ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំដល់មន្ត្រីក្រោមបង្គាប់ឲ្យអនុវត្តវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ ដែលបង្កឡើងដោយបាតុភូតធម្មជាតិ និងភ្លើងឆេះព្រៃដែលបណ្តាលមកពីសកម្មភាពរបស់មនុស្ស។
សេចក្តីណែនាំចុះថ្ងៃទី៤ មករា ក្រសួងកសិកម្មបង្ហាញការព្រួយបារម្ភពីការផ្លាស់ប្តូររដូវវស្សាទៅរដូវប្រាំងដែលជារដូវក្តៅហើយស្ងួត ថានឹងអាចបង្កឲ្យមានភ្លើងឆេះព្រៃ។
សេចក្តីជូនដំណឹងបន្តថា ភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំបង្កឲ្យមានបញ្ហាដ៏ធ្ងន់ធ្ងរដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក ឆេះស្រូវនិងភូមិករ និងខាតបង់ដល់សេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។
បើតាមសេចក្តីជូនដំណឹងដដែលនេះ ក្រសួងកសិកម្មបានដាក់ចេញនូវវិធានការចំនួន ៧ចំណុច ដែលមានដូចជា ទប់ស្កាត់ការការប្រើប្រាស់ភ្លើងចាប់សត្វ ទប់ស្កាត់ការកាប់ឆ្ការយកដីធ្វើកសិកម្ម ត្រូវជូនដំណឹងមកអាជ្ញាធរក្នុងករណីចាំបាច់ដើម្បីដុតកាកសំណល់ព្រៃឈើ ការណែនាំឲ្យពន្លត់ភ្លើងមុនចាកចេញពីដើមឈើច្បោះជ័រ ការសហការគ្នារវាងអជ្ញាធរនិងប្រជាពលរដ្ឋពន្លត់ភ្លើងឆេះព្រៃ ចាត់វិធានការចំពោះអ្នកកាន់កាប់ព្រៃដែលឆេះដោយខុសច្បាប់ និងថែរក្សាព្រៃដែលឆេះហើយឲ្យដុះវិញតាមលក្ខណៈធម្មជាតិ។
សេចក្តីជូនដំណឹងនេះក៏បានរំលឹកពីច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីជលផល ឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរចូលរួមថែរក្សា និងលើកឡើងពីទោសដែលប្រព្រឹត្តឲ្យមានភ្លើងឆេះព្រៃ ត្រូវប្រឈមជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ៕