ប៉ែន សុផានី ​សារភាពថាគ្មានលុយទិញ​​ដី និងផ្ទះ រស់នៅជុំកូន

ខុស​ពី​តារាជើងចាស់ល្បីឈ្មោះ​​ភាគច្រើន ​​ដែល​​​មានជីវភាព​​ល្អប្រសើរនៅពីក្រោយសិល្បៈ តារាសម្ដែងជើងចាស់​អ្នកនាង ​ប៉ែន​ សុផានី បានអះអាងថា អ្នកនាង​​អត់មាន​​​​​ទ្រព្យសម្បត្តិអ្វី ​​សេសសល់ជាដុំកំភួន​នោះទេ ក្រៅតែផ្ទះ​កំណើត ដែលមានស្រាប់នៅ​ខាងក្រោយ​ក្រសួងមហាផ្ទៃ។ អ្នកនាង បានទាំងសារភាព​មិនមានលុយ​សម្រាប់ទិញ​ផ្ទះ​ទិញ​ដី ​ដើម្បី​ទៅរស់នៅ​ជួបជុំជាមួយ​កូនប្រុស ​នៅខេត្តព្រះ​វិហារ​​​​​​ក្រោយពី​ចប់ការងារសិល្បៈនោះផង។

​អ្នកនាង​​បានថ្លែងក្នុងពិធីខួបកំណើតកាលពីថ្ងៃទី​​១ខែកញ្ញា ថា​​​​​អ្នកនាង​ក្រោយចប់សិល្បៈ គឺមានបំណងទៅ​រស់នៅ​ទីរួមខេត្ត​​ព្រះវិហារ ដោយសារតែនៅ​ទីនោះកូនប្រុសតែមួយរបស់អ្នកនាង​គេ​មានប្រពន្ធ និងកូនមួយ​ហើយរស់នៅ​ និង​ធ្វើការ​នៅទីនោះដែលមិនខុស​ពី​​ចាកគ្រឹះ​​នៅខេត្តព្រះ​វិហារ​ផងដែរ។

យ៉ាងណាមិញ អ្នកនាង​​​​បញ្ជាក់ថា​កូនប្រុស និងភរិយា មិនមាន​​​ដីធ្លី​ និងផ្ទះសម្បែងនៅឯខេត្តព្រះវិហារនោះទេគឺ​​​កូន​​ និង​​កូនប្រសារស្រីរបស់អ្នកនាង​​​​នៅធ្វើការទីនោះ​​ដោយការ​​​ជួលផ្ទះគេប៉ុណ្ណោះ។ ​​អ្នកនាងថា ​កូនប្រុសរបស់​អ្នកនាងអត់ចេះ​រស់នៅ​ភ្នំពេញ​នោះទេ ហើយ​ដោយសារតែលោក​ទម្លាប់ធ្វើការនៅទីនោះយូរឆ្នាំមកហើយ ​ទើបលោក​ និងភរិយា​រឹតតែរវីរវល់មករស់នៅ​​ភ្នំពេញជួប​ជុំជាមួយ​អ្នកនាង បើ​ទោះជា​អ្នកនាងមានផ្ទះ​​​​​​​កេរ្តិ៍​ ដើម្បី​អោយរស់នៅបាន​ដោយមិនបាច់ជួលគេ។

អ្នកនាងថា​ កូន​ប្រុសរបស់អ្នកនាង​​មិនចង់រស់នៅ​​ពឹងពាក់អ្នកនាងជាម្ដាយទាល់តែសោះ ​​ជាពិសេស​ក្រោយពីលោកមាន​ភរិយា និងកូនប្រុស​​តូច​ម្នាក់ គឺកាន់តែចង់មានផ្ទះមានសម្បែងរស់នៅ​​ឯខេត្តព្រះ​វិហារខ្លាំង​ឡើង។ អ្នកនាងបានសារភាព​ថា​​មាន​មធ្យោបាយតែមួយ​គត់ដែលអាចអោយអ្នកនាង​​មានលុយជួយដល់កូនប្រុស​អោយមានផ្ទះ​មានសម្បែងនៅខេត្តព្រះ​វិហារ គឺមានតែប្រកាសលក់ផ្ទះ​​កេរ្តិ៍​នៅខាង​ក្រោយក្រសួងមហាផ្ទៃប៉ុណ្ណោះ ប៉ុន្តែមកពីអ្នកនាង​ប្រកាន់​ជំហរ​​​មិនអាចលក់ផ្ទះ​នឹងចោល​​បាន​ ទើប​អ្នកនាង​យល់ថាខ្លួនឯងប្រហែលជាខ្វះ​លទ្ធភាព​ច្រើនជាងទៅរួចសម្រាប់គម្រោង​ក្រោយពេល​បោះបង់​សិល្បៈ។ អ្នកនាងបញ្ជាក់ថា​ សិល្បៈរាល់ថ្ងៃដ្បិតថា​​ថត​​ច្រើនរឿងហើយទទួលបាន​លុយ​​​ច្រើនក៏ពិតមែនប៉ុន្តែ​​ប្រើសម្រាប់តែទប់តម្រូវការ និងការ​ចំណាយ​​ដែល​កើតមានឡើងមិនយប់​នៅក្នុងវិស័យ​សិល្បៈប៉ុណ្ណោះ ជាពិសេស​​ការចំណាយលើកម្មវិធីបុណ្យការ និង​ជប់លៀង ដែលមាន​វិលជុំស្ទើររាល់ថ្ងៃនៅក្នុងវិថីសិល្បៈ។

ក្នុងនោះ​អ្នកនាងមិនទាំង​ហ៊ាន​​ហ៊ឺហារដោយសំលៀកបំពាក់​ថ្លៃៗផ្លាស់ម៉ូដនោះផង ​ដោយអ្នកនាង​បញ្ជាក់ថា​ការលម្អកាយដោយគ្រឿងអលង្ការហ៊ឺហារស៊ីវិល័យក៏មិនសូវ​ហានលេងដូចគ្នា​នោះដែរ។ អ្នកនាងថា​​​​​​ខ្លួនបាន​បម្រើសិល្បៈជិត​៣០ឆ្នាំមកហើយ គឺ​​​ប្រហាក់ប្រហែលនឹង​​​​​៣ទសវត្សរ៍តែសម្រាប់​ទ្រព្យធន​គឺ​​មិនសូវស្ដុកស្ដម្ភដូចគ្នា។ អ្នកនាងនៅតែអះអាងថា​​​​​​ចំណូលដែលបានទទួលពីការងារ​សិល្បៈ មិនអាចធ្វើ​​​​ជាទ្រព្យមាន​បាន​​កើតទេ បើគ្មាន​​​​​​​​ជីវភាព​មួយល្អប្រសើរនៅពីក្រោយខ្នង ជាពិសេសសម្រាប់អ្នក​​មិន​មាន​​​មុខរបរ​​​​ធំដុំ​​​បន្ថែមពីលើសិល្បៈនោះផង។

ក្នុងនោះអ្នកនាង​ក៏បានប្រកាសថា​​នឹង​មិនអាចបន្តគម្រោង​ទទួល​​ការសម្ដែង​រហូតទាល់តែវ័យជរា​​ដូចគ្នា ដោយអ្នកនាង​បញ្ជាក់ថា​​​ទោះជាមានការគាំទ្រ​ពីក្រុម​ផលិតករ​​ក៏អ្នកនាងមិនអាចត្រាំ​ត្រែងក្នុងសិល្បៈ​​​​ ដោយ​បន្តការសម្ដែងរហូតដល់​វ័យ​ជ្រេខ្លាំង ដែលធ្លាក់ដល់តួយាយ​ ឬ​​ដល់ថ្នាក់សម្ដែងជា​តួម្ដាយលែងសម​នោះទេ។ អ្នកនាង​​​​ប្រកាសថា​​ដល់ពេលចាស់ទៅគឺត្រូវតែទៅរស់នៅជុំកូនជុំចៅនៅខេត្តព្រះ​វិហារ តែអ្នកនាង​មិនដឹងថាខ្លួន​នឹងមាន​​​លុយកាក់ទិញ​ផ្ទះ​ទិញសម្បែង​​​រស់នៅទីនោះអោយ​​បានសមរម្យនោះទេ ​ដោយសារតែលុយ​កាក់​​ម៉ឺនៗដុល្លារ​គឺអ្នកនាង​ប្រកាសថា​មិនមានលទ្ធភាពតែម្ដង។

អ្នកនាងនិយាយថា៖ ​«​បើខ្ញុំឈប់ពីសិល្បៈ ​គឺមានតែរស់នៅជាមួយកូន​ និងកូនប្រសារទេ ​ហើយខ្ញុំ​សារភាពត្រង់​​គឺអត់មាន​គម្រោងទៅធ្វើ​​ភូមិគ្រឹះអីនៅ​ខេត្តព្រះ​វិហារ​​​​​​​​​​​​​​​អីទេគឺ​តែលុយទិញ​ផ្ទះ​ និង​ដីនៅ​ទីរួម​​ខេត្ត​ហ្នុង (ព្រះវិហារ) ​ក៏​មិនដឹងថាមានលុយអត់ផង ព្រោះខ្ញុំរាល់ថ្ងៃ​​តារាជើងចាស់​ហើយល្បីឈ្មោះ​អីមែន តែសម្រាប់​រឿងលទ្ធភាពចឹងៗ​គឺអត់មានតែម្ដង​​!»។

អ្នកនាង​ ប៉ែន សុផានី បានប្រកាសទៀតថា អត់មាន​គម្រោង​លក់​ចោលផ្ទះសំណប់​នៅខាងក្រោយក្រសួងមហាផ្ទៃដូចគ្នា​ ​ដោយសារតែអ្នកនាង​គិតថា​​ផ្ទះ​នោះ​អាច​ទុកជួល​​​​​ដើម្បី​បានប្រាក់​​គ្រាន់ចិញ្ចឹមខ្លួន​ពេលចាស់​​កុំអោយពិបាក​កូន និងកូនប្រសារ​។ អ្នកនាង​​ខ្លួនកំពុងសន្សំ​លុយ​បណ្ដើរ​​ដើម្បី​​​អោយពេល​​​​ខាងមុខ​គឺមាន​ត្រឹម​​​​លទ្ធភាព​ជួល​ដីទំនេរ ឬជួលផ្ទះ​គេបើក​ហាង​​រក​ស៊ី​នៅខេត្តព្រះ​វិហារ ​​​​​ដោយមិន​​ទាន់មានគម្រោងទៅទិញផ្ទះ ទិញដី​នៅខេត្តព្រះ​វិហារនោះទេ។ អ្នកនាងថា​បើ​លុយ​ទិញ​ផ្ទះ​ទិញ​ដី គឺពិត​ជាពិបាក ​​ប៉ុន្តែបើត្រឹម​​​​ដើមទុន​បើកហាង​ហូប​ចុកលក់គ្រឿងក្លែមអី គឺអ្នកនាង​ទៅរួច ដោយអ្នកនាង​នឹង​ចាប់ផ្ដើម​សន្សំ​តាំងពី​ពេលនេះទៅ។

អ្នកនាងថា​​ខ្លួនមានមិត្ត​​ភ័ក្រ្ត​​ស្និទ្ធស្នាល​ម្នាក់រស់នៅ​​ទីរួម​ខេត្តព្រះ​វិហារ ​ហើយមិត្តរបស់​អ្នកនាង​ជាអ្នកជំនួញ​​​​មានផ្ទះ​​​សល់ទំនេរ​​២​​រមែងហៅអ្នកនាងអោយរស់នៅ​ទីទេ ទើបអ្នកនាង​យល់ថា​បើ​​ក្រោយ​​បោះបង់សិល្បៈគឺអ្នកនាងនឹងរស់នៅផ្ទះ​នោះ​ ហើយ​​​​​​​អាចរកស៊ី​តិច​តួចនៅពេល​​នោះ​​ដោយ​ពឹងមួយ​ផ្នែក​នឹង​​ចំណូល​ផ្ទះជួលនៅភ្នំពេញ។ អ្នកនាងថា​​ទោះ​មិនមានប្រាក់​កាស​​​​សល់ជាដុំ​កំភួន ប៉ុន្តែអ្នកនាង​ក៏​​ពិបាក​សម្រាប់​​​​​​ការរៀបចំ​ជីវិតថ្មី​នៅ​ខេត្តព្រះ​វិហារនោះ​ដែរ ដោយអ្នកនាង​ថា​​​មិន​​​មាន​លុយ​កាក់​​​​​ទិញ​ផ្ទះ​សម្បែង​អោយធំ​ដុំ​​នៅទីនោះក៏ពិតមែន តែក៏អាច​អោយអ្នកនាង​​បានរស់នៅ​ជួបជុំកូនប្រុស ​​កូនប្រសារស្រី និង​ចៅជាទីស្រឡាញ់នោះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ