របាយការណ៍ថ្មី​មួយ​រក​ឃើញជាង​ពាក់​កណ្តាល​នៃពលរដ្ឋ​មិន​ដឹង​ថ្ងៃ​ទៅ​​បោះ​ឆ្នោត

សម្ព័ន្ធកំណែ​ទម្រង់ការ​​បោះ​ឆ្នោតនៅ​កម្ពុជា​ ​​រក​ឃើញ​ថា ជាង​ពាក់​កណ្តាលនៃ​ពលរដ្ឋ​កម្ពុជា​ពុំ​បាន​បាន​ដឹង​ពី​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ខាងមុខនេះ​ទេ។

របាយការណ៍​ស្រាវជ្រាវថ្មីមួយ​របស់​សម្ព័ន្ធ​កំណែរ​ទម្រង់​ការបោះឆ្នោត បានបង្ហាញលទ្ធផលនៃ​ការ​សា្រវ​ជ្រាវរបស់ខ្លួនរយៈពេល​ជាង​៣​ខែ នៅថ្ងៃពុធនេះថា ក្នុងចំណោមអ្នកផ្តល់​សម្ភាសន៍​​ជិត​៣ពាន់​នាក់​ ក្នុង​ឃុំ​ចំនួន២៥២ ទូ​ទាំង​ប្រទេស គឺអ្នក​ផ្តល់​ចម្លើយ​ ៥៥.៨% ពួកគេមិន​បាន​ដឹង​ពី​ពេល​វេលានៃ​ការ​បោះ​ឆ្នោតខាង​មុខនោះ​​ទេ។

ក្នុង​សន្និសីទសារព័ត៌មានមួយ​នាព្រឹក​នេះ ​មន្ត្រី​កម្មវិធី​ជាន់​ខ្ពស់​ផ្នែក​អង្កេត នៃ​អង្គការ​ខុមហ្វ្រែល លោក កង សាវាង្ស មាន​ប្រសាសន៍​ថា​ពល​រដ្ឋ​កម្ពុជា​ច្រើន​លើស​លប់​ពុំ​បានដឹង​ទេ​ថា​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នា​ពេលខាង​មុខ​នោះនឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ណា​នោះ​ទេ។ លោក​ថា​បញ្ហានេះ​វាត្រូវ​ការ​ជម្រុញ​បន្ថែម​ទៀតពី​ភាគី​ពាក់​ព័ន្ធ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ពល​រដ្ឋ​បាន​ដឹង​។

លោកថា៖ «យើងឃើញ​ថា​ប្រជា​ពល​រដ្ឋ​ច្រើន​លើស​លប់​រហូត​ដល់​ទៅ ៥៥.៨% លោក​អត់​បាន​ដឹង​យល់​ច្បាស់​អំពី​ពេល​វេលា​សម្រាប់ បោះ​ឆ្នោត​នាពេល​ខាង​មុខ​នោះ​ទេ ហើយ​ចំណុច​នេះ​ក៏យើង​គិត​ថា​ គ.ជ.ប ក៏​ដូច​ជា​ភាគី​ពាក់​ព័ន្ធ​ក៏​ដូច​ជា​សង្គម​ស៊ីវិល ក៏​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ចូល​រួម​ផ្សព្វ​ផ្សាយ​ដែរ​ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​គាត់​បាន​ដឹង​។ ហើយ​ថ្មី​ៗ​នេះ​គ.ជ​.ប ក៏​គាត់​បាន​ត្រៀម​ដែរ គឺត្រៀមប័ណ្ណព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ​ពីថ្ងៃ​បោះ​ឆ្នោត អញ្ចឹង​យើង​សង្ឃឹម​ថា​៥៥.៨ %​នេះ​គឺ​គាត់​អាច​នឹង​ទទួ​ល​បាន​ព័ត៌មាន​គ្រប់​គ្រាន់»។

អ្នក​នាំពាក្យ​គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតលោក ហង្ស ពុទ្ធា បាន​បង្ហាញការ​សោ​ក​ស្តាយ​​ចំពោះ​ការ​លើក​ឡើង​នេះដោយថា​​ការ​ស្រាវ​ជ្រាវនេះ​បានធ្វើ​ឡើង​ដោយ​ពុំ​មាន​ការ​ពិភាក្សា​ជា​មួយ​គ.ជ​.ប និង​ថា​ការស្រង់​ទិន្និ​ន័យ​នេះ​មិន​អាច​ទទួល​យក​បាន​ទាំង​ស្រុង​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក​ថា គ.ជ.ប បច្ចុប្បន្ននេះការ​ផ្សព្វផ្សាយ​ពី​ថ្ងៃ​បោះ​ឆ្នោត​បានធ្វើ​តាម​រយៈវិទ្យុ ទូរទស្សន៍ជា​ច្រើន និង​រៀង​រាល់​ថ្ងៃ ហើយ​ថ្មី​ៗនេះ​ខ្លួន​ក៏​​​បាន​​រៀប​ចំ​ឲ្យ​មានការ​ផ្សព្វផ្សាយ​ តាម​​ផ្ទាំង​ផ្សព្វផ្សាយ​ និង​ ខិតប័ណ្ណដើម្បី​ចែក​ជូន​ប្រជា​ពល​រដ្ឋ​ដើម្បី​ឲ្យ​ដឹង​ពី​ថ្ងៃ​បោះ​ឆ្នោត​នេះបន្ថែម​ទៀត​ដែរ។

លោក​ថា៖ «គ.ជ.ប កំពុង​តែ​ធ្វើកា​រផ្សព្វផ្សាយ ទៅ​តាម​មូល​ដ្ឋាន​នានាពិសេសមាន​បណ្តាញ​នានា​ពី​ថ្នាក់​ជាត់​រហូត​ដល់​ថ្នាក់ឃុំ​សង្កាត់ អញ្ចឹង​ពេល​វេលា​នេះ​វា​ក៏​អាច​បន្ថែម​អ្នក​ដែល​ខ្វះ​ព័ត៌មាន​ពី​ការ​បោះ​ឆ្នោត ហើយ​យ៉ាង​ណា​ក៏​ដោយ​ក្នុង​នាមអង្គការ​មិនមែន​រដ្ឋាភិបាល​គួរតែ​ជួយបន្ថែម​ ផ្សព្វផ្សាយ​នូវ​ព័ត៌មាន ដើម្បី​ធានា​ថា​ពល​រដ្ឋ​ដែល​នៅ​សេស​សល់​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នោះ​បាន​ទទួល​ព័ត៌មាន​បាន​ពេញលេញ ពីព្រោះ​ការ​បោះ​ឆ្នោត​មិន​មែន​ជា​របស់​អ្នក​ណា​ម្នាក់​ទេ​ គឺ​ជារបស់ទាំង​អស់​គ្នា អញ្ចឹង​ការ​រក​ឃើញ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​ជា ចម្លើយ​មួយ​ប្រាប់​ទៅ​អង្កការ​មិន​មែន​រដ្ឋាភិបាល​ថា​ត្រូវ​បង្កើន​ការ​ងារ​ផ្សព្វផ្សាយ​ដល់​សាធារណជន»។

កា​របោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អា​ទិត្យ ទី០៤ ខែ​មិថុនា​ ឆ្នាំ​២០១៧ ខាងមុខ​នេះ បើ​គិតរាប់​ជា​ថ្ងៃ​គឺ​នៅ​សល់​ពេល​តែ ជិត២ខែ​ប៉ុណ្ណោះ។

បើ​តាម​បញ្ជី​ឈ្មោះ​ចុងក្រោយ​គឺ​​​ពល​រដ្ឋ​កម្ពុជាមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោតសរុប​ជាង ​៧​លាន​នាក់។

របាយការណ៍​ស្រាវជ្រាវថ្មីមួយ​របស់​សម្ព័ន្ធ​កំណែរ​ទម្រង់​នៃ​ការបោះឆ្នោត បាន​បង្ហាញ​ដែរថាបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នោះមាន​ភាព​ត្រឹមត្រូវ​ដល់​ទៅ៩៥% ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ