លោក អាំង មាលតី អស់តំណែងពីក្របខណ្ឌអង្គចៅក្រម

អតីត​ប្រធាន​សាលាដំបូងក្រុងភ្នំពេញដ៏មានឥទ្ធិពលម្នាក់ ត្រូវបានកាត់ឈ្មោះចេញពីក្របខណ្ឌអង្គចៅក្រមហើយបន្ទាប់ពីបានអនុវត្តទោសរួចរាល់ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ។

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១៧ ឲ្យដឹងថា ព្រះមហាក្សត្រ និងឧត្តមស្នងការនៃអង្គចៅក្រមបានសម្រេចកាត់ឈ្មោះអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញគឺលោក អាំង មាលតី ចេញពីក្របខណ្ឌអង្គចៅក្រមហើយ បន្ទាប់ពីលោកបានអនុវត្តទោសរួចរាល់ ទាក់ទងសំណុំរឿងពុករលួយ ក្រោមបទចោទ «កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់» តាមក្រមព្រហ្មទណ្ឌកម្ពុជា។

លោក អាំង មាលតី អាយុ៦០ឆ្នាំ ត្រូវបានតុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនបណ្ដោះអាសន្ន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ និងត្រូវបាន​ចៅក្រម​ជំនុំជម្រះ​ផ្តន្ទាទោស​ឲ្យពន្ធនាគារ​រយៈពេល​៣​ឆ្នាំ ប៉ុន្ដែត្រូវបានអនុញ្ញាតឲ្យអនុវត្តទោសតែ២ឆ្នាំជាប់ពន្ធនាគារនិង១ឆ្នាំទៀតត្រូវបានព្យួរទោស តាមអំណាចសាលក្រមថ្ងៃទី​១២ កុម្ភៈឆ្នាំ​២០១៦។ ពាក់ព័ន្ធការចោទប្រកាន់នេះ លោក អាំង មាលតី មិនបានប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍នោះទេ។

បើតាមព្រះរាជក្រឹត្យមួយទៀតចុះថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៦ អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី បានទទួលការបន្ធូរបន្ថយទោសចំនួន៦ខែក្នុងឱកាស​​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៦ ហើយបាន​អនុវត្ត​ទោស​​រួចរាល់នៅ​ខែកុម្ភៈ​ ​ឆ្នាំ​២០១៧។​

លោក អាំង មាលតី បានទទួលតំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញនៅខែមេសា ឆ្នាំ២០១៤ បន្ទាប់ពីបានកាន់តំណែងជាប្រធានតុលាការខេត្តបន្ទាយមានជ័យអស់រយៈពេលជិត៧ឆ្នាំ។ ក្រោយកាន់តំណែងនេះបានតែ១ឆ្នាំ លោកត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃទី១៤ សីហា ឆ្នាំ២០១៥ ដោយចោទថាបានទទួលយកថយន្តម៉ាក Audi មួយគ្រឿងជាថ្នូរនឹងការដោះលែងជនជាប់ចោទក្នុងសំណុំរឿងគ្រឿងញៀនឈ្មោះ ថៅ ថាវី ឲ្យបាននៅក្រៅឃុំបណ្តោះអាសន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ