយវាយឆ្កែតាមក្រោយ»

លោក មាស នី វិភាគទៀតថា ការបិទសំឡេងឯករាជ្យ ជាឱកាស របស់មន្ត្រីខិលខូច យកប្រព័​ន្ធផ្ស​ព្វផ្សា​យ​​បែ​បហៃអើ ទៅលើកសសើរដ្ឋាភិបាលខុសរឿង ដើម្បីបានលាភសការៈ ហើយថាទីបំ​ផុតរដ្ឋាភិ​បា​លនឹ​ងធ្លា​​ក់​ទឹក តាមសំឡេងហៃអើនេះ។

លោកថា៖បើសិនជារដ្ឋាភិបាលពឹងតែប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនឯងតែមួយទេ បានន័យថារដ្ឋាភិបាលហ្នឹងបានចាប់ផ្តើមបង្រួមខ្លួនឯង យូៗទៅនឹងអាចក្លាយជាកង្កែបក្នុងអណ្តូង ដែលទទួលបានតែព័ត៌មានបែ​​បលើកជើង

 អញ្ចឹងមិនអាចរកឃើញពីចំនុចខ្សោយបានទេ ស្អីក៏ល្អៗដែរ ហើយមួយទៀតប្រព័ន្ធផ្សព្វផ្សា​​យហ្នឹងបំពេញតួនាទីជាអ្នកហៃអើៗអាជៃធ្លាក់ទឹកទៅ ទីបំផុតធ្វើឲ្យរដ្ឋាភិបាលហ្នឹងក៏អាចពិបាកស្តានូវកិត្តិយស៌របស់ខ្លួនឡើវិញដែរ បើសិនជាមិនបានគិតឲ្យបានទូលំទូលាយ»

អ្នកវិ​​ភាគនយោបាយមួយរូបទៀត គឺលោក បណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា សារគំរាមផ្នែកនយោបាយ កា​របំ​បិទ​មាត់​គណបក្សប្រឆាំង រួមទាំងការចាប់ខ្លួនលោក កឹម សុខា ផងនោះ លោកថា ជាយុ​ទ្ធសា​ស្ត្រចា​ស់ របស់គណបក្សកាន់អំណាច ដែលលោកថា តែងតែយកអំណាចរដ្ឋ ទៅបំបាក់​ស្មារតីដៃ​គូ​ប្រកួត មុន​កា​របោះឆ្នោត ហើយទម្លាក់ដៃបន្តិចនៅជិតបោះឆ្នោត ដើម្បីបង្ហា​ញមតិអ​ន្ត​រជាតិថា ដំណើរការ​បោះ​​ឆ្នោ​ត​​នៅ​កម្ពុ​ជា ប្រព្រឹត្ត​ទៅដោយ រលូតគ្មា​នហិង្សាកើ​​តឡើ​ង។

លោកាថា៖«ដូចជាមានយុទ្ធសាស្ត្រថា គាបសង្កាត់ឲ្យរាបសិន ហើយដល់ពេលនោះគេបង្កើតបរិយាកាស រយៈពេលក្នុងយុទ្ធនាការបោះឆ្នោត បើកទូលាយនៅពេលនោះ ដោយថាគេបើកឲ្យទូលាយទៅបន្តិចទៅ វាអត់មានឥទ្ធិពលច្រើនទៅលើសេចក្តីសម្រេចចិត្តច្រើន របស់ប្រជាពលរដ្ឋ»

ប៉ុន្តែលោក បណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងចាប់​មេបក្សប្រ​ឆាំងពេ​ល​នេះ លោកថាបក្សកាន់អំណាចនឹងបាត់ប្រជាប្រិយភាពច្រើន តាមរយៈការ​រិះគន់ពីស​ហគម​ន៍ជាតិ និង​អ​ន្ត​រ​ជាតិ។

ទោះជាយ៉ាងគណបក្សកាន់អំណាចបាន បានចោទលោក កឹម សុខា ថាមាន​ទោស«ក្បត់ជា​តិ»​ដោយថា មេ​បក្ស​ប្រឆាំ​​ងរូបនោះ ធ្លាប់អះអាងប្រាប់អ្នកគាំទ្រ នៅក្រៅប្រទេស កាលពីឆ្នាំ២​០​១៣​ថា​ សហរដ្ឋ​អាមរិកធ្លា​ប់​បង្ហា​​ញយុទ្ធ​សា​ស្ត្រប្តូរមេដឹកនាំកម្ពុជាតាមរយៈយន្តការ​​ប្រ​​ជា​​ធិបតេយ្យ។

យ៉ាងនេះក្តីក្រោយពីចាប់ខ្លួនលោក កឹម សុខា ស្ថានទូតអាមេរិកប្រចាំកម្ពុជា សហភាពអ៊ឺរុប និងប្រទេសមួ​យ​ចំ​​នួ​ន​ទៀ​តបានចេញសេចក្តីថ្លែងការណ៍បង្ហាញកា​រព្រួយបារម្ភពីវិធានការរបស់រដ្ឋាភិបាលកម្ពុជានេះ ដោ​​​​​យ​​​ថាចំ​ណាត់ការជាបន្តបន្ទាប់នេះ នឹងប៉ះពាល់ដល់ការបោះឆ្នោតខាងមុខ។

អ្នកវិភា​គនយោបាយមួយរូបទៀត គឺលោក ឯម សុវណ្ណារ៉ា វិភាគថា អ្នកនយោ​បាយខ្មែរ តែងតែធ្វើអ្វីគ្រ​ប់​បែ​​​បយ៉ាងដើម្បីតែការពារអំណាចរបស់ខ្លួន ឲ្យ​តែពួកគេមានឱ​កា​ស ។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា ការចាប់ខ្លួនលោក កឹម សុខា អា​​ចជាសម្ពាធមួយជំរុញ ឲ្យបក្ស​ប្រឆាំ​ងបង្ខំចិត្តរើសមេដឹកនាំថ្មី  ដើម្បីគេចចេ​ញពីការំលា​យគ​ណ​បក្ស តាមរយៈ​ច្បា​ប់គ​ណ​ប​ក្សនយោ​បាយថ្មី ដើ​​ម្បី​​​ឆ្ល​ងកាត់ព្យុះភ្លៀង​ទៅកាន់កា​របោះឆ្នោ​ត២០១៨។

លោកថា៖«ធម្មតាការចាប់មេបក្សនឹងវាមានការប្រឈម បើសិនជាឯកឧត្តមកឹម សុខា ហ្នឹងមានទោសពៃតាការចោទប្រកាន់ របស់បក្សកាន់អំណាច។អញ្ចឹងទេទាល់តែគណៈកម្មាធិការប្រតិបត្តិរបស់បក្សនឹងថ្នាក់ដឹកនាំ​​​ របស់បក្សហ្នឹងត្រូវគិតពីការដក រើសប្រធានបក្សថ្មីរុះរើ។អញ្ចឹងការរុះរើនឹងវាត្រូវការចាយពេលវេលា ត្រូវកាសមាជអីច្រើនអញ្ចឹង ។អញ្ចឹងបញ្ហាហ្នឹងវាធ្វើឲ្យបក្សហ្នឹងខាតពេលវេលាដែរ»

ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគថា រដ្ឋាភិបាលអាចដាក់សម្ពាធបក្សប្រឆាំងបាន ប៉ុន្តែលោកថា បក្សកា​ន់អំណាច ក៏មិនត្រូវមើលស្រាល ពីសម្ពាធអន្តរជាតិ ដែលជំរុញឲ្យក​ម្ពុជារៀបចំការ​បោះឆ្នោ​តដោយសេ​រីត្រឹ​ម​​ត្រូ​វនិងយុត្តិធម៌នោះដែរ។

លោកថា៖«បើសិនជារដ្ឋាភិបាលមិនទទួលតាមអ្វីដែលសហគមន៍អន្តរជាតិអំពាវនាវវាអាចប្រឈមនឹងបញ្ហា ច្រើនដែលរដ្ឋាភិបាលពឹងពាក់លើអង្គការសហប្រជាជាតិជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរុប បើសិនគេផ្តាច់តែទីផ្សារនៅសហគមន៍អឺរុបនិងអាមេរិកក៏កម្ពុជាយើងដោះស្រាយអត់បានដែរ វិបត្តិសេដ្ឋកិច្ចកើតឡើង សេដ្ឋកិច្ចធ្លាក់ចុះហើយកម្មករអត់ការងារធ្វើ ស្ថេរភាពនយោបាយយើងបាត់បង់ហើ រិយាកាសនយោបាយក៏បាត់បង់ដែរ»

ទោះជាយ៉ាងណា អ្នកវិភាគលើឡើងដែរថា បើបរិយាកាសនយោបាយពោរពេញដោយការគំរាមកំហែង ចា​ប់​​​​​ពីពេលនេះ រហូ​តដ​ល់ថ្ងៃបោះឆ្នោត ពួកគេថាលទ្ធផលបោះឆ្នោតអាណត្តិទី៦ អាចនឹងត្រូ​វគេប្រកា​ស​មុន គ.​​​ជ.ប ដូចឆ្នាំ២០១៣ ដោយថា នៅ​កម្ពុ​​ជា ​​អ្វីក៏អាចកើតឡើងបានដែរ ឲ្យតែ​អ្នក​នយោ​បា​យ​ចង់ធ្វើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ