វិភាគ៖ បើគ្មានការចរចាមុនការបោះឆ្នោត នឹងមានអ្វីកើតឡើងក្រោយប្រកាសលទ្ធផល?

ថ្វីត្បិតតែការបោះឆ្នោតកាន់តែជិតមកដល់ ប៉ុន្តែគណបក្សធំៗពីរ ដែលមានអាសនៈក្នុងសភា  មិនទាន់ប​ង្ហា​​​​​ញ​សញ្ញាណណាមួយ ថាពួកគេនឹងស្វែងរកការចរចានយោបាយ ធានាឲ្យ​​កា​របោះឆ្នោត ប្រព្រឹត្ត​ទៅ​​ដោ​យ​សេរី និងយុត្តិធម៌ អាច​ឲ្យសហគមន៍ជាតិ និងអន្តជាតិ ជឿបាននៅឡើយទេ។

តែផ្ទុយទៅវិញ ការចាប់ឃុំខ្លួន​អ្នក​ការ​ពារ​សិទ្ធិ​ម​នុស្ស មន្ត្រី គ​ជប បក្សប្រឆាំង និងសកម្មជនដីធ្លី នៅមិ​នដោះស្រាយ។ សង្រ្គាមពាក្យសម្តីវាយប្រហាគ្នា និងការរឹតបន្តឹងសេរីភាពបញ្ចេញមតិ នៅបន្តកើ​តឡើ​ង បើ​​ទោះ​បីនៅប៉ុន្មានថ្ងៃនៅនេះបានស្ងាត់ស្ងៀមបន្តិតវិញក៏ដោយ។

កត្តាទាំងនេះ ជាចម្ងល់​​​មួ​​​យ ​​ត្រូ​​វបានគេចោទសួរថា តើលទ្ធផលរបោះ​ឆ្នោ​​​​ត​ខាងមុខ ត្រូវបាន សហគមន៍​ជាតិ និងអន្តរជាតិទទួលស្គាល់ថា ជាការប្រកួតប្រជែងមួយ មាន​តម្លា​ភា​ព យុត្តិធម៌ តាមយ​ន្តកា​រប្រជា​ធិ​ប​តេ​យ្យឬក៏អត់​?។

មួ​យវិញទៀត ​អ្វីដែលអ្នកតាមដានមួយចំនួន គិតថាជាសារគំរាមដល់ម្ចាស់ឆ្នោតនោះ គឺមេដឹកនាំ បក្សកាន់អំណាច ធ្លាប់បាន​​គំ​​រាមញឹកញាប់ ពីសង្គ្រាមកើតឡើង បើសិនជាគ​​ណប​ក្ស​កា​ន់​​​អំ​​​ណា​ច ពិតចា​​​ញ់​​ឆ្នោត​មែ​ន​នោះ បើទោះបីគេនៅមិនទាន់ប្រាកដថា សង្គ្រាមនឹងផ្ទុះឡើង ចេញពីរូបភាពបែបណា ក្រោ​​​យ​​កា​របោះឆ្នោត បើភាគីម្ខាងទៀតគ្មានអាវុធផងនោះ។

ជាការកត់សម្គាល់មួយទៀត ពេលស្ថានការណ៍នយោបាយឡើងកម្តៅ មេ​​ដឹកនាំបក្សកាន់អំណាច ជាញឹក​ញា​ប់ តែងតែផ្ញើសារទៅកាន់ សហគ​មន៍​អ​ន្ត​រ​ជា​តិ កុំឲ្យចាប់​អា​រម្ម​ណ៍​ពីអ្វីដែលកំពុងកើតឡើង​នៅ​ក​ម្ពុ​ជា​នេះ ដោយមេដឹកនាំបក្សកាន់អំណាចអះអាងថា ជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ទោះជាប្រទេសនេះ បា​ន​​​ផ្ត​​ល់​សច្ចា​​​ប័នជាមួយអង្គការសហបប្រជាជាតិ ស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិ​នយោ​បាយ ។

​ភាពមិនចុះសម្រុងគ្នា របស់អ្នកនយោបាយ ដែលមជ្ឈដ្ឋានមួយចំនួន កាន់តែចាប់អារម្មណ៍ និងកាត់តែ​ព្រួ​យ​បា​រ​​ម្ភពីភាពមិនច្បាស់លាស់ទៅលើយន្តការពង្រឹងលទ្ធិប្រជាធិបតេយ្យនោះ គឺសារបែកធ្លាយ តា​ម​​ប​ណ្តា​​​ញ​​ស​ង្គមនៅពេលថ្មីៗនេះ។

សារនោះ ត្រូវបាន​គេស្គាល់ថា ជាសំឡេ​ង​​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ស​ន្ទា​តា​មទូ​រសព្ទ ជាមួយ មេ​ដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដោយបានគាំរាមថា ទោះ​​​​បីស​ហ​​រដ្ឋ​អា​​មេរិក លើកទ័ពចូលកម្ពុជា ក៏​​ដោ​យ​ ក៏រដ្ឋាភិ​បាលមិនខ្លាចដែរ។

ភាពមិនចុះសម្រុងគ្នា ជាបន្តបន្ទាប់ របស់អ្នកនយោបាយ ដែលមានអាសនៈក្នុងសភានេះ ជាដើមចមមួយ​ ធ្វើ​យើងលើកយកមកធ្វើកា​រវិ​​ភាគថា បើគ្មានការចរចានយោយមុនការបោះឆ្នោតទេ តើនឹងមា​នអ្វី​កើ​​ត​ឡើង ក្រោ​យ​កា​រ​បោះ​ឆ្នោត? ហើយភាគីពាក់ព័ន្ធ គួត្រៀមខ្លួនយ៉ា​ងដូ​ច​ម្តេច ដើម្បី​ទប់​ស្ថា​នកា​រអាក្រ​ក់ដែ​​លអាចកើតឡើង?

អ្នកតាមដានបញ្ហាសង្គម លោក ឆាំ ប៊ុនថេត លើកឡើងថា បើគ្មានការចរចានយោបាយណាមួយ កើត​ឡើង​​មុនការបោះឆ្នោត ដើម្បីផ្តល់ជំនឿទុកចិត្ត ពីដៃគូប្រកួតទេ លោកវិភាគថា មេដឹក​នាំប​ក្សកា​ន់អំ​ណា​ច នៅ​តែចិញ្ចឹមចិត្ត ខ្លាចមានការសងសឹក មកលើក្រុមគ្រួសារ និងបក្ខពួករបស់ខ្លួន ។

លោក ឆាំ ប៊ុថេត វិភាគទៀតថា ស្រមោលនៃការភ័យខ្លាចនេះ នឹងជំរុញឲ្យមេដឹកនាំបក្ស​កាន់អំណា​ច ហ៊ា​ន​​​​ធ្វើអ្វីៗទាំងអស់ ដែលគេអាចធ្វើបាន ដើម្បីបន្តគ្រប់គ្រងអំណាច បើទោះបីជា​ពួកគេ​ចា​ញ់​ឆ្នោ​តក៏​ដោ​យ។

លោកថា៖ «វាជាធម្មជាតិដើម្បីការពារខ្លួនឯង ឲ្យរួចពិការគាបសង្កត់ ដូច្នេះបើសិនជាទម្រង់នយោបាយ បែបហ្នឹងនូវតែមាន ហើយបើសិនជាគណបក្សផ្សេងឈ្នះឆ្នោត ខ្ញុំជឿថា ទោះបីដល់ដង្ហើមចុងក្រោយ ក៏គាត់វាយ ដើម្បីការពារអំណាច ការពារសុវត្ថិភាព របស់ពួកគាត់ដែរ»។

លោក ឆាំ ប៊ុនថេត វិភាគទៀតថា បក្សកាន់អំណាច អាចប្រើយន្តការនេះ តាមរយៈ រត់ទៅ ឱបជើង​មហា​អំណា​ចចិន និងពីសម័ន្ធមិត្តចាស់ គឺប្រទេសវៀតណាម។

លោកថា៖ «គាត់នៅឱបចិនខ្លាំងអាហ្នឹងទី១។ ទី២ដៃគូនយោបាយធំបំផុតរបស់គាត់ នៅជាប់យើងនេះ គឺវៀតណាម នៅជួយរដ្ឋាភិបាលខ្មែរច្រើន។ដូច្នេះបើមានថ្គាមពីរនឹងធំ នៅទប់មាត់គាត់បានហើយណាស់ ខ្ញុំ​អត់​ជឿថា សហមន៍អន្តរជាតិអីទៀត អាចមានឥទ្ធិពលអីមកលើខ្មែរបានទេ»។

បើតាមលោក ឆាំ ប៊ុនថេត កម្ពុជាអាចទប់ស្កាត់បញ្ហានេះបាន  លុះណាតែពលខ្មែរភាគច្រើន ឈប់រ​ស់នៅ​ក្នុងភាពភ័យខ្លាច រំដោះខ្លួនចេញពីខ្សែញាក់ របស់អ្នកនយោបាយ ហើយដៃគូប្រកួត ត្រូវប្រើសា​រនយបោ​បាយបែ​បសន្តិភាព ឈប់ប្រើប្រាស់វប្បធម៌លាបពណ៌ ដើម្បីកេងចំណេញនយោបាយ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា បើប្រទេសចិន ផ្តល់ប្រា​ក់កម្ចី​ឲ្យ​រដ្ឋាភិបាលបានគ្រប់គ្រាន់រហូតឆ្នាំ២០១៨មែននោះ លោកវិភាគថា រដ្ឋាភិបាល អាចនឹងមិន​ទទួ​លយ​ក​ស​ម្ពា​ធណាមួយពីមហាអំណាច ដែលជំរុញយន្តការប្រជាធិបតេយ្យនោះទេ។

លោក មាស នី វិភាគថា បញ្ហានេះនឹងជំរុញ ឲ្យមានភាពផុយស្រួយនៃជម្លោះផ្ទៃក្នុង របស់កម្ពុជា លោក​ថាស្ថិតក្នុងស្ថានភាពបែបនេះ កម្ពុជាងាយនឹងធ្លាក់ ទៅក្នុងរបបដឹកនាំ បែបកុម្មុនីស្តនិយម។

ប៉ុន្តែលោក មាស នី វិភាគថា អ្វីដែលអាចទប់ស្កាត់បញ្ហាទាំងនេះបាន លោកថា គណបក្សនយោ​​បាយទាំង​អស់​​ត្រូវប្រ​​កួតប្រ​ជែងគ្នា ដោយតម្កល់ប្រយោជន៍ជាតិជាធំ។

លោកថា៖ «ឯកភាពជាតិជារឿងធំ។ ទី២កម្កល់ប្រយោជន៍ជា​តិជារឿងសំខាន់។ហើយ​អ្នកនយោបា​យត្រូវ​តែ​ទទួលស្គាល់ថា អ្វីដែលយើងខំប្រឹងមកដល់ពេលនេះ មិនទាន់គ្រប់គ្រាន់សម្រាប់ឲ្យសង្គមជាតិ ឃើងដើ​រទាក់​ប្រទេសជិតខាងនៅឡើយ យើងត្រូវទទួលស្គា​ល់រឿងហ្នឹង។​ ជួនកាលយើ​ងមានអំនួតខ្លួ​នឯងខ្លាំង​ពេលថា យើងហ្នឹងបានដើរចេញពីចំនុចសូន្យមក ពីសេរូ មកដល់ឥឡូវ ប៉ុ​ន្តែយើងនៅ​រត់ក្រោយគេឆ្ងាយណាស់។ កាលណាយើងនៅក្រោយគេឆ្ងាយពេល ទីចុងបំផុតយើងនឹងក្លាយជាអ្នករងគ្រោះ ទាំងនយោបាយសេដ្ឋកិច្ច និងសង្គម ពិសេសដូចជាមួយប្រទេសជិតខាងយើងពីរដែលធំៗ ដែលគេមានមនុស្ស​[ពលរដ្ឋ​គេ]រា​ប់​លាននាក់»។

សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ លោក សូ ចន្ថា លើកឡើងប្រហាក់ប្រហែលដែរថា បើដំណើ​របោះ​ឆ្នោតមួយ មិនបានបើកឱកាសឲ្យគ្រប់គណបក្សន​យបោយ ឬគូប្រកួតដែលមានសក្តានុពល ធ្វើសកម្ម​ភាពន​យោបាយ ដោ​យ​ស្មើ​ភា​ពគ្នាទេ ​លោ​កវិភា​គថា​ លទ្ធផលបោះឆ្នោត ជៀសមិនផុតពីការបង្កជម្លោះ ឬ​អា​ចឈា​​នទៅ​ដល់​កា​​រ​ផ្ទុះ​​ហិង្សា ។

លោកថា៖ «គឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់គឺ ត្រូវត្រឡប់មកប្រើប្រាស់ វប្បធម៌នយោបាយ បែប​ប្រ​ជាធិបតេយ្យ យកកម្មវិធីនយោបាយ យកគោលនយោបាយទៅប្រកួតប្រជែងគ្នា ជាជាង ការ​ចោទប្រកាន់គ្នា ការលាភ​ព៌ណគ្នា ឬក៏វាយប្រហាទៅលើគណបក្សនយ​បោយមួយៗមួយ​ពីព្រោះវា​អា​ចនឹ​ងមានការ​សង​សឹ​កគ្នាទៅវិញទៅមកបាទ»។

សរុបជារួម អ្នកវិភាគ លើកឡើងថា បើអ្នកនយោបាយ ចង់ឃើញការផ្សះផ្សាជាតិក្រោយការបោះឆ្នោត  ពួកគេគួតែចរចាគ្នា រកលក្ខណ​ណាមួយ ធា​នា​ដល់ភាពត្រឹមត្រូវនៃដំណើរការបោះឆ្នោត និងជជែកគ្នា រៀ​បចំ​ឲ្យមានយន្តការផ្ទេ​រ​អំ​​​ណាចដោ​យសន្តិវិធីជាមុន នោះទើបអាចទប់ស្កាត់ជម្លោះផ្ទៃក្នុងបាន។

អ្នកវិភាគព្រមានថា បើការបោះឆ្នោតមួយគ្មានតម្លាភាព ជម្លោះផ្ទៃក្នុងអាចនឹងផ្ទុះឡើង ក្រោយប្រកាស​ល​ទ្ធផល​បោះឆ្នោត ហើ​​យថា អ្នក​ដែលចំណេញពីជម្លោះនេះ គឺប្រទេសជិតខាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ