គណបក្សសង្គ្រោះជាតិលើកឡើងថាឧបសគ្គដែលបណ្តាលឲ្យទូរទស្សន៍ព្រះអាទិត្យរបស់ខ្លួនមិនអាចដំណើការបាននោះ គឺមកពីអាជ្ញាធរមិនអនុញ្ញាត្តឲ្យសង់អង់តែន។
គណបក្សប្រឆាំងធ្លាប់អះអាងថា ស្ថានីយទូរទស្សន៍របស់ខ្លួននឹងចាប់ផ្ដើមដំណើរការតាំងពីក្នុងឆ្នាំ២០១៥ តែពុំអាចធ្វើទៅបាន។ ក្រោយមក គណបក្សប្រឆាំងអះអាងទៀតថា ទូរទស្សន៍នេះនឹងចាប់ផ្ដើមដំណើរការឲ្យបានមុនការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ២០១៧ខាងមុខ តែរហូតមកដល់នឹងពេលនេះ ដំណើរការនៃការស្នើសុំលើកអង់តែនទូរទស្សន៍កំពុងជាប់គាំងនៅឡើយ។
ក្នុងវេទិការបស់គណបក្សសង្គ្រោះជាតិធ្វើឡើងនៅក្នុងខេត្តសៀមរាបកាលពីថ្ងៃទី៥ មករា ម្សិលមិញ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ បានលើកឡើងថា ដំណើរការនៃការសាងសង់អង់តែនទូរទស្សន៍នៅក្រុងតាខ្មៅ អាជ្ញាធរមិនអនុញ្ញាតដោយលើកហេតុផលថាខ្លាចភាយជាតិវិទ្យុសកម្ម ដែលលោកថាជាហេតុផលមិនសមរម្យ។
លោកថា៖ «យើងទិញដីបានហើយនៅតាខ្មៅជាង១០ម៉ឺនដុល្លារ កាត់ឈ្មោះបានហើយ រៀបចំដើម្បីបំពេញបែបបទដើម្បីសុំតម្លើងអង់តែន ស្រាប់តែគេថាមានប្រជាពលរដ្ឋដែលនៅជាប់ដីហ្នឹងប្តឹងអត់ឲ្យតម្លើងទេព្រោះមានវិទ្យុសកម្ម ប៉ះពាល់ដល់សុខភាព។ បានយើងថាចុះអាទូរទស្សន៍នៅទួលគោកហ្នុងវាអត់ប៉ះទេអី! ចំកណ្តាលភ្នំពេញហើយដល់យើងដាក់ពាក្យទៅ គេថាអត់ទេគេស៊ើបអង្កេតសិន។ មិនមែនយើងជាអ្នកសម្រេចចិត្តគេជាអ្នកសម្រេច! ដល់ពេលអញ្ចឹងស៊ើបគេចេះតែស៊ើបទៅ ឲ្យក៏ដូចជាមិនឲ្យ!»។
បើតាមលោក យ៉ែម បុញ្ញឬទ្ធិ បច្ចុប្បន្នគណបក្សសង្រ្គោះជាតិ រកបានទីតាំងថ្មីមួយកន្លែង ហើយបានដាក់ពាក្យស្នើសុំតម្លើងអង់តែនរួចរាល់ហើយ តែអាជ្ញាធរមិនទាន់សម្រេច។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងនយោបាយ លោក គឹម សុខ មើលឃើញថាទូរទស្សន៍បក្សសង្គ្រោះជាតិនេះគឺពិបាកចេញជារូបរាងណាស់ ដោយលោកថាសេរីភាពនៃការបញ្ចេញមតិតរបស់ប្រជាពលរដ្ឋកម្ពុជាគឺស្ថិតនៅក្នុងដែននៃការឃ្លាំមើលរបស់បក្សកាន់អំណាច ហើយការបង្កើតទូរទស្សន៍របស់បក្សប្រឆាំងនេះអាចធ្វើឲ្យបក្សកាន់អំណាចធ្លាក់ចុះប្រជាប្រិយភាពទៀតផង ។
លោកថា៖ «គ្រាន់តែហ្វេសប៊ុកមួយដែលអាចឃើញរូប យើងអាចមើលឃ្លីបខ្លីៗឃើញរូប ហើយប្រព័ន្ធអ៊ិនធើណែតនៅដាច់ៗអីអញ្ចឹងផងនៅតែមានប៉ះពាល់ទៅដល់ប្រជាប្រិយភាពនិងដែនអំណាចរបស់គេជាខ្លាំង ចុះទម្រាំទូរទស្សន៍។ ទូរទស្សន៍ផ្សាយទៅភ្លាមអត់មានរអាក់រអួលទេ ផ្សាយទៅភ្លាម ឮសម្លេងឃើញរូបឃើញសកម្មភាព ដូច្នេះសម្មានចិត្តរបស់ពលរដ្ឋហ្នឹងគឺដក់ជាប់ឃើញហ្មង! មិនអាចគណបក្សកាន់អំណាចហ្នឹងចេះតែវាយលុកបង្កើតកលនយោបាយ ឬយុត្តិសាស្ត្រកលនយោបាយតាមចិត្តងាយៗទេ អាកន្លែងហ្នឹងដែលគេមិនងាយឲ្យទូរទស្សន៍ទេ»។
បើតាមលោក គឹម សុខ បក្សប្រឆាំងមានមធ្យោបាយមួយប៉ុណ្ណោះដែលអាចឲ្យបក្សខ្លួនអាចបង្កើតទូរទស្សន៍បាននោះ គឺការចរចាររវាងបក្សទាំងពីរ តែលោកថាលក្ខខណ្ឌនៃការចរចារនោះអាចជាគ្រោះថា្នក់ដល់បក្សប្រឆាំង។
គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រដ្ឋាភិបាលបានយល់ព្រមផ្ដល់អាជ្ញាប័ណ្ណស្ថានីយទូរទស្សន៍មួយដល់គណបក្សប្រឆាំង។
ស្ថានីយទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិដែលគ្រោងលើកអង់តែនកាលពីឆ្នាំ២០១៦នោះ មានទីតាំងនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល តែត្រូវអាជ្ញាធរបដិសេធមិនឲ្យបង្កើតដោយលើកហេតុផលថាប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងនោះតវ៉ាខ្លាចមានជាតិវិទ្យុសកម្មពីអង់តែន តែសម្រាប់អ្នកវិភាគយល់ថានេះជាចេតនានយោបាយ៕