សមាជិកព្រឹទ្ធសភាអាមេរិកជំរុញទៅរដ្ឋាភិបាលអាមេរិកឲ្យដាក់ទណ្ឌកម្មលើក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងត្រូវបានចាប់ខ្លួន ហើយគណបក្សនេះប្រឈមមុខនឹងការរំលាយ។
ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៣ ខែ កញ្ញា ដោយរដ្ឋាភិបាលចោទថា «ក្បត់ជាតិ» ហើយគណបក្សប្រឆាំងដ៏ធំមួយនេះកំពុងប្រឈមមុខនឹងការរំលាយដោយអំណាចតុលាការកំពូល។
ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង និងការប៉ុនប៉ងរំលាយគណបក្សនេះជំរុញឲ្យមានប្រតិកម្ម និង ការអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មពីសហគមអន្តរជាតិ។
ជាការឆ្លើយតបទៅនឹងវិធានការរដ្ឋាភិបាលកម្ពុជាទៅលើបក្សប្រឆាំងបែបនេះ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក John McCain និងសមាជិកព្រឹទ្ធសភាអាមេរិ ២រូបទៀត បានស្នើឲ្យដាក់ទណ្ឌកម្មណាមួយលើប្រទេសនេះ។
ប្រធានគណៈកម្មការទំនាកទំនងការទេស លោក Robert Phillips Corker Jr. បានយល់ស្របទៅនឹងសំណើររបស់ក្រុមសមាជិកព្រឹទ្ធសភាទាំងបីរូប កាលពីថ្ងៃទី០១ ខែ វិច្ឆិកា ដោយជំរុញទៅក្រសួងរតនាគា និងក្រសួងការបរទេសអាមេរិឲ្យពិចារណាដាក់ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាក្នុងបញ្ជីមួយហៅថា SDN (Specially Designated Nationals) ឬជាបញ្ជីឈ្មោះមនុស្សដែលអាមេរិកកំណត់ចូលក្នុងបញ្ជីទណ្ឌកម្ម។
អ្នកវិភាគនយោបាយលោក អ៊ូ វិរៈ បានលើកឡើងនៅលើទំព័រ Twitter របស់លោកនៅថ្ងៃនេះថា បញ្ជី SDN គឺជាបញ្ហាធំមួយ ហើយវានឹងជះឥទ្ធិពលកាន់តែធំ។
លោកបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា យើងនឹងត្រឡប់ទៅរកការពិចារណាវិញ ហើយបញ្ឈប់រាល់ភាពឆ្គួតលីលា»។
ទាក់ទងនឹងបញ្ហានេះអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការនិងសន្តិភាព និងជាអ្នកស្រាវជ្រាវអំពីតំបន់អាស៊ីប៉ាស៊ីហ្វិក លោក ឈាង វណ្ណារិទ្ធិ បានលើកឡើងក្នុងបទសំភាសជាមួយវិទ្យុបារាំងអន្តរជាតិថាការដាក់ទណ្ឌកម្មពីសហគមអន្តរជាតិ អាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសប៉ះពាល់ដល់វិស័យកាត់ដេរ។
លោកបន្តថាបច្ចុប្បន្នដង្ហើមសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកទៅលើការអនុគ្រោះពន្ធពីក្រៅប្រទេសជាពិសេសអាមេរិ និង អ៊ឺរ៉ុប ដូច្នេះការដាក់ទណ្ឌកម្មណាមួយលើសេដ្ឋកិច្ចកម្ពុជានោះនឹងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជាង ៧០ម៉ឺននាក់ដែលធ្វើលើវិស័យវាយនភណ្ឌកាត់ដេរ។
លោក ឈាង វណ្ណារិទ្ធិបន្តថាស្ថានការណ៍នយោបាយនឹងកាន់តែធ្ងន់ធ្ងរនោះអន្តរជាតិនឹងលូកដៃចូលជាក់ស្ដែង ដែលមិនត្រឹមតែសមាជិកព្រឹទ្ធសភាអាមេរិកទេ អំណាចនីតិប្រតិបត្តិនៃប្រទេសមួយចំនួននៅសហគមអ៊ឺរ៉ុបក៏ប្រកាសជំហរដាក់ទណ្ឌកម្ម ហើយកម្ពុជានឹងជួបគ្រោះមហន្តរាយនាពេលខាងមុខ បើមិនដោះស្រាយវិបត្តិនយោបាយ។
ស្ថានការណ៍នយោបាយកម្ពុជាត្រូវបានសហគមអន្តរជាតិចាត់ទុកថាធ្លាក់ចុះដុនដាប បន្ទាប់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខាត្រូវបានចាប់ខ្លួន និង ការប៉ុនប៉ងរំលាយគណបក្សប្រឆាំងធំ នេះពីសំណាក់រដ្ឋាភិបាល។
ទាំងការចាប់ខ្លួនលោក កឹម សុខា និងការប៉ុនប៉ងរំលាយបក្សប្រឆាំង សុទ្ធតែត្រូវបានសហគមន៍អន្តរជាតិថ្កោលទោស ដោយចាត់ទុកជាការធ្វើឲ្យលំហូរប្រជាធិបតេយ្យនៅកម្ពុជាកាន់តែរួមតូច និងដើរថយក្រោយទៅវិញ។
សហគមន៍អន្តរជាតិថែមទាំងបានទាមទារឲ្យដោះលែងជាបន្ទាន់នូវមេបក្សប្រឆាំងកំពុងជាប់ឃុំ ឲ្យមានសេរីភាពឡើងវិញ ដោយគ្មានលក្ខខណ្ឌទៀតផង។
ប្រទេសស៊ុយអែតបានព្រមានថា ប្រទេសនេះនឹងពិចារណាឡើងវិញនូវទំនាក់ទំនងជាមួយកម្ពុជា ប្រសិនបើបក្សប្រឆាំងដ៏ធំនៅកម្ពុជា ពិតជាត្រូវបានរំលាយមែននោះ៕