លិខិតមិត្តអ្នកអាន៖ យុទ្ធសាស្ត្រ​ធ្វើ​នយោបាយ​ជើង​មិនជាប់​​ដី​របស់​លោក​ សម​ រង្ស៊ី​ មាន​ប្រសិទ្ធភាព​ឬ​ទេ​? (ភាគ២)

លោក សម រង្ស៊ី និង លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបថតពីហ្វ៊េសប៊ុក លោក កឹម សុខា)

(តពីភាគ១)

៣. បុព្វ​ហេតុកុមារភាព​ញ៉ាំង​ឱ្យ​លោក​ សម​ រង្ស៊ី​ ចេះ​តែ​​និរទេស​ខ្លួន?​

អំណះ​អំណាង​​យ៉ាងខ្លី​​ថា​មក​ពី​លោក សម​ រង្ស៊ី ​​​កំសាក, ​ខ្លាច​ស្លាប់, ​ខ្លាច​​ជាប់​គុក​ពុំបាន​​ឆ្លុះ​បញ្ចាំង​​ពី​ការ​វិភាគ​ស៊ី​ជម្រៅអំពី​បុព្វហេតុ​នៃ​ការ​និរទេស​របស់​លោក​នោះ​​ទេ​។ អត្ថបទ​ចំណង​ជើង​ថា ​‘Sam Rainsy: The Coward?’ លោក David Hutt អ្នក​សារព័ត៌មាន​នៃ​ទស្សនាវដ្តី​​ Diplomat​ បាន​លើក​យក​បទ​ពិសោធ​ពី​អតីតកាល​អំពី​ការ​តាមចាប់​​ខ្លួន​និង​ឃាតកម្មលើ​​​លោក​ សម​ សារី​ រដ្ឋ​មន្ត្រី​សម័យ​សង្គម​រាស្ត្រ​ មក​ពន្យល់​ពី​ផល​ប៉ះពាល់ផ្លូវ​ចិត្ត​ទៅលើ​​កុមារ​ សម​ រង្ស៊ី​ ដែលកាល​ណោះ​ទើប​តែ​មាន​អាយុ​១០​ឆ្នាំ​​ប៉ុណ្ណោះ​។ នៅ​ក្នុង​ស្នាដៃ​ស្វ័យ​ជីវប្រវត្តិ​​ ‘We didn’t start the fire’ លោក​ សម​ រង្ស៊ី​ បាន​សរសេរ​រំឭក​ករណីឪ​ពុក​របស់​លោកនៅក្នុង​ព្រឹត្តិការណ៍​​ឆ្នាំ​១៩៥៩ ​ថា​ បើ​គេ​ចាប់​ខ្លួនលោក​ សម​ សារី​ បាន​​ ​​នឹង​មាន​វាសនា​មិន​ខុសពី​​លោក​ ដាប​ ឈួន​ ឡើយ(​មេ​ដឹក​នាំ​ចលនាប្រដាប់​អាវុធ​​ខ្មែរ​ឥស្សរៈ​ ​ប្រឆាំង​នឹង​សម្តេច​សីហនុនិង​ត្រូវ​បានព្រះ​អង្គ​​ចោទ​ថា​​ក្បត់​ជាតិ​)។ ដាប​ ឈួន​ ​​ត្រូវ​បាន​គេ​បាញ់​សម្លាប់​រួចប្រើ​រថ​យន្ត​យោធា​​អូស​សាក​សព​តាម​ផ្លូវ​ថ្នល់​រហូត​ដល់​គ្មាន​អ្វី​​នៅ​សេស​សល់​ ដែលសកម្មភាព​​នេះ​ជា​សារបង្ហាញ​​​អំពី​លទ្ធផល​​ចំពោះ​​ជន​ក្បត់​ជាតិ។

សូម​ឆ្លៀត​កត់​សម្គាល់​បន្តិច​អំពី​ពាក្យ​ ក្បត់​ជាតិ ពេល​ខ្លះ ​ក្បត់​ជាតិ​  ពុំ​មែន​មាន​ន័យ​ថា​ ក្បត់​ប្រទេស​ជាតិ​ នោះ​ទេ​គឺ​គ្រាន់​តែ​ប្រឆាំង​រដ្ឋាភិបាល ​ឬ​ជា​ឆ្អឹង​ទទឹង​ក​របស់​​​អ្នក​មាន​អំណាចណា​ម្នាក់​ឬ​ក្រុម​ណា​មួយ​​តែ​ប៉ុណ្ណោះ ដោយ​មិន​​បាច់​ខ្វល់​ថាការ​ចោទ​នោះសម​ស្រប​ឬ​អត់​​ ឬ​ក៏​​នរណា​ក្បត់​ជាតិឬ​មិន​ក្បត់នោះ​ទេ,​​​​ ត្បិតអ្នក​មាន​អំណាច​តែង​ជា​អ្នក​ចោទ​គេ អ្នក​ចាញ់​តែងតែ​​ជា​ជន​​ក្បត់​ជាតិ។ ឧ. សម្តេចតា​​​​​​ចោទ​ ដាប ឈួន​ និង​ សម​ សារី​ ថា​ ក្បត់​ជាតិ​ ក្រោយ​ពេល​ព្រះ​អង្គ​អស់​អំណាច​ របប​សាធារណរដ្ឋ​ចោទ​ព្រះ​អង្គ​ថា​ក្បត់​ជាតិ​វិញ​ម្តង​​, សម្តេចនាយក​​ចោទ​លោក​ សម​ រង្ស៊ី​ ថា​កូនអា​ក្បត់​ជាតិ​, ​ បើ​ក្នុង​ករណី​អស់​អំណាច​ សម្តេច​វិញក៏​ទំនង​ជានឹង​​ត្រូវគេ​​ចោទ​ថា​ក្បត់​ជាតិ​វិញ​ម្តងដូច​គ្នា​​ ក្រោម​ហេតុផល​ដែល​គេ​អាច​ចោទ​បម្រើ​វៀតណាម​ហើយ​​និង​លក់និង​បំផ្លាញ​​ធន​ធាន​របស់​ប្រទេស​​។ យ៉ាង​ណាមិញ​ តាក់ទិច​​គំរាម​បំភ័យ​​សាធារណៈ​ដោយ​ធ្វើ​ទារុណ​កម្ម​លើ​សាក​សព​ខាង​លើ​ ប្រាកដ​ណាស់​ ​ពុំ​មាន​ប្រសិទ្ធភាព​បំបិទ​ការ​ប្រឆាំង​នោះ​ទេ​ ត្បិត​របប​រសង្គមរាស្ត្រ​និយម​​​នៅ​តែបាន​​ដួល​រលំក្រោយ​មក​​​ សម្តេច​តា​ខ្លួនឯង​ក៏​ទទួល​ដែល​ថា​ គ្មាន​ថ្ងៃ​បាន​ឡើង​កាន់​អំណាច​ជា​ថ្មី​ឡើយ​។

៤. សម​ សារី​, សម​ រង្ស៊ី​ កូន​ក៏​ដូច​ឪពុក​?

ដក​ស្រង់​ដោយ​សង្ខេប​ពី​សៀវភៅ​ស្វ័យជីវប្រវត្តិ​​របស់​លោក​ សម​ រង្សី, លោក​ សម​ សារី​ បាន​និរទេស​ខ្លួន​រត់​គេច​ពី​ការ​តាម​ចាប់របស់​​រដ្ឋាភិបាល​ បន្ទាប់​ពី​ត្រូវ​បាន​ចោទ​ពី​បទ​ក្បត់​​ជាតិ​ដោយ​សម្តេច​សីហនុ​ តាម​រយៈ​វិទ្យុ​ជាតិដែល​ «ជា​មធ្យោបាយ​ទំនាក់​ទំនង​ជា​ទី​សព្វ​ព្រះ​ទ័យ​របស់​ព្រះ​អង្គ​ ព្រោះ​អ្នក​ស្តាប់​ខ្វះ​​សិទ្ធិ​ឆ្លើយ​តប​មាន​ប្រសិទ្ធភាព​ក្នុង​ការ​​រក្សា​​​បរិយាកាសបង្ក​ការ​ភ័យ​ខ្លាច​​​​​»។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប៉ុន​ប៉ង​ធ្វើ​ឃាត​សម្តេច​សីហនុ​តាម​រយៈ​កញ្ចប់​​តង្វាយ​បង្កប់​គ្រាប់​បែកបង្កៃ​​​ដែល​លោក​ សម​ សារី​ ផ្ញើ​ទៅ​ព្រះ​អង្គ​ ប៉ុន្តែ​ត្រូវ​បាន​ព្រះ​អម្ចាស់ នរោត្តម​​វ៉ាគ្រីវ៉ាន់​ចាង​ហ្វាយ​ពិធី​ការ​នៃ​បរម​រាជវាំង​បើក​ជំនួស​ បណ្តោយ​ឱ្យផ្ទុះ​​ស្លាប់​មួយ​រំពេច [ភរិយា​របស់​ វ៉ាគ្រីវ៉ាន់​​ក្រោយ​មក​ក្លាយ​ជា​មហេសី​សម្តេច​តា​​]​។ ​បន្ទាប់​ពី​ការ​បាត់​ខ្លួន​របស់​លោក​ សម​ សារី​ ជា​ឪពុក​ បង​ប្រុស​របស់​លោក​ សម​ រង្ស៊ី​ ​​គឺ​លោក​ សម​ អេម្ម៉ាឫទ្ធិ​ បាន​ស៊ើប​អង្កេត​​រក​ឃើញ​ភស្តុតាងជា​ឯកសារ​និង​សាក្សី​​គួរ​ឱ្យ​ជឿ​ជាក់បាន​ថា​ លោក​ សឺង​ ង៉ុកថាញ់​ ប្រធាន​ចលនា​​ខ្មែរ​សេរី​ដែល​ជា​ចលនា​ប្រដាប់​អាវុធ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​ ប្រឆាំង​អំណាច​ផ្តាច់​របស់​សម្តេច​តា​ (ក្រោម​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ថៃ​ អាមេរិក​ និង​វៀតណាម​) ជា​អ្នក​បញ្ជា​ឱ្យ​បាញ់​សម្លាប់​លោក​ សម​ សារី​ ពី​ក្រោយ​ខ្នង​ នៅ​ចុង​​ឆ្នាំ​១៩៦២ ឬ​ដើម​ ៦៣?នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​លាវ​ ហើយ​​លោកក៏​ជា​អ្នក​​បាន​កាក់​សំបុត្រ​របស់​លោក​ សម​ សារី​ មុន​ផ្ញើ​ទៅ​សម្តេច​តាផង​ដែរ​ ព្រម​ទាំង​​ជំលៀស​គ្រួសារ​លោក​ សម សារី​​  រួម​មាន​លោក​ សម​ រង្ស៊ី​ គេច​ចេញ​ពី​ប្រទេសនា​កាល​ណោះ​​ដែរ​​។

តើ​មរត៌ក​នយោបាយ​របស់​ឪពុក​គ្រប់​គ្រាន់ពន្យល់​នយោបាយ​និរទេស​ខ្លួន​របស់​លោក សម​ រង្ស៊ី​ ​ឬ​ទេ​? មិន​គ្រប់​គ្រាន់​ឡើយ​​ព្រោះ​លោក​ សម​ រង្ស៊ី​ កាល​នៅ​ធ្វើ​រដ្ឋមន្ត្រី​ក្រសួង​​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ បាន​ដឹកនាំ​សមត្ថកិច្ច​រឹប​អូស​ទំនិញដែល​មិន​បាន​បង់​​និង​តម្រូវ​ឱ្យ​​ឈ្មួញ​​បង់ពន្ធ​ជូន​រដ្ឋ ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​យ៉ាង​ខ្លាំង​ក្លា​។ ដោយ​ហេតុ​នេះ​ លោក​បាន​ក្លាយ​ជា​ឆ្អឹង​ទទឹង​ក​របស់​ឈ្មួញ​ខ្នង​ក្រាស់​គឺ​​លោក ថេង ប៊ុនម៉ា ថៅកែ​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នា​ពេល​ណោះ​ ហើយ​ក្រោយ​មក​នាយករដ្ឋមន្ត្រី​ទាំង​ពីរ គឺ​ រណឫទ្ធិ និង​ ហ៊ុន សែន ​បានឃុប​ឃិត​គ្នា​ ​​ដក​លោក សម រង្ស៊ី ពី​តំណែង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុនៅ​ឆ្នាំ​១៩៩៤ តាម​បំណង​របស់​លោក​ ថេង​ ប៊ុនម៉ា​។ ក្រោយ​មក​ឆ្នាំ​៩៥​ លោក​បានទៅ​​បង្កើត​គណបក្ស​ជាតិ​ខ្មែរ ប្តូរ​ឈ្មោះ​មក​ គណបក្ស​ សម​ រង្ស៊ី​ នៅ​ឆ្នាំ​៩៨ ដោយ​សារមាន​ការ​ចោទ​ថា​លួច​ឈ្មោះ​គណបក្ស​ដទៃ​ ពី​​​ក្រុម​ដែល​បក្ស​កាន់​អំណាច​បញ្ចូន​មក​បំបែក​បំបាក់ ដែល​លោក​ សម​ រង្ស៊ី​ បាន​បដិសេធ​ថា​មិន​មែន​យក​ឈ្មោះ​លោកមកដាក់​ឈ្មោះ​បក្ស​​ ក្រោម​មូល​ហេតុ​​បុគ្គល​និយម​ឡើយ​ តែ​មក​ពី​ស្ថានការណ៍​ប្រថុច​ញ៉ុច​កៀក​នឹង​ការ​បោះ​ឆ្នោត​ ត្រូវ​ការ​ឈ្មោះ​បក្ស​ដែល​គ្មានអ្នក​ណា​​អាច​រក​រឿង​ឬ​លួច​បាន​ នោះ​គឺ​ឈ្មោះ​របស់​លោកនោះ​ឯង​​។ នៅ​ឆ្នាំ១៩​៩៧ លោក​បាន​ដឹក​នាំ​បាតុកម្ម​ទាម​ទារ​បង្កើតតុលាការ​ឯករាជ្យធ្វើ​ឡើង​នៅ​មុខ​រដ្ឋសភាជាតិ​ចាស់​​ ដែលព្រឹត្តិការណ៍​នេះ​ហើយ​ដែល​មាន​ការ​គប់​គ្រាប់​បែក​បិះ​នឹង​ពិ​ឃាត​លោក​បាន​សម្រេច​។ សេចក្តី​ក្លាហាន​របស់​លោក​ កាល​ណោះ​ទទួល​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ ខុស​ពី​សេចក្តី​កំសាក​នៅ​ពេល​​នេះ​ដែល​ការ​និរទេស​របស់​ខ្លួន​ទទួល​បាន​ការ​រិះ​គន់​ច្រើន​ជាង​គាំទ្រ​​។ ជា​រួម​ ​បទ​ពិសោធ​រត់​ចោល​ស្រុក​របស់​លោក​ សម​ សារី​ ជា​ឪពុក​ មិន​អាច​យក​ធ្វើ​ភស្តុតាង​ពន្យល់​សេចក្តី​ក្លាហាន​របស់​លោក​ សម​ រង្ស៊ី​ នៅ​ទស្សវត្ស​ឆ្នាំ​៩០នោះ​ទេ​ ប៉ុន្តែ​​ព្រឹត្តិការណ៍​គ្រាប់​បែក​ឆ្នាំ​៩៧ អាច​យកមក​​ពន្យល់​ថា​ជា​មូល​ហេតុ​ជំរុញ​ឱ្យ​លោក​បាក់​ស្បាត​មក​ទល់​បច្ចុប្បន្ន​នេះបាន​​។​

៥. បក្ស​ប្រឆាំង​ខ្លាំង​ ទោះ​មេ​បក្ស​និរទេស​? ពី​ការ​និរទេស​ខ្លួនប្រែ​ទៅ​ជា​ដំណើរ​ទស្សនកិច្ច​​​

​​លោក​ សម​ រង្ស៊ី​ បាន​​លើក​ឡើងនៅ​ក្នុង​កម្ម​វិធី​ Hello VOA ​​​ថ្ងៃ​ទី​១៤​ ធ្នូ​ ២០១៦ ថា​«អ្វី​ដែល​ថា ខ្ញុំ​នៅ​ក្រៅ​ប្រទេស​ លោក​ កឹម​ សុខា​ នៅ​ក្នុង​ប្រទេស​ មិន​មែន​ជា​ចំណុច​ខ្សោយ​ទេ​ ជា​ចំណុច​ខ្លាំង​ ពី​ព្រោះ​បើ​យើង​ចេះ​ចែក​ការ​​គ្នា​​ធ្វើ​​ ការ​ងារ​យើង​នោះ​គឺ​នឹង​មាន​ប្រសិទ្ធភាពខ្ពស់​​ជា​ទី​បំផុត​»។ តើ​ការ​នៅ​ក្រៅ​ប្រទេស​ជា​ចំណុច​ខ្លាំង​​យ៉ាង​ម៉េច បើលោក សម​ រង្ស៊ី ​ខ្លួន​ឯងក៏​​​ទទួល​ស្គាល់​ដែរ​ថា​ ​លោក​ពុំអាច​​មក​ប្រជុំ​ឬ​ដឹក​នាំ​បក្ស​ដោយ​ផ្ទាល់​ ត្រូវ​ឱ្យ​លោក​ កឹម​ សុខា​ ដើរ​តួ​នាទី​ជំនួស​​​។ ​តើ​បក្ស​អាច​ខ្លាំង​ដូច​ម្តេច​ បើ​សូម្បីមេ​បក្ស​មិន​អាច​បំពេញ​តួនាទី​បាន​ពេញ​លេញ​​ផង​។ ពោល​ដោយ​ខ្លី​​ ហេតុ​ផល​របស់​លោក សម​ រង្ស៊ី​ ​ត្រូវ​បាន​ផ្ចាញ់​ដោយ​សម្តី​របស់​លោក​ខ្លួន​ឯង​។

ទស្សនកិច្ច​នយោបាយ​គ្រាន់​តែ​កិច្ច​ការ​មួយ​របស់​អ្នក​នយោបាយ​ប៉ុណ្ណោះ​ ហើយ​ដោយ​សារ​ការ​កសាង​ជាតិទាម​ទារ​ការ​ពង្រឹង​ស្ថាប័ន​ក្នុង​ស្រុក​និង​គោល​នយោបាយ​ផ្តោត​លើ​តម្រូវ​ការ​ប្រជាជន​ទូទៅ​ក្នុង​ស្រុក ដូច្នេះ​​ការ​ស្នាក់​នៅ​ក្នុង​ស្រុក​ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​ក្នុង​ស្រុក​គួរតែ​​ជា​អាទិ​ភាព​ ឯ​ក្រៅ​ស្រុក​គ្រាន់​តែបន្ទាប់​​បន្សំ​ប៉ុណ្ណោះ​។ ផ្ទុយ​ទៅ​វិញ​ករណី​សម​រង្ស៊ី​ ពុំ​មែន​ដូច្នេះ​ទេ​ មិន​មែន​ថា គេ​ហាម​មិន​ឱ្យ​ធ្វើ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស​នោះ​​ទេ​ តែ​​លោក​​ទៅ​បរទេស​ញឹក​ញាប់​ពេក​, ពេល​នៅ​ក្រៅ​ប្រទេស​ លោក​តែង​ដើរបញ្ចុះ​​បញ្ចូល​ឱ្យ​អន្តរាជាតិ​ រួមមាន​ ​អាមេរិក​ឬ​សហអឺរ៉ុប​ ឱ្យ​ផ្តាច់​ជំនួយ​ឬ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កម្ពុជា​, លោក​ឧស្សាហ៍​លើក​ឡើង​ពីវិភាគ​ទាន​របស់​អន្តរជាតិ​ក្នុង​ការ​កសាង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​មិន​ចាំ​មិន​បាច់​រាប់​ថា​តើ​​ទណ្ឌកម្ម​នោះ​ លោកអាច​​ជំរុញ​ឱ្យ​បរទេស​នោះ​​ឱ្យ​ដាក់​ចេញ​ឬ​អត់ ហើយ​ក្នុង​ករណី​ដាក់​ចេញ​ហើយ​​មាន​ប្រសិទ្ធភាព​ឬ​អត់​​ (ឧ. ការ​ផ្តាច់ជំនួស​ពី​កម្ពុជា​ដោយ​​សហភាព​អ៊ឺរ៉ុប​) ក៏​លោក សម​ រង្ស៊ី​ នៅ​តែ​​ពុំ​​​កែ​ប្រែ​របៀប​ធ្វើ​នយោបាយ​​នេះ​ដដែល​​។​ ក៏​គ្មាន​អ្វី​ចម្លែក​ដែរ​ ត្បិត​លោក​ជា​បញ្ញវន្ត​ទទួល​ការ​​អប់​រំ​ពី​ប្រទេស​បារាំង​ ធំ​លូត​លាស់​នៅ​បរទេស​ជា​កត្តា​មួយ​នាំ​ឱ្យ​លោក​ឱ្យ​តម្លៃ​លើ​កត្តា​ខាង​ក្រៅ​ជាង​ខាង​ក្នុង​ស្រុក​។

លោក​ អ៊ូ វីរៈ​ ប្រាប់​ David Hutt នៅ​ក្នុង​អត្ថបទ​ ​‘The Trouble With Cambodia’s Largest Opposition Party’ ថា ​«ជា​ធម្មតា​ វិភាគទាន​មិន​បាន​ចូល​នៅ​ក្នុង​គណបក្ស​ផ្ទាល់​តែ​ម្តង​ទេ​ តែ​គឺ​តាម​រយៈ​បុគ្គល​។ នេះ​ជា​មូល​ហេតុ​ដែល​អ្នក​នយោបាយ​ជា​ធម្មតា​ខិត​ខំ​ធ្វើ​ទស្សនកិច្ច​ទៅ​បរទេស​។ បើ​អ្នក​កែ​ប្រែ​រូប​មន្ត​នេះ​ ដើម្បី​ឱ្យ​វិភាគ​ទាន​ទាំង​អស់​ចូល​ទៅ​ក្នុង​គណបក្ស​ ហើយចំនួន​វិភាគ​ទាន​បើក​ចំហ​ជា​សាធារណៈ​នោះ​ អ្នក​នឹង​ប្រែ​ប្រួល​ជា​ច្រើន​។ ប៉ុន្តែ​ ពួក​គេ​នឹង​មិន​ធ្វើ​អ៊ីចឹង​ទេ​ អ្នក​ដែល​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង​គេ​គឺ​មេ​បក្ស​ទាំង​ពីរ​ដែល​ទទួល​បាន [វិភាគ​ទាន​] ច្រើន​ជាង​គេ​។​»នេះ​ជា​មូល​ហេតុ​ដែល​គេ​មិន​ចង់​ឱ្យ​មាន​តម្លាភាព​ថវិកា​គណបក្ស ​ពី​ព្រោះ​វា​ពិបាក​លាក់​ចំនួន​ទឹក​ប្រាក់​វិភាគទាន​និង​លួច​កេប​កេង​ចូល​ហោប៉ៅ​ផ្ទាល់​ខ្លួន​។

​គេ​អាច​ឆ្លើយ​តប​នឹង​អ្នក​​រិះ​គន់អំពី​នយោបាយ​ទៅ​បរទេស​និយម​​នេះថា​ពុំ​​​យល់​ដឹងអំពីបញ្ហា​ហិរញ្ញវត្ថុ​របស់​​គណបក្ស​​ដែល​ផ្អែក​លើ​ការ​ឧបត្ថម្ភ​ពី​ក្រៅ​ប្រទេស​មក​ដំណើរ​ការ​គណបក្ស​​ ដោយ​សំអាង​ថា​មូលនិធិ​ពី​ក្រៅ​ស្រុក​ជា​ធន​ធាន​ទ្រទ្រង់​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​ ដូច្នេះ​គេ​ត្រូវ​ធ្វើ​នយោបាយ​ដោយ​ឱ្យ​តម្លៃ​លើ​កត្តា​ខាង​ក្រៅច្រើន​​ជាង​អ៊ីចឹង​ហើយ។​ ទោះ​បី​យ៉ាង​ណា​ ​​គួរ​រំឭក​ផង​ដែរ​ គឺខ្មែរក្នុង​ស្រុក​ជា​អ្នក​បោះ​ឆ្នោត​ជួយ​ឱ្យ​គណបក្ស​ប្រឆាំង​កើន​​កៅអី​ មិន​មាន​ខ្មែរ​នៅ​ក្រៅ​ស្រុក​ឯណា​ ត្បិត​​ពួក​គេ​ខ្លះ​មួយ​ចំនួន​តូចប៉ុណ្ណោះ​​ដែល​បាន​វិល​ចូល​ស្រុក​មក​បោះ​ឆ្នោត​ ហើយ​គ.ជ.ប. ក៏​ពុំ​បាន​សម្តែង​ឆន្ទៈ​ចង់​សម្រួល​ឱ្យ​ខ្មែរ​នៅ​បរទេស​បោះ​ឆ្នោត​ដែរ​ ត្បិត​បក្ស​កាន់អំណាច​​ដែល​មាន​ឥទ្ធិពល​ខ្លាំង​លើ​ស្ថាប័ន​បោះ​ឆ្នោត​នេះ​ ដឹង​ថា​ ជា​ភាគ​រយ​ ខ្មែរ​នៅ​បរទេស​មិន​ទំនង​ជា​បោះ​ឆ្នោត​ជូនបក្ស​កាន់​អំណាច​ច្រើន​ទេ​ ដូច្នេះ​អនុញ្ញាត​ឱ្យ​ខ្មែរ​នៅ​បរទេសបោះ​ឆ្នោត​មិន​ខុស​ជូន​សន្លឹក​ឆ្នោត​ទៅ​គណបក្ស​ដទៃ​នោះ​ទេ​​ ហេតុ​នេះ​គ.ជ.ប.មិន​ទំនង​ជា​សម្រួល​​ការ​បោះ​ឆ្នោត​ដល់​ខ្មែរ​នៅ​​បរទេស​​​ឡើយ ហើយ​បើ​ពិត​ជា​កើត​ឡើង​មែន​ក៏​មិន​ប្រាកដ​ថា​គ្មាន​ការ​លួច​បន្លំ​ដែរ​​​។

​អំណះ​អំណាង​ថា​ ​អន្តរជាតិ​ជា​អ្នក​នាំ​លទ្ធិ​ប្រជាធិបតេយ្យ​មក​កម្ពុជា​ ដូច្នេះ​មាន​តែ​អន្តរជាតិ​ទេ​ ទើប​ជួយ​កម្ពុជា​ពី​ក្រញាំ​វៀតណាម​កម្មុយនិស្ត​នោះ​ ​ គឺ​ជា​ការ​បក​ប្រែ​ភស្តុតាង​មិន​បាន​ត្រឹម​ត្រូវ​។ ​អន្តរជាតិ​​នាំ​យក​គ្រាប់​ពូជ​ប្រជាធិបតេយ្យ​មក​ដាំ​នៅ​កម្ពុជា​ មិន​បាន​ដុះ​លូត​លាស់​ឡើយ​។ ជាក់​ស្តែង​ណាស់ គម្រោងដំឡើង​ប្រជាធិបតេយ្យ​​របស់​អ៊ុនតាក់បាន​​បរាជ័យ​ទាំង​ស្រុង​ ដោយ​សារ​ពួក​គេ​មិន​អាច​ធ្វើ​អ្វីមិន​កើត​​សោះ​ពេលគណ​បក្ស​ប្រជាជន​មិន​ទទួល​យក​លទ្ធផល​ឆ្នោត​, បាន​ត្រឹម​ត្រេក​អរ​នឹង​ការ​ចរចា​រវាង​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ ទោះ​បី​បង្កើតបាន​ជា​​រដ្ឋាភិបាល​ក្បាល​ពីរ​ក៏​ដោយ​។ ពិសេស​នៅ​ពេល​បក្ស​ចាញ់​ឆ្នោត​​ធ្វើ​រដ្ឋ​ប្រហារ​បក្ស​ឈ្នះ​ឆ្នោត​ ពួក​គេក៏​​បាន​ដក​ខ្លួន​ចេញ​ជា​បន្ទាន់​ ក្រោយ​រដ្ឋ​ប្រហារ​ដោយ​ដឹង​ថា​ គម្រោងដំឡើង​ប្រជាធិបតេយ្យ​​របស់​ពួក​គេ​​បរាជ័យ​ជា​ស្ថាពរ​។ ការ​បន្ត​យក​អន្តរជាតិ​ជា​បង្អែក​ក្នុង​ការ​ស្តារ​ប្រជាធិបតេយ្យ​កម្ពុជា​ គឺ​សម្តែង​ឱ្យ​ឃើញ​ពី​ការ​មិន​ចេះ​ដក​ស្រង់មេរៀន​ពីស​ម័យ​​អ៊ុនតាក់ ឯ​ការ​ដោះ​សាថា​​ កម្ពុជា​បច្ចុប្បន្ន​​ខុស​ពី​សម័យ​អ៊ុនតាក់​ គឺ​ជាការ​​វិភាគ​យល់​ច្រឡំ​ដែល​ឱ្យ​តម្លៃ​លើ​បច្ចុប្បន្ន​ភាព​ខ្លាំង​ពេក​ ដោយ​មិន​ពិនិត្យមើល​អតីតកាលរបស់​កម្ពុជា​​​ដែល​នៅ​តែ​មាន​លក្ខណៈបច្ចុប្បន្ន​​​ ពោល​គឺ​ នយោបាយ​កម្ពុជា​នៅ​តែ​ឋិត​នៅ​ស្ថិត​នៅ​ក្នុង​លំនាំ​ដដែល​ៗ បន្ត​តាំង​ពី​សម័យ​អាណានិគមនិយម​និង​សង្គមរាស្ត្រ​និយម​ មក​ទល់​ឥឡូវ​ ពោល​គឺ អំពើ​ហិង្សា​ផ្នែក​​នយោបាយ​បាននៅ​តែ​​បន្ត​ស៊ី​ពន្លក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​ឱ្យលូត​លាស់​ចាស់​ទុំ​បាន​។

សម្ពាធ​អន្តរជាតិ​ កុំថា​​ដល់​ទៅ​សម្រេច​គោល​ដៅ​ធំ​ដុំ​ សូម្បី​តែ​ការ​វិល​ត្រលប់​ចូល​ស្រុក​វិញ​របស់​លោក​ សម​ រង្ស៊ី​ ខ្លួន​ឯង​ ជា​ច្រើន​ដង​ ក៏​ពុំ​មែន​ដោយ​សារ​ការ​ជួយជ្រោម​ជ្រែង​ពី​អន្តរជាតិ​ដែរ​ គឺ​ដោយ​សារ​ការ​ដូរ​ដោះ​នយោបាយទៅ​វិញ​ទេ​​។ ភស្តុតាង​ច្បាស់​ជាង​គេ​គឺឆ្នាំ​២០០៥​ ដែល​បើ​តាម​សៀវភៅ​ស្វ័យ​ជីវប្រវត្តិរបស់​លោក​ គឺ​ជា​ឆ្នាំ​ដំបូង​បង្អស់នៃ​ការ​​និរទេស​ខ្លួនរបស់​លោក​ សម​ រង្ស៊ី​ គេច​ពី​ការ​កាត់​ទោស​​ឱ្យ​ជាប់​ពន្ធនាគារពី​បទ​បរិហារ​កេរ្តិ៍​លោក​ ហ៊ុន​ សែន​​, ​លោក​បាន​ដក​ពាក្យ​បណ្តឹងពី​​តុលាការ​ក្រុង​ញ៉ូវយ៉ក​នៃ​សហរដ្ឋអាមេរិក​ ដែល​លោក​បាន​ប្តឹង​ចោទ​ប្រកាន់​លោក​ ហ៊ុន សែន​ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ព្រឹត្តិការណ៍​គប់គ្រាប់​បែក​ឆ្នាំ​៩៧ និង​​​ឆ្នាំ​២០០៦ លោក​បាន​ស្នើ​និង​ចូល​រួម​ដឹក​នាំ​បក្ស​អនុម័ត​វិសោធនកម្ម​រដ្ឋមនុញ្ញកាល​ណោះ​​ ជា​ថ្នូរ​នឹង​ការ​រិល​ចូល​ស្រុក​មក​ចូល​រួម​ការ​បោះ​ឆ្នោតឆ្នាំ​២០០៨​។​ ឆ្នាំ​២០១៣​ លោកបាន​វិល​ចូលស្រុក​​វិញ​ ដោយ​​ទទួល​បាន​ការ​លើក​ទោស​ពី​ព្រះ​មហាក្សត្រស្នើ​ដោយ​លោក​នាយករដ្ឋមន្ត្រី​​ ក្រោយ​សរសេរ​សំបុត្រ​ចូល​រួម​មរណទុក្ខ​ជូន​បិតា​របស់​សម្តេច​នាយក​។ ចម្លែក​ត្រង់​ថា​ សូម្បី​តែ​លោក​ សម​ រង្ស៊ី​ ខ្លួន​ឯង​ជា​អ្នក​ជួយ​ខ្លួន​ឯង​ឱ្យ​បាន​វិល​ចូល​ស្រុកទៅ​ហើយ​​ ក៏​លោក​នៅ​តែ​ជឿ​លើ​សម្ពាធ​អន្តរជាតិ​ដដែល​។

នៅ​ពេល​មាន​សំណើ​ចង់ឱ្យ​​លោក​ចូល​ស្រុក​ លោក​ សម​ រង្ស៊ី​ បាន​ថ្លែង​ដោយ​ប្រើ​ហេតុ​ផល​និង​ឧទាហរណ៍​ជា​ច្រើន​នៅ​ក្នុង​បទ​សម្ភាស​ជា​ច្រើន​​ផ្សេងៗ​គ្នា​ការ​ពារ​ជំហរ​និរទេស​ខ្លួន​នេះ​ ​​ចំណុចមួយ​​ក្នុង​ចំណោម​ចំណុច​ជា​ច្រើន​​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​លោក​លើកពី​គំរូ​​លោក​ ហ៊ុន សែន​ ដែលមិន​ហ៊ាន​ប្រឈម​នឹង​ការ​ប្រមាញ់​របស់ខ្មែរ​ក្រហម​ បាន​រត់​គេច​ទៅ​ប្រទេស​វៀតណាម​​ ​ រួច​ក្រោយ​មក​ផ្តួល​រំលំ​ខ្មែរ​ក្រហម។ នៅ​ក្នុង​បទសម្ភាស​ VOA ថ្ងៃ​ទី​១៤​ ធ្នូ​ ២០១៦ ​លោក​ក៏បាន​​អះ​អាង​​​​ថា​ «យុវជន​មិនដែល​ចង់​​យក​លោក​​ ​ហ៊ុន​ សែន ជា​គំរូ​ទេ​»​ ស្រប​ពេល​ដែល​លោកខ្លួន​ឯង​​​​ទើប​តែ​លើកយក​​គំរូ​លោក​ ហ៊ុន​ សែន​ នេះ​​មកធ្វើ​ជា​អំណះ​អំណាង​​ការ​ពារ​នយោបាយនិរទេសខ្លួន​​របស់​លោកទៅ​វិញ​​​។ ប្រាកដណាស់​ លោក​ចង់​​បង្ហាញ​ថា​ គំរូ​រត់​គេចរបស់​លោក​ ហ៊ុន សែន​ ​មាន​ប្រសិទ្ធភាព ទៅ​ពឹង​វៀត​ណាម​ បង្ក​បង្កើន​ទ័ព​ វាយ​យក​រាជធានី​ពី​​ខ្មែរ​ក្រហមវិញ​​បាន​ រឿង​អ្វី​គេ​មិន​អាច​យក​គំរូ​នេះ​មក​យក​ឈ្នះ​លោក​ ហ៊ុន សែន​ វិញ​ ដែល​លោក​ក៏​ជា​អតីត​ខ្មែរក្រហមដែរ​នោះ​​​ ប៉ុន្តែ​​ចម្លែក​ត្រង់​ថា​តើ​ហេតុ​ផល​នេះ​បង្កប់​ន័យ​ថា​ លោក​ សម​ រង្ស៊ី​ រត់​គេច​ពី​កម្ពុជា​ដើម្បី​ផ្តួល​រំលំ​លោក​ ហ៊ុន​ សែន​ ឬ​? ពិត​ណាស់​ លោក សម​ រង្ស៊ី​ ​នឹង​មិន​ប្រជែង​នឹង​លោក​ ហ៊ុន​ សែន​ តាម​កម្លាំង​ប្រដាប់​អាវុធ​នោះ​ទេ​ ត្បិត​លោក​យល់​​ថា​ កង​កម្លាំង​ប្រដាប់​អាវុធ​ តុលាការ​អាយ៉ង​ អំពើ​ហិង្សា​ គុក​ច្រវាក់​ ជា​សមរភូមិ​ដែល​លោក​ ហ៊ុន​ សែន​ មាន​ប្រៀប,​​ ប៉ុន្តែ​បើសិន​​លោកនឹង​​ប្រជែង​នឹង​លោក​ ហ៊ុន សែន​ តាម​ការ​បោះ​ឆ្នោត​និង​បាតុកម្មនោះ​,​ គឺ​មាន​ភាព​ខុស​គ្នា​រវាង​ចលនា​ឧទ្ទាមប្រដាប់​អាវុធ​​និង​ចលនាបាតុកម្ម​​អហិង្សា​ដើម្បី​ប្រជាធិបតេយ្យ​៖​ ផ្ទុយ​ពី​តម្រូវ​ការ​មូលដ្ឋាន​ទ័ព​ កេណ្ឌកង​ទ័ព​​ ការ​ហ្វឹក​ហាត់​ធ្វើ​សឹក​ ជំនួយ​យោធា​បរទេស​, ចលនា​ប្រជាធិបតេយ្យ​អហិង្សា ពុំ​ត្រូវ​ការ​មូលដ្ឋាន​ទ័ព​ឬ​ជំនួយសព្វាវុធ​​បរទេស​អ្វី​ឡើយ​ គេ​អាច​កៀង​គរ​ប្រជាជន​នៅ​នឹង​ទី​តាំង​ឬ​ប្រទេស​ដែល​ធ្វើ​ចលនា​នោះ​តែ​ម្តង​ ដោយ​មិន​ត្រូវ​ធន​ធាន​សម្ភារៈ​អ្វី​ច្រើនទេ​​ ដូច្នេះ​មិន​ត្រឹម​តែគ្មាន​មូលហេតុ​​អ្វី​​ត្រូវ​រត់​គេច​ខ្លួន​ដូច​ករណី​មេ​ដឹក​នាំ​ចលនា​ឧទ្ទាម​នោះ​ទេ​ តែ​គឺ​ត្រូវ​តែ​ចូល​ក្នុង​ប្រទេស​ទៅ​វិញ​ ដើម្បី​ពង្រឹង​ប្រជាជន​ឱ្យ​រំដោះ​ខ្លួន​ឯង​។ ជា​រួម​ ការ​លើក​ពី​គំរូ​របស់​លោក​ ហ៊ុន​ សែន​ របស់​លោក​ សម​ រង្ស៊ី​ ពិតណាស់​គឺ​លោក​មិន​យល់​ពី​ភាព​ខុស​គ្នារវាង​ចលនា​ឧទ្ទាម​និង​បាតុកម្ម​អហិង្សា​ឬ​ចលនា​ប្រជាជន​​នេះ​។​

៦. សម​ រង្ស៊ី​ និង​ កឹម​ សុខា​ ជា​មនុស្ស​តែ​មួយ​​តែ​ខួរ​ក្បាល​ពីរ​

សេចក្តី​ទោមនស្ស​ចំពោះ​ជំហរ​និរទេស​ខ្លួន​របស់​លោក​ សម​ រង្ស៊ី​ បាន​បន្ត​កើន​ឡើង​កាន់​តែ​ខ្លាំងឡើង​ៗដោយ​សារ​តែ​លោក​គ្មាន​យុទ្ធសាស្ត្រ​នយោបាយ​ថ្មី​ ក្រៅពី​និរទេស​ខ្លួនម្តងហើយ​ម្តង​ទៀត​​ ​អំពាវ​នាវ​ស្រែក​ហៅ​អន្តរជាតិ​ឱ្យ​អន្តរាគមន៍​ដាក់​ទណ្ឌកម្មលើ​ប្រទេស​កម្ពុជា​ ចរចា​ដោះ​ដូរ​…ពិសេស​គឺ​សូម្បី​តែ​លោក​ កឹម​ សុខា​ ដែល​ធ្លាប់​បាននិយាយ​ថា​​គាំទ្រ​ការ​សម្រេច​ចិត្ត​នៅ​ក្រៅប្រទេស​​របស់​លោក​ ក៏​បែរ​ជាលោក​​ខ្លួន​ឯង​មិន​អនុវត្តតាម​លោក​ សម​ រង្ស៊ី​ ទៅ​វិញ​​។ នៅក្នុងបទ​សម្ភាសមួយផ្សាយតាមបណ្តាញសារព័ត៌មាន Channel News Asia ថ្ងៃ​ទី​១០ តុលា​ ២០១៦ ឆ្លើយ​នឹង​សំនួរ​ថា​ តើ​លោក​ សម​ រង្ស៊ី​ អាច​ដឹក​នាំ​គណបក្ស​ពី​ប្រទេសដទៃ​ឬ​ទេ​? ​លោក កឹម សុខា ធ្លើយ​តបខណៈ​លោក​កំពុង​សំងំ​ក្នុង​ស្នាក់​ការ​បក្ស​​ថា “​សព្វ​ថ្ងៃ​នេះ​ យើង​អត់​មាន​បែក​បាក់​គ្នា​ទេ​ ទោះបី​​គាត់​នៅ​ក្រៅ​ក៏​ដោយ​ ព្រោះ​ការ​ដឹក​នាំ [គណបក្ស​]​ សព្វថ្ងៃ​​នេះ​ យើង​ដឹក​នាំ​ជា​ប្រព័ន្ធ​ យើង​ដឹក​នាំដោយ​​​យន្តការមិន​មែន​ដោយ​បុគ្គល​។ បើ​យើង​ដឹក​នាំដោយ​បុគ្គល​ យើង​អាច​មាន​ការ​បែក​បាក់​មែន​ ប៉ុន្តែ​យើង​ដឹក​នាំ​ជា​ប្រព័ន្ធ​យន្តការ​បក្ស​ ចឹង​អត់​មាន​បែក​គ្នា​ទេ​។ ប៉ុន្តែ​…ជា​យោបល់ខ្ញុំ​ បើ​លោក សម រង្ស៊ី មកនៅ​ជាមួយខ្ញុំវិញជា​ការ​ល្អ​ជាង​ដែល​ខ្ញុំ​នៅម្នាក់ឯង តែ​បើគាត់សម្រេចចិត្ត​មិនមក អា​ហ្នឹង​ នៅតែយើង​ដឹកនាំទៅ​មុខ​បាន​ចឹង…ពី​ព្រោះ​ដឹក​នាំ​ជា​​ប្រព័ន្ធ​យន្តការរបស់​​គណបក្ស​ ហើយក៏​​យើងមាន​ការ​​​ទំនាក់​ទំនង​គ្នាតាម​ប្រព័ន្ធ​អាឡិចត្រូនិច​​…។​” ចំណែក​លោក​ សម​ រង្ស៊ី​ វិញ​ធ្លាប់​ប្រឈម​នឹង​សំនួរ​ស្រដៀង​គ្នា​នេះ​ដែរ​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​នឹង​វិទ្យុបារាំងនៅ​ថ្ងៃ​ទី​១៧មេសា​២០១៦ គឺ​ថា​តើលោក​ កឹម​ សុខា​ គួរ​តែ​និរទេស​ដូច​លោក​ឬ​ទេ​ ប៉ុន្តែ​កាល​នោះ​ លោក​ពុំ​ហ៊ាន​ធ្លើយ​សំនួរជំនួស​សាមី​ខ្លួនឡើយ​​ ផ្ទុយ​ទៅ​វិញ​ លោក​ កឹម​ សុខា​ នៅ​ក្នុង​បទ​សម្ភាសនេះ​​ធ្លើយ​ជំនួស​លោក សម​ រង្ស៊ី​ ​ដោយ​ប្រយោល​ថា​ លោក​គួរ​តែ​ចូល​មក​កម្ពុជា​វិញ​ ស្នាក់​នៅ​ជា​មួយ​លោក​។ ​​​

តាម​លោក​ កឹម​ សុខា​ បក្ស​នៅ​តែ​ដំណើរ​ការ​បាន​ដោយ​គ្មាន​វត្តមាន​លោក​ក្នុង​ប្រទេស​ ផ្ទុយទៅ​វិញ​ ​​​លោក​ សម​ រង្ស៊ី​ ធ្លាប់​ពោល​​ថា​ បក្ស​លោក​មិនអាច​​គ្មាន​លោក​ឡើយ​ គឺ​ដូច​កង​ទ័ព​មិន​អាច​គ្មាន​មេ​ទ័ព​ដូច្នោះ​ឬថា​លោក​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​បក្ស​ប្រឆាំង​តែ​មួយ​គត់​ត​ទល់​នឹង​បេក្ខជន​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន។​​ អប​ដោយ​​វីដេអូសន្ទរកថា​នៅ​ទី​ក្រុង​ Spartanburg នៃ​រដ្ឋ​ South Carolina,លោក​ សម រង្ស៊ី បាន​បង្ហោះ​សារហ្វេសប៊ុក​ថ្ងៃ​ទី​២៤ សីហា​ ២០១៦ ​​​ថា​៖ «​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា, គាត់​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី។ ខ្ញុំ សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ដូច្នេះ​បេក្ខជន​នាយករដ្ឋមន្ត្រី​មានតែ​ពីរ​នេះ​ទេ​។ តែ​លោក ហ៊ុន សែន ជា​មនុស្ស​កំសាក គាត់​ខ្លាច សម រង្ស៊ី ដូច​គូ​ប្រដាល់ គូ​ប្រដាល់​ត្រូវ​ដាល់ វាយ​តតាំង​គ្នា​នៅ​លើស​ង្វៀង ប៉ុន្ដែ​គាត់​ញ៉ាក គាត់​មិន​ហ៊ាន​ឲ្យ សម រង្ស៊ី ឡើង​លើស​ង្វៀន​ទេ​។ គាត់​នៅ​លើស​ង្វៀន​ម្នាក់ឯង គាត់​ដាល់​ម្នាក់ឯង គាត់​ដាល់​ជាមួយ​ខ្យល់។ ដូចនេះ​បានន័យថា​គាត់​ឈ្នះ​…ដូច្នេះ​អត់​មាន​អ្នកណា​ទទួលស្គាល់​ទេ​»​។(ការ​ប្រៀប​ប្រដូច​នយោបាយនឹង​ការ​ប្រដាល់របស់​លោក​ សម​ រង្ស៊ី​ ​ទំនង​បាន​គំនិត​ពី​​ការ​ប្រៀប​ធៀប​លោក​ ហ៊ុន​​ សែន​ នឹង​ម៉ាយ ថាយសាន់​ ដែល​ដាល់​មិន​ឈ្នះ​ ហូលី វៀល​ ​ក៏​ខាំ​ស្លឹក​ត្រចៀក​របស់​លោក​ កែម​ ឡី​) លោក​ David  Hutt យល់​ថា​ ការ​លើក​ឡើង​ថា​បេក្ខជននាយក​រដ្ឋមន្ត្រី​មាន​តែ​ពីរ​នាក់​ គឺ​ជា​ការ​បដិសែធ​​លោក​​ កឹម​ សុខា​​ ជា​បេក្ខជន​ម្នាក់​ដែរ​ មាន​ន័យ​ថា​ «លោក​ កឹម​ សុខា​ មិន​មែន​ជា​គូ​ប្រជែងពិតប្រាកដ​​របស់​លោក​ ហ៊ុន​ សែន​ នោះ​ទេ​។…នយោបាយ​កម្ពុជា ជា​​ការ​ពិត​ទៅ​គ្រាន់​តែ​សមរភូមិរវាង​​ ហ៊ុន​ សែន​ និង​ សម​ រង្ស៊ី​ តែ​ប៉ុណ្ណោះ មិន​មែន​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ​ ត្បិត​​គ្មាន​អ្នក​​ណា​ផ្សេង​អាចប្រកួត​​ប្រជែង​បាន​ [ក្រៅ​ពី​បុគ្គល​ពីរ​រូប​នេះ]​​»។ស្រដៀង​គ្នា​ដែរ​លោក​ Lee Morgenbesser អ្នក​សិក្សា​អំពី​នយោបាយ​នៅ​អាស៊ី​អាគ្នេយ៍​ ប្រាប់​ Cambodia Daily ​ថា​ «លោក​ សម​ រង្ស៊ី​ នឹង​មិនអត់​​​ទ្រាំ​​​ឱ្យ​លោក​ កឹម​ សុខា​ ដឹក​នាំ​គណបក្ស​ប្រឆាំង​ទៅ​កាន់​ការ​បោះ​ឆ្នោត​ខាង​មុខ​ឡើយ​។» យ៉ាង​ណា​ក៏​ដោយ​ ការ​លា​លែង​តំណែង​របស់​លោក​សម​ រង្ស៊ី​ ដែល​បើក​ឱកាស​ឱ្យ​លោក​ កឹម​ សុខា​ ជាប់​ឆ្នោត​ធ្វើ​ប្រធាន​បក្ស​ថ្មី​ ហាក់​ដូច​ជា​បញ្ជាក់​ថា​ ការ​អះ​អាងពី​ភាព​ចង្អៀត​ចង្អល់​របស់​លោក​ សម​ រង្ស៊ី​ ​​មិន​ត្រឹម​ត្រូវ​ទេ​។ ក៏​ប៉ុន្តែ​​ ដោយ​សារ​ការ​​លា​លែង​នេះ​ឋិត​ក្រោម​សម្ពាធ​ច្បាប់​គណបក្ស​នយោបាយ​ជា​ជាង​លា​លែង​ដោយ​សុច្ឆន្ទៈ​ ដូច្នេះ​គេ​មិន​អាច​អះ​អាងងាយ​ៗ​ថា​ លោក​ សម​ រង្ស៊ី​ គ្មាន​ចរិត​ក្រាញ​អំណាច​នោះ​ឡើយ ឧ. លោក​ សម​ រង្ស៊ី​ នៅ​តែ​ធ្វើ​ជា​​​ប្រធាន​បក្ស​តាំង​ពី​បង្កើត​គណបក្ស​ជាតិ​និយម​ខ្មែរ​ឬគណបក្ស​​សម​រង្ស៊ី​​ រហូត​សូម្បី​តែ​ពេល​រួម​គ្នា​បង្កើត​​គណបក្ស​សង្គ្រោះ​ជាតិហើយ​​, ជំហាន​របស់​គណបក្ស​ភាគ​ច្រើន​ជាការ​សម្រេច​ចិត្ត​តែ​ម្នាក់​ឯង​របស់​លោក, ការ​រួម​គ្នា​នឹង​លោក​ កឹម​ សុខា​ គ្រាន់​តែ​កាត់​បន្ថយ​ការ​សម្រេច​​តែ​ឯងរបស់​លោក​ សម​ រង្ស៊ី​ ប៉ុណ្ណោះ​ ពុំ​មែន​លុប​បំបាត់​ទាំង​ស្រុង​ទេ​ ត្បិត​លោក​ កឹម​ សុខា​ បាន​បរាជ័យ​ក្នុង​ការជំទាស់​នឹង​លោក​ សម​ រង្ស៊ី​ មិន​ឱ្យ​ដឹក​នាំ​បក្ស​ចូល​សភា​​​​នៅ​ឆ្នាំ​២០១៤។ ថ្វី​បើ​លោក​ សម​ រង្ស៊ី​ បាន​​​ព្យាយាមលើក​ឡើង​​ថា​គ្មាន​សម្ពាធ​នយោបាយក៏​ដោយ​ មូល​ហេតុ​​ផ្ទាល់​ខ្លួនរបស់​លោក​​គឺ​​គ្មាន​ការ​បក​ស្រាយ​ច្បាស់​លាស់​ថា​ ហេតុ​ផល​ផ្ទាល់​ខ្លួន​​ដូច​ម្តេច​ឡើយ​ ហើយ​សាធារណជន​​ក៏​ពុំបាន​​ដេញ​ដោល​អ្វី​ដែរ​ ព្រោះ​ពួក​គេ​សុទ្ធ​តែ​ដឹង​ថា​មក​ច្បាប់​គណបក្ស​នយោបាយ​ដែល​ទើប​តែ​អនុម័ត​ដោយ​សភា​ឯកបក្ស​​។ ប្រធាន​មុខ​ដដែល ​ដូច្នេះ​ហើយបាន​ជា​លោក​នាយករដ្ឋមន្ត្រី​ធ្លាប់​ឌឺ​ដង​ដាក់​អ្នក​ដែល​រិះ​គន់​ការ​កាន់​អំណាច​យូរ​របស់​លោក​ថា​ ប្រធាន​បក្ស​ឬ​ប្រធាន​អង្គការ​ទាំង​នោះ​​ក្រាញ​អំណាចដូច​តែ​លោក​ដែរ​​។ លោក​ អ៊ូ​ វីរៈ​ បាន​លា​លែង​ពី​តំណែង​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជានៅ​ឆ្នាំ​២០១៥​ ដើម្បី​បដិសេធ​ការ​លើក​ឡើង​នេះនិង​ផ្ញើ​ទៅកាន់​ប្រធាន​អង្គការដែល​​ក្រាញ​អំណាចមួយ​ចំនួន​​ រួច​ទៅ​បង្កើត​អង្គការ​វេទិកា​អនាគត​ មិន​មែន​ដូច​ការ​សង្ស័យ​ថា​ទៅ​ចូល​រួម​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានឡើយ​ ហើយ​ក៏​​មិនមែន​​យក​គំរូ​តាមលោក​​ កឹម​ សុខា​ ដែល​ចេញ​ពី​អង្គការដដែល​​នេះ​ទៅ​ធ្វើ​នយោបាយ​ បង្កើត​គណបក្ស​​នោះ​ដែរ (បក្ស​សិទ្ធិ​មនុស្ស​)​​​។

បន្ទាប់​ពី​ការ​ទម្លាយ​បំណង​ចង់​ឱ្យ​លោក​ សម​ រង្ស៊ី​ វិញ​ចូល​ស្រុក​វិញ​របស់​លោក​ កឹម​ សុខា​, គណបក្ស​ប្រជាជន​មិន​បាន​បង្អង់​យូរឡើយ មួយ​ឬ​ពីរ​ក្រោយ​បទ​សម្ភាស​លោក​ កឹម​ សុខា​ ដែល​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ដក​ស្រង់​ព្រោង​ព្រាត​នៅ​ថ្ងៃ​ទី​១១​, រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​នេះ​បាន​ចាត់​វិធានការ​ចំនួន​បួន​រារាំង​មិន​ឱ្យ​លោក​ សម​ រង្ស៊ី​ អាច​វិល​ត្រលប់​ចូល​ស្រុក​វិញ​ ដោយ​បារម្ភ​ខ្លាចលោក​ សម​ រង្ស៊ី​ ធ្វើ​តាម​​បំណង​របស់​លោក​ កឹម​ សុខា​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​តាក់​ទិច​បណ្តេញឱ្យ​រត់​ចោល​ស្រុក​​របស់​បក្ស​កាន់​អំណាច​​ ត្បិតលោក​ កឹម​ សុខា​ ធ្លាប់​បង្ក​ការ​លំបាក​ដល់​បក្ស​កាន់​អំណាច​ម្តងរួច​ទៅ​​ហើយ​ កាល​ពី​ឆ្នាំ​២០១៤ អំពី​ការ​ចរចា​នយោបាយ​។​លិខិត​ពី​ទី​ស្ដីការ​គណៈរដ្ឋ​មន្ដ្រី កាល​បរិច្ឆេទ​​ថ្ងៃ​ទី​១២ ​តុលា ​ឆ្នាំ​២០១៦​ ផ្ញើ​ជូន​លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ត្រូវ​បាន​លោក​ សម​ រង្ស៊ី​ ទើប​តែ​យក​មក​ផ្សព្វ​ផ្សាយលើ​ទំព័រ​ហ្វេស​ប៊ុក​​នៅ​ថ្ងៃ​ទី​២១ តុលា​ ប៉ុណ្ណោះ​ អប​ដោយ​សារ​ថា​ «គេ​ហាមឃាត់​មិន​ឲ្យ​​ខ្ញុំវិល​ត្រឡប់​​ចូល​ប្រទេសកម្ពុជា​វិញ​» ហើយ​សារព័ត៌មាន​ក៏​ទើប​ដឹង​ឮ​តាម​រយៈ​លោក​ សម​ រង្ស៊ី​ ប៉ុណ្ណោះ​។ ​ គេ​នៅ​ចាំ​ថា​ កាល​ព្រឹត្តិការណ៍​វិញ​ត្រលប់​ចូល​ស្រុក​វិញ​ (១៩ កក្កដា ២០១៣​) មុន​ការ​បោះ​ឆ្នោត​ លោក​ សម ​រង្ស៊ី​ត្រូវ​បាន​អ្នក​គាំទ្រ​ប្រមាណ​ ២០០០០នាក់​ ទទួល​ស្វាគមន៍​ធ្វើ​ឱ្យ​កក​ស្ទះពាស​ពេញ​ផ្លូវ​នៅ​ព្រលាន​យន្តហោះ​ ដែល​ធ្វើ​ឱ្យ​អ្នក​ឃ្លាំ​មើល​ជា​ច្រើន​ភ្ញាក់​ផ្អើល​នឹង​ការ​គាំទ្រ​សន្ធឹក​សន្ទាប់​ ស្របពេល​ដែល​ពួក​គេ​ធ្លាប់​ទស្សន៍​ទាយ​ថា​បក្ស​ទើប​តែ​រួប​រួម​គ្នា​នេះ​មិន​អាច​ឈ្នះឡើយ​ គ្រាន់​តែ​កើន​សំឡេងប៉ុណ្ណោះ​​​ហើយ​ក៏​មាន​ការ​រិះ​គន់​ច្រើន​ទៅ​លើ​សារព័ត៌មាន​រដ្ឋ​និង​ឯកជន​ខ្លះ​ដែល​មិន​បាន​ចុះ​ផ្សាយ​ព្រឹត្តិការណ៍​នេះ​ថា​រង​សម្ពាធ​ពី​បក្ស​ប្រជាជន​ ដែល​បារម្ភ​ខ្លាច​ចាញ់​ឆ្នោត​ ក្រោយ​ពី​ឃើញ​ចំនួន​អ្នក​គាំទ្រដ៏​​ច្រើន​នេះ​​។​គួរ​ពិរចារណា​បន្តិច​ដែរ​ថា​ ពិត​មែន​តែ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ បក្សប្រឆាំង​​ពិតជា​​កើន​តែ​សំឡេង​និងមិន​ឈ្នះ​ឆ្នោត​មែន​ ដោយ​សារ​ភាពមិន​​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត,បាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ឈ្មោះ​ខ្មោច​, ទឹក​ថ្នាំ​ជ្រលក់​ចង្អុល​ដៃ​លាង​ជ្រះ​ ​ ​និង​ការ​មិន​ព្រម​បើក​កញ្ចប់​សុវត្ថិភាព, ​ផ្លាស់​ប្តូរលទ្ធផល​ក្នុង​កញ្ចប់​សុវត្ថិភាព​ហើយ​ទើប​ព្រម​​បើក ក្រោម​លេស‘គ្រាន់​តែ​ជា​​កំហុសបច្ចេកទេស​​​​’, ការ​ប្រកាស​លទ្ធផល​ឆ្នោត​មុន​រាប់ការ​បិទ​បញ្ចប់​ការ​រាប់​​សន្លឹក​ឆ្នោត​,​ ការ​ចាក​ចេញ​ទៅ​បរទេស​របស់អ្នក​ធំៗ​មួយ​ចំនួន​នៅ​កំលុង​ពេល​នោះ​, ការ​ចល័ត​ទ័ព​នៅ​ថ្ងៃ​បោះ​ឆ្នោត​…ធ្វើ​ឱ្យ​គេ​​​ពិបាក​តេស្ត​ថា​តើ​ការ​ទស្សន៍ទាយ​ថា​បក្ស​ប្រឆាំង​ពិត​ជា​មិន​ឈ្នះ​នោះ​ត្រឹម​ត្រូវ​កម្រិត​​ណាស់,​ បើ​បក្ស​ប្រជាជន​ពិត​ជា​ឈ្នះ​ឆ្នោត​មែន​ ហេតុ​អ្វី​មាន​សកម្មភាព​ចម្លែក​ៗច្រើន​​បែប​នេះ​កើត​ឡើង​នៅ​ថ្ងៃ​បោះ​ឆ្នោត​?នេះ​ស​បញ្ជាក់​ថា ពួក​គេ​គាំទ្រ​ការ​ចូល​ស្រុក​របស់​លោក​ជា​ជាង​ការ​នៅ​ក្រៅ​ស្រុក បើ​ពិត​ជា​គាំទ្រ​ការ​ធ្វើ​នយោបាយ​និរទេស​ខ្លួន​ ហេតុ​មក​ទទួល​លោក​ ពេល​លោក​វិល​វិញ​។

​សំនួរដដែល​​ៗថា ‘តើ​លោក​នឹង​វិល​ចូល​កម្ពុជា​វិញ​ឬ​អត់​ ឬ​ថា​តើ​ពេលណា​ទើបចូល​ស្រុក​វិញ​’ ត្រូវ​បាន​លោក​ សម​ រង្ស៊ី​ ឆ្លើយតបដដែល​ៗដែរ​​​ថា«​រង់​ចាំ​កាលៈ​ទេសៈ​សម​ស្រប​អំណោយ​​ផល​» ស្រប​ពេល​ដែល​គេ​ដឹង​ថា​លោក​តែង​វិល​ត្រលប់​ចូល​ស្រុក​វិញ​ពេល​ជិតបោះ​ឆ្នោត​​ នោះ​បាន​សេចក្តី​​ថា​ ដល់​ពេលជិត​​បោះ​ឆ្នោត​​ ទើបចូល​ស្រុក​វិញ​ គឺ​មិន​ខុស​ពី​ហុត​ទឹក​សម្លឹង​សន្លឹក​ឆ្នោត​នោះ​ទេ​។ លុះ​ក្រោយពេល​​បោះ​ឆ្នោត​មិន​យូរ​ប៉ុន្មាន​ បក្ស​កាន់​អំណាច​ក៏​ប្រើ​តុលាការ​ឱ្យ​រក​រឿងលោក​​ លោក​ក៏មាន​លេស​​​និរទេស​ម្តង​ហើយ​ម្តង​ទៀត​ ស៊ី​គ្នា​នឹង​របៀប​ធ្វើ​​នយោបាយរបស់​លោក​ ​ដែលឱ្យ​​តម្លៃ​លើ​ការ​ចាក់​ចេញ​ពី​ប្រទេស​ រួច​ឱ្យតម្លៃ​លើ​កត្តា​ក្នុង​ស្រុក​​តែ​​ពេល​ជិត​បោះ​ឆ្នោត ​ដើម្បី​ត្រង​យក​សន្លឹក​ឆ្នោតនោះទេ​​​​។​បើ​រង់​ចាំ​​លុះ​មាន​ការ​លើក​លែង​ទោសពី​មហាក្សត្រ​តាម​រយៈ​លោក​នាយករដ្ឋមន្ត្រី​​ឬ​ដោះ​ដូរ​នយោបាយ​ ទើប​ចូល​មក​ ក៏​មានតែ​​បញ្ជាក់​ថា​ ​លុះ​គ្មាន​គ្រោះ​ថ្នាក់​​ ទើប​ចូល​មក​ មាន​ន័យ​ថា​ខ្លាចគ្រោះ​ថ្នាក់​​។

ទាញ​ចេញ​ពី​ករណីបិទ​អាកាស​ចរ​​នេះ​ គេ​អាច​ប៉ាន​ស្មាន​ថា​ មូល​ហេតុ​ដែល​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​វិធាន​ការ​តឹង​រឹង​រារាំង​​លោក​មិន​ឱ្យ​ចូល​ស្រុក​ មិន​មែន​មក​ពី​ខ្លាច​អសន្តិសុខ​ គ្មាន​សណ្តាប់​ធ្នាប់​ ស្ទះ​ចរាចរណ៍​ កើត​អំពើ​ហិង្សា​អ្វី​នោះ​ទេ​ គឺ​ដោយ​សារ​ខ្លាច​ការ​ប្រមូល​ផ្តុំ​របស់​ប្រជាពលរដ្ឋ​ ដែល​អាច​ផ្តល់​ការ​ស្វាគមន៍​បែប​វីរបុរស​​ដល់​លោក​ សម​ រង្ស៊ី​ ម្តង​ទៀត​ ហើយ​ក៏​អាច​ផ្ទុះ​ជា​ចលនា​តវ៉ា​ទ្រង់​ទ្រាយ​ជា​យថាហេតុ​ផង​ដែរ​​។លោក មាស​ នី​ ​មាន​ប្រសាសន៍​ត្រឹម​ត្រូវ​ដែល​​ថា​ «រដ្ឋាភិបាល​មិន​មាន​ចេតនា​អនុញ្ញាត​ឲ្យ​លោក​ សម រង្ស៊ី​ មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ ព្រោះ​ថា​ គណបក្សប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​រដ្ឋាភិបាល​កំពុង​ភ័យ​ខ្លាច​ពី​ការ​កើន​ឡើង​ខ្លាំង​នៃ​ប្រជាប្រិយភាព​របស់​លោក​ សម រង្ស៊ី។​ លោក​ថា​ រដ្ឋាភិបាល​ក៏​មិន​អាច​ចាប់​លោក​ សម រង្ស៊ី​ បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ផង​ដែរ​ ព្រោះ​បារម្ភ​ក្រែង​មាន​ចលនា​តស៊ូ​ណាមួយ​កើត​ឡើង​ប្រឆាំង​នឹង​រដ្ឋាភិបាល។ (VOA)»

ហេតុ​អ្វី​លោក​ សម​ រង្សី​ ចាំ​បាច់​អូស​បន្លាយ​ពេល​ផ្សាយ​លិខិតនេះ​​ជា​សាធារណៈ​ បើ​តាម​ពិត​ វា​បាន​ផ្តល់​ប្រយោជន៍ដល់​លោក​ទៅ​វិញ​ទេ​? ទោះ​បី​ វា​មិន​បាន​ប្រយោជន៍​ដល់​បក្ស​លោក​ក៏​ដោយ​ ​វា​បាន​ផ្តល់​លេស​និរទេស​ខ្លួន​បន្តជូន​លោក, បង្ហាញ​ថាលោក​​ក្លាហាន​ហ៊ាន​ចូល​ស្រុក​ប្រឈមនឹង​​ពន្ធានាគារ​ មិន​មែន​លោក​មិន​ហ៊ាន​ចូល​ស្រុក​ទេ​ គឺ​មក​ពី​គេ​មិន​ឱ្យ​ចូល​។ គេ​មិន​ដឹង​ថា​លោក​បាន​គិតអ្វី​​នៅ​ចន្លោះ​ពេល​នោះ​ទេ​ ប៉ុន្តែ​ទំនង​ជា​លោកកំពុង​គិត​​រកពាក្យ​ឆ្លើយ​តប​ ហើយ​ទី​បំផុត​ទៅ​លោក​ពិត​ជា​បាន​នឹក​ឃើញ​គំនិត​ដ៏​ឈ្លាស​វៃ​មួយ​គឺ​សំណើ​ដោះ​ដូរ​សកម្មជន​និង​ការ​ត្រលប់​ចូល​ស្រុក​មក​ជាប់​ពន្ធានាគារជំនួស​​របស់​លោក​។ ថ្ងៃ​ទី​១៧​ តុលា​ ២០១៦​ បន្ទាប់​ពី​បាន​ចូល​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ​​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ ​លោក​ យឹម​ សុវណ្ណ ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា៖ «ខ្ញុំ​បាន​ប្រាប់​ពួកគេ [មន្ត្រី​ និង​សកម្មជន​ដែល​ជាប់​ពន្ធនាគារ​ទាំង​ ១៥ ​រូប] ​អំពី​ដំណោះស្រាយ​ដែល​លោក​ សម រង្ស៊ី ​បាន​រៀបរាប់​នៅ​លើ​ហ្វេសប៊ុក​ថា ​លោក​យល់​ព្រម​ចូល​ពន្ធនាគារ​​ជំនួស​​អ្នក​ជាប់​ពន្ធនាគារ​ប្រសិន​បើ​គណបក្ស​កាន់​អំណាច​និង​តុលាការ​យល់​ព្រម​ដោះលែង​ពួកគេ។ លោក​យល់​ព្រម​នឹង​មក​ដើម្បី​ជាប់​ពន្ធនាគារ​ជំនួស​ពួកគេ…ប៉ុន្ដែ​ក្រុម​យុវជន​ និង​ជនរងគ្រោះ​ទាំងអស់​បាន​សុំ​ឲ្យ​លោក​ប្រធាន​ពិចារណា​ឡើង​វិញ​ពីព្រោះ​នៅ​ពេល​ដែល​លោក​ប្រធាន​ស្នាក់​នៅ​ក្រៅ​ប្រទេស​គឺ​គាត់​អាច​ធ្វើ​ការងារ​បាន​ច្រើន​ដូច្នេះ​ពួកគេ​នឹង​តស៊ូ​​ហើយ​និង​អត់ធ្មត់​រស់នៅ​ក្នុង​ពន្ធនាគារ​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​មួយ»។​ ​នៅ​មុន​នោះ​ លោក សម​ រង្ស៊ី​ ​បាន​ដឹង​តាម​រយៈ​លិខិត​ថា​រដ្ឋាភិបាល​បិទ​ច្រក​អាកាស​ចរ​មិន​ចង់​ឱ្យ​លោក​ចូល​ស្រុក​ទៅ​ហើយ​ លោក​បែរ​ទាម​ទារ​លក្ខខណ្ឌ​ដោះ​លែង​​បន្ថែម​ទៀត​ បើដឹង​ថា​ ​គេ​មិន​ចង់​ទាំង​ឱ្យ​លោក​ចូល​ស្រុក​ផង​ ហេតុ​អ្វី​គេ​ត្រូវ​យល់​ព្រម​ដោះ​លែង​អ្នក​ទោស​បន្ថែម​ទៀត​។ មាន​ន័យ​ថា​ លោក​លើក​យក​សំណើ​នេះ​ឡើង​ក៏​ព្រោះ​លោកបាន​​ដឹងជា​មុន​​ថា ​គេ​នឹង​បដិសេធ​ ហើយ​ក្រោយបក្ស​កាន់​អំណាច​បដិសេធតាម​ការ​រំពឹង​របស់​លោក​​​​ លោកក៏​​គ្មាន​សម្តែងការ​ភ្ញាក់​ផ្អើល​អ្វី​ដែរតែ​សំណើ​នេះ​នៅ​តែ​មាន​ប្រយោជន៍របស់​វា​​ មាន​ប្រយោជន៍​ត្រង់​ត្រូវ​គេ​បដិសេធ​នេះ​ឯង​ គឺ​លោក​ចង់​បាន​ការ​បដិសេធ​នេះ​មក​ធ្វើ​ជា​លេស​និរទេស​ខ្លួន​លេស​គឺ​មក​ពី​គេ​មិន​ទទួល​សំណើ​របស់​លោក​ មិន​មែន​លោក​មិន​ចង់​ត្រលប់​ចូល​ស្រុក​វិញ​​ទេ​​ ពិសេស​​វា​បាន​ជួយ​បង្កើត​រូប​ភាពល្អ​ថា​លោក​ជា​ប្រធានបក្ស​ដ៏​ក្លាហាន​​ដែល​លះ​​បង់​ដើម្បី​សមាជិក​។ ហេតុ​អ្វី​បក្ស​កាន់​អំណាច​ត្រូវ​ដោះ​លែង​សកម្មជន​ជា​ច្រើន​ឱ្យត្រលប់​មក​​បម្រើ​ការ​ងារ​បក្សក្នុង​ស្រុក​​វិញ​ រួចទៅ​ដូរ​​យក​មេ​បក្ស​ម្នាក់​ដែល​មិន​បានជួយ​​ការ​ងារ​បក្សអ្វី​ច្រើន​​ ដោយ​សារ​និរទេស​ខ្លួន​នៅ​បរទេស​ទៅ​វិញ​? ​​បក្ស​កាន់​អំណាច​ក៏បាន​​ដឹង​​ថា​ បើ​ចាប់​ខ្លួនមេ​បក្ស​ម្នាក់នេះ​​ក៏​មិន​ទទួល​បានផល​​ចំណេញ​ប៉ុន្មានដែរ​ ត្បិត​នៅ​តែ​មាន​លោក​ កឹម​ ​ សុខា​ ជា​ប្រធាន​ស្តី​ទី​ បន្ត​ការងារ​​ប្រធាននេះ​ដដែល​ ដូច្នេះ​​រក្សា​សកម្មជន​នា​នា​ក្នុង​គុក​ យ៉ាង​ហោច​ណាស់​ នៅ​អាច​យក​ធ្វើ​ជា​ថ្នូរ​នយោបាយ​និង​កាត់​បន្ថយ​កម្លាំង​បក្ស​ប្រឆាំង​ដែរ​ ទុក​លោក​ឱ្យ​ក្រៅ​ស្រុក​អាច​ធ្វើ​ឱ្យ​សាធារណមតិ​យល់​ថា​ លោក​កំសាក​ និង​មិន​អាច​មក​ធ្វើ​ការ​​ជា​មួយ​លោក​ កឹម​ សុខា​ ផង​។​ (សូមអានបន្ត ភាគ៣ ជាភាគបញ្ចប់)

ដោយ​ ទេព​ រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ